Riyadh's Ritz ដែល​គេ​ហៅថា​ "​គុក​ប្រណីត​" ​បាន​បើក​ដំណើរការ​ឡើង​វិញ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

សណ្ឋាគារ Ritz- Carlton ដែល​បាន​បើក​ដំណើរការ​ឡើង​វិញ​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​មក​។ FAYEZ NURELDINE/afp
 

សណ្ឋាគារ Riyadh's Ritz-Carlton បាន​ស្វាគមន៍​ភ្ញៀវ​ត្រឡប់​មក​វិញ​ជាមួយ​កាហ្វេ​អារ៉ាប់​ (Arabic coffee) ​កាលពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​សណ្ឋាគារ​នេះ​បាន​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​រយៈពេល​ជាង​ ៣ ​ខែ​កន្លង​មក​បានក្លាយ​ជា​គុក​ប្រណីត​មួយ​សម្រាប់​ពួក​ឥស្សរជន​អារ៉ាប៊ីសាអ៊ូឌីត នៅ​ក្នុង​ការ​បោសសម្អាត​អំពើ​ពុករលួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទាល់​តែ​សោះ​។

បុគ្គលិក​ដែល​មាន​ឯកសណ្ឋាន​រៀបរយ​បាន​នាំ​គ្នា​ធ្វើការ​យ៉ាង​សកម្ម​នៅ​កន្លែង​ទទួលភ្ញៀវ​ដ៏ចែងចាំង​នៃ​សណ្ឋាគារ ហើយ​បាន​ស្វាគមន៍​ការ​មក​ដល់​របស់​អ្នកដំណើរ ដែល​ចូល​មក​ស្នាក់​នៅក្នុង​បន្ទប់​ដែល​មាន​តម្លៃ​ចាប់ពី​ ២,៤៨៩ ​រីយ៉ាល់​ ($៦៦៩) ​ឡើង​ទៅ​ក្នុង​ ១ ​យប់​។

ការ​ស្វាគមន៍​ក្នុង​របៀប​ដ៏រាក់ទាក់​នេះ គឺ​មាន​ទិដ្ឋភាព​ខុស​គ្នា​ឆ្ងាយ​ពី​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ទី​ ៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ នៅពេល​ដែល​រថយន្ត​ប៉ូលិស​ជាច្រើន​បាន​ឡោមព័ទ្ធ​សណ្ឋាគារ​ផ្កាយ​ ៥ ​នេះ ហើយ​ច្រកទ្វារ​សំខាន់ៗ​របស់​សណ្ឋាគារ​ត្រូវ​បាន​បិទ ខណៈ​ដែល​ព្រះអង្គម្ចាស់ Mohammed bin Salman បាន​ប្រកាស​ឲ្យ​ឃុំ​ខ្លួន​ពួក​អ្នក​អង្គម្ចាស់ រដ្ឋមន្ត្រី និង​មហាសេដ្ឋី នៅ​ក្នុង​យុទ្ធនាការ​មួយ​ដែល​ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅក្នុង​រង្វង់​អ្នកធ្វើ​ជំនួញ​។

ជនសង្ស័យ​ជាច្រើន​នាក់​រួម​ទាំង​មហាសេដ្ឋី​ដ៏ល្បី​ឈ្មោះ គឺ​អ្នក​អង្គម្ចាស់ Al-Waleed bin Talal ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Warren Buffett នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ត្រូវ​បាន​ដោះលែង​កាលពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ជា​ថ្នូរ​នឹង​អ្វី​ដែល​គេ​ហៅថា ការ​ទូទាត់​ដោយ​ប្រើប្រាស់​ហិរញ្ញវត្ថុ​។

ខណៈ​ពេល​សេវាកម្ម​បាន​បន្ត​ទៅ​ដោយ​រលូន​នៅ​សណ្ឋាគារ បុគ្គលិក​ធ្វើការ​នៅ​ថ្ងៃ​អាទិត្យ​ហាក់​ត្រូវ​បាន​គេ​ណែនាំ​កុំ​ឲ្យ​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​អំពី​ការ​បោសសម្អាត​នៅ​ទី​នោះ​អ៊ីចឹង​។

បុគ្គលិក​ម្នាក់​ពោរពេញ​ដោយ​ស្នាមញញឹម​បាន​និយាយ​ថា៖ «​អ្វី​គ្រប់​យ៉ាង​គឺ​ដំណើរការ​តាម​ធម្មតា​ទាំងអស់​។ កាល​នោះ​យើង​ក៏​នៅ​តែ​បម្រើភ្ញៀវ ឥឡូវ​ក៏​យើង​នៅ​តែ​បម្រើ​ភ្ញៀវ​។ ភាព​ខុស​ប្លែក​គ្នា​តែ​មួយ​គត់ គឺ​ទ្វារ​មុខ​នៅ​ពេល​នេះ​ត្រូវ​បាន​បើក​ឡើង​វិញ​»​។

សណ្ឋាគារ​ដ៏ប្រណីត​ដែល​ដើមឡើយ​ត្រូវ​បាន​សាងសង់​ឡើង​សម្រាប់​ភ្ញៀវ​នៃ​សមាជិក​គ្រួសារ​រាជវង្ស គឺ​មាន​ភាព​ខុស​ប្លែក​គ្នា​ឆ្ងាយ​ណាស់​ពី​បន្ទប់​ឃុំឃាំង​ដ៏ក្រៀមក្រំ​មួយ ដោយ​សណ្ឋាគារ​ត្រូវ​បាន​បំពាក់​ទៅ​ដោយ​បន្ទប់​ស្នាក់នៅ​លំដាប់​កំពូល និង​ជញ្ជាំង​លាប​ពណ៌​ទាន់​សម័យ ដែល​ហ៊ុមព័ទ្ធ​ដោយ​រូបចម្លាក់​ធ្វើ​ពី​សំរឹទ្ធ និង​ភ្លើង​ព្យួរ​ពិតាន​ដ៏ធំ​ស្កឹមស្កៃ​។

ប្រភព​មួយ​នៅ​ខាង​ក្នុង​សណ្ឋាគារ​បាន​ប្រាប់ AFP ថា​អ្នក​ជាប់ឃុំ​ទាំងអស់​ត្រូវ​បាន​គេ​យក​ចេញ​ពី​សណ្ឋាគារ​អស់​ហើយ​។

អគ្គមេធាវី​លោក Sheikh Saud al-Mojeb បាន​និយាយ​កាលពី​ចុង​ខែ​មករា​ថា បន្ទាប់ពី​បាន​បញ្ចប់​ការ​សាកសួរ​ជនសង្ស័យ​ពុករលួយ​ចំនួន​ ៣៨១ ​នាក់​រួច​មក លោក​បាន​រក្សា​ទុក​ចំនួន ៥៦ ​នាក់​នៅ​ក្នុង​ការ​ឃាត់​ខ្លួន ចំណែក​អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​ដោះលែង​។ វា​មិន​ច្បាស់​ទេ​ថា​តើ​ជនសង្ស័យ​ដែល​នៅ​សេសសល់​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ឃុំឃាំង ឬ​យ៉ាង​ណា​នោះ​ទេ​។

លោក​អគ្គមេធាវី​បាន​ថ្លែង​ទៀត​ថា ការ​ទូទាត់​លុយ​សរុប​ជាមួយ​ជនសង្ស័យ​មាន​ចំនួន ​១០៧ ​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ទម្រង់​ផ្សេងៗ​នៃ​ទ្រព្យសម្បត្តិ​ដែល​មាន​ដូចជា អចលនទ្រព្យ មូលបត្រ និង​សាច់ប្រាក់​ជាដើម​។

អ្នក​ជាប់​ឃុំឃាំង​ម្នាក់​ដែល​ជា​អតីត​មេបញ្ជាការ​កងសន្តិសុខ អ្នក​អង្គម្ចាស់ Miteb bin Abdullah ត្រូវ​បាន​ដោះលែង​ បន្ទាប់ពី​បាន​ទូទាត់​ជាមួយ​អាជ្ញាធរ​ដែល​មាន​ចំនួន​ទឹកប្រាក់​លើស​ពី​ ១ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

ព្រះអង្គម្ចាស់ Mohammed ដែល​មាន​វ័យ ៣២ ​ឆ្នាំ ជា​បុត្រ​របស់​ព្រះមហាក្សត្រ គឺជា​អ្នកដឹកនាំ​ការ​បង្ក្រាប​អំពើ​ពុករលួយ​ក្នុង​ចំណោម​សមាជិក​រដ្ឋាភិបាល និង​ខ្សែ​រាជវង្ស​ក្នុង​រយៈពេល​ ៣ ​ខែ​កន្លង​មក​នេះ​។

អ្នក​រិះគន់​មួយ​ចំនួន​បាន​ដាក់​ឈ្មោះ យុទ្ធនាការ​ដែល​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ Mohammed ថា គឺជា​ការ​ធ្វើឲ្យ​រង្គោះរង្គើ និង​ជា​ការ​ក្តោប​អំណាច ប៉ុន្តែ​អាជ្ញាធរ​បាន​បញ្ជាក់​ថា ការ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ផ្ទៃក្នុង​ប្រទេស​នេះ​គឺជា​ការ​ត្រៀម​ខ្លួន​សម្រាប់​យុគសម័យ​ដែល​នឹង​លែង​ពឹងពាក់​លើ​ប្រេង​។

នៅ​ក្នុង​បទសម្ភាស​មួយ​ជាមួយ​កាសែត The New York Times កាលពី​ខែ​វិច្ឆិកា ព្រះអង្គម្ចាស់ Mohammed ត្រូវ​បាន​គេ​រិះគន់​ថា «​គួរ​ឲ្យ​អស់​សំណើច​»​។ របាយការណ៍​បាន​ប្រៀប​ផ្ទឹម​ការ​បង្ក្រាប​នេះ​ថា ជា​ការ​ក្តោបក្តាប់​អំណាច​ដោយ​បាន​អះអាង​ថា ភាគច្រើន​នៃ​អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ Ritz-Carlton បាន​សច្ចា ភក្ដីភាព​ចំពោះ​ព្រះអង្គ​រួច​បាត់​ទៅ​ហើយ​។

ប៉ុន្មាន​សប្តាហ៍​មុន​យុទ្ធនាការ​នេះ​សណ្ឋាគារ Riyadh's Ritz-Carlton បាន​រៀបចំ​កិច្ចប្រជុំ​វិនិយោគទុន​កំពូល​មួយ​ដែល​ព្រះអង្គម្ចាស់ Mohammed បាន​ប្រើប្រាស់​ជា​វេទិកា​មួយ​នេះ​ដើម្បី​សច្ចា​ថា​នឹង​កាត់បន្ថយ​ភាព​ឆើតឆាយ​ហួសហេតុ​នៃ​អារ៉ាប៊ីសាអ៊ូឌីត និង​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​ទ្រង់​ក្នុង​ការ​កែទម្រង់​ប្រកប​ដោយ​មហិច្ឆតា​ខ្ពស់​។

លោក Andrew Bowen អ្នក​សិក្សា​នៅ​វិទ្យាស្ថាន​សហគ្រាស​អាមេរិក​បាន​ប្រាប់ AFP ថា ៖ «​ព្រឹត្តិការណ៍​ដែល​កើតឡើង​នៅ​សណ្ឋាគារ Ritz Riyadh គឺជា​និមិត្តសញ្ញា​នៃ​អារ៉ាប៊ីសាអ៊ូឌីត​ថ្មី​របស់​ព្រះអង្គម្ចាស់ Mohammed»​។ លោក​បាន​បន្ត​ថា៖ «​បន្ទាប់ពី​ជា​ទីតាំង​របស់​លោក​ប្រធានាធិបតី Trump ហើយ​ក្រោយ​មក​ក្លាយ​ជា Davos នៅ​កណ្តាលវាល​ខ្សាច់ និង​ឥឡូវ​នេះ​មាន​ឈ្មោះ​ថា ជា​កន្លែង​ឃាត់​ខ្លួន​សម្រាប់​អំពើ​ពុករលួយ​។ កន្លែង​នេះ​ពិតជា​បាន​ក្លាយ​ទៅ​ជា​កន្លែង​មួយ​ដែល​មាន​ការ​ផ្លាស់ប្តូរ​ប្លែកៗ​គួរ​ឲ្យ​អស់​សំណើច​»៕

Anuj Chopra

Source From : Property Area

 

Latest News

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS