ការ​អភិវឌ្ឍ​ទីក្រុង ​ឌូបៃ ​បាន​ផ្តល់​នូវ​ការងារ​ចម្រុះ​ដល់​គ្រប់​ជនជាតិ ​រួម​ទាំង​ខ្មែរ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
សំណង់​ចម្រុះ និង​ផ្លូវ​ថ្នល់​នៅ​ក្នុង​ទីក្រុង​ឌូបៃ​។ រូបថត សហការី

ទីក្រុងឌូបៃ គឺជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ទាំង​ ៨ នៅ​ក្នុង​ប្រទេស​អារ៉ាប់​រួម​ដែល​បាន​បង្ហាញ​ពី​ភាព​ស៊ីវីល័យ​នៃ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ថ្នល់ ស្ពាន សំណង់​អគារ​ខ្ពស់ៗ និង​ភាព​ទំនើបៗ​នៅ​លើ​ទឹកដី​ដែល​ធ្លាប់​តែ​ជា​វាលខ្សាច់​ដ៏ធំ​ល្វើង​ល្វើយ​។

ស្រប​ពេល​ដែល​ទីក្រុង​នេះ​បាន​និង​កំពុង​អភិវឌ្ឍ​បន្ថែម​លើ​គ្រប់​វិស័យ គម្រោង The Palm គឺជា​គម្រោង​អចលនទ្រព្យ​នៅ​លើ​កោះ​បង្កើត​ថ្មី [​កោះ​សិប្បនិម្មិត​] ដែល​មាន​ឈ្មោះ​ថា Atlantis នឹង​បង្ហាញ​ពី​វិសាលភាព​ឯតទត្តកម្ម​។

ក្រោម​ការ​គ្រប់គ្រង និង​រៀបចំ​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​ក្នុង​ប្រទេស​អារ៉ាប់រួម ទីក្រុង​ឌូបៃ​ក៏​បាន​បើក​ការ​ស្វាគមន៍​ជនបរទេស​មក​ធ្វើការ និង​ទេសចរ​យ៉ាង​ច្រើន​។ ក្នុង​នោះ​ជនជាតិ​កម្ពុជា​ក៏​មាន​វត្តមាន​នៅ​ក្នុង​វិស័យ​បដិសណ្ឋាកិច្ច​នៅ​ក្នុង​ទីក្រុង​នេះ​ផង​ដែរ​។

លោក គិត វិសេស ជា​ជនជាតិ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ជនជាតិ​ខ្មែរ​ប្រមាណ​ ៦០ ​នាក់​បាន​ចំណាយ​ពេលវេលា​ធ្វើ​ការងារ​នៅ​ទីក្រុង​ឌូបៃ​រយៈពេល​​ ១១ ​ឆ្នាំ​មក​ហើយ​ដោយសារ​ការ​ណែនាំ​ពី​អ្នក​ធ្វើ​ការងារ​នៅ​ប្រទេស​កម្ពុជា​តាមរយៈ​សណ្ឋាគារ Le Meridian Angkor ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ ហើយ​លោក​បាន​ដាក់​ពាក្យ​ធ្វើការ​នៅ​ទីក្រុង​ឌូបៃ​ជាប់​រហូត​មក​។

ក្នុង​រយៈ​​ ១១ ​ឆ្នាំ​ដែល​លោក វិសេស ប្រឡូក​ក្នុង​វិស័យ​បច្ចេកទេស​ព័ត៌មានវិទ្យា​នៅ​ក្នុង​សណ្ឋាគារ​ធំ​មួយ និង​រហូត​បាន​ក្លាយ​ជា​នាយក​ផ្នែក​ព័ត៌មានវិទ្យា​នៅ​ក្រុមហ៊ុន Madinat Jumeirah ទីក្រុង​ឌូបៃ​ទន្ទឹម​នឹង​ភរិយា​របស់​លោក​ក៏​បាន​មក​ធ្វើការ​នៅ​ទីក្រុង​នេះ​ផង​ដែរ​។

លោក​ប្រាប់​ថា៖ «​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ កំពុង​រស់នៅ​ទីក្រុង​ឌូបៃ​ដើម្បី​ប្រកប​ការងារ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ក្នុង​សណ្ឋាគារ​មួយ​ខណៈ​ពេល​ដែល​កូន​របស់​ខ្ញុំ​កំពុង​សិក្សា​នៅ​សាលា​ឯកជន​ទៅ​តាម​ប្រព័ន្ធ​អប់រំ​អង់គ្លេស​នៅ​ទីក្រុង​ឌូបៃ​»​។

លោក​បាន​ឲ្យ​ដឹង​ថា៖ «​ទោះបី​ជា​តម្លៃ​ទំនិញ​នៅ​ឌូបៃ​នេះ​ថ្លៃ​លើស​ ៣ ​ដង​នៃ​តម្លៃ​នៅ​ប្រទេស​កម្ពុជា ឬ​លើ​ការ​ចំណាយ​ផ្សេងៗ (​ក៏​គ្រួសារ​អាច​រស់នៅ​ដោយ​សុខស្រួល​ព្រោះ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​គ្រប់គ្រាន់​)​។

នៅ​ទី​នេះ​ក្រៅ​ពី​ការ​ផ្តល់​ធានារ៉ាប់រង​លើ​សុខភាព គេ​បាន​ផ្តល់​កន្លែង​ស្នាក់នៅ មធ្យោបាយ​ធ្វើ​ដំណើរ និង​ការ​ធ្វើ​ដំណើរ​គ្រប់​បែប​យ៉ាង​»​។

ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​នៅ​ទីក្រុង​ឌូបៃ​បាន​បង្ហាញ​ពី​សក្តានុពល សំណង់​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​ស្នាក់នៅ​ដូចជា​សណ្ឋាគារ និង​អគារ​ស្នាក់​នៅ​រួម​ចាប់ផ្តើម​កើនឡើង​ជា​បន្តបន្ទាប់​រួមផ្សំ​នឹង​គុណភាព​បដិសណ្ឋារកិច្ច​ក្នុង​កម្រិត​ខ្ពស់​។

យ៉ាង​ណា​មិញ​លោក វិសេស បាន​ប្រាប់​ថា​រាប់​តាំងពី​ការ​គ្រប់គ្រង ការ​អភិវឌ្ឍ និង​ការ​ចំណាយ​លើ​ថវិកា​ក្នុង​ការ​សាងសង់​មាន​ទាំង​លក្ខណៈ​តូច និង​ទ្រង់ទ្រាយ​ធំ​គឺជា​បន្ទុក​របស់​រដ្ឋាភិបាល​គេ​។ នៅ​ពេល​ដែល​គេ​ធ្វើ​អ្វី​មួយ​គេ​មាន​គោលដៅ​កំណត់​យ៉ាង​ច្បាស់លាស់ ដូច្នេះ​វិស័យ​អចលនទ្រព្យ និង​វិស័យ​ទេសចរណ៍​ឌូបៃ​ (​ប្រទេស​អារ៉ាប់​រួម​) គឺ​វា​មាន​លក្ខណៈ​ធំ​ទូលាយ​។

លោក​បន្ត​ថា៖ «​ការ​ស្នាក់នៅ​ក្រុង​ឌូបៃ​គេ​ផ្តល់​អ្វីៗ​គ្រប់​បែប​យ៉ាង​ទាំងអស់​សម្រាប់​ភ្ញៀវ​ទូទៅ​រាប់​ពី​បដិសណ្ឋារកិច្ច​ប្រព័ន្ធ​សុវត្ថិភាព ម្ហូបអាហារ ចំពោះ​បន្ទប់​ស្នាក់នៅ​គឺ​មាន​ការ​រៀបចំ​យ៉ាង​ល្អ​បំផុត​»​។

លោក​បន្ត៖ «​ទីក្រុង​ឌូបៃ​កាលពី​ ១០ ​ឆ្នាំ​មុន និង​សព្វ​ថ្ងៃ​មាន​លក្ខណៈ​ខុស​គ្នា​ខ្លាំង​លើ​ការ​សាងសង់​សំណង់​អចលនទ្រព្យ​ដោយ​ពី​មុន​ចាប់​ផ្តើម​សាងសង់​រហូត​បញ្ចប់​ជា​ស្ថាពរ និង​ការ​បង្កើត​គម្រោង​សំណង់​ថ្មី​ដូច​ជា​សំណង់​ស្ពាន អគារ​ស្នាក់​នៅ​រួម​សំណង់​ផ្សារ​ទំនើប​ជាដើម​»​។

លោក​បន្ថែម​ថា៖ «​ពេល​ខ្លះ​ខ្ញុំ​បើក​ឡាន​លើ​ផ្លូវ​ដដែល​ថ្ងៃ​នេះ​ស្រាប់តែ​ឃើញ​មាន​ការ​សាងសង់​ថ្មី​នៅ​ថ្ងៃ​បន្ទាប់ ប៉ុន្តែ​ខ្ញុំ​សូម​សរសើរ​លើ​ការ​សាងសង់​នីមួយៗ​មិន​ដែល​ប៉ះពាល់​ដ៏ចរាចរណ៍ ឬ​ប្រជាជន​ឡើយ​»​។

ប៉ុន្តែ​ដោយសារ​អាកាសធាតុ​នៅ​ទីក្រុង​ឌូបៃ​មាន​អាកាសធាតុ​ប្រែប្រួល​ទៅ​តាម​រដូវកាល​ពី​ត្រជាក់​ល្មម​ទៅ​ក្តៅ​ខ្លាំង​ចាប់​ពី​ខែ​ឧសភា​ដល់​ខែ​តុលា ដូច្នេះ​នៅ​ទី​នេះ​មិន​មាន​ការ​រៀបចំ​ឲ្យ​មាន​ផ្លូវ​សម្រាប់​ដើរ​ឡើយ (​ប្រជាជន​មិន​មាន​ទម្លាប់​ដើរ​តាម​ផ្លូវ​) ហើយ​នៅ​គ្រប់​កន្លែង​រង់ចាំ​សេវា​ចរាចរណ៍​សាធារណៈ​ដូចជា​ទ្បាន​ក្រុង និង​រថភ្លើង​គឺ​ «​ត្រូវ​បាន​បំពាក់​នូវ​ម៉ាស៊ីន​ត្រជាក់​» ​ទាំង​អស់​។

ទោះបី​ជា​មិន​សូវ​មាន​មន្ទីរពេទ្យ​ច្រើន ប៉ុន្តែ​នៅ​ប្រទេស​អារ៉ាប់​រួម​នេះ​មាន​គ្លីនិក​ច្រើន​ដែល​មាន​ទាំង​រដ្ឋ និង​ឯកជន​នៅ​តាម​សហគមន៍ ផ្សារ​ទំនើប និង​នៅ​គ្រប់​ទីកន្លែង​។ ការ​រៀបចំ​សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប និង​ហាង​ទំនើប​នានា ត្រូវ​បាន​រៀបចំ​យ៉ាង​ប្រសើរ​។

លោក វិសេស បាន​ឲ្យ​ដឹង​​ថា៖ «​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​នៅ​រដូវក្តៅ​ប្រជាជន​តែង​មក​ផ្សារ​ទំនើប Dubai Mall ដែល​មាន​ក្រឡា​ផ្ទៃ​ ៣៥ ​ហិកតា​ហើយ​ប្រជាជន​មិន​អាច​ចំណាយ​ពេល​មួយ​ថ្ងៃ​ដើម្បី​ដើរ​ឲ្យ​អស់​នោះ​ទេ​»​។

ទីក្រុង​ឌូបៃ​មាន​សណ្ឋាគារ​រាប់ពាន់​ដែល​មាន​ចាប់ពី​កម្រិត​ផ្កាយ​ ៣ ​ឡើង​ទៅ​។ ប៉ុន្តែ​ទីក្រុង​ឌូបៃ​ក៏​ជា​កន្លែង​ប្រមូលផ្តុំ​នៃ​សណ្ឋាគារ​ធំៗ ហើយ​ភ្ងៀវ​មាន​ជម្រើស​ដែល​អាច​ជ្រើសរើស​សម្រាក​លម្ហែ​បាន ទាំង​តម្លៃ និង​ប្រភេទ​នៃ​សណ្ឋាគារ​។ លោក​បាន​ឲ្យ​ដឹង​ថា៖ «​នៅ​ក្នុង​ក្រុមហ៊ុន​ដែល​ខ្ញុំ​ធ្វើការ​មាន​បុគ្គលិក​ប្រមាណ​ ៤០០០ ​នាក់​មកពី ​១០១ ​ប្រទេស​ធ្វើការ​ជាមួយ​គ្នា​»​។

លោក​បន្ថែម​ថា៖ «​នៅ​ទី​នេះ​គឺ​វា​អស្ចារ្យ​ខ្លាំង​ណាស់​ក្នុង​នាម​ប្រទេស​រីកចម្រើន​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​គេ​អាច​កសាង​ទីក្រុង​ទាំង​មូល​ដោយ​ចំណាយ​រាប់​កោដិ​ដុល្លារ​ពី​តំបន់​វាល​ខ្សាច់ និង​សមុទ្រ​ទៅ​ជា​ទីកន្លែង​មាន​ការ​កសាង​អគារ​ខ្ពស់ៗ ដូចជា​អគារ​ពាណិជ្ជកម្ម អគារ​ស្នាក់នៅ​រួម និង​ទីតាំង​សប្បនិម្មិត​ដែល​គេ​ធ្វើ​ដើម្បី​យក​លេខ​ ១ ​ទាំងអស់​»​។

លោក​បន្ត​ថា៖ «​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ការ​អភិវឌ្ឍ​នៅ​ប្រទេស​នេះ​មាន​ការ​រីកចម្រើន​ខ្លាំង​តាំងពី​ការ​រស់នៅ និង​បទពិសោធ​ធ្វើការ​ហើយ​ខ្ញុំ​ចង់​ឲ្យ​ប្រទេស​កម្ពុជា​មាន​ភាព​រីកចម្រើន​ដូច​គេ​ពីព្រោះ​ធនធាន​មនុស្ស​នៅ​ថ្ងៃ​ក្រោយ​អាច​ឈាន​ទៅ​ដល់​នោះ​ដែរ​»​។

​នៅ​ឆ្នាំ​ ២០២០ ​ខាង​មុខ​ទីក្រុង​ឌូបៃ​នឹង​រៀបចំ​ការ​តាំង​ពិព័រណ៍​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​អចលនទ្រព្យ​ដើម្បី​បង្ហាញ​ដល់​ពិភពលោក​ថា​គេ​អាច​ធ្វើ​អ្វីៗ​ដែល​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដូចជា​វិស័យ​ទេសចរណ៍ និង​វិស័យ​អចលនទ្រព្យ​។

លោក​បន្ត​ថា៖ «​នៅក្នុង​ទីក្រុង​នេះ​មាន​ការងារ​ច្រើន​ផ្នែក​ដែល​ផ្តល់​ឱកាស​ដល់​អ្នក​មក​ធ្វើការ​នៅ​ទី​នេះ​ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន និង​ការ​ថែទាំ​មួយ​យ៉ាងល្អ​លើ​ការ​រស់នៅ ការ​ធ្វើ​ដំណើរ និង​សុវត្ថិភាព​ទូទៅ​ហើយ​ខ្ញុំ​លើក​ទឹក​ចិត្ត​ដល់​ប្រជាជន​ខ្មែរ​ឲ្យ​មក​ធ្វើការ​នៅ​ទី​នេះ​ដូច​ជនជាតិ​ដទៃ ដើម្បី​សិក្សា​ពី​ការ​គ្រប់គ្រង និង​ទទួល​បាន​ជីវភាព​មួយ​ដ៏ប្រសើរ​»​។

លោក​បន្ថែម​ថា៖ «​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ទី​នេះ​បាន​បណ្តាក់​ទុនវិនិយោគ​វិស័យ​សណ្ឋាគារ​នៅ​ប្រទេស​កម្ពុជា​ដូចជា Accord, Sofitel, Intercontinental, Starwood or Marriott, Rosewood, និង​ផ្សេងៗ​ទៀត​ជាច្រើន​ដែល​ជា​ដំណឹង​ល្អ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ (​ដូច​កម្ពុជា​)»៕

Source From : Phnom Penh Post

 

Latest News

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS