គេហដ្ឋាន​ថ្លៃ​ជាង​គេ​បំផុត​នៅ​អាមេរិក​ឡើង​ថ្លៃ​គុណ​នឹង​ពីរ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
អាង​ហែល​ទឹក​ដ៏​ទំនើប និង​អប​ដោយ​អេក្រង់​ទូរទស្សន៍ 4K ដ៏​ធំ​នេះ ជា​វិមាន​មាន​តម្លៃ​រហូត​ដល់ 250​លាន​ដុល្លារ​អាមេរិក សាង​សង់​ដោយ​លោក Bruce Makowsky។ រូបថត NATHANAEL TURNER / THE NEW YORK TIMES

ឈរ​នៅ​ចំ​ពីមុខ​អាង​ហែល ​​ទឹក​ទំហំ​ដល់​ទៅ ៨៥​ហ្វូត ហ៊ុមព័ទ្ធ​ទៅដោយ​កញ្ចក់​អម​នឹង​ទស្សនីយភាព​លើ​ទីក្រុង Los Angeles នោះ Bruce Makowsky បានបង្ហាញ​នូវ​លំនៅឋាន​ប្រណីត​សម្រាប់​លក់​ដ៏​ថ្លៃ​បំផុត​នៅ​អាមេរិក​។

​លោក​បាន​សួរថា​ ៖ «​តើ​អ្នក​ត្រៀម​ខ្លួន​សម្រាប់​ទស្សនីយភាព​ដ៏​អស្ចារ្យ​បំផុត​ឬ​នៅ​?»​។ ស្រប​ពេល​​នោះដែរ បុគ្គលិក​ម្នាក់​បាន​ចុច iPad បញ្ជា​ទៅ​ទូរទស្សន៍​ទំហំ ២០​ហ្វុត ដែលមាន​គុណភាពរូប​ភាព​កម្រិត 4K ភ្ជាប់​ទៅនឹង​ឆ្អឹង​ដែក​នៅ​ខាង​ផ្នែក​គែម​នៃ​អាង​ហែល​ទឹក​។ បើទោះបីជា​ពន្លឺ​ព្រះ​អាទិត្យ​រះ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ភ្លឺ​ចិញ្ចាច​ចិ​ញ្ចែ​ង​ក៏ដោយ រូបភាព​តារា​ចម្រៀង​ល្បី Beyoncé នៅតែ​មើល​ឃើញ​ច្បាស់​ដូច​ទៅ​មើល​ខន​សឺត​ផ្ទាល់​តែម្តង ដោយ​វា​មាន​ឧបករណ៍​បំពង​សំឡេង​បន្លឺ​ចម្រៀង​​ពី​ខាងក្រោម​ដល់​ទៅ១៦​គ្រាប់​។

លោក Makowsky ថ្លែង​ថា​ ៖ «​គ្មាន​គេហដ្ឋាន​ណា​ផ្សេង​ដែល​ល្អ​ប្រណីត​ដូច​ទីនេះ​ទេ​»​។ លោក​ធ្លាប់ជា​អ្នក​រចនា​កាបូប​យួរ​ដៃ​មួយរូប ហើយក៏​ក្លាយ​មកជា​អ្នកម៉ៅការ​នៅក្នុង​សេត​វិមាន​ដ៏​ស្កឹមស្កៃ​។

​គ្មាន​ផ្ទះ​ណា​ផ្សេង ដែល​មាន​តម្លៃ​លក់​ផ្លូវ​ការ​រហូត​ដល់​ទៅ ២៥០​លាន​ដុល្លារ​នោះ​ទេ​។

​វិមាន​មាន​ទំហំ ៣៨០០០​ហ្វុត​ការ៉េ (៣៥៣០​ម៉ែត្រការ៉េ​) របស់​លោក Makowsky គឺជា​និមិត្តសញ្ញា​នៃ​លំនៅឋាន​ប្រណីត​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ​។ វា​នៅ​មិន​ដល់​ចម្ងាយ១០​ម៉ា​យ​ទៀត​នោះ​ទេ លំនៅឋាន​ដែល​មាន​ទំហំ​ធំ​ជាងនេះទៅទៀត​កំពុងតែ​ត្រូវ​បាន​សាងសង់ ហើយ​ដែល​នឹង​ដាក់លក់​ក្នុង​តម្លៃ​៥០០​លាន​ដុល្លារ​។ ក្រុមហ៊ុន​ទាំងពីរ​បាន​ប្រកួត​ប្រជែង​គ្នា​នៅក្នុង​តំបន់ Bel Air តូច​មួយ​នៅ​ក្នុង​ក្រុង Los Angeles នេះ បាន​ក្លាយជា​សង្គ្រាម​អចលនទ្រព្យ​ដ៏​ប្រណីត​បំផុត ដែល​បាន​ក្លាយជា​និមិត្តរូប​ដ៏​ធំ​នៃ​អចលនទ្រព្យ​ប្រណីត​នា​ជំនាន់​ថ្មី និង​ជា​ជម្រើស​ថ្មី​មួយ​ទៀត​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​មហាសេដ្ឋី​មាន​ប្រាក់​កោដិ​ដុល្លារ​។

​ស្ថិត​ក្នុង​វ័យ​៦០​ឆ្នាំ​លោក Makowsky ពោរពេញ​ដោយ​ជីវិត​ទំនើប​ទាន់​សម័យ​បំផុត​ជាមួយ​នាឡិកាដៃ​តម្លៃ ៥​សែន​ដុល្លារ និង​រថយន្ត​តម្លៃ​២​លាន​ដុល្លារ គាត់​ជឿជាក់​យ៉ាង​មុតមាំលើ​តម្រូវការ​ថ្មី​មួយដែល​លោក​ហៅថា​ ៖ «​ជីវិត​អាទិទេព​»​។ ជាជាង​ការសាងសង់​ផ្ទះ​មានតែ​សម្បក​​ទទេ ដែល​អ្នកទិញ​ត្រូវ​ឌីហ្សាញ និង​ដេគ័រ​តុប​តែង​ដោយ​ខ្លួន​ឯង​នោះ លោក​បាន​បំពាក់​នូវ​រាល់​ឧបករណ៍​គ្រឿង​បរិក្ខារ​ទាំង​អស់​សម្រាប់​មហាសេដ្ឋី​ប្រាក់​កោដិ​ដុល្លារ ដែល​រួមមាន​ទាំង​រថយន្ត​ស៊េរី​ទំនើបៗ​សរុប​ប្រមាណ ៣០​លាន​ដុល្លារ និង​ភាពយន្ត ៧០០០​រឿង​បញ្ចូល​ជាស្រេច​ទៅក្នុង​ប្រព័ន្ធ​រោង​ភាពយន្ត​នៅ​ក្នុង​​ផ្ទះ​បាន​តុបតែង​ដូច​ទៅនឹង​រឿង James Bond និង​តុ Roberto Cavalli មាន​តម្លៃ ៣៥០០​ដុល្លារ​ដំឡើង​រួច​ស្រាប់​នៅក្នុង​ផ្ទះ​នេះ​តែម្តង ហើយ​ថែម​ទាំង​មាន​បុគ្គលិក​៧​នាក់ រួមមាន​ទាំង​ចុង​ភៅ​ម្នាក់ អ្នកបើកបរ​ផ្ទាល់​ខ្លួន និង​អ្នក​ម៉ាស្សា​ម្នាក់ សម្រាប់​រយៈពេល២​ឆ្នាំ​ទៀត​ផង​។​

«​គ្រប់​ជ្រុង​ទាំងអស់​នៃ​ផ្ទះ​នេះត្រូវបាន​បំពាក់​ដោយ​ឧបករណ៍ និង​គ្រឿង​បរិក្ខារ​កម្សាន្ត​ទំនើបៗ​ទាន់​សម័យ ព្រម​ទាំង​មាន​កន្លែង​ដែល​ធ្វើ​ឡើងដោយ​ថ្ម​សុទ្ធ កន្លែង​ស្តុក​ស្រា រូបភាព​ល្បីៗ និង​របស់​របរ​ជាច្រើន​ទៀត​»។ នេះ​បើតាម​ប្រសាសន៍​របស់​លោក Makowsky​។ «​ពេល​ដែល​អ្នក​ចូល​មក​ដល់​ខាង​ក្នុង​ផ្ទះ​នេះ​គឺ​អ្នកមាន​អារម្មណ៍​រំភើប​អស្ចារ្យ​តែ​ម្តង»។​

​ចំណែកឯ​គេហដ្ឋាន​ដែល​ជា​ដៃគូ​ប្រជែង​នៅ​ក្បែរ​នោះ​មាន​ឈ្មោះ​​ថា «The One» គឺមាន​ទំហំ​ធំ​ជាង​គេហដ្ឋាន​នេះ​ដល់​ទៅ ៣​ដង ហើយ​ផ្ទះ​វិញ​គឺមាន​ទំហំ​ដល់​ទៅ១០៥០០​ហ្វុត​ការ៉េ​ឯ​ណោះ(៩៧៥​ម៉ែត្រការ៉េ​)​។ គ្រាន់​តែ​បន្ទប់​គេង​ធំ​ជាង​គេ មាន​ទំហំ​ដល់​ទៅ៥៥០០​ហ្វុត​ការ៉េ​បាត់​ទៅ​ហើយ​ដែល​អាច​និយាយ​បាន​ថា មាន​ទំហំ​ស្មើនឹង​អគារ brownstone នៅ Manhattan ៥​ជាន់ បូក​បញ្ចូល​គ្នា ឬ​ធំ​ស្មើនឹង​អគារ SoHo ទាំង​មូល​។

​រីឯ​ហ្គា​រ៉ា​ស​ទីធ្លា​ចំណត​របស់​ផ្ទះ «The One» នេះ​វិញអាច​ផ្ទុក​​រថយន្ត​បាន​ដល់​ទៅ៣០​គ្រឿង។ លំនៅឋាន​ដ៏​ប្រណីត​ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់​នៅឡើយ​នេះ នឹងមាន​អាង​ហែល​ទឹក​យ៉ាងហោច​បួន និង​ការ​តុបតែង​ដោយ​ប្រើ​លំហូរ​ទឹក​គួរ​ឲ្យ​ទាក់ទាញ​ជាច្រើន​ទៀត​។ វិនិយោគិន Nile Niami បាន​ថ្លែងថា វិមាន​នេះ​នឹង​សាងសង់​ចប់​ក្នុង​ខែឧសភា ឬ​មិថុនា​ឆ្នាំ​២០១៨​។​

​ទោះយ៉ាងណា វិនិយោគិន​ទាំង​ពីរ​រូប​នេះ មាន​នូវ​គុណ​សម្បត្តិ​រៀងៗ​ខ្លួន​។ ពួកគេ​ទាំងពីរ​រកបាន​ប្រាក់ចំណូល​ដ៏​ច្រើន​កប់​ពពក​ពី​ការ​លក់​គេហដ្ឋាន​ធំៗ និង​ទំនើបៗ ដែលមាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​។

«​ខ្ញុំ​មាន​ភាព​សប្បាយ​រីករាយ​ណាស់ ដែល​យើង​នឹង​សង់​វិមាន​ទំនើបៗ​ប្រណីតៗ​សម្រាប់​មហាសេដ្ឋី​បន្ថែម​ទៀត ខណៈដែល​យើង​ក៏បាន​បង្កើត​ការងារ​ជាច្រើន​ផងដែរ​»។ នេះ​បើតាម​សម្តី​របស់​លោក Makowsky​។

​លោក Niami បាន​ថ្លែង​ថា ផ្ទះ​ទាំងពីរ​នេះ​សុទ្ធតែ​មាន​តម្លៃ​ថ្លៃ​ដូចគ្នា ប៉ុន្តែ​គោលដៅ​អតិថិជន​គឺ​ខុស​គ្នា​។

«​ផ្ទះ​របស់ Bruce តូច​ជាង​ផ្ទះ​របស់​ខ្ញុំ ដោយ​សារ​គាត់​សង់​លើដី​ទំហំ១​អា ខណៈ​ខ្ញុំ​សង់​លើដី៤​អា​»។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Niami​។ «អតិថិជន​គោលដៅ​របស់ Bruce ខុសពី​អតិថិជន​របស់ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​ក៏​សង្ឃឹម​ថា គាត់​នឹង​លក់បាន​តម្លៃ​ខ្ពស់​ផងដែរ ព្រោះ​វា​ក៏​ជា​ឱកាស​ល្អ​របស់ខ្ញុំ​ផង​ដែរ​»​។​

​ខណៈដែល​មហាជន​មួយ​ចំនួន​​បាន​ចាប់ចិត្ត​មកលើ​ផ្ទះ​តម្លៃ​ធំ​សឹងតែ​មាន​ទំហំ​ស្មើ​ផ្សារ​ទំនើប ឬ​រី​សត​ហើយ​នោះ បើ​ប្រៀប​នឹង​ផ្ទះ​សម្រាប់​ការរស់នៅលោក Niami បាន​ថ្លែងថា លោក​មិន​មាន​ក្តីបារម្ភ​សម្រាប់​តម្លៃ​ដែល​បាន​ដាក់​លក់​នេះ​ទេ​។

​លោក​ថ្លែងថា​ ៖ «​ផ្ទះ​របស់ខ្ញុំ​តែងតែ​លក់ដាច់​ជានិច្ច​»​។ យ៉ាង​ណា​មិញ ភ្នាក់​ងារ​អចលនទ្រព្យ និង​មហា​សេដ្ឋី​មួយ​ចំនួន​បាន​លើក​ឡើង​ថា Makowsky និង Niami កំពុងតែ​ចាំ​អ៊ុត​មើល​អតិថិជន ដែលមាន​ចំនួន​តិច​នៅ​ពេល​ដែល​ទីផ្សារ​លំ​នៅឋាន​លំដាប់​កំពូលៗ គឺ​សម្បូរ​ទៅ​ដោយ​វិមាន​ធំៗ​ស្កឹមស្កៃ​។

​លំនៅឋាន​ទាំង​ពីរ​នេះ អាច​នឹង​លក់​បាន​ក្នុងតម្លៃ​ទាប​ជាង​នេះច្រើន ដោយសារតែ​តួលេខ​តម្លៃ​ខ្ទង់រយ​លាន​នេះ ត្រូវ​បាន​គេ​ប្រើ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​សម្រាប់​ទាក់ទាញ​ចំណាប់អារម្មណ៍​ប៉ុណ្ណោះ ជាជាង​តម្លៃ​ដែល​លក់​បាន​ជាក់​ស្តែង​។ ផ្ទះ​ថ្លៃ​ជាងគេ​បំផុត​ដែល​បាន​លក់​ក្នុង​សហរដ្ឋអាមេរិក គឺ East Hampton នៅក្នុង​ទីក្រុង New York ដែល​ភ្នាក់ងារ​អចលនទ្រព្យ​លក់បាន​ក្នុងតម្លៃ១៤៧​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៤​។ ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ផ្ទះ​ដែល​លក់បាន​ថ្លៃ​ជាង​គេ​បំផុត​ត្រូវបាន​គេ​ជឿជាក់​ជា​

ផ្ទះ Woodside លើ​ផ្ទៃដី៩​អា ហើយ​ដែល​លក់បាន​ក្នុង​តម្លៃ ១១៧,៥០​​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៣​។

«​តើ​មាន​នរណា​ដែល​នឹង​ទិញ​ផ្ទះ​ថ្លៃ​បែប​នេះ​?» នៅ​បើតាម​សម្តី​របស់លោក Josh Altman សួរ​សំដៅ​ដល់ផ្ទះ​សង់​ដោយ លោក Makowsky និង Niami ដែល​លោក Josh គឺជា​ភ្នាក់ងារ​អចលនទ្រព្យ​ក្នុង​ទីក្រុង Los Angeles​។ លោក​បន្តថា​ ៖ «​បើ​ដាក់​តម្លៃ​បែបនេះ គឺ​វា​មាន​ផល​លំបាក​។ ជាមួយ​នឹង​ទឹក​ប្រាក់ ១០០​លាន​ដុល្លារ អ្នក​អាចមាន​ជម្រើស​យ៉ាងច្រើន ហើយ​អ្នកទិញ​ទាំងនេះ​សុទ្ធតែ​ឆ្លាតៗ​។

​លោក Makowsky បាន​លើកឡើងថា ខណៈដែល​ចំនួន​មហាសេដ្ឋី​ប្រាក់​កោដិ​បាន​កើន​ឡើង​លើស២០០០​នាក់ ហើយ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​កើន​ឡើង​យ៉ាង​ខ្លាំង​ដែរ​នោះ គុណភាព​លំនៅឋាន​ដែល​ពួក​គេ​ទិញ​នោះ គឺ​ត្រូវ​តែ​មាន​ភាព​ល្អ​ប្រសើរ​ជានិច្ច។ លោក​ថ្លែង​បន្តថា មហាសេដ្ឋី​សព្វថ្ងៃនេះ​មាន​លុយ​ច្រើន​ជាង​​ពេលមុនៗ ឬ​អ្នក​ជំនាញ​សិល្បៈ​ទៅ​ទៀត ហើយ​ពួក​គេ​ចង់​បាន​ផ្ទះ​ដែល​តុបតែង​ដូច​ទៅនឹង​សារមន្ទីរ​ដូច្នេះ​ដែរ មុន​នឹង​គេ​ផ្លាស់​មក​រស់​នៅ​។

​ស្នាដៃ​ចុង​ក្រោយ​របស់​លោក​ត្រូវ​ប្រើ​កម្មករ​អស់​៣០០​នាក់​។ ផ្ទះ​នេះ​គឺ​ពោរពេញ​ទៅដោយ​សម្ភារ​បុរាណ​ធំៗ មានតម្លៃ​ថ្លៃៗ ដែល​មាន​បន្ទប់​គេង​ដល់​ទៅ​១២ បន្ទប់ទឹក​២១ និង​ចង្ក្រាន​បាយ​៣ ហាក់បី​ដូចជា​មិន​មែន​ចំណុច​អាទិភាព​នោះ​ទេ​។ លោក Makowsky បាន​បង្ហាញ​ផ្ទះ​នេះ​ទៅ​កាន់​មហាសេដ្ឋី​ចំនួន ៨​នាក់​រួច​ហើយ ប៉ុន្តែ​វិមាន​នេះ​ដាក់​លក់​លើ​ទីផ្សារ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៨ ខែ​មករា​។

នៅ​ពេល​សួរ​ដល់​រឿង​តម្លៃ Makowsky បាន​ថ្លែង​ថា អ្វី​ដែល​ស័ក្តិ​សម​ក្នុង​ការ​ប្រៀបធៀប​ជាមួយ​វិមាន​នេះ គឺ​កប៉ាល់​ដ៏​ធំ​មហិមា​មួយ មិន​មែន​ប្រៀបធៀប​នឹង​ផ្ទះ​មួយ​ទៀត​នោះ​ទេ​។

លោក​បញ្ជាក់​ថា​ ៖ «​ផ្ទះ​មួយ​នេះ​ប្រៀប​ដូច​ជា​កប៉ាល់​មក​សំចត​លើ​គោក​ដូច្នេះ​ដែរ​។ សម្រាប់​ខ្ញុំ វា​មិន​សម​ទាល់​តែ​សោះ ដែល​មហាសេដ្ឋី​ណា​ម្នាក់​ចំណាយ​លុយ​ទិញ​កប៉ាល់​តម្លៃ​៣០០​លាន​ដុល្លារ សម្រាប់​តែ​ស្នាក់​នៅ​រយៈពេល​៨​សប្តាហ៍​ក្នុង​១​ឆ្នាំ ហើយ​បែរ​ជា​មក​រស់​នៅ​ក្នុង​ផ្ទះ​លើ​គោក​ដែល​មាន​តម្លៃ​ត្រឹម​តែ​២០​ទៅ​៣០​លាន​ដុល្លារ​ទៅ​វិញ»៕

Robert Frank/The New York Times

Source From: PHNOM PENH POST

Latest News

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS