តម្លៃ​អចលនទ្រព្យ​នៅ​ក្រុង ​បាងកក​ រំពឹង​ថា ​នឹង​បន្ត​ឡើង​ថ្លៃ​ខ្ពស់

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
​ទន្លេ Chao Phraya​ ដែល​សម្បូរ​ដោយ​ខុន​ដូ​ប្រណីតៗ​ជាច្រើន​។ តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​បាងកក​ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​នៅ​ឆ្នាំក្រោយ​។ PANUMAS SANGUANWONG

ទោះបីជា​មានការ​ពន្យារ​ពេល​នៃ​ការ​បង់ពន្ធ​ដី និង​អគារ​សម្រាប់​មួយ​ឆ្នាំ​ក្តី តម្លៃ​ដី​ជា​ទូទៅ​នៅ​ទីក្រុង​បាងកក​ត្រូវ​បាន​គេ​រំពឹងថា នឹង​កើន​ឡើង​១០-៣០​ភាគរយ នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ដែល​ជម្រុញ​ឲ្យ​អគារ​ខុនដូ​មាន​តម្លៃ​មធ្យម នៅ​ក្នុង​តំបន់ Greater Bangkok កើន​ឡើង ៦-៧​ភាគរយ ជា​កំណើន​ខ្ពស់​បំផុត នៅ​តាម​តំបន់​នានា​ក្នុង​ទីក្រុង​កើន​ខ្ពស់​បំផុត​តាម​ការ​រំពឹង​ទុក​។

អ្នក​នាង Nalinrat Chareonsuphong នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​អចលនទ្រព្យ Nexus Property Marketing បាន​និយាយ​ថា ការ​កើន​ឡើង​ជា​មធ្យម​នៃ​តម្លៃ​ដី​ក្នុង​ឆ្នាំ ២០១៧ គឺ​មាន​ការ​កើន​ឡើង​ខ្ពស់​ជាង​កាល​នៅ​ចន្លោះ​ឆ្នាំ​២០១៥-២០១៦​ទៅ​ទៀត ដែល​ក្នុង​អំឡុង​ពេល​នោះ​បាន​កើន​ឡើង​ត្រឹម​តែ ៥-១០​ភាគរយ​ប៉ុណ្ណោះ ។​

អ្នក​នាង​បាន​ថ្លែង​ថា​ ៖ «​ការ​កើន​ឡើង​ជា​មធ្យម​នៃ​តម្លៃ​ដី​នៅ​ក្នុង​ឆ្នាំ​នេះ​បាន​ស្ងប់ស្ងាត់​បន្តិច​ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​កើន​ឡើង​មិន​គួរ​ឱ្យ​ជឿ​កាលពី​ឆ្នាំ​២០១៥»​។

អ្នក​នាង​បាន​បន្ត​ទៀត​ថា ​៖ «​មិន​មាន​កំណត់ត្រា​កម្រិត​ខ្ពស់​ថ្មីៗ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ ចំពោះ​តម្លៃ​ដី​នៅ​ក្រុង​បាងកក​នៅ​ឆ្នាំ​នេះ​បន្ទាប់​ពី​តួ​លេខ​បាន​កើន​ឡើង​ដល់​១,៩១​លាន​បាត​ក្នុង​មួយ​វ៉ា​ការ៉េ [​គឺ​ថ្លៃ​ស្មើ​នឹង​៤​ម៉ែត្រ​ការ៉េ​] កាលពី​ឆ្នាំ​មុន​»​។

កំណត់ត្រា​ខ្ពស់​ថ្មី​នេះ​ទំនង​នឹង​កើត​ឡើង​នៅ​ឆ្នាំ​ក្រោយ ប្រសិន​បើ​ដី​មួយ​ឡូត៍​ស្ថិត​នៅ​លើ​ផ្លូវ​ឥត​ខ្សែ (Wireless Road) ដែល​គ្រប់គ្រង​ដោយ​ស្ថាន​ទូត​អង់គ្លេស ត្រូវ​បាន​លក់​រួច​ទៅ​ហើយ​។ ដី​មួយ​ដុំ​នេះ មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវ Chidlom ដែល​ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន SC Asset Corporation Plc. គឺ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ដី​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​នោះ​ទេ​។

អ្នក​នាង Nalinrat បាន​ថ្លែង​ថា កង្វះ​ខាត​នៃ​ដី និង​ការ​កើន​ឡើង​នៃ​តម្លៃ​ដីធ្លី​នឹង​បណ្តាល​ឲ្យ​​មាន​ការ​កើន​ឡើង​ខ្ពស់​បំផុត​លើ​តម្លៃ​ខុន​ដូ​នៅ​តំបន់​ក្នុង​ទីក្រុង​នៅ​ឆ្នាំ​ក្រោយ​គឺ​អាច​កើន​ឡើង ៩-១០​ភាគរយ​។

អ្នក​នាង​បាន​ថ្លែង​ថា ​៖ «​តម្លៃ​មធ្យម​នៃ​ខុនដូ​ថ្មីៗ​ដែល​បាន​បើក​ដំណើរការ​នៅ​ទីក្រុង​បាងកក​នៅ​ក្នុង​ឆ្នាំ​នេះ​ក៏​បាន​កើន​ឡើង​ខ្ពស់​ផង​ដែរ ដែល​នេះ​គឺជា​លទ្ធផល​នៃ​តម្លៃ​ដី​នៅ​ឆ្នាំ​២០១៥»​។

តម្លៃ​មធ្យម​នៃ​ខុន​ដូ​នៅ​ឆ្នាំ​នេះ​បាន​កើន​ឡើង​១៤​ភាគរយ គឺ​ឡើង​ដល់​ ១២១,០០០​ បាត​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ពី​តម្លៃ​ ១០៦,០០០ ​បាត​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​នៅ​ក្នុង​ឆ្នាំ​២០១៥​។ ការ​កើន​ឡើង​នេះ​គឺ​ខ្ពស់​ជាង​ការ​កើន​ឡើង​ជា​មធ្យម​ត្រឹម៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ​កន្លង​មក​ហើយ។

ក្រុមហ៊ុន​អភិវឌ្ឍន៍​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​ដី​នៅ​ខាង ​ក្រៅ​ទីក្រុង​បាងកក​ក្នុង​គោល​បំណង​អភិវឌ្ឍ​គម្រោង​ខុនដូ ព្រោះ​អ្នក​ទិញ​គោលដៅ​អាច​នឹង​មិន​មាន​លទ្ធភាព​ទិញ​នៅ​ក្នុង​តម្លៃ​នោះ​ទេ​។ តម្លៃ​លក់​នៃ​ខុនដូ​នៅ​ខាង​ក្រៅ​ទីក្រុង​បាងកក មិន​គួរ​ដាក់​ឲ្យ​ខ្ពស់​ជាង ១០០,០០០​បាត​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​នោះ​ទេ​។​

​យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​នេះ បាន​បង្ហាញ​ថា ចំនួន​​នៃ​ខុន​ដូ​ថ្មីៗ​ដែល​បើក​ដំ​ណើរ​ការ​នៅ​ទីក្រុង​បាងកក​នៅ​ក្នុង​ឆ្នាំនេះ​មាន​ចំនួន​សរុប ៤០,០០០​យូនីត ក្នុង​ចំណោម​គម្រោង​៩៤ ដែល​ជា​ការ​ថយ​ចុះ ២៥​​ភាគរយ ពី​ចំនួន ៥៣,០០០​យូនីត ខុនដូ​កាលពី​ឆ្នាំ​មុន​។

ប្រហែល​ជាមាន​ចំនួន​៥,០០០​ ​ខុន​ដូដែល​អ្នក​អភិវឌ្ឍន៍​មួយ​ចំនួន​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ​នេះ ប៉ុន្តែ​បាន​ពន្យារ​ពេល​ទៅ​បើក​ដំណើរការ​នៅ​ត្រី​មាស​ដំបូង​ឆ្នាំ​ក្រោយ​វិញ​ដោយ​សារតែ​ការ​កាន់​ទុក្ខ​ការ​សោយ​​ទិវង្គត់​របស់​ព្រះមហាក្សត្រ ភូមិបុល​អា​ឌុល​យ៉ា​ដេត​។

អ្នក​នាង​បាន​បន្ថែម​ថា ទោះ​បី​ជា​មាន​ការ​ពន្យារ​ពេល​នៃ​ការ​បើក​សម្ភោធ​ក៏​ដោយ ក៏ ៧០​ភាគរយ នៃ​ការ​ផ្គត់ផ្គង់​ថ្មី​នេះ​ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​នៅ​ក្នុង​ឆមាស​ទី​២ ដែល​បង្ហាញ​ពី​ទំនុក​ចិត្ត​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ទៅ​លើ​កំណើន​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​ទីក្រុង​បាងកក។

ទីតាំង​ដែល​នឹង​មាន​ការ​បើក​សម្ពោធ​ខុនដូ​ថ្មីៗ​ច្រើន​បំផុត គឺ​នៅ PhraKhanong និង SuanLuang រួម​មាន​ចំនួន ១០,៧០០​យូនីត Phaya Thai និង Ratchadaphisek រួម​មាន​៩,២០០​យូនីត រួម​ទាំង Ngamwongwan និង Tiwanon រួម​មាន​៦,៩០០​យូនីត​។

ការ​ផ្គត់ផ្គង់​ខុនដូ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​នៅ Greater Bangkok គឺ​មាន​ចំនួន ៤៨៧,០០០​យូនីត ហើយ​ត្រូវ​បាន​លក់​អស់​ចំនួន​៩០​ភាគ​រយ​។

ចំនួន​នៃ​យូនីត​មិន​ទាន់​លក់​ចេញ​​មាន​ចំនួន​សរុប​ប្រហែល​៤៨,០០០ ដែល​បាន​ធ្លាក់​ចុះ​ពី​៥៤,០០០​យូនីត​កាលពី​ឆ្នាំ​មុន។

កាលពី​ម្សិលមិញ​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​អចលនទ្រព្យ CBRE បាន​រាយការណ៍​ពី​ការ​កើន​ឡើង ៤,៧​ភាគរយ នៅ​ក្នុង​ការ​ស្នើ​សុំ​តម្លៃ​នៃ​ខុនដូ​លំដាប់​ខ្ពស់​ដែល​មិន​ទាន់​សាងសង់​រួច​នៅ​តំបន់​ពាណិជ្ជកម្ម​មមា​ញឹក​បំផុត​នៃ​ក្រុង​បាងកក នៅ​ឆ្នាំ​នេះ គឺជា​មធ្យម​តម្លៃ ២១៩,០០០​បាត​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។

ក្រុមហ៊ុន CBRE នៅតែ​បន្ត​មើល​ឃើញ​ចំណង់​ពី​អ្នក​វិនិយោគ​ទៅ​លើ​គម្រោង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​លំនៅឋាន​កំពូលៗ​នៃ​ទីក្រុង​បាងកក ដែល​អ្នក​ទិញ​សម្បូរ​ប្រាក់​ច្រើន​ផ្តោត​លើ​តំបន់ Sukhumvit Sathorn និង CentralLumpini​។​

CBRE គិត​ថា ខុន​ដូ​ប្រណីត និង​ទីផ្សារ​លំនៅឋាន​ប្រណីត​កម្រិត​ទាបៗ នៅ​ទីក្រុង​បាងកក នឹង​មាន​ភាព​ជោគ​ជ័យ​លើ​គម្រោង​​ ដែល​មាន​តម្លៃ​ពី​មធ្យម ទៅ​តម្លៃ​ទាប​នៅ​អំឡុង​ឆ្នាំ​២០១៧ ដោយ​អ្នក​ទិញ​មិន​សូវ​មាន​ភាព​លំបាក​ក្នុង​ការ​ស្វែងរក​កម្ចី​ទិញ​ផ្ទះ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ថមថយ​ក្នុង​វិស័យ​លំនៅឋាន​ទូទៅ​៕

KANANA KATHARANGSIPORN

Source From: PHNOM PENH POST

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS