អចលនទ្រព្យ​នៅ​ក្រុង​ ​ប៉ោយប៉ែត នឹង​រឹត​តែ​មាន​សក្តានុពល​បន្ថែម​ទៀត

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
លោក សាន ស៊ានហូ (ឆ្វេង​ទី​២) ចុះ​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​មួយ​កន្លែង​កាល​ពី​ពេល​ថ្មីៗនេះ​។ រូបថត សហការី

ខណៈ​ការ​តភ្ជាប់​ផ្លូវ​ដែក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ព្រម​ទាំង​ការ​បើក​ជា​ផ្លូវ​ការ​នៃ​ច្រកទ្វារ​អន្តរជាតិ​ថ្មី​ចំនួន​ ២​ កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត កាន់តែ​ខិតជិត​ចូល​មក​ដល់​នោះគេ​សង្កេត​ឃើញ​ថា វិស័យ​សេដ្ឋកិច្ច និង​អចលនទ្រព្យ​នៅ​តំបន់​ប៉ោយប៉ែត នា​ពេល​នេះ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ជា​លំដាប់​។

លោក ស៊ា ឆៃលីន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីអិល រៀលធី បាន​និយាយ​ថា ប៉ោយប៉ែត គឺជា​ច្រកទ្វារ​អន្តរជាតិ​ដែល​មាន​សក្តានុពល​ជាង​គេ​របស់​ប្រទេស​កម្ពុជា ព្រោះ​ច្រក​នេះ​មាន​ទាំង​លំហូរ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ហើយ​សកម្មភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក៏មាន​ភាព​មមាញឹក និង​មាន​ដង់ស៊ីតេ​ប្រជាជន​រស់នៅ​ខ្ពស់​ទៀត​ផង​។

លោក​បន្តថា ម្យ៉ាង​វិញ​ទៀត នៅ​ក្រុង​ប៉ោយប៉ែត ក៏​មាន​តំបន់​សេដ្ឋកិច្ច​ជាច្រើន​ផង​ដែរ​ដូចជា តំបន់​សេដ្ឋកិច្ច​ពិសេស​ ប៉ោយប៉ែត​អូរ​នាង ( POSEZ - Poipet Oneang Special Economic Zone) តំបន់​សេដ្ឋកិច្ច​ពិសេស សានកូ (Sanco Poipet Special Economic Zone) និង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ទៀត​ដែល​ជាបុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ)​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីអិល រៀលធី បាន​លើក​ឡើង​ទៀត​ថា​ ៖ ​«ដោយ​សារ​លក្ខណៈ​អំណោយ​ផល​ទាំង​អស់​នេះ​បាន​ធ្វើ​ឱ្យ​ហាង​ឆេង​ដីធ្លី នៅ​តំបន់​ប៉ោយប៉ែត​មាន​តម្លៃ​ខ្ពស់​ជាង​តំបន់​នៅ​តាម​ច្រកទ្វារ​អន្តរជាតិ ​ដទៃ​ទៀត ​ក្នុង​ប្រទេស​កម្ពុជា​»​។

លោក ស៊ា ឆៃលីន បាន​ប្រាប់​ទៀត​ថា សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ដែល​ដក​ចេញ​នូវ​របាំង​ពន្ធគយ ក៏​បាន​រួម​ចំណែក​​យ៉ាង​ច្រើន​​ដល់​ភាព​រីក​ចម្រើន​នៅ​ក្រុង​ប៉ោយប៉ែត​ផង​ដែរ​។

ក្រុង​ប៉ោយប៉ែត ជា​ផ្នែក​មួយ​របស់​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ស្រុក​អារញ្ញ​ប្រាថេត ប្រទេស​ថៃ​។ ប៉ោយប៉ែត​មាន​ចម្ងាយ​ប្រហែល​ ៤១៣ ​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង​ចម្ងាយ​ ២៥៨​ គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ​។

លោក តាន យិមឆាយ អនុប្រធាន​ក្រុមហ៊ុន ឆាយ ឆាយ អ៊ិន​វេស​មេន អិល​ធី​ឌី (CCI) ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត អូរ​នាង បាន​ប្រាប់​ថា ជា​ទូទៅ​ស្ថាន​ភាព​​សេដ្ឋកិច្ច និង​អចលនទ្រព្យ​នៅតាម​តំបន់​ព្រំដែន​ក្នុង​ក្រុង​ប៉ោយប៉ែត គឺមាន​ភាព​ល្អ​ប្រសើរ​ជា​លំដាប់ ដោយ​ពេល​នេះ​ប៉ោយប៉ែត បាន​ក្លាយ​ជា​តំបន់​ដ៏​មាន​សក្តានុពល​សម្រាប់​ការ​រស់​នៅ និង​វិនិយោគ​។

លោក​បន្ត​ថា យើង​សង្កេត​ឃើញ​ថា មាន​វិនិ​យោគិន​​ក្នុង​ស្រុក និង​បរទេស​​កាន់តែ​ច្រើន​​បាន​ចូលមក​បោះទុន​វិនិយោគ​ក្នុង​តំបន់​នេះ​ដែល​មាន​ដូចជា ការ​សាងសង់​រោង​ចក្រ សណ្ឋាគារ កាស៊ីណូ ភោជនីយ​ដ្ឋាន សំណង់​ផ្ទះ​ល្វែង និង​បុរី​ជាដើម​។

លោក​មាន​ប្រសាសន៍​ថា​ ៖ «​យើង​អាច​​និយាយ​ថា ស្ថានភាព​សេដ្ឋកិច្ច​នៅ​ប៉ោយប៉ែត នា​ពេល​នេះ​គឺ​មាន​ភាព​ល្អ​ប្រសើរ ព្រោះ​នៅ​ទីនេះ​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់គ្រាន់ និង​ធំ​ទូលាយ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​ផ្លូវ​រថភ្លើង​ដែល​តភ្ជាប់​ពី​ប្រទេស​កម្ពុជា​ទៅ​ថៃ គ្រោង​នឹង​បើក​ដំណើរ​ការ​នា​ពេល​ឆាប់ៗ​ខាង​មុខ​ផង​ដែរ​»​។

ទាក់ទង​នឹង​តម្លៃ​អចលនទ្រព្យ​នៅ​ប៉ោយប៉ែត លោក យិមឆាយ បាន​និយាយ​ថា​ ៖ «​វិស័យ​អចលនទ្រព្យ​នៅ​ប៉ោយប៉ែត​នឹង​រឹតតែ​មាន​ដំណើរ​ការ​ល្អ​បន្ថែម​ទៀត នៅ​ពេល​ណា​ដែល​ច្រកទ្វារ​អន្តរជាតិ​ថ្មី​ទាំង​២ គឺ​ច្រក​អូរ​នាង និង​ស្ទឹង​បត់ បើក​ដំណើរការ​ជា​ផ្លូវ​ការ​»​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត អូរ​នាង មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន ស្រុក​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ដោយ​មាន​ចម្ងាយ​ ៣ ​គីឡូម៉ែត្រ​ពី​ច្រក​ទ្វារ​ព្រំ​ដែន​អន្តរជាតិ​អូរ​នាង និង​ចម្ងាយ​៣​គីឡូម៉ែត្រ​ពី​ផ្លូវ​ហាយវ៉េ​ដ៏​ធំ​មួយ​ដែល​ទើប​ស្ថាបនា​រួចរាល់​ជា​ជំនួយ​របស់​ប្រទេស​ចិន តភ្ជាប់​ពី​ប៉ោយប៉ែត ទៅ​ខេត្ត​ ឧត្តរ​មានជ័យ​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត អូរ​នាង ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន ឆាយ ឆាយ អ៊ិន​វេស​មេន អិល​ធី​ឌី លើ​ផ្ទៃដី​ចំនួន​ ៤៦៧ ​ហិកតា (​តំបន់​ពាណិជ្ជកម្ម និង​តំបន់​ឧស្សាហកម្ម​)​។ បច្ចុប្បន្ន​ក្នុង​តំបន់​សេដ្ឋកិច្ច​នេះ មាន​រោងចក្រ​ចំនួន​៣​កំពុង​ដំណើរការ​។

បើ​តាម ​លោក យិម​ឆាយ បច្ចុប្បន្ន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត អូរ​នាង មាន​រោងចក្រ​មួយ​ចំនួន​ដូចជា រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ ស្បែក​ជើង និង​គ្រឿង​អលង្ការ ដែលជា​ការ​វិនិយោគ​របស់​វិនិយោគិន មក​ពី​ប្រទេស​ថៃ និង​ចិន​។

ហេតុ​ផល​ធំៗ​ចំនួន​៤ ដែល​ធ្វើ​ឱ្យគេ​គិតថា វិស័យ​សេដ្ឋកិច្ច និង​អចលនទ្រព្យ​នៅ​ក្រុង​ប៉ោយប៉ែត មាន​ភាព​ល្អ​ប្រសើរ គឺ​ទី ​១ ផ្លូវ​ដែក​ភ្ជាប់​កម្ពុជា​ទៅ​ប្រទេស​ថៃ ជិត​បើក​ដំណើរការ ទី​២ គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបើក​ច្រកទ្វារ​អន្តរជាតិ​ថ្មី​បន្ថែម ទី​៣ កំណើន​នៃ​វិនិយោគិន​បរទេស និង​ទី ​៤ ការ​ស្ថាបនា​ផ្លូវ​ក្រវាត់​តាម​ព្រំដែន​កម្ពុជា ថៃ (​ផ្លូវ​លេខ ​៥៨) ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​។

លោក ឈួ វិចិត្រ ប្រធាន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស Sanco Cambo Investment Group Co., Ltd ដែល​ជា​ក្រុមហ៊ុន​បណ្តាក់​ទុន​រួមគ្នា​រវាង​កម្ពុជា និង​ជប៉ុន អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស សានកូ​-​ប៉ោយប៉ែត ក្នុង​​ក្រុង​ប៉ោយប៉ែត បាន​និយាយ​ថា តំបន់​ប៉ោយប៉ែត​នា​ពេល​នេះ​កំពុង​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​វិនិយោគិន​បរទេស ព្រោះ​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល គឺ​ក្នុង​ពេល​ឆាប់ៗ​នេះ​ប៉ោយប៉ែត នឹង​មាន​បើក​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ថ្មី​ចំនួន​២​បន្ថែម​ទៀត​(​ស្ទឹង​បត់ និង​អូរ​នាង​) ព្រម​ទាំង​ការ​ភ្ជាប់​ផ្លូវ​រថភ្លើង​ពី​ប្រទេស​ថៃ​ផង​ដែរ​។

​លោក​បាន​អះអាងថា​ ៖ «​បើ​តាម​ការ​លេចឮ​ដំណឹង គឺ​រាជរដ្ឋាភិបាល​គ្រោង​បើក​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់​នៅ​អំឡុង ​ឆ្នាំ ​២០១៩​។ សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​ប៉ោយប៉ែត ខ្ញុំ​គិត​ថា​ កំពុង​មាន​ការ​រីកចម្រើន ព្រោះ​ខ្ញុំ​ឃើញ​ការ​លក់​ផ្ទះ និង​បុរី​មាន​ភាព​ផុលផុស​ខ្លាំង»​។

ការ​រីក​ចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​នា​ពេល​នេះ​អាច​បណ្តាល​មក​ពី​មានការ​​ចូលមក​វិនិយោគ​ច្រើន​នៅ​ក្រុង​ប៉ោយ​ប៉ែត​​ពី​សំណាក់​វិនិយោគិន​បរទេស ពិសេស​វិនិយោគិន​ជប៉ុន ចិន ថៃ​។

បច្ចុប្បន្ន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សានកូ ប៉ោយប៉ែត មាន​ក្រុមហ៊ុន​ចំនួន​១០​កំពុង​បោះ​ទីតាំង​នៅ​ទីនោះ មាន​ដូចជា NHK Spring, Steel Hub, SC Wado Component, (Toyota) TechnoPark & Koiwabond ជាដើម។ តំបន់​សេដ្ឋកិច្ច​ពិសេស សានកូ ប៉ោយប៉ែត មាន​ផ្ទៃដី​ជាង​៨៣​ហិកតា​។

អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ច័ន្ទ សំឡេង ​មាន​ប្រសាសន៍​ថា ដំណើរការ​នៃ​ការ​តភ្ជាប់​ផ្លូវ​ដែក​ពី​ក្រុង​សិរីសោភ័ណ ទៅ​កាន់​ស្រុក​អារញ្ញ​ប្រាថេត ប្រទេស​ថៃ នា​ពេល​នេះ​ដំណើរ​ការ​បាន​ប្រហែល​៩៥​ភាគរយ​ហើយ ដោយ​តាម​ការ​ប៉ាន់​ស្មាន​នឹងត្រូវ​រួចរាល់​ទាំង​ស្រុង​នា​ចុង​ខែ​កុម្ភៈ​នេះ​តែ​ម្តង​។ លោក​បាន​បញ្ជាក់​ថា បញ្ហា​ដែល​សល់​នោះ​ក្រុម​ការងារ​នឹង​ខិតខំ​ដោះ​ស្រាយ​​ឱ្យបាន​ឆាប់​រហ័ស​។

លោក​បាន​ថ្លែងថា​ ៖ « ចំពោះ​ពេល​វេលា​​នៃ​​ការធ្វើ​ពិធី​ត​ភ្ជាប់​ផ្លូវ​ដែក​នេះ គឺ​អាស្រ័យ​ទៅ​លើ​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​២ ជា​អ្នក​កំណត់​តែ​ប៉ុណ្ណោះ​»​។

លោក សាន ស៊ានហូ អភិបាល​ក្រុង​ប៉ោយប៉ែត មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ថា ក្រុង​ប៉ោយប៉ែត ពិតជា​មានការ​អភិវឌ្ឍ​លឿន ដោយ​ពេល​នេះ​គេ​ឃើញ​មាន​សំណង់​ធំៗ​ជាច្រើន​បាន​លេច​ឡើងជា​បន្តបន្ទាប់​។ ការ​អភិវឌ្ឍ​លឿន​បែបនេះ​បានធ្វើ​ឲ្យ​តម្លៃ​អចលន​ទ្រព្យ​កើនឡើង​ជា​លំដាប់ ជាក់ស្តែង​ដី​នៅ​តំបន់​ពាណិជ្ជកម្ម​ក្បែរ​កាស៊ីណូ អាចមាន​តម្លៃ​រហូត​ដល់​ជាង​ ១ ០០០ ​ដុល្លារ​ក្នុង​ ១​ ម៉ែត្រការ៉េ ខណៈ​ដីស្រែ​ក្បែរ​តំបន់​ឧស្សាហកម្ម មាន​តម្លៃ​ចន្លោះ​ពី​ ២០-៣០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រ​ការ៉េ​។

លោក​បញ្ជាក់​ថា​ ៖ «​ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ ខ្ញុំ​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុង​ប៉ោយប៉ែត​កាន់​តែ​មាន​ការ​រីកចម្រើន​លឿន​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន​នេះ​ក្រុម​ការងារ​របស់ខ្ញុំ​កំពុង​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ជាច្រើន​ដើម្បី​ធ្វើ​យ៉ាង​ណា​ប្រែ​ក្លាយ​ក្រុង​ប៉ោយប៉ែត​ឲ្យ​ទៅជា​កន្លែង​មួយ​​ដែល​កាន់​តែមាន​ភាព​ទាក់ទាញ​ទាំង​សម្រាប់​ការរស់នៅ និង​វិនិយោគ​»​។

បើ​តាម​លោក ស៊ានហូ នៅ​ពេល​នេះ​អាជ្ញាធរ​ក្រុង​កំពុង​ខិតខំ​រៀបចំ​សណ្តាប់​ធ្នាប់​ក្នុង​ទីក្រុង តាម​រយៈ​ការ​សម្អាត​អនាម័យ ដាក់​ភ្លើង​បំភ្លឺ​តាម​ផ្លូវ ភ្លើង​ស្តុប រង្វង់​មូល ដាក់​កាមេរ៉ា និង​រថយន្ត​សម្អាត​ផ្លូវ​ជាដើម​។

ថ្នាក់​ដឹក​នាំ​ក្រុង​ប៉ោយប៉ែត​ខាង​លើ​បាន​ប្រាប់​ទៀត​ថា នៅក្នុង​ក្រុង​ប៉ោយប៉ែត បច្ចុប្បន្ន​មាន​គម្រោង​អភិវឌ្ឍន៍​បុរី​សរុប​ចំនួន​ ១០ និង​ក្រុមហ៊ុន​ពុះ​ដីឡូត៍​លក់​ជាង​៥០​ផ្សេង​ទៀត​។

អ្នក​ស្រី ស្រូយ ធីតា ជា​ម្ចាស់​បុរី សុខ ស្រេង ដែល​មាន​ទីតាំង​ក្នុង​ក្រុង​ប៉ោយប៉ែត នាពេល​កន្លង​មក​បាន​និយាយ​ថា បច្ចុប្បន្ន​នេះ​ការ​លក់​ផ្ទះ​ក្នុង​បុរី​មិន​សូវ​មាន​ភាព​មមាញឹក​នោះទេ ប៉ុន្តែ​បើ​និយាយ​ពី​ការ​ទិញ​លក់​ដីឡូត៍ គឺមាន​ដំណើរ​ការល្អ​ខ្លាំង ពិសេស​ដី​ដែលមាន​តម្លៃ​ចន្លោះ​ពី​ ២ ៥០០​ទៅ​ ៥ ០០០ ​ដុល្លារ​ សម្រាប់​សង់​លំនៅឋាន​។

អ្នក​ស្រី ធីតា បាន​អះអាង​ថា​៖«​មួយ​រយៈ​ចុង​ក្រោយ​នេះ​តម្លៃ​ដី​នៅ​ក្រុង​ប៉ោយប៉ែត បាន​កើនឡើង​ពី​២​ ទៅ​៣​ដង បើ​ធៀប​ទៅនឹង​រយៈពេល​ជាង​១​ឆ្នាំមុន​។ ការ​កើនឡើង​ដ៏​លឿន​នេះ ដោយ​សារ​តែ​រាជ​រដ្ឋាភិបាល មាន​គម្រោង​រៀបចំ​ទីក្រុង​ប៉ោយប៉ែត​ឱ្យ​ក្លាយ​ទៅជា​តំបន់​ឧស្សាហ​កម្ម ដែល​ប្រមូល​ផ្តុំ​ដោយ​រោងចក្រ និង​សហគ្រាស​ធំៗ​។

ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន ស៊ីអិល រៀល​ធី កាលពី​ចុងឆ្នាំ ​២០១៧ កន្លង​មក បាន​រក​ឃើញ​ថា ដី​នៅ​តាម​បណ្តោយ​ផ្លូវធំៗ​ក្នុង​ក្រុង​ប៉ោយប៉ែត អាច​មាន​តម្លៃ​ចន្លោះ​ពី​ ៥០០-១០០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ចំណែក​ដី​លំនៅឋាន មាន​តម្លៃ​ចន្លោះ​ពី​ ១០០-៥០០​ ដុល្លារ និង​ដី​នៅ​តំបន់​ឧស្សាហកម្ម មាន​តម្លៃ​ចន្លោះ​ពី​ ១០០-៥០០ ​ដុល្លារ​។

ក្រុង​ប៉ោយប៉ែត មាន​ក្រឡា​ផ្ទៃ​សរុប​ ២៦២ ​គីឡូ​ម៉ែត្រ​ការ៉េ ចែក​ចេញ​ជា​៣​សង្កាត់ គឺ​សង្កាត់​ប៉ោយប៉ែត សង្កាត់​​ផ្សារ​កណ្តាល និង​សង្កាត់​និមិត្ត ដោយ​មាន​ប្រជាជន​រស់​នៅ​អចិន្ត្រៃយ៍​ចំនួន​ ៩១ ៦១៣ ​​នាក់ និង​​​អ្នក​​ដែល​មក​ស្នាក់​នៅ​បណ្តោះ​អាសន្ន​មាន​ចំនួន​ជាង​ ៣ ​ម៉ឺន​នាក់​។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោក សាន ស៊ានហូ អភិបាល​ក្រុង​ប៉ោយប៉ែត៕

Source From : Phnom Penh Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS