ខណ្ឌ​សែន​សុខ​៖ បង្ហាញ​ពី​សក្តានុពល​ផ្នែក​អចលនទ្រព្យ​កំពុង​ដុះ​រីក​ដូច​ផ្សិត

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
គម្រោង​សំណង់​ផ្សារ​ទំនើប AEON 2 នៅ​ក្នុង​ខណ្ឌ​សែនសុខ។ មឿន ញាណ

មាន​ភូមិ​សាស្ត្រ​ស្ថិត​នៅ​ភាគពា​យព្យ​នៃ​រាជធានី​ភ្នំពេញ ខណ្ឌ​សែន​សុខ គឺជា​ខណ្ឌ​ទើបបាន​បង្កើត​ថ្មី​ក្នុង​ឆ្នាំ​២០០៩ ដែល​មាន​ផ្ទះ​ក្រឡា​ប្រមាណ៥៩​គីឡូ​ម៉ែត្រ​ការ៉េ និង​មានព្រំប្រទល់​ជាប់​នឹង​ខណ្ឌ​មានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌទួលគោក ខណ្ឌ​ឫស្សីកែវ និង​ខណ្ឌ​ព្រែក​ព្នៅ​។ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខណ្ឌ​ថ្មី​នេះ​កំពុង​បង្ហាញ​ពី​សក្តានុ​ពល​ទាក់ទាញ​របស់​ខ្លួន​ជា​ច្រើន​វិស័យ​។

​ស្រប​ពេល​ដែល​កំណើន​តួ​លេខ​ដង់ស៊ី​ចំនួន​ប្រជាជន​កាន់​តែ​ខ្ពស់​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ក្នុង​ខណ្ឌ​សែនសុខ នា​ជាយ​ទីក្រុង​នេះ​ក៏មាន​សម្ទុះ​ខ្លាំង​ទាំង​កំណើន​ប្រជាជន និង​ការ​អភិវឌ្ឍ​ផ្នែក​អចលនទ្រព្យ​កាន់​តែ​ច្រើន​ដូចជា ចំនួន​លំនៅឋាន​ក្នុង​បុរី ផ្សារ​ ទំនើប​រួមទាំង​ផ្សារ​ក្នុង​ស្រុក និង​ផ្សារ​អន្តរជាតិ គម្រោង​សាង​សង់​សំណង់​នានា​នៅ​ក្នុង​តំបន់​។ លើស​ពីនេះ ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្នាក់​ជាតិ ដូចជា​សំណង់​ផ្លូវ ស្ពាន លូ និង​អគារ​មន្ទីរ ការិយាល័យ​រាជការ​មួយ​ចំនួន​ក៏​មាន​វត្តមាន​ច្រើន​នៅ​ក្នុង​​ខណ្ឌ​នេះ​ដែរ។

លោក ហោ វាសនា អភិបាល​រង​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា ប្រជាជន​ភាគ​ច្រើន​បាន​ផ្លាស់​ប្តូរ​លំនៅ​របស់​ខ្លួន​ពី​ផ្នែក​កណ្តាល​នៃ​រាជធានី ដូចជា​ខណ្ឌ​ចំការមន ដូន​ពេញ ៧​មករា​ ជាដើម បាន​មក​រស់នៅ​ទី​នេះ​ជា​បន្ត​បន្ទាប់ គឺ​បន្ទាប់ពី​មាន​ការ​វិនិយោគ​ជាច្រើន​ជា​ពិសេស​ផ្នែក​អចលនទ្រព្យ និង​គម្រោង​វិនិយោគ​បែប​អាជីវកម្ម​ចម្រុះ​នានា។ ទាំង​នេះ​ក៏​ជំរុញ​ឲ្យ​តម្លៃ​ដីធ្លី នៅ​ក្នុង​ខណ្ឌ​នេះ បាន​ហក់​ឡើង​ខ្ពស់ និង​ធ្វើ​ឲ្យ​ប្រជាជន​មូលដ្ឋាន​រួម​ទាំង​​អ្នក​ចំណូល​ថ្មី​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដើម្បី​មាន​លទ្ធភាព​ពង្រីក​អាជីវកម្ម ឬ​មុខរបរ​របស់​ពួកគេ​ផងដែរ​។

ជាក់​ស្តែង​ចំនួន​ប្រជាជន​សរុប​នៅ​ក្នុង​ខណ្ឌ​សែន​សុខ​នា​រយៈ​ពេល​​ជិត១០​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​កើន​ឡើង​ពី ១២ ​ម៉ឺន​នាក់​ទៅ ​១៦​ ម៉ឺន​នាក់​។

លោក​អភិបាល​រង​រូប​នេះ​បន្ត​ថា​ ៖ «​កំណើន​ប្រជាជន​នៅ​ខណ្ឌ​ សែន សុខ មាន​ចំនួន​កើន​ឡើង​​ខ្លាំង​ស្រប​ពេល​ដែល​ចំនួន​អចលនទ្រព្យ​នៅ​តំបន់​នេះ​មាន​​សម្ទុះ​យ៉ាង​គំហុក​ដូចជា​សំណង់​លំនៅឋាន អគារ​ផ្សារ​ទំនើប និង​សំណង់​អាជីវកម្ម​ផ្សេងៗ​ទៀត​ជាច្រើន​បន្ត​រីកដុះ​ដាល​រៀង​រាល់​ថ្ងៃ​»​។

លោក ហោ វាសនា បន្ត​ទៀត​ថា បើ​និយាយ​ពី​ស្ថានភាព​ជាក់​ស្តែង​នៃ​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ភាគច្រើន បាន​បង្ហាញ​ពី​កំណើន​ជីវភាព​ប្រសើរ​ឡើង គឺ​ស្ទើរតែ​នៅក្នុង​ខណ្ឌ​សែន​សុខ​ទាំងមូល។ ចំណែក​ការ​សាងសង់​សំណង់ ការទិញ​លក់ ក៏មាន​ប្រជាជន​មួយចំនួន​ទិញ​លក់​ដើម្បី​ធ្វើការ​វិនិយោគ​រកប្រាក់​ចំណេញ និង​សម្រាប់​រស់នៅ​ប្រកបដោយ​សុវត្ថិភាព​ដែរ​។

ការ​ចាប់​ផ្តើម​រីក​លូត​លាស់​នៃ​ខណ្ឌ​នេះ គេ​អាច​សង្កេត​ឃើញ​ថា ទីផ្សារ​អចលនទ្រព្យ​បាន​រីក​ដុះ​ដាល​យ៉ាង​ឆាប់​រហ័ស​។

ថ្មីៗ​នេះ ផ្សារ​ទំនើប Makro លក់​ទំនិញ​បោះ​ដុំ បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅ​​ទីនោះ​កាន់​តែ​រស់​រវើក​រីកចម្រើន​ថែម​ទៀត​។

លើស​ពី​នេះ​នៅ​ក្នុង​ខណ្ឌ​សែន​សុខ ក៏​មាន​ទាំង​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ធំៗ ផ្សារ និង​ស្ពាន​អាកាស ដែល​កំពុង​សាងសង់​ដោយ​ថវិកា​របស់​ជាតិ និង​ផ្នែក​ឯកជន​ឬក៏​ផ្សារ​ទំនើបៗ​ដូចជា ផ្សារ​រតនា​ផ្លាហ្សា ផ្សារ​ Attwood និង​ផ្សារ​អ៊ីអន​ទី​ ២ ដែល​អាច​​នឹង​បពា្ចប់​ការ​សាងសង់​ក្នុង​ពេល​ឆាប់ៗ​នេះ​។

លោក​បាន​បង្ហាញ​ថា​ ៖ «​តាម​អ្វី​​ដែល​ខ្ញុំ​សង្កេត​មើល​ទៅ ដូច​មិន​អាច​រក​ខណ្ឌ​ណា​មក​ប្រៀប​ធៀប​ជាមួយ​ខណ្ឌ​សែនសុខ​នេះ​បាន​នៅ​ក្នុង​សម្ទុះ​នៃ​វិស័យ​សំណង់ និង​​អចលនទ្រព្យ​បានទេ ប៉ុន្តែ​ខណ្ឌ​ចំការមន​មាន​តម្លៃ​អចលន​ទ្រព្យ​ខ្ពស់​ជាមួយ​នឹង​ការ​ប្រមូល​ផ្តុំ​សេវាកម្ម និង​ពាណិជ្ចកម្ម​ច្រើន​»​។

ផ្ទះ​នៅ​ក្នុង​បុរី​មួយចំនួន​នៅ​ខណ្ឌ​សែនសុខ អាច​មាន​តម្លៃ​ទៅ​ដល់​ជិត១​លាន​ដុល្លារ ដែល​ជា​ប្រភេទ​ផ្ទះ​វីឡា​ប្រណីត​សម្រាប់​អ្នក​ដែល​មាន​ធនធាន​ខ្លាំង ប៉ុន្តែ​ប្រជាជន​ធម្មតា​អាច​វិនិយោគ​បាន​លើ​ប្រភេទ​អចលនទ្រព្យ​ផ្សេង​គ្នា។

ទៅ​ថ្ងៃ​អនាគត​ខណ្ឌ​សែន​សុខ នឹង​មាន​ការ​រីក​ដុះដាល​ច្រើន​ដែល​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់​ទាំង​ផ្នែក​រដ្ឋ និង​ផ្នែក​ឯកជន ហើយ​ប្រសិន​បើ​ផ្សារ​ទំនើប​អ៊ីអន​ទី​ ២ បញ្ចប់​ជា​ស្ថាពរ ប្រជុំ​ផ្ទះ និង​អចលនទ្រព្យ​គ្រប់​ប្រភេទ​នឹង​កើត​ឡើង​នៅ​ជុំវិញ​តំបន់​នោះ​ដោយ​សារ​វា​ជា​កន្លែង​ប្រមូល​ផ្គុំ​អាជីវកម្ម និង​សេវាកម្ម​ច្រើន​។

បើ​និយាយ​ពី​អាជីវកម្ម និង​សេវាកម្ម តំបន់​ខណ្ឌ​សែន​សុខ អាច​ក្លាយ​ទៅ​ជា​តំបន់ សម្បូរ​ហាង ភោជនីយដ្ឋាន ក្លឹប​ហាត់​ប្រាណ និង​កន្លែង​កម្សាន្ត​នានា​។

យោង​តាម​របាយ​ការណ៍​ឆ្នាំ​២០១៧ របស់​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិ​បាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា មាន​គម្រោង​សំណង់​កំពុង​ស្នើ​សុំ​សាងសង់​មាន​ចំនួន​១៥៧​ទីតាំង​។

ចំណែក​សំណង់​អគារ​របស់​រដ្ឋ​ដែល​បាន​សាងសង់​រួច និង​មិន​ទាន់​រួច​នៅ​ក្នុង​ខណ្ឌ​សែន​សុខ មាន​ដូច​ជា​អគារ​មន្ទីរ​ផែន​ការ មន្ទីរ​សុខាភិបាល មន្ទីរ​ឧស្សាហកម្ម មន្ទីរ​សង្គមកិច្ច និង​ធនាគារ​ជាតិ​ជាដើម​។ ដោយ​ឡែក​ផ្នែក​ឯកជន​មាន​ដូច​ជា​អគារ​សកល​វិទ្យាល័យ​អេស៊ីលីដា ផ្សារ​ទំនើប និង​សំណង់​បុរី​ជាដើម​។

លោក ម៉េត មាស​ភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ​ថា ខណ្ឌ​សែនសុខ​បាន​បង្ហាញ​ពី​សក្តានុពល​នៃ​សេដ្ឋកិច្ច​តាម​រយៈ​ការ​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ ការ​រស់នៅ​របស់​ប្រជាជន​តំបន់​នោះ​ច្រើន ហើយ​ការ​បោះ​ទីតាំង​របស់​អាជីវ​កម្ម​ធំៗ​មាន​ដូច​ជា​ផ្សារ​អ៊ីអន​ ២, ផ្សារ Makro និង​សំណង់​អាជីវកម្ម​ផ្សេងៗ​ទៀត។ ផ្នែក​សេវាកម្ម​សាធារណៈ រាប់​ទាំង​ស្ថានីយ​ប្រេង​សាំង ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​មាន​កាន់​តែ​ច្រើន​ដែល​ទាំង​នេះ​បង្ហាញ​ពី​តម្រូវការ ឬ​ការ​រីក​ដុះដាល​ផ្នែក​សេដ្ឋកិច្ច ដែល​ជា​សក្តានុពល​នៃ​ខណ្ឌ​នេះ​។

លោក​បន្តថា​ ៖ «​កាល​ណា​មាន​ប្រជា​ពលរដ្ឋ​ច្រើន​សេដ្ឋកិច្ច​ក៏​ត្រូវ​តែ​​ដើរ​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្តែង ឬ​សក្តានុពល​ទៅ​តាម​តំបន់​នីមួយៗ ដោយ​ឆ្លុះ​បញ្ចាំង​តាម​រយៈ​សំណង់​បុរី ផ្ទះល្វែង និង​គម្រោង​សំណង់​នានា​ជាច្រើន​ទៀត​»​។

លោក​បន្ត​ថា​ ៖ «​យើង​មិន​អាច​ប្រៀប​ធៀប​រវាង​ខណ្ឌ​មួយ​ទៅ​ខណ្ឌ​មួយ​បាន​ទេ ពីព្រោះ​កត្តា​ភូមិសាស្ត្រ មាន​លក្ខណៈ​ខុស​គ្នា​ដូចជា​ខណ្ឌ​ទួលគោក ជា​ខណ្ឌ​មួយ​ដែល​រាប់បញ្ចូល​ខណ្ឌ​ទាំង​៤ នៅ​ក្នុង​ក្រុង រួម​មាន​ខណ្ឌ​ដូន​ពេញ ខណ្ឌ​ចំការមន និង​ខណ្ឌ​៧​មករា ដែល​នៅ​ក្នុង​ខណ្ឌ​ទាំង​៤​នេះ មាន​សំណង់​និង​សក្តានុពល​សេដ្ឋកិច្ច​កំពុង​តែមាន​ភាព​រីក​ចម្រើន និង​ការ​​ផ្លាស់​ប្តូរ​ច្រើន​ជា​បន្ត​បន្ទាប់​»​។

ដោយ​ឡែក​បើ​និយាយ​ពី​ស្ពាន​អាកាស សាលា​រាជធានី​ភ្នំពេញ មិន​អាច​ដឹង​ពី​ទីតាំង​រៀបចំ ឬ​សន្មត​ទុក​ជា​មុន​ថា នឹង​ត្រូវ​បន្ត​ធ្វើ​នៅ​ទីតាំង​ណា​មួយ​ទេ ប៉ុន្តែ​ការ​រៀបចំ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​តែ​មាន​នៅ​ពេល​ដែល​ប្រជាជន​ទៅ​រស់នៅ​តំបន់​នោះ​កាន់​តែ​ច្រើន​។

លោក​បន្ថែមថា​ ៖ «យើង​មាន​ប្លង់​គោល​ដើម្បី​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​ប្រជាពលរដ្ឋ ដូចជា​ផ្លូវថ្នល់ និង​ការស្ថាបនា​សំណង់​នានា​ដែល​ស្រប​តាម​លក្ខខណ្ឌ​នគរូបនីយកម្ម និង​ប្លង់គោល ដែល​យើង​មាន​ស្រាប់​»​។

លោក​ក៏​បាន​បញ្ជាក់​ថា ស្ពាន​អាកាស​នៅ​លើ​ផ្លូវ​សហព័ន្ធ​រុស្សី និង​មហាវិថី​ហាណូយ​សម្រេច​បាន​ ៨០​ ភាគរយ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ​។ «​ការ​កសាង​ស្ពាន​អាកាស គឺ​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ដែល​​យើង​ពុំ​អាច​រក​ឱកាស​ក្នុង​ការ​ដោះស្រាយ​បាន​ល្អ​ប្រសើរ​ជាង​ ​កសាង​ស្ពាន​អាកាស ឬ ​ផ្លូវ​ក្រោម​ដី​នៃ​ចំណុច​ប្រសព្វ​នៅតាម​ភូមិសាស្ត្រ​ណា​មួយ​ជាក់ស្តែង​»​។

នាយក​ក្រុមហ៊ុន Key Real Estate លោក សន សៀប បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ​ថា នៅ​គ្រប់​តំបន់​នៃ​រាជធានី​កំពុង​អភិវឌ្ឍ​មាន​ភាព​ទាក់ទាញ​ផ្សេងៗ​គ្នា ហើយ​រដ្ឋាភិបាល​ក៏ត្រូវ​មាន​ការ​រៀបចំ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ដល់​ប្រជាជន​ឲ្យ​បាន​ប្រសើរ​ឡើង។

លោក សន សៀប បន្ត​ទៀត​ថា​ ៖ «ការ​រស់នៅ​កន្លែង​អភិវឌ្ឍន៍​ថ្មី​ដែល​មាន​សេវា​ចម្រុះ​ដូចជា​សាលារៀន មន្ទីរពេទ្យ ផ្សារ​ទំនើប កន្លែង​កម្សាន្ត និង​សេវា​សាធារណៈ មាន​ភាព​ទាក់ទាញ​ជាង​ការ​រស់​នៅ​បណ្តុំ​គ្នា​មួយ​កន្លែង​។ ចំណែក​ខណ្ឌ​សែន សុខ នេះ​មាន​សក្កានុពល​លូត​លាស់​លឿន​ក្នុង​វិស័យ​អភិវឌ្ឍ​អចលនទ្រព្យ​បន្ទាប់ពី​ខណ្ឌ​នៅ​ក្នុង​ទីក្រុង​»៕

Source From : Phnom Penh Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS