ក្រុម​អ្នក​រៀបចំ​ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា ​សង្ឃឹម​ពី​ជោគជ័យ និង​ ការ​ទាមទារ​ចង់​ឲ្យ​មាន​ការ​លាយ​បញ្ចូល​លក្ខណៈ​ខ្មែរ​ច្រើន ​ទៅ​លើ​សំណង់

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
(រូបពី​ឆ្វេង​ទី៥) លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ និង​ក្រុម​អ្នក​រៀបចំ​ពិព័រ​ស្ថាបត្យ​កម្ម។

ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​នៃ​ការ​រីក​ចម្រើន​ផ្នែក​ស្ថាបត្យកម្ម​សំណង់ និង​ការ​រចនា​ផ្ទៃ​ខាងក្នុង កាលពី​ចុង​សប្តាហ៍​មុន​ក្រុមហ៊ុន ICVeX ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Index Creative Village PCL (ICV) បានធ្វើ​កិច្ចសហការ​ជាមួយ​សមាគម​ស្ថាបត្យករ​កម្ពុជា (CSA) ដើម្បី​រៀបចំ​នូវ​ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា និង​ការ​តុបតែង​លើក​ទី​ ៣ ក្រោម​ប្រធានបទ «​ការ​រចនា​សម្រាប់​កន្លែង​ធ្វើការ និង​ការ​រស់នៅ​ឱ្យ​កាន់​តែមាន​ភាព​ប្រសើរ​ជាង​មុន​»​។

ពិធី​តាំង​ពិពរ័ណ៍​លើក​ទី​៣​នេះ នឹង​រៀបចំ​នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ចាប់ពី​ថ្ងៃទី​២៤ ដល់​២៦ ខែ​ឧសភា ឆ្នាំ​២០១៨ ដោយ​សង្ឃឹម​ថា មានការ​ចូលរួម​ពី​សំណាក់​ក្រុមហ៊ុន​ល្បីៗ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជាច្រើន​។

អ្នក​ចូលរួម​តាំង​ពិព័រណ៍​ទាំងអស់​នឹង​មាន​ឱកាស​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត​ថ្មីៗ និន្នាការ​ចុង​ក្រោយ​បំផុត​របស់​ពួក គេ និង​ក៏​ជា​ឱកាស​ក្នុង​ការ​ស្វែងរក​ដៃគូរ​អាជីវកម្ម​ថ្មីៗ រួមទាំង​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​នៃ​ការ​រចនា​នៅ​ក្នុង​ទីផ្សារ​សំណង់​ដែល​កំពុង​រីកចម្រើន​នៅ​កម្ពុជា​។

លោក Ajinveat Vhongthong ប្រធាន​គ្រប់គ្រង​គម្រោង​របស់​ក្រុមហ៊ុន ICVeX បាន​មាន​ប្រសាសន៍​ថា ៖ «​ព្រឹត្តិការណ៍​នេះ​មិន​ត្រឹមតែ​បាន​រួម​ចំណែក​ដល់ ការ​អភិវឌ្ឍ​វិស័យ​សំណង់ និង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ​តែ​វា​ក៏​អនុញ្ញាត​ឱ្យ​អ្នក​ចូលរួម​ទទួល​បាន​គំនិត​ថ្មីៗ​សម្រាប់​អាជីព និង​ការ​អភិវឌ្ឍ​ប្រទេស ដោយ​ការ​ចែក​រំលែក​ព័ត៌មាន និង​បទពិសោធ​ថ្មីៗ​ជាមួយ​ក្រុម​អ្នក​ជំនាញ​ក្នុង​ស្រុក​»​។

លោក​ថ្លែងថា ៖ «​ពិព័រណ៍​ស្ថាបត្យ កម្ម​នៅ​លើក​ក្រោយ​នេះ​នៅ​ឆ្នាំ​ ២០១៨ ខាង មុខ​នឹង​ទទួល​បាន​ជោគជ័យ​ច្រើន​»​។

នៅ​ក្នុង​របាយការណ៍​ទស្សន​វិស័យ​អភិវឌ្ឍន៍​អាស៊ី ឆ្នាំ ​២០១៦ ធនាគារ​អភិវឌ្ឍន៍ អាស៊ី​បាន​បញ្ជាក់​ថា កម្ពុជា​ជា​ប្រទេស​ថ្មី​មួយ​ទៀត​ក្នុង​ចំណោម «​ខ្លា​សេដ្ឋកិច្ច​អាស៊ី​» ដែល​ផ្អែក​សំខាន់​ទៅលើ​កំណើន​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់ មនុស្ស​ម្នាក់ៗ​បាន​កើន​ឡើង​ដល់​១៣០២ ដុល្លារ​នៅ​ចុងឆ្នាំ​២០១៦ និង​បន្ត​កើន​ដល់ ១៤២២​ ដុល្លារ​នៅ​ដំណាច់ឆ្នាំ​ ២០១៧​ នេះ​។

លោក ហ៊ុន ចាន់​សាន អនុប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា (CSA) បាន​មាន​ប្រសាសន៍​ថា ៖ «​បច្ចុប្បន្ន​នេះ​ប្រជាជន​ថ្នាក់​កណ្តាល​នៅ​កម្ពុជា​ពិតជា​មានការ​កើន​ឡើង​ខ្លាំង​ហើយ​របៀប​នៃ​ការរស់នៅ​ក៏មាន​ការ​ផ្លាស់​ប្តូរ គឺ​រួមទាំង​កន្លែង​ធ្វើ​ការ​និង​បរិស្ថាន​នៅ​ជុំវិញខ្លួន​ផង​ដែរ​»​។

លោក​បន្ត​ថា ៖ «​ពិព័រណ៍​ស្ថាបត្យកម្ម និង​តុបតែង​របស់​កម្ពុជា គឺជា​វេទិកា​ប្រមូល​ផ្តុំ និង​អប់រំ​ប្រចាំ​ឆ្នាំ​សម្រាប់​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​ពួក​គេ​មាន​និន្នាការ​ស្វែងយល់​អំពី​រចនាប័ទ្ម​ចុង​ក្រោយ​បំផុត​។ វា​ជួយ​ឱ្យ​ឧស្សាហកម្ម​នេះ​បង្កើត​ស្តង់ដារ​ល្អ​ប្រសើរ​ជាង​មុន​សម្រាប់​ការ​រចនា សម្រាប់​ការ​រស់នៅ និង​កន្លែង​ធ្វើ​ការ​»​។

លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែងថា ការផ្លាស់ប្តូរ​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​ពាក់ព័ន្ធ​នៅ​នឹង​លំនៅឋាន​គឺមាន​ជា​បន្តបន្ទាប់​រហូតមក​ដល់​ពេល​នេះ​ដោយ​កាលពី​បុរេប្រវត្តិសាស្ត្រ​ជនជាតិខ្មែរ​ដើម​បានរស់នៅ​ដោយ​យក​ល្អាង​ភ្នំ ឬ​ថ្ម​ជាទី​កន្លែង​ស្នាក់នៅ​រួច​ក៏​បន្ត​វិ​វត្ត​ច្នៃប្រឌិត​ធ្វើជា​រោង និង​ផ្ទះ​ដោយ​ឈើ ដី និង​ថ្ម​ធម្មជាតិ មុននឹង​បន្ត​វិ​វត្ត​មកដល់​ធ្វើ​ផ្ទះ​ដូច​សម័យ​សព្វថ្ងៃ​។ តួនាទី​នៃ​គុណភាព ការ​រចនា​តុបតែង និង​ស្ថាបត្យកម្ម មិនត្រូវ​បាន​បំបែក​ចេញពី​ការរីក​ចម្រើន​នៃ​ឧស្សាហកម្ម​សំណង់​នេះ​ទេ ព្រោះ​វា​ធ្វើ​ឱ្យ​អគារ​មាន​ភាព​ទាក់ទាញ ផ្តល់​ផាសុកភាព និង​ជះឥទ្ធិពល​ដោយ​ផ្ទាល់ ទៅ​លើ​បរិស្ថាន​នៃ​ការ​រស់នៅ​របស់​ប្រជាជន​។

លោក ភឿង សុភ័ណ្ឌ រំឭកថា ៖ «​ពីមុន​ដូនតា​របស់​យើង​ពួក​គាត់​ធ្វើ​ផ្ទះ​រស់នៅ​ពឹង​លើ​វត្ថុធាតុ​ដើម​ជា ឈើ ដី ទឹក (​និង​ថ្ម​ធម្មជាតិ​)»​ទេ​។

លោក​បន្តថា ប៉ុន្តែ​«​យើង​សម័យ​នេះ​រស់នៅ ក្នុង​គេហដ្ឋាន​បែប​ទំនើប​មាន​គ្រឿង វត្ថុ​ធាតុ​សម្ភារ​ច្រើន ប្រភេទ​ដូចជា ដែក ស៊ីម៉ង់ គ្រឿង​ជ័រ និង​ពឹង​ផ្អែក​លើ​គ្រឿង​សម្ភារ​អេឡិ​ត្រូនិក​ជាដើម​។ ដូច្នេះ​ទាំង​អស់​នេះ​គឺជា​ការ​ផ្លាស់​ប្តូរ​ថ្មី​របស់​មនុស្សជាតិ ហើយ​យើង​ក៏​ត្រូវការ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប និង​ការផ្តល់​សុវត្ថិភាព​ខ្ពស់​ដែរ​»​។

យោង​តាម​របាយការណ៍​ផ្លូវ​ការ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឱ្យ​ដឹង​ថា វិស័យ​សំណង់​បាន​ទាក់ទាញ​ការ​វិនិយោគ​ចំនួន ​៥៥៦៣​ ពាន់​លាន​ដុល្លារ ក្នុង​អំឡុង​ពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៧​ នេះ ​ពោលគឺ​កើន​ឡើង​ជាង​ ២២​ ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ចំណែក​ដ៏​ធំ​បំផុត​នៃ​ចំនួន​ទឹកប្រាក់​ទាំងនេះ ​ត្រូវបាន​វិនិយោគ​នៅ​ក្នុង​អគារ​ពាណិជ្ជកម្ម​ធំៗ អគារ​ការិយាល័យ ផ្សារ​ទំនើប រោងចក្រ និង​ខុន​ដូ​លំនៅឋាន​។

លោក ប្រាជ្ញ មិនា (Prach Minea, Managing Director of Momiza (Cambodia) Co., Ltd. provide the acoustic & entertainment specialist) នាយក​គ្រប់គ្រង​ក្រុមហ៊ុន Momiza ចែកចាយ​គ្រឿង​សម្ភារ​សំណង់ បាន​ថ្លែងថា បច្ចុប្បន្ន​វិស័យ​សំណង់​នៅ​កម្ពុជា​កំពុង​មាន​សម្ទុះ​រីក​ចម្រើន​ខ្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​ «​វា​ក៏​ធ្វើ​ឲ្យ​យើង​មាន​ក្តី​បារម្ភ​ដែរ​សម្រាប់​ទៅ​ថ្ងៃ​អនាគត អគារ​ខ្ពស់ៗ​ ដែល​កំពុង​សាងសង់​នា​ពេល​នេះ គឺ​វា​ពុំ​សូវ​មាន​បញ្ចូល​រចនាប័ទ្ម​ស្ថាបត្យកម្ម​របស់​ខ្មែរ​ច្រើន​ទេ ព្រោះ​អ្នក​អភិវឌ្ឍ​ជា​ជនបរទេស​ទាំងនោះ គេ​គ្រាន់តែ​ជ្រើសរើស​ពី​គម្រោង​ឌីហ្សាញ​សល់​ពី​ប្រទេស​គេ​យក​មក​ស្រុក​យើង​ដើម្បី​សាងសង់​គឺជា​ការ​ស្រេច​»​។

អគារ​ថ្មីៗ​នេះ​វា​ «​នឹង​បង្ហាញ​ពី​ស្ថាបត្យកម្ម​បរទេស​ស្ទើរតែ​ទាំង​ស្រុង​ជាពិសេស​មកពី​ប្រទេស​ចិន លើសលប់​តែម្តង ថ្វីបើ​ក្រសួង​ពាក់ព័ន្ធ​បាន​ណែនាំ​ឲ្យ​អ្នក​អភិវឌ្ឍ​គម្រោង​ធ្វើការ​ដាក់​បញ្ចូល​នូវ​លក្ខណៈ​ស្ថាបត្យកម្ម​របស់​ខ្មែរ​ទៅក្នុង​គម្រោង​ទាំងនោះ​ក៏ដោយ ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​តិចតួច​ណាស់​» នេះ​បើតាម​ប្រសាសន៍​របស់លោក មិនា​។

«​ជា​ការពិត​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​និង​កំពុង​រៀបចំ​ជា​ច្បាប់​នេះ​ឡើង​មែន ប៉ុន្តែ​រដ្ឋ​ហាក់​ដើរ​ពីក្រោយ​វិស័យ​ឯកជន ព្រោះ​វិនិយោគិន​បរទេស​ទាំង​នោះគេ​បាន​ដំណើរការ​សាងសង់​គម្រោង​របស់​ពួក​គេ​ហើយ នៅ​ពេល​ដែល​យើង​មិនទាន់​បានចេញ​ជា​ច្បាប់​ឲ្យ​គេ​អនុវត្ត​នៅ​ឡើយ​»​។

ទោះ​ជា​យ៉ាង​ណា លោក មិនា បាន​ឯកភាព​អំពី​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ថា ៖ «​វិស័យ​សំណង់​រីក​ចម្រើន វា​បាន​បង្កើត​ជា​ការងារ​ច្រើន​ដល់​ប្រជាជន​យើង សិស្ស​និស្សិត ដែល​សិក្សា​ផ្នែក​សំណង់ ស្ថាបត្យកម្ម និង​ការ​រចនា​តុបតែង​(​ឌីហ្សាញ​)​នោះ​គឺ​ទទួលបាន​ការងារ​ធ្វើ​សឹងតែ​១០០​ភាគរយ និង​កម្មករ​សំណង់​រាប់ម៉ឺន​នាក់​កំពុង​បំពេញការងារ​ក្នុង​វិស័យ​នេះដែរ ព្រោះ​មាន​តម្រូវ​ការ​ច្រើន​»​។

ដោយ​ឡែក​ ចំពោះ​ការផលិត​សម្ភារ​នៅក្នុង​ស្រុក​ដើម្បី​ផ្គត់ផ្គង់​ផ្នែក​សំណង់​ក៏មាន​សកម្មភាព​មមាញឹក​ខ្លាំង​ដែរ ថ្វីបើ​មាន​ការ​នាំចូល​វត្ថុធាតុដើម​ពី​បរទេស​ច្រើន​ក៏ពិតមែន ប៉ុន្តែ​«​យើង​ក៏មាន​ផលិតផល​ក្នុង​ស្រុក​ខ្លះ​ដូចជា ស៊ីម៉ង់ត៍​, ឥដ្ឋ​, ខ្សាច់​, ថ្ម និង​ក្រួស​ជាដើម​»​។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក មិនា​។

«​ឥឡូវនេះ យើង​ឃើញ​មាន​វិនិយោគិន​ក្នុងស្រុក​គាត់​បាន​បង្កើត​ជា​ឥត​ថ្មី​មួយ​ប្រភេទ​ហៅថា “​ឥត​ស្រាល​” ដោយ​ផលិត​ពី​ស៊ីម៉ង់ត៍ និង​ខ្សាច់ វា​កំពុង​ចាប់ផ្តើម​ពេញ​និយម ព្រោះ​វា​មាន​ទំហំ​ធំ​ជាង​ឥដ្ឋប្រហោង ស្រាល​ជាង ងាយស្រួល​រៀបបាន​លឿន ស្អាត និង​រឹងមាំ​។ នេះ​ជាការ​ច្នៃប្រឌិត​ថ្មី​របស់​ប្រជាជន​យើង​»៕

Source From : Phnom Penh Post

 

Latest News

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS