ខណ្ឌ​ចំការមន​៖ តំបន់​ពាណិជ្ជកម្ម និង​អគារ​ស្នាក់​នៅ​ទំនើប

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ទិដ្ឋភាព​ជាក់​ស្តែង​នៅ​លើ​ដង​ផ្លូវ​មួយ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ចំការមន។ ស្រេង ម៉េងស្រ៊ុន

ខណ្ឌ​ចំការមន គឺជា​ខណ្ឌ​មួយ​ដែលមាន​ភាព​ទាក់ទាញ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ នៅក្នុង​ចំណោម​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ​។

ជាកា​ពិត ការ​រីកចម្រើន​នៃ​ទីក្រុង​មួយ​វា​បង្ហាញ​តាម​រយៈ​សម្ទុះ​នៃ​ការ​អភិវឌ្ប​លើ​គ្រប់​វិស័យ​ព្រមៗ​គ្នា​ពិត​មែន ជា​ពិសេស​វិស័យ​សាងសង់ សំណង់​អចលនទ្រព្យ ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូទៅ វា​គឺជា​ទិដ្ឋភាព​ជាក់​ស្តែង​នៃ​ដំណើរ​អភិវឌ្ឍន៍​។

ខណ្ឌ​ចំការមន មាន​ផ្ទៃក្រឡា​ប្រមាណ​១១​គីឡូម៉ែត្រ​ការ៉េ បាន​បង្ហាញ​ពី​សក្តានុពល​យ៉ាង​ខ្លាំង​ពី​ការ​កើន​ឡើង​នៃ​សំណង់​អគារ​ស្នាក់​នៅ​ចម្រុះ អគារ​សហកម្មសិទ្ធិ​(​ខុន​ដូ​) ផ្សារ​ទំនើប ដែល​បន្ត​រីក​ដុះ​ឡើង​ដូច​ផ្សិត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក ប៊ុន សុភ័ក្ត្រ អភិបាលរង​ខណ្ឌ​ចំការមន មាន​ប្រសាសន៍​ថា ៖ «​ការ​អភិវឌ្ឍ​មាន​គ្រប់​វិស័យ​ទាំង​ការ​សាងសង់​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​បញ្ច្រាប​ចំណេះដឹង​ជំនាញ​។ ទាក់ទង​ទៅ​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មិន​សំដៅ​ទៅលើ​តែ​សំណង់​ខ្ពស់ៗ​ធំៗ​នោះ​ទេ ប៉ុន្តែ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ គឺ​សំដៅ​ទៅ​លើ​គ្រប់​វិស័យ​ទាំង​ការអភិវឌ្ឍ​ស្ពាន ផ្លូវ​ថ្នល់ ប្រព័ន្ធ​លូ សំណង់​នានា សណ្តាប់​ធ្នាប់​សាធារណៈ អនាម័យ និង​ការ​ចូលរួម​សម្អាត​បរិស្ថាន​(​ទីក្រុង​ស្អាត​)»​។

លោក​បាន​បង្ហាញ​ថា តម្រូវ​ការ​សម្រាប់​ទីក្រុង និង​ជនបទ​មាន​ភាព​ខុស​គ្នា ពីព្រោះ​ការ​រស់នៅ​មាន​ភាពខុស​គ្នា​ទៅ​តាម​តំបន់​។ ឧទាហរណ៍​ដូចជា​នៅតាម​តំបន់​ជន​បទ​ខ្លះ​ត្រូវការ​ប្រព័ន្ធ​ធារាសាស្ត្រ ប្រឡាយ​ទឹក​សម្រាប់​កសិកម្ម​។ ចំណែក​ទីក្រុង​វិញ ប្រជាជន​ចង់​មាន​ផ្លូវ​ស្អាត ភ្លើង​បំភ្លឺ​ផ្លូវ គ្មាន​ភាព​កកស្ទះ គ្មាន​សំរាម​នៅមុខ​ផ្ទះ និង​គ្មាន ចោរ​លួច​ប្លន់​នៅ​កន្លែង​រស់នៅ​ជាដើម​។

យោង​តាម​ការ​ជំរឿន​ថ្នាក់​ជាតិ ប្រជាជន​នៅ​ខណ្ឌ​ចំការមន​មាន​ប្រមាណ​ជាង​ពីរ​សែន​នាក់​រស់នៅ​ប្រកប​អាជីវកម្ម​នៅ​ទីនោះ​។

និយាយ​ទាំង​អស់​សំណើច លោក​បន្ត​ថា ៖ «​កាលពី​ឆ្នាំ​១៩៩០ ប្លាយ​មក ផ្លូវ​មាន​សភាព​ស្ងាត់​ឈឹង ប៉ុន្តែ​សព្វថ្ងៃ​មាន​សភាព​អ៊ូអរ​។ ក្នុង​ការ​អភិវឌ្ឍ​តាម​គោល​នយោបាយ​ថ្នាក់​ជាតិ គឺ​អនុវត្ត​តាម​គោល​នយោបាយ​វិមជ្ឃការ និង​វិសហមជ្ឈការ​ដែល​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​បឹក្សា​ក្នុង​អាណត្តិ​៥​ឆ្នាំ​ម្តង​»​។

លោក​បាន​ឲ្យ​ដឹងថា សាលាខណ្ឌ​ចំការមន​បាន​អនុវត្ត​ផែនការ​ច្បាស់​លាស់​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​៣​ឆ្នាំ​ម្តង ដើម្បី​ស្វែងរក​នីតិវិធី បញ្ហា និង​តម្រូវការ​ដោយ​ប្រើប្រាស់​ថវិកា​ពី​សាលា​រាជធានី​ភ្នំពេញ​ចំនួន​៥​ពាន់​លាន​រៀល​(​ប្រហែល​ជាង​១​លាន​ដុល្លារ​)​ក្នុង​មួយឆ្នាំ​។ ចំនួន​ថវិកា​នេះ​ត្រូវ​បាន​ធ្វើ​ការ​បែងចែក​ទៅ​ដល់​ប្រាក់​បៀវត្សរ៍ និង​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រី​រាជការ សមាជិក​ក្រុម​ប្រឹក្សា និង​កម្មវិធី​វិនិយោគ​ដូច​ជា​ធ្វើ​ផ្លូវ ស្តារ​ជួសជុល​លូ ឬ​ធ្វើ​ថ្មី​ជាដើម​។

លោក​បាន​លើក​ឡើង ៖ «​លើស​ពី​នេះ​សាលាខណ្ឌ​របស់​យើង​បាន​ព្យាយាម​ទាក់ទាញ​អង្គការ ដើម្បី​អភិវឌ្ឍ​ដូច​ជា​អង្គការ World Vision និង​សា្ថ​ប័ន​មីក្រូ​ហិរញ្ញវត្ថុ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ជីវភាព​ប្រជាជន​»​។

ការ​សិក្សា​បាន​ផ្អែក​ទៅ​លើ​អ្វី​ដែល​ជា​តម្រូវ​ការ​របស់​ប្រជាជន និង​ភា្ជប់​ការងារ​លំបាក​ខ្លះៗ​រវាង​សង្កាត់ និង​ថ្នាក់​រាជធានី ដើម្បី​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ទាន់​ពេល​វេលា ហើយ​ប្រសិនបើ​វា​ជា​បញ្ហា​ធំៗ​ដែល​មិន​អាច​ដោះស្រាយ​បាន យើង​នឹង​បញ្ជូន​ទៅ​សាលា​រាជធានី​។ កន្លង​មក​សាលា​ខណ្ឌ​ខំប្រឹង​ធ្វើ​ផ្លូវ​ដើម្បី​ឲ្យ​ប្រជាជន​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​នៅ​ឆ្នាំ​​ ២០១៧​ នេះ បាន​សាងសង់​ប្រព័ន្ធ​លូ​ (​ស្តារលូ និង​ជួសជុល​ប្រព័ន្ធ​លូ​) កុំ​ឲ្យ​មាន​បញ្ហា​លិច​ទឹក​នៅ​តាម​ផ្លូវ ដោយ​សារ​ទឹក​ភ្លៀង​ធ្លាក់​ច្រើន​។

លោក សុភ័ក្ត្រ បន្តថា បញ្ហា​ធំៗ​នៅ​រាជធានី​ភ្នំពេញ​មាន​បី ស្ទះចរាចរណ៍​(​ផ្លូវ​) ស្ទះលូ និង​ស្ទះ​សំរាម​។ សាលា​ខណ្ឌ​មាន​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិន​ទ្រី ហើយ​បាន​កំណត់​ពេល​វេលា​ចរាចរណ៍​សំរាម និង​ការ​ប្រមូល​សំរាម​សម្រាប់​បញ្ច្រៀប​ការ​យល់​ដឹង​ដល់​ប្រជាជន​ដែលជា​ផ្នែក​មួយ​នៃ​មុខ​មាត់​ដល់​ប្រទេស​។

ប៉ុន្តែ​លោក​បន្ត ៖ «​តាំងពី​ឆ្នាំ​២០១៥​ មក ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​រាជធានី មាន​ភាព​ប្រសើរ​ឡើង​ដែល​ស្រប​តាម​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​»​។

លោក​បន្តថា ៖ «​ខ្ញុំ​គិតថា​អ្វី​ដែល​ប្រសើរ​គឺ ផ្លូវ​ត្រូវ​បាន​ធ្វើ​ស្អាត ហើយ​មាន​ការ​ជួសជុល​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ប្រព័ន្ធ​លូ​មិន​ទាន់​បាន​មួយ​រយ​ភាគរយ​នៅ​ឡើយ ពីព្រោះ​ប្រព័ន្ធ​លូ​ខ្លះ​នៅ​សល់​តាំងពី​សម័យ​សម្តេច​ព្រះសីហនុ ដែល​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្តូរ​»​។

ខណ្ឌ​ចំការមន គឺជា​ខណ្ឌ​មួយ​ដែល​សិ្ថត​នៅ​ចំ​កណ្តាល​រាជធានី ដែល​មាន​ជនជាតិ​បរទេស​ចូល​ចិត្ត​មក​រស់នៅ សូម្បី​មក​ដល់​ពេល​នេះ សង្កាត់​បឹង​កេងកង​ទី​ ១​ មាន​ការ​លូតលាស់​ច្រើន​ដូចជា អគារ​ស្នាក់នៅ​រួម​រហូត​ដល់​កម្ពស់​ជាង​៣០​ជាន់​។ លោក​ប្រាប់​ថា «​ឥឡូវ​នេះ ខ្ញុំ​សង្កេត​ឃើញ​ថា [​កំពុង​មាន​និន្នាការ​ចាប់​ផ្តើម​]​ការ​ពង្រើក​អគារ​ខ្ពស់ៗ​ជាច្រើន​នៅ​សង្កាត់​ទួល​ទំពូង​ទី​ ១»​។

លោក​បាន​បន្ត ៖ «​សម្រាប់​ខណ្ឌ​ចំការមន កន្លែង​ស្នាក់​នៅ​មាន​ច្រើន អគារ​របស់​រដ្ឋ​មាន​ច្រើន​ដូចជា​អគារ​រដ្ឋសភា ព្រឹទ្ធសភា ក្រសួង ស្ថានទូត ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​ជួយ​រក្សា​សណ្តាប់​ធ្លាប់​សាធារណៈ​ដែល​គោរព​ទៅតាម​រដ្ឋបាល​សាលាខណ្ឌ និង​បញ្ហា​សំរាម​ក្នុង​ទីក្រុង ពីព្រោះ​ទីណា​ក៏​គេ​រក្សា​ពី​បរិស្ថាន​ស្អាត​ដែរ​»​។

លោក​បន្ថែម​ថា ការ​វិនិយោគ​មិន​សូវ​ជាមាន​ជនជាតិ​ខ្មែរ​ទេ ប៉ុន្តែ​ការ​វិនិយោគ​ពី​ចិន និង​កូរ៉េ ហើយ​ការ​វិនិយោគ​ទៅ​លើ​អគារ​ស្នាក់​នៅ ហើយ​តម្លៃ​អចលនទ្រព្យ​បាន​ចាប់​ផ្តើម​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់​មក​តាំងពី​ជាង​១០​ឆ្នាំ​មុន ហើយ​«​តាម​ខ្ញុំ​ស្មាន​តម្លៃ​អាច​កើន​ដល់​៤ ទៅ​៥​ពាន់​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ​»​។

ក្នុង​នាម​ជា សុភ័ក្ត្រ ជា​អភិបាលរង​ខណ្ឌ​ចំការមន លោក​មាន​សុទិដ្ឋ​និយម​ថា ៖ «​ខ្ញុំ​គិត​ថា វា​ជា​រឿង​ល្អ​នៅ​ពេល​ដែល​មាន​អ្នក​វិនិយោគ​ច្រើន​នៅ​ក្នុង​ខណ្ឌ​ចំការមន​នេះ ពីព្រោះ​អាច​ធ្វើ​ឲ្យ​ប្រជាជន​មួយ​ចំនួន​ដែល​រស់នៅ​ក្នុង​តំបន់​ហ្នឹង​មានឱកាស​លក់​អចលនទ្រព្យ​ក្នុង​តម្លៃ​ខ្ពស់ និង​អាច​យក​ថវិកា​រក​ស៊ី​បន្ត​»​។

លោក ម៉េត មាស​ភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍ អចលនទ្រព្យ ថា ៖ «​តាម​គំនិត​របស់​ខ្ញុំ គ្រប់​ទីតាំង​ទាំង​អស់​សុទ្ធ​តែ​ជា​ទីតាំង​មាន​តម្រូវ​ការ​របស់​ប្រជាជន និង​អ្នក​វិនិយោគ​គ្រប់​ជាន់​ថ្នាក់​ដើម្បី​ការ​រស់នៅ ប៉ុន្តែ​យើង​ក៏​ឃើញ​ថា ខណ្ឌ​ចំនួន​៤ ដូចជា​ខណ្ឌ​ចំការមន ដូនពេញ ៧​មករា និង ទួលគោក មាន​សក្កានុពល​ផ្នែក​អគារ​ស្នាក់ នៅ​រួម​ខ្ពស់ៗ និង​អគារ​ពាណិជ្ជកម្ម​»​។

លោក​បន្ត​ថា ការងារ​អភិវឌ្ឍន៍​មិន​សំដៅ​ទៅ​លើ​ការ​សាងសង់​អគារ​ខ្ពស់ៗ​ទេ ប៉ុន្តែ​ការ​សាងសង់​លំនៅឋាន​សម្រាប់​ការ​រស់នៅ​ប្រចាំថ្ងៃ​ទាំង​នៅ​តំបន់​ក្នុង​ក្រុង និង​តំបន់​ជាយក្រុង​។

លោក គឹម ហ៊ាង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្មែរ​រៀល​អ៊ីសេ្ទត បាន​មាន​ប្រសាសន៍​ថា ខណ្ឌ​ចំការមន មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បេះដូង​នៃ​រាជធានី​ភ្នំពេញ និង​ជា​តំបន់​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​។ អគារ​ផ្ទះ​ស្នាក់នៅ និង​ខុនដូ​ភាគច្រើន​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ សង្កាត់​បឹង​កេងកង​១, ២ និង​៣ ក្នុង​ខណ្ឌ​ចំការមន​។

លោក​បន្តថា អគារ​ផ្ទះ​ស្នាក់​នៅ​រួម​មាន​តាំងពី​ឆ្នាំ​២០១០ និង​អគារ​ខុនដូ​មាន​តាំង​ពី​ឆ្នាំ​២០១៣ រហូត​ដល់​ឥឡូវ​នេះ​ឆ្នាំ​២០១៧ និង​សណ្ឋាគារ​នៅ​មាន​ស្ថិរភាព​ជានិច្ច​។ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ហាង​ផ្សេងៗ និង​ទីផ្សារ​ពិតជា​មាន​ភាព​ទាក់ទាញ​នា​ពេល​ខាង​មុខ​នេះ​។

លោក ហ៊ាង បន្តថា ៖ «​វិនិយោគិន​មកពី​ប្រទេស​ចិន សម្រាប់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ការ​សាងសង់ ហើយ​អ្នក​អភិវឌ្ឍ​ខុនដូ​មកពី​តៃវ៉ាន់ សិង្ហ​បុរី និង​កូរ៉េ​។ អ្នក​វិនិយោគ​មក​ពី​ប្រទេស​ជប៉ុន និង​ថៃ ក៏​មក​ផ្គត់ផ្គង់​សំណង់​ផ្សារ​ទំនើប​ពីព្រោះ​ពួក​គេ​ជ្រើសរើស​តំបន់​ដែល​ពួក​គេ​អាច​រក​ប្រាក់​បាន ប៉ុន្តែ​អ្នក​វិនិយោគ​ក្នុង​ស្រុក​កំពុង​នាំ​មុខ​គេ​ក្នុង​វិស័យ​សំណង់​បុរី និង​វិស័យ​ផ្សេងៗ​ទៀតផង​ដែរ​»​។

លោក​បន្ត​ថា អ្វី​គ្រប់​យ៉ាង​នៅតែ​ល្អ​រហូត​មក​ដល់​ពេល​នេះ លើស​ពី​នោះ​តម្លៃ​របស់​ដី​នៅ​តំបន់​នោះ ពីព្រោះ​វា​ថ្លៃ​ណាស់​នៅ​ពេល​ដែល​អ្នក​លក់​តែងតែ​បន្ថែម​តម្លៃ​ពី​២០​ភាគរយ ទៅ​៥០​ភាគរយ ច្រើន​ជាង​តម្លៃ​ទីផ្សារ​។ តម្លៃ​ដី​ជា​មធ្យម​នៅ​ខណ្ឌចំការមន គឺ​ពី​២០០០​ដុល្លារ​ដល់​៦០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។

​ចំណែក​អ្នក​ស្រី សេង ម៉ុម ជា​ប្រជាជន​រស់នៅ​ខណ្ឌ​ចំការមន​បាន​ប្រាប់​ថា ៖ «​ខ្ញុំ​រស់​នៅ​ទីនេះ​តាំងពី​ឆ្នាំ​១៩៨០ ហើយ​មិន​មាន​អគារ​ខ្ពស់​នៅ​ឡើយ​ទេ ប៉ុន្តែ​សព្វថ្ងៃនេះ​មាន​អគារ​ជាច្រើន​ដែល​ត្រូវ​បាន​សាងសង់ និង​អភិវឌ្ឍ​នៅ​តំបន់​ចំការមន​នេះ​»​។

ទោះបីជា​តម្លៃ​អចលនទ្រព្យ​មាន​តម្លៃ​ខ្ពស់ អ្នក​ស្រី​បន្ថែម​ថា ផ្ទះ​របស់​អ្នក​ស្រី​មិនទាន់​មានបំណង​លក់​ទេ ពីព្រោះ​ជា​កន្លែង​ដែល​អ្នកស្រី និង​គ្រួសារ​របស់​អ្នកស្រី​ប្រកប​មុខរបរ​ចិញ្ចឹម​គ្រួសារ​បានជា​ធម្មតា​។

បើ​យោង​តាម​ប្រសាសន៍​របស់​ស្ថាបនិក និង​ជា​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Key Real Estate លោក សន សៀ​ប បាន​ឲ្យ​ដឹងថា តំបន់​បឹង​កេងកង គឺជា​«​ស្នូល​របស់​ខណ្ឌចំការមន​» ដែលជា​តំបន់​អភិវឌ្ឍន៍​រួចហើយ និង​ទាក់ទាញ​ការវិនិយោគ​សាងសង់​ច្រើន​។

លោក​បាន​ប្រាប់​ថា ៖ «​ខ្ញុំ​គិតថា ខណ្ឌ​ចំការមន​នៅ​តែ​ជា​តំបន់​ល្អ​លើ​វិស័យ​អចលនទ្រព្យ ក្នុង​ចំណោម​ខណ្ឌ​ទាំងអស់ សម្រាប់​ស្នាក់​នៅ អគារ​ការិយាល័យ ភោជនីយដ្ឋាន និង​ធ្វើ​អាជីវកម្ម ការជួល ហើយ​អ្នក​វិនិយោគ គឺ​ជន​ជាតិ​ខ្មែរ ចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និង​សិង្ហ​បុរី​»​។

ដោយ​សម្ទុះ​នៃ​ខណ្ឌ​ចំការមន និង​ខណ្ឌ​ដូនពេញ មាន​ប្រជាប្រិយភាព​តាំង​ពី​ឆ្នាំ​១៩៩០​មក វា​មាន​តម្រូវ​ការ​ទិញ និង​ជួល​ច្រើន ហើយ​ជា​មធ្យម​តម្លៃ​ដី​ក្នុង​មួយ​ម៉ែត្រការ៉េ​ចាប់ពី​ ២៥០០ ទៅ​ ៣០០០ ​ដុល្លារ​។ ប៉ុន្តែ​ក្នុង​រយៈពេល​ ១០​ ឆ្នាំ​ចុង​ក្រោយ​មកនេះ​ខណ្ឌ​មួយ​ចំនួន​ទៀត​ដូចជា​ខណ្ឌ​៧​មករា ខណ្ឌ​ទួលគោក ក៏​ចាប់​ផ្តើម​មាន​ទីផ្សារ​សម្រាប់​ផ្ទះ​វីឡា ផ្សារ និង​មន្ទីរពេទ្យ ផង​ដែរ​។

បន្ទាប់​ពី​តម្លៃ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ឡើង​ខ្លាំង ការ​អភិវឌ្ឍ​ផ្សារ​ទំនើប និង​ផ្ទះ​បុរី បាន​រីក​រាលដាល​ដល់​តំបន់​ទួលគោក សែន​សុខ ច្បារអំពៅ បឹងទំពុន ផ្លូវជាតិ​លេខ​ ៣ និង​៤ និង​ប្រជាជន​បាន​ផ្លាស់​ប្តូរ​ទីតាំង​មក​រស់នៅ​តំបន់​ទាំង​នោះ​។

លោក​បាន​បន្ត​ថា ៖ «​ស្រប​ពេល​ដែល​ប្រជាជន​បាន​មក​រស់នៅ​ទីក្រុង វា​ប្រាកដជា​បង្ក​ជា​ផល​លំបាក​ខ្លះៗ​ហើយ​ដូចជា​ការ​កក​ស្ទះ​ចរាចរណ៍​ប្រព័ន្ធ​លូ កំលាំង​ផ្គត់ផ្គង់​អគិ្គសនី ចំណត ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំងនេះ​នៅ​ពេល​ដែល​មាន​មនុស្ស​មក​រស់នៅ​កាន់​តែ​ច្រើន​»​។

គួរ​បញ្ជាក់​ដែរ​ថា រដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ថវិកា​មួយ​ចំនួន​ទៅ​ទៅ​ថ្នាក់ឃុំ​សង្កាត់​ដោយ​ថវិកា​ទាំងអស់​នោះបាន​ចែកជា​ពីរ គឺ​ថវិកា​មួយចំណែក​សម្រាប់​ចំណាយ​ផ្នែក​ដ្ឋ​បាល និង​ថវិកា​មួយផ្នែក​សម្រាប់​ការអភិវឌ្ឍ​។

ជាទូទៅ​សង្កាត់​នីមួយៗ​អាច​ទទួលបាន​ថវិកា​យ៉ាងតិច​បំផុត​ ១​ ម៉ឺន​ដុល្លារ ដោយ​ក្នុង​នោះ​ប្រមាណ​៥​ពាន់​ដុល្លារ​សម្រាប់​ដំណើរការ​ផ្នែក​រដ្ឋបាល និង​ក្រៅពីនោះ​គឺ​សម្រាប់​ការអភិវឌ្ឍ​ក្នុង​មូលដ្ឋាន​នៃ​សង្កាត់​នីមួយៗ​៕

Source From : Phnom Penh Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS