បញ្ហា វិបត្តិ​ដីឡូត៍ និង​លំនៅឋាន​តម្លៃ​ទាប​ពី​គម្រោង​វិនិយោគ​មិន​ច្បាស់លាស់​ ចាប់​ផ្តើម​ផ្ទុះ​រឿង​អាស្រូវ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
អ្នក​ដំណើរ​ម្នាក់​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ផ្លូវ​មាន​ដីឡូតិ៍​ដែល​ដាក់​ស្លាក​លក់​។ ស្រង ម៉េងស្រ៊ុន

នៅ​ទីបំផុត​ការ​ពុះ​ដីឡូត៍​លក់ និង​គម្រោង​លំនៅឋាន​មាន​តម្លៃ​សមរម្យ ដែល​កំពុង​ពុះ​កញ្ជ្រោល​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​បាន​និង​កំពុង​ចាប់ផ្តើម​ផ្ទុះ​រឿង​អាស្រូវ​បណ្តើរៗ​ហើយ ខណៈ​វិស័យ​នេះ​មិន​ទាន់​មាន​ច្បាប់​គ្រប់គ្រង​ច្បាស់លាស់​នៅ​ឡើយ​។

លោក ប៊ូ សុជាតិ ប្អូនប្រុស​របស់​អ្នកស្រី ភី យ៉ុន ដែល​មាន​បញ្ហា​ដី​ជាមួយ​ក្រុមហ៊ុន​ពុះ​ដីឡូត៍​លក់​ឈ្មោះ​ក្រុមហ៊ុន​អចលនទ្រព្យ​មាតុភូមិ​យើង និង​ក្រោយ​មក​បាន​ប្តូរ​ជា​ឈ្មោះ​ «​សហការ​ដៃគូ​» ​ដែល​មាន​លោក ធិប ចន្ទ្រា ជា​ម្ចាស់​ក្រុមហ៊ុន​។

លោក សុជាតិ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​អង្គារ​ថា​បងស្រី​របស់​លោក​បាន​ធ្វើ​កិច្ចសន្យា​ទិញ-លក់​ជាមួយ​ក្រុមហ៊ុន​ខាង​លើ​នៅ​លើ​ដី​ដែល​មាន​ទីតាំង​នៅ​ភូមិ​ខ្នារ និង​ភូមិ​ចំបក់ប៉ោង ឃុំ​ទួលព្រិច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​ដែល​មាន​ទីតាំង​ប្រមាណ​ជាង​ ១០ ​គីឡូម៉ែត្រ​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ក្រុង​ភ្នំពេញ​។

នៅក្នុង​កិច្ចសន្យា​បាន​ព្រមព្រៀង​គ្នា​ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ខាង​លើ​បង់​ប្រាក់​ ៥០ ​ភាគរយ​នៃ​តម្លៃ​ដី​ទំហំ​ ៦,២០ ​ហិកតា​នោះ​ក្នុង​រយៈពេល​ពីរ​ខែ​ ប៉ុន្តែ​ដល់​ពេលវេលា​កំណត់​ក្រុមហ៊ុន​មិន​បាន​បង់​ប្រាក់​តាម​កិច្ចសន្យា ហើយ​ម្ចាស់​ដី​បាន​ទុក​ពេល​ឲ្យ​មួយ​ខែ ប៉ុន្តែ​ក្រុមហ៊ុន​ខាង​លើ​នៅ​តែ​មិន​បង់​ប្រាក់​ដដែល​។

លោក​បន្ត​ថា៖ «​ទោះបី​មាន​វិវាទ​បែប​នេះ​ក្តី​ក៏​ម្ចាស់​ក្រុមហ៊ុន​ខាង​លើ​នៅ​តែ​បន្ត​លក់​ដី​នោះ ហើយ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​សុំ​ដីកា​រក្សា​ការពារ​លើ​ដី​នោះ​ទៅ​វិញ ដែល​ធ្វើឲ្យ​ម្ចាស់​ដី​ក្លាយ​ជា​កូន​បំណុល​»​។

លោក​បន្ត​ថា៖ «​ក្នុង​ពេល​មាន​វិវាទ​បែប​នេះ​លោក​បាន​ប្រាប់​ឲ្យ​អ្នក​ទិញ​ដីឡូត៍​ទាំង​នោះ​ផ្អាក​ការ​ទិញ​ព្រោះ​ជា​ដី​មាន​បញ្ហា ហើយ​ទីបំផុត​លោក ធិប ចន្ទ្រា បាន​ប្តឹង​បងស្រី​របស់​លោក​មួយ​ករណី​ទៀត​គឺ​ប្តឹង​ពី​បទ​រំលោភ​សេចក្តី​ទុកចិត្ត និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ទៅ​វិញ​»​។

លោក ប៊ូ សុជាតិ បាន​បន្ត​ថា​ដោយសារ​មាន​បញ្ហា​បែប​នេះ​បងស្រី​របស់​លោក​បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ខេត្ត​កណ្តាល​ដើម្បី​សុំ​រំលាយ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ខាង​លើ​ដើម្បី​យក​ដី​មក​លក់ ឬ​មក​ធ្វើ​អាជីវកម្ម​ផ្សេងៗ​វិញ​។

ករណី​មួយ​ទៀត​ក៏​កើត​មាន​ស្រដៀង​គ្នា​ផង​ដែរ​គឺ​លោក ធិប ចន្ទ្រា បាន​យក​ដី​លោក​ តាំង ណាំស្រុន លក់​នៅ​ក្នុង​ឃុំ​ទួលព្រិច ផង​ដែរ​ប៉ុន្តែ​បុគ្គល​នោះ​មិន​បាន​ប្រគល់​ប្រាក់​គ្រប់​ចំនួន​នោះ​ទេ ហើយ​បន្ត​យក​ដី​នោះ​លក់ និង​បាន​ប្តឹង​សុំ​ដីកា​រក្សា​ការពារ​លើ​ដី​នោះ​ដោយ​មិន​អនុញ្ញាត​ឲ្យ​លោក តាំង ណាំស្រុន លក់​​ ឬ​ធ្វើ​អាជីវកម្ម​លើ​ដី​នោះ​ទេ​។

លោក តាំង ណាំស្រុន បាន​ប្តឹង​ទៅ​សាលា​ឧទ្ទរណ៍​ដើម្បី​រំលាយ​ដីកា​រក្សា​ការពារ​នោះ​ហើយ​ជា​លទ្ឋផល​នៅ​ថ្ងៃ​នេះ​សាលា​ឧទ្ទរណ៍​នឹង​ចុះ​អនុវត្ត​ដីកា​រំលាយ​ដីការ​ក្សា​ការពារ​នោះ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក តាំង ណាំស្រុន បញ្ជាក់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​។

នៅ​ក្នុង​អំឡុង​ដើម​សប្តាហ៍​នេះ​លោក ធិប ចន្ទ្រា ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ដៃគូ​សហការ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​។

មេឃុំ​ទួលព្រិច ស្រុក​អង្គស្នួល លោក យ៉ុន សុខុម បាន​ថ្លែង​ថា​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​មាន​តែ​ក្រុមហ៊ុន​ធំៗ​ចំនួន​បី​បាន​ចុះ​ទិញ​ដី​ប្រជាពលរដ្ឋ​ពុះ​ជា​ឡូត៍​លក់ និង​មាន​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ធ្វើ​អាជីវកម្ម ប៉ុន្តែ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ​មាន​ក្រុមហ៊ុន​មួយ​កំពុង​មាន​បញ្ហា​ជាមួយ​ម្ចាស់​ដី ដោយសារ​ម្ចាស់​ក្រុមហ៊ុន​នោះ​មិន​បាន​បង់​លុយ​ឲ្យ​ម្ចាស់​ដី​។

លោក​បន្ត​ថា ករណី​នេះ​សម្រប​សម្រួល​ពី​ឃុំ​ដល់​ថ្នាក់​ស្រុក​នៅ​តែ​ដោះស្រាយ​មិន​ចេញ ប៉ុន្តែ​ឥឡូវ​នេះ​បាន​ប្តឹងផ្តល់​គ្នា​ឡើង​ដល់​តុលាការ​ហើយ​មិន​ដឹង​តុលាការ​ដោះស្រាយ​បែប​ណា​ឡើយ​។

លោក​មេឃុំ​រូប​នោះ​បន្ត​ថា៖ «​ខ្ញុំ​សំណូមពរ​ឲ្យ​អ្នក​ទិញ​ដីឡូត៍ គួរ​ទាក់ទង​មក​កាន់​ឃុំ ដើម្បី​សាកសួរ​ព័ត៌មាន​ជាក់លាក់​មុន​សម្រេច​ចិត្ត​ទិញ​ដី​ដើម្បី​បញ្ចៀស​បញ្ហា​ព្រោះ​កន្លង​មក​អ្នក​ទិញ​ដី​ធ្វើ​ឡើង​តែ​ជាមួយ​ក្រុមហ៊ុន​ដល់​ពេល​មាន​បញ្ហា​ទើប​មក​រក​ឃុំ​ដោះស្រាយ​»​។

ក្រៅពី​ករណី​វិវាទ​ដីឡូត៍​ខាង​លើ​ក៏​មាន​ករណី​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​មួយ​ទៀត​បោកប្រាស់​អតិថិជន​ផង​ដែរ​។

លោក ចាន់ ស៊ី ប្រធាន​នាយក​ប្រតិបត្តិ​តំណាង​ឲ្យ​ក្រុមហ៊ុន​ហ្វាយអេស រៀលធីគ្រុបខូ អិលធីឌី ដែល​ជា​ជនរងគ្រោះ​មួយ​រូប​ទាក់ទង​ករណី​ខាង​លើ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​លោក​បាន​ពើប​ប្រទះ​នឹង​បញ្ហា​ក្នុង​នាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ដោយ​កាលពី​ថ្ងៃ​ទី​ ២៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១៧ ក្រុមហ៊ុន​ហ្វាយអេស រៀលធីគ្រុបខូ អិលធីឌី របស់​លោក​បាន​សហការ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សព្វផ្សាយ​ទិញ​លក់​លំនៅឋាន​ពី​លោក ប៊ុណ្ណច័ន្ទ គ្រឹស្នា ដែល​ជា​ម្ចាស់​គម្រោង​បាន​អះអាង​ថា​បាន​អភិវឌ្ឍ​ផ្ទះល្វែង​ភូមិ​ទ័ព​បោះ​ជា​លំនៅដ្ឋាន​មាន​តម្លៃ​សមរម្យ​ស្ថិត​នៅ​ក្នុង​ភូមិ​ទ័ពបោះ សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។

លោក​បន្ត​ថា​៖ «​ម្ចាស់​គម្រោង​នេះ​បាន​បោកប្រាស់​អតិថិជន​ដោយ​មិន​បាន​សាងសង់​លំនៅឋាន​តាម​កិច្ចសន្យា​ព្រោះ​ម្ចាស់​ដី​ដែល​បុគ្គល​នោះ​បាន​សាងសង់​មិន​អនុញ្ញាត​ឲ្យ​គាត់​សាងសង់​បន្ត​ទៀត​ទេ​»​។ លោក​បន្ត​ថា៖ «​ដោយសារ​បញ្ហា​នេះ និង​ការ​សន្យា​ដោះស្រាយ​បញ្ចប់​មិន​ទាន់​មាន​លទ្ធផល​ជាក់លាក់ និង​មិន​បាន​បង់​ប្រាក់​កក់​ជូន​អតិថិជន​ត្រឡប់​វិញ​លោក ប៊ុណ្ណច័ន្ទ គ្រឹស្នា បាន​គេចវេះ​មិន​ដោះស្រាយ​រហូត​មក​ទល់​ពេល​នេះ​»​។

គម្រោង​ផ្ទះល្វែង​ភូមិ​ទ័ព​បោះ​មាន​ផ្ទះ​ប្រមាណ​ ១៩០ ​ល្វែង និង​មាន​ការ​កក់​ពី​អតិថិជន​ដោយ​ខ្លះ​បង់​ប្រាក់​កក់​ ១០ ​ភាគរយ​ខ្លះ​ ៥០ ​ភាគរយ និង​ខ្លះ​ទៀត​បាន​បង់ប្រាក់​គ្រប់​ ១០០ ​ភាគរយ​រួច​ហើយ​។

យោង​តាម​ឯកសារ​នៃ​ពាក្យ​បណ្តឹង​របស់​លោក ចាន់ ស៊ី ដែល​បាន​ដាក់​ប្តឹង​ទៅ​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​​ ១៩ ខែ​តុលា​ឆ្នាំ​ ២០១៧ កន្លង​មក​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​ ២៤ ខែ​កុម្ភៈ​ឆ្នាំ​ ២០១៧ លោក ប៊ុណ្ណច័ន្ទ គ្រឹស្នា បាន​ធ្វើ​កិច្ចសន្យា​ព្រមព្រៀង​ផ្តល់​សិទ្ធ​គ្រប់គ្រង​ការ​លក់​គម្រោង​លំនៅឋាន​ឈ្មោះ «​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ផ្ទះល្វែង​ភូមិ​ទ័ព​បោះ​» ដែល​មាន​ទីតាំង​នៅ​ភូមិ​ទ័ព​បោះ សង្កាត់​ព្រៃវែង ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ​។

កិច្ចសន្យា​នេះ​ធ្វើ​ឡើង​រវាង​ខ្ញុំ​បាទ (​ចាន់ ស៊ី​) និង​លោក ប៊ុណ្ណច័ន្ទ គ្រឹស្នា ហើយ​ប្រថាប់ត្រា​ទទួល​ស្គាល់​ដោយ​មេធាវី​ឈ្មោះ រស់ ស៊ីថា​។

លោក ចាន់ ស៊ី បាន​បញ្ជាក់​ថា៖ «​ខ្ញុំបាទ​គ្រាន់​តែ​ជា​អ្នក​ផ្សព្វផ្សាយ​លក់​គម្រោង លើ​ទីផ្សារ​ដោយ​ទទួល​បាន​ ៥ ​ភាគរយ​ពី​ការ​លក់​ផ្ទះ​ក្នុង​មួយ​ល្វែង​។ គម្រោង​ផ្ទះល្វែង​ភូមិ​ទ័ព​បោះ​មាន​តម្លៃ ១៧០០០ ​ដុល្លារ​ក្នុង​មួយ​ល្វែង​ហើយ​មាន​គម្រោង​បង់​លុយ​ប្រចាំ​ខែ​ក្នុង​មួយ​ល្វែង​ពី​ ៣០០ ​ទៅ​ ៥០០ ​ដុល្លារ​ក្នុង​មួយ​ខែ​ដោយ​កក់​មុន​ត្រឹម​ ២០០ ​ដុល្លារ​» ​ប៉ុណ្ណោះ​។

ឯកសារ​ដដែល​បាន​បន្ត​ថា​គម្រោង​មួយ​នេះ​ត្រូវ​បាន​អតិថិជន​ទិញ​ដល់​ទីកន្លែង​ផ្ទាល់​ហើយ​បាន​បង់លុយ​នៅ​ទីតាំង​នោះ​ (​ក្រុមហ៊ុន​) ​របស់​លោក ប៊ុណ្ណច័ន្ទ គ្រឹស្នា អតិថិជន​ខ្លះ​បាន​បង់​ប្រាក់​ច្រើន​ក៏​មាន​ការ​សង្ស័យ​ព្រោះ​ម្ចាស់​គម្រោង​មិន​បាន​អនុវត្ត​ការ​សាងសង់​តាម​ផែនការ និង​មិន​បាន​ឃើញ​ការ​សាងសង់ ដោយ​ម្ចាស់​គម្រោង​លោក ប៊ុណ្ណច័ន្ទ គ្រឹស្នា បាន​រត់​ចោល​ទីតាំង​បាត់​ដំណឹង​ឈឹង ថែម​ទាំង​បោក​លុយ​ខ្ញុំ​បាទ​ ២៤ ០០០ ​ដុល្លារ និង​បាន​យក​លុយ​អតិថិជន​បង់​ប្រចាំ​ខែ​រត់​ទៅ​បាត់​ទៀត​ផង​។

ក្នុង​ករណី​នេះ​ប្រជាពលរដ្ឋ​រងគ្រោះ​ក៏​បាន​ដាក់​សំណើរ​ជូន​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ដំណោះស្រាយ​ពី​ក្រសួង​នៅ​ឡើយ​ទេ​។

លោក ចាន់ ស៊ី បាន​បញ្ជាក់​ថា៖ «​អតិថិជន​មួយ​ចំនួន​បាន​ចោទ​ខ្ញុំ​ជា​អ្នក​រួម​គំនិត ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ថា​ខ្ញុំ​ក៏​ជា​ជនរងគ្រោះ​ម្នាក់​ផង​ដែរ​ព្រោះ​ខ្ញុំ​មិន​បាន​វិនិយោគ​ជាមួយ​លោក ប៊ុណ្ណច័ន្ទ គ្រឹស្នា ទេ​គ្រាន់​តែ​ដើរ​តួនាទី​ជា​ភ្នាក់ងារ​ផ្សព្វផ្សាយ​តំណាង​ក្រុមហ៊ុន​ហ្វាយអេសរៀលធី ខូអ៊ិលធីឌី ប៉ុណ្ណោះ​»​។

លោក​បន្ត​​ថា៖ «​កាលពី​ថ្ងៃ​ទី​ ១៩ ខែ​តុលា​កន្លង​មក​នេះ​ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អគ្គស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​កោះ​អញ្ជើញ​លោក ប៊ុណ្ណច័ន្ទ គ្រឹស្នា ចេញ​មុខ​មក​ដោះស្រាយ​ និង​ផ្តល់​សំណង​ជូន​ជនរងគ្រោះ​ដើម្បី​បញ្ចប់​ករណី​នេះ​នាពេល​ឆាប់ៗ​ខាង​មុខ​»​។

លោក ចាន់ ស៊ី បាន​បន្ត​ថា​ដំណោះស្រាយ​ចំពោះ​ករណី​នេះ​សូម​អតិថិជន​ទិញ​គម្រោង​លំនៅឋាន​ខាង​លើ​ត្រូវ​រក​ដំណោះស្រាយ​រួម​គ្នា​ក្នុង​នាម​ជា​ជនរងគ្រោះ​ដូច​គ្នា និង​ស្វែងរក​បុគ្គល ប៊ុណ្ណច័ន្ទ គ្រឹស្នា ឲ្យ​ឃើញ​ដើម្បី​ឲ្យ​ចេញ​មុខ​មក​ដោះស្រាយ​ករណី​វិវាទ​នេះ ហើយ​សូម​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ដើម្បី​កុំ​ឲ្យ​ជួប​ករណី​បែប​នេះ​ដោយ​ត្រូវ​សិក្សា​ពី​ប្រវត្តិ​ក្រុមហ៊ុន ប្រវត្តិ​អ្នក​អភិវឌ្ឍ​ឲ្យ​បាន​ច្បាស់លាស់​មុន​សម្រេច​ចិត្ត​ទិញ​លំនៅឋាន​នៅ​គម្រោង​ណា​មួយ​នោះ​។

លោក​បន្ត​ថា​ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន​ដើរតួ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​នានា ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ផង​ដែរ​មុន​ទទួល​យក​គម្រោង​អភិវឌ្ឍន៍​ណា​មួយ​មក​លក់ និង​សិក្សា​ប្រវត្តិ​អ្នក​អភិវឌ្ឍន៍​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​បញ្ចៀស​ហានិភ័យ​ទាំង​ខ្លួន​ឯង និង​អតិថិជន​របស់​ខ្លួន​។
អំឡុង​ពេល​ស្រាវជ្រាវ​ និង​ចងក្រង​សរសេរ​ជា​អត្ថបទ​នេះ​ឡើង ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក ប៊ុណ្ណច័ន្ទ គ្រឹស្នា បាន​ទេ​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ថា​ករណី​វិវាទ​ដីឡូត៍​បាន​កើត​មាន​ជាច្រើន​ករណី​មក​ហើយ ដោយសារ​មាន​អ្នក​ខ្លះ​បាន​តែង​ខ្លួន​ជា​ម្ចាស់​ក្រុមហ៊ុន ហើយ​បាន​ចុះ​ទៅ​កក់​ដី​ប្រជាពលរដ្ឋ និង​ពុះ​ឡូត៍​លក់​ហើយ​ពេល​ប្រមូល​បាន​ប្រាក់​មួយ​ចំនួន​ពួកគេ​ក៏​រត់​ចោល​គម្រោង​របស់​ពួកគេ​ដោយ​ទុក​ឲ្យ​ម្ចាស់​ដី និង​អ្នក​ទិញ​ដីឡូត៍​ជា​អ្នក​រងគ្រោះ​ដូច​គ្នា​។

លោក​បន្ត​ថា៖ «​ដើម្បី​បញ្ចៀស​ហានិភ័យ​ក្នុង​បញ្ហា​នេះ​អ្នក​ទិញ​ដីឡូត៍​ត្រូវ​ប្រាកដ​ថា​ដី​ដែល​ខ្លួន​បាន​ទិញ​ជា​ដី​ម្ចាស់​ដើម ឬ​មាន​លិខិត​បញ្ជាក់​ត្រឹមត្រូវ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ត្រូវ​ប្រាកដ​ថា​ក្រុមហ៊ុន​ពុះ​ដីឡូត៍​លក់​ជា​ក្រុមហ៊ុន​ស្រប​ច្បាប់ និង​មាន​អាជ្ញាប័ណ្ណ​ច្បាស់លាស់​»​។

លោក​បន្ត​ថា៖ «​ករណី​ទិញ​ដីឡូត៍ គ្រាន់​តែ​មាន​ការ​ព្រមព្រៀង​រវាង​ក្រុមហ៊ុន និង​អ្នក​ទិញ​ដោយ​មាន​តែ​ប្លង់​បង្ហាញ និង​ការ​បង់​ប្រាក់​រំលស់​តាមរយៈ​ក្រុមហ៊ុន ដូច្នេះ​អតិថិជន​ទាំងឡាយ​គួរ​មាន​ការ​ប្រុងប្រយ័ត្ន និង​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​មុន​សម្រេចចិត្ត​ទិញ ដើម្បី​បញ្ចៀស​ហានិភ័យ​នាពេល​អនាគត​»​។

អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​នៅ​អំឡុង​ពេល​នេះ​៕

Source From : Khmer Post

 

Latest News

តបតាមការអញ្ជើញរបស់សមាគមភ្នាក់ងារអចលនវត្ថុប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៤-៦...

LATEST EXCLUSIVE LISTING

Land For Sale
Trapang Krasang,Porsenchey
USD 420.00/SQM
Land For Sale
Phnom Penh Thmei,Sen Sok
USD 285.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 150,000.00
Flat House For Sale
Boeng Salang,Tuol Kork
USD 398,000.00
Land For Sale
Phnom Penh Thmei,Sen Sok
USD 155,000.00

CVEA MEMBERS