សំណង់​សម័យ​អាណា​និគម​ចាប់​ផ្តើម​ការ​អភិរក្ស​ពី​ក្រសួង​វប្បធម៌

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
បុរស​ជន​បរទេស​ម្នាក់​កំពុង​ដើរ​កាត់​ពី​មុខ​អគារ​សម័យ​អាណា​និគម​ដែល​ក្លាយ​ជា​ការិយាល័យ​របស់​អង្គការ UNESCO នៅ​ភ្នំពេញ។ ហុង មិនា

ព្រះរាជាណាចក្រ​កម្ពុជា មាន​សំណង់​បេតិកភណ្ឌ​វប្បធម៌​ជាច្រើន​លើស​លប់​ទាំង​ស្ថាបត្យកម្ម​សំណង់​ប្រាសាទ​បុរាណ ស្ថាបត្យកម្ម​វត្ត​អារាម ស្ថាបត្យកម្ម​លំនៅឋាន ស្ថាបត្យកម្ម​សំណង់​សម័យ​អាណានិគម ទាំងអស់​វា​ជា​បេតិកភណ្ឌ​អរូបី ដោយបាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ទាក់ទង​ដំណើរ​វិវឌ្ឍន៍​នៃ​វប្បធម៌ និង​សេដ្ឋកិច្ច​សង្គម​កម្ពុជា​។

កាលពី​ពេល​ថ្មីៗ​នេះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានរៀបចំ​ចេញ​ជា​អនុក្រឹត្យ​ថ្មី​មួយ​ដើម្បី​រៀបចំ​ចុះ​បញ្ជី​រួម​ទាំង​ការ​គ្រប់គ្រង​អភិរក្ស​សំណង់​សម័យ​អាណានិគម​។

នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស ​កម្ពុជា គេ​ក៏​ឃើញ​មាន​សំណង់​ស្ថាបត្យកម្ម​ជាច្រើន​សម័យ​កាល​បាន​បន្សល់​ទុកជា​ទម្រង់​រូបរាង​ផ្សេងៗ​គ្នា ដូចជា​ សំណង់​បេតិកភណ្ឌ​មុន​សម័យអង្គរ សម័យ​អង្គរ សម័យ​ក្រោយ​អង្គរ និង​ ចុង​ក្រោយ​គេ គឺជា​ស្ថាបត្យកម្ម​សំណង់​សម័យ អាណានិគម ដែល​មាន​អាយុ​មួយ​សតវត្សរ៍​ចុង​ក្រោយ​នោះ គឺ​ចាប់ពី​ឆ្នាំ​ ១៨៦៣ ដល់​ឆ្នាំ​ ១៩៥៣​។

នៅ​ដើម​សប្តាហ៍​នេះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ធ្វើ​សិក្ខាសាលា​មួយ​ស្តីពី «​ការ​គ្រប់គ្រង​សំណង់​អាណា​និគម​» ដែល​មាន​រដ្ឋ​មន្ត្រី និង​ថ្នាក់​ដឹក​នាំ​ក្រសួង និង​មន្ទីរ​វប្បធម៌ ប្រមាណ​ជាង​៩០​នាក់ ចូលរួម​ធ្វើ​ការ​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ប្រកាស​ដែល​មាន​គោលដៅ​គ្រប់គ្រង​សំណង់​សម័យ​អាណានិគម​ទាំង​អស់​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​បំណង​ថែរក្សា ការពារ និង​លើក​តម្លៃ​ជា​សម្បតិ្ត​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។

តាម​ប្រសាសន៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង ​វិចិត្រ​សិល្បៈ លោក ថៃ នរៈ​សត្យា បាន​ពន្យល់​ថា សំណង់​សម័យ​អាណានិគម សំដៅ​ដល់​សំណង់​ទាំង​ឡាយ​ណា ដែល​បាន​សាងសង់ និង​ប្រើប្រាស់​ចាប់ពី​ឆ្នាំ​១៤៣១ និង​សំណង់​ដទៃ​ទៀត ដោយ​យ៉ាង​ហោច​ណាស់​ក៏​មាន​អាយុកាល​ចាប់ពី​ ៥០ ​ឆ្នាំ​ឡើង​ទៅ ដូចជា​អគារ​សាលា​រាជធានី​ភ្នំពេញ អគារ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគារ ​(​អតីត​ក្រសួង​)​ ប្រៃសណីយ៍ និង​ អគារ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ជាដើម​។

សំណង់​សម័យ​អាណានិគម ដែល​ត្រូវ​គ្រប់គ្រង​អភិរក្ស​នៅ​ក្នុង​ប្រកាស​នេះ​មាន​ដូច​ជា សំណង់​អគារ​រដ្ឋបាល​សាធារណៈ សំណង់​អគារ​ផ្នែក​សាសនា សំណង់​អគារ​លំនៅឋាន​ជាច្រើន ហើយ​«​យើង​មើល​ឃើញ​ថា សំណង់​អគារ​ទាំង​នោះ​ចេះ​តែ​រុះ​រោយ​ទៅៗ​!»​។ ប៉ុន្តែ ក្រសួង​មិន​ទាន់​អាច​កំណត់​និយមន័យ អាយុ​កាល និង​ចំនួន​នៃ​សំណង់​បេតិកភណ្ឌ ដែល​ត្រូវ​អភិរក្ស​នៅ​ឡើយ​ទេ ពីព្រោះ​វា​មាន​ចំនួន​រាប់ពាន់​កន្លែង ទាំង​នៅ​រាជធានី និង​តាម​បណ្តា​ខេត្ត​។

លោក នរៈ​សត្យា បន្ត​ថា ការ​ជួស​ជុស ឬ​ការ​ស្ថាបនា​ឡើងវិញ​នូវ​សំណង់​សម័យ​អាណានិគម​ត្រូវ​គោរព​ទៅ​តាម​បទដ្ឋាន និង​រចនាប័ទ្ម​របស់​សំណង់​ដើម ដោយ​ត្រូវ​ប្រើប្រាស់​សម្ភារ​សំណង់​មិន​ឲ្យ​ខុសពី​លក្ខណៈ​ឬ​តាម​លំនាំ​ដើម របស់​គេ​។ ការ​ជួស​ជុល ការកែប្រែ​រូបរាង ឬ​ការ​ស្ថាបនា​ឡើងវិញ ម្ចាស់ សំណង់​ត្រូវ​ស្នើសុំ​ការ​ប្រឹក្សា​យោបល់​ពី​មន្ត្រី​ជំនាញ​ផ្នែក​ស្ថាបត្យកម្ម​សំណង់​បេតិកភណ្ឌ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

លោក​បន្តថា តាម​សេចក្តី​ព្រាង​នៃ​ប្រកាស​នេះ ការ​លក់ ឬ​ការ​ផ្ទេរ​កម្មសិទ្ធិ​សំណង់​សម័យ​អាណា​និគម​ជា​កម្មសិទ្ធិ​របស់​ឯកជន ត្រូវ​បាន​ចាត់​ថ្នាក់ ឬ​បម្រុង​ធ្វើ​ចំណាត់​ថ្នាក់ ត្រូវ​ជូន​ដំណឹង​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក្នុង​រយៈពេល​​ ១៥​ ថ្ងៃ មុន​ពេល​ចេញ​បណ្ណ​លក់ ឬ​ផ្ទេរ ដោយ​បញ្ជាក់​នូវ​ឈ្មោះ ទីលំនៅ អ្នក​លក់​អ្នក​ទិញ និង​កាល​បរិច្ឆេទ​នៃ​ការលក់ ឬ​ផ្ទេរសិទ្ធិ​កាន់​កាប់​នោះ​។ បើ​ផ្ទុយ​ពី​បញ្ញតិ្ត​នេះ ការលក់ ឬ​ផ្ទេរ​កម្មសិទ្ធិ​ត្រូវ​ទុក​ជា​មោឃភាព​។

លោក​បន្ថែម​ថា ៖ «​ការងារ​អភិរក្ស​សំណង់​ទាំងនេះ​មិន​មាន​អ្វី​ជា​ការ​លំបាក និង​ប៉ះពាល់​ដល់​ប្រជាជន​ច្រើន​ទេ បើ​សិន​ជា​មាន​ការ​ផ្សព្វផ្សាយ​បាន​ល្អ​ទៅ​ដល់​អ្នក​ពាក់ព័ន្ធ ហើយ​ប្រទេស​ណា​ក៏​សុទ្ធសឹង​តែ​មាន​សម្បតិ្ត​បេតិកភណ្ឌ​របស់ខ្លួន​ដើម្បី​អភិរក្ស​ថែរក្សា និង​ជា​ផ្នែក​មួយ​សម្រាប់​បម្រើ​វិស័យ​សេដ្ឋកិច្ច​និង​ទេសចរណ៍​ផង​ដែរ​»​។

ទោះបីជា​ក្រសួង​បាន​ខិតខំ​បំពេញ​ការងារ​នេះ​ច្រើន​ពិតមែន ប៉ុន្តែ​អ្នក​​នាំ​ពាក្យ​រូបនេះ​បានទទួល​ស្គា​ល់ពី​ភាព​ចន្លោះ​ខ្វះខាត​ថា ៖ «​យើង​មិន​ចង់​ឃើញ​ការ​វាយ​កម្ទេច​ចោល​សំណង់​ចាស់ៗ ដូច​វត្ត មួយ​នៅក្នុង​ខេត្ត​កំពង់ធំ​កាលពី​ពេល​ថ្មីៗ​នេះ​ទេ​ហើយ​យើង​សោក ស្តាយ​ជា​ទីបំផុត​ក្នុង​ការ​បាត់បង់​របស់​ចាស់ និង​អត្តសញ្ញាណ​ចាស់​នៃ​ស្ថាបត្យកម្ម​ណាមួយ​»​។

លោក ប្រាក់ សុណ្ណារ៉ា អគ្គនាយក​បេតិកភណ្ឌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ថ្លែងថា នេះ​គឺជា​ការ​អភិរក្ស​សម្បតិ្ត​បេតិកភណ្ឌ​ជាតិ​ទៅ​តាម​សម័យកាល​នីមួយៗ ដែល​បាន​បន្សល់ទុក​រហូតមក​ទល់​សព្វ​ថ្ងៃ​នេះ​ដោយ ខ្លះ​មាន​អាយុកាល​ចំណាស់​ខ្លាំង​ដូចជា សំណង់​សម័យ​ក្រោយ​អង្គរ​តាម​បែប​ព្រះពុទ្ធ​សាសនា​មាន​សំណង់​ព្រះវិហារ​បុរាណ​ជាដើម​។

ការ​គ្រប់គ្រង​សំណង់​អាណានិគម​នេះ មាន​ការ​ចុះ​ឈ្មោះ​ត្រឹមត្រូវ​ដូច្នេះ​ហើយ​ក្រសួង​វប្បធម៌ បាន​ធ្វើ​ការ​ផ្តោត​លើ​ការ​អភិរក្ស និង​ការ​ជុស​ជួល​ជា​បន្ត​បន្ទាប់ ដោយ​សំណង់​អាណានិគម​ទាំងនេះ​មាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង ខេត្តកំពត និង​ខេត្តក្រចេះ ជា​ខេត្ត​គោលដៅ​ដែល​ក្រសួង​មាន​គម្រោង​ដាក់​ទៅជា​តំបន់​បេតិកភណ្ឌ​។

លោក សុ​ណ្ណា​រ៉ា បាន​បន្តថា​៖ «​យើង​មាន​មជ្ឈមណ្ឌល​បេតិកភណ្ឌ សម្រាប់​សិក្សា​ស្រាវជ្រាវ គូស​ប្លង់ និង​រៀបចំ​ជា​សិក្ខា​សាលា អំពី​សំណង់​បេតិកភណ្ឌ​គ្រប់​ទីកន្លែង និង​សម័យកាល​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​សំណង់​បេតិកភណ្ឌ​មួយ​ចំនួន​បាន​ក្លាយ​ទៅ​ជា​កម្មសិទ្ធិរ​បស់​ឯកជន ដែល​យើង​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​សំណង់ និង​កិច្ចសហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរ​របស់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សិក្សា និង​រក្សាទុក​ទម្រង់​ដើម​នៃ​សំណង់​នីមួយៗ​ទាំងនោះ​ជា​បន្ត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​»​។

លោក សុណ្ណារ៉ា បន្ថែមថា ៖ «​ភារកិច្ច​ក្នុងការ​ថែរក្សា​សម្បត្តិ​របស់​ជាតិ​មិន​មែន​ជា​ភារកិច្ច​របស់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​តែ​មួយ​ប៉ុណ្ណោះ​ទេ តែ​ជា​ភារកិច្ច​របស់​ប្រជាជន​ទាំង​អស់​គ្នា​ក្នុងការ​ចូលរួម​ថែរក្សា​ឲ្យ​បាន​គង់វង្ស​»​។

ស្រប​ពេល​ដែល​ក្រសួង​វប្បធម៌ បាន​ធ្វើ​ការងារ​ជាច្រើន​នៅ​ក្នុង​ការ​ថែរក្សា​សំណង់​បេតិកភណ្ឌ សំណង់​បេតិកភណ្ឌ​មួយ​ភាគ​ធំ ក៏ត្រូវ​បាន​គេ​រក្សាទុក​នូវ​ទម្រង់​ដើម​ដដែល​។

លោក សន សៀប ស្ថាបនិក និង​ជា​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Key Real Estate បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ​ថា ការ​អភិរក្ស​សំណង់​អគារ​បេតិកភណ្ឌ​សម័យ​អាណា​និគម អាច​ផ្តល់​ទាំង​គុណ​សម្បតិ្ត និង​គុណវិបត្តិ ពីព្រោះ​វា​ជា​ការ​ល្អ​ដែល​សំណង់​ចាស់ៗ​អាច​រក្សា​សម្រាប់​ប្រជាជន​ជំនាន់​ក្រោយ ប៉ុន្តែ​បើ​សំណង់​ទាំង​នោះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ពេក ក៏​មិន​អាច​ទាក់ទាញ និង​អាច​បង្ក​ជា​បញ្ហា​គ្រោះថ្នាក់ និង​អសុវិត្ថភាព​នៅ​ពេល​ដែល​អគារ​អស់​អាយុ​។

លោក សៀប បាន​បន្តថា បើ​វាយ​កម្ទេច​ចោល​ធ្វើ​ឡើង​វិញ វា​ក៏​បាត់បង់​សំណង់​ប្រវត្តិសាស្ត្រ​ដែរ ប៉ុន្តែ​បើសិន​កែច្នៃ​ក្នុង​កម្រិត​ណា​មួយ​ទៅ​តាម​គុណភាព​សំណង់​វា​ជាការ​ប្រសើរ​ដែរ​។

លោក​បន្ថែមថា ៖ «​បើ​និយាយ​ពី​វិស័យ​អចលនទ្រព្យ មិន​មាន​ផលប៉ះពាល់​អ្វី​ដែរ ទេ ពីព្រោះ​វា​មិន​មែន​មាន​តែ​ដី​នៅ​តំបន់​ទាំង​នោះ​ទេ​សម្រាប់​ការ​អភិវឌ្ឍ​ថ្មី ហើយ​វា​អាច​ប៉ះពាល់​តិចតួច​សម្រាប់​ម្ចាស់​សំណង់​សម័យ​អាណានិគម​ដែល​មិន​អាច​លក់​ចេញ​បាន​»​។

លោក សៀប បន្ត​ថា ទោះបីជា​មាន​ច្បាប់​អភិរក្ស ឬ​មិនមាន​ឥទ្ធិពល​លើ​សំណង់​ចាស់ៗ «​តម្លៃ​ដី​នៅ​តំបន់​ទាំង​នោះ​នៅ​តែ​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង ពីព្រោះ​តំបន់​នៅ​ជាយក្រុង​មាន​សក្តានុពល​អភិវឌ្ឍ​ច្រើន​ជាង​»៕

Source From : Khmer Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS