សំណង់​ខ្ពស់ៗ​នៅ​តែ​បន្ត​សាង​សង់​នៅ​ក្បែរ​តំបន់​បូជនីយដ្ឋាន​សំខាន់ៗ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ព្រះ​បរម​រាជវាំង និង​សំណង់​ខ្ពស់ៗ​ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​បរិវេណ​ព្រះបរម​រាជវាំង។ មឿន ញាណ

ស្រប​ពេល​រាជធានី​ភ្នំពេញ​មាន​ការ​វិនិយោគ និង​ការ​អភិវឌ្ឍ សម្ទុះ​នៃ​ការ​សាងសង់​សំណង់​អគារ​ទំនើប​ខ្ពស់ៗ​ស្ថិត​នៅ​ក្នុង​តួ​លេខ​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​។ ការ​រីក​ដុះដាល​នូវ​សំណង់​អគារ​នៅ​ក្នុង​ទីក្រុង​ជា​សញ្ញា​អភិវឌ្ឍន៍​មួយ​ប្រកបដោយ​ភាព​ស៊ី​វិល័យ ប៉ុន្តែ​សំណង់​ខ្ពស់ៗ​ទាំងនោះ​ក៏​ជា​ហានិភ័យ​មួយ​ផ្នែក​នៃ​ទេសភាព​ទីក្រុង​។

ទោះបីជា​គម្រោង​អភិវឌ្ឍន៍​សាងសង់​ផ្សារ​ទំនើប និង​អគារ​ស្នាក់នៅ​មួយចំនួន​បាន​ពង្រីង​ទៅ​ជាយ​ទីក្រុង​នាពេល​ថ្មីៗ​នេះ​គម្រោង​សាងសង់​អគារ​ខ្ពស់ៗ​របស់​ក្រុមហ៊ុន​វិនិយោគ​ក៏បាន​អភិវឌ្ឍ​ខ្លួន​នៅ​ចំ​បេះដូង​នៃ​ទីក្រុង ដែល​ស្ថិតនៅក្នុង​លក្ខខណ្ឌ​កំណត់​មួយ​រវាង​កម្ពស់ និង​ចម្ងាយ​ពី​សំណង់​បេតិកភណ្ឌ​នានា ដូចជា​ព្រះបរមរាជវាំង វិមានឯករាជ្យ បូជនីយដ្ឋាន វត្ត​អារាម​ជាដើម​។

លោក​បណ្ឌិត វ៉ាន់ វ៉ាត អ្នក​ឯកទេស​ផ្នែក​នគរូបនីយកម្ម​ទីក្រុង​បាន​ថ្លែង​ថា នៅ​ពេល​ដែល​មាន​ការ​រៀប​ចំ​នគរូបនីយកម្ម​បែប​ទំនើប នៅតាម​ប្រទេស​នីមួយៗ​ត្រូវ​មាន​ការ​គិតគូរ​ច្រើន​ពី​ការ​កំណត់​តំបន់ និង​កម្ពស់​អគារ​នៅ​ក្នុង​តំបន់​នីមួយៗ​ច្បាស់លាស់​ដែរ​។ ជាក់​ស្តែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​ការ​សិក្សា​ជាច្រើន​ឆ្នាំ​មក​ហើយ​ពី​ការ​កំណត់​កម្ពស់​អគារ​ទៅតាម​តំបន់​នីមួយៗ ទៅ​តាម​ផែនទី និង​គម្រោង ដែលជា​សេចក្តី​ព្រាង​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​កំណត់​ជា​បទដ្ឋាន​នេះ​ឡើង ប៉ុន្តែ​វា​មិន​ទាន់​ជា​សេចក្តី​ប្រកាស​ផ្លូវ​ការ​នៅ​ឡើយ​។

តំបន់​មួយ​ចំនួន​នៅ​ជុំវិញ​ព្រះបរមរាជវាំង វិមាន​ឯករាជ្យ តាម​បណ្តាយ​មាត់​ទន្លេ ឬ​ក្បែរ​ស្ពាន​ធំៗ ដែល​ជា​តំបន់​សំខាន់ៗ គេ​តែង​តែ​ស្នើសុំ​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​ទីកន្លែង​ដើម្បី​សាងសង​ឲ្យ​ស្រប​ច្បាប់​ពីព្រោះ​វា​ជា​តំបន់​ដែល​ប្រជុំ​ដោយ​សំណង់​បេតិកភណ្ឌ​។

លោក​បាន​ឲ្យ​ដឹងថា​ ៖ «​កន្លង​មក​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​ដែនដី បាន​ប្រើប្រាស់​សេចក្តី​ព្រាង​នេះ ដើម្បី​អនុវត្ត ប៉ុន្តែ​មិន​ទាន់​ជា​ផ្លូវ​ការ និង​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ដល់​អ្នក​វិនិយោគ និង​សាងសង់​នៅឡើយ​ទេ​»​។

លោក​បណ្ឌិត​បន្ត​ថា ពាក់ព័ន្ធ​ទៅ​នឹង​តំបន់​នីមួយៗ​ក្នុង​ទីក្រុង ក្រសួង​មាន​ជា​ប្លង់​មេ​(master plan) ដែល​មាន​ការ​កំណត់​មុខងារ​ត្រឹម​ត្រូវ​ក្នុងការ​ប្រើប្រាស់​ដី ប៉ុន្តែ​មិន​បាន​កំណត់​ពី​កម្ពស់​អគារ​ទេ ដូច្នេះ​តំបន់​ទីប្រជុំជន​ពាណិជ្ជកម្ម​មួយ​ចំនួន​អាច​សាងសង់​បាន​។

លោក​បាន​បង្ហើប​ថា​ ៖ «​ដោយ​សារ​យើង​មិន​បាន​កំណត់​ជាក់លាក់ ការ​អភិវឌ្ឍ​ខ្លះ​អាច​សាងសង់​បាន​អាស្រ័យ​ទៅ​លើ​​ការ​ស្នើរ​សុំ​តាម​លំដាប់​លំដោយ​តាម​ក្រសួង​ជំនាញ​ជាក់ស្តែង​ពី​ម្ចាស់​វិនិយោគ។ ឧទាហរណ៍​ ៖ ការ​សាងសង់​គឺ សិ្ថត​ទៅ​តាម​ស្ថានភាព និង​ការ​វាយ​តម្លៃ​របស់​អ្នក​ជំនាញ​របស់​ក្រសួង​ដែនដី​»​។

យោង​តាម​អនុក្រឹត្យ​៨៦​ស្តីពី​ ៖ «លិខិត​អនុញ្ញាត​សាងសង់​» ក្នុង​មាត្រា​២ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា រាល់​សំណង់​ទាំងអស់​នៅក្នុង​ទីក្រុង ឬ​ទី​រួម​ខេត្ត ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​អនុញ្ញាត​សាងសង់​របស់​ក្រសួង​។ សំណង់​ថ្មី​ទាំង​អស់​ដែល​ចង់​កសាង​ឡើងវិញ ការ​ពង្រីក និង​ការ​បន្ថែម​ជាន់​លើ​អាគារ​ដែលមាន​ស្រាប់​នឹង​ត្រូវ​អនុវត្ត និង​គោរព​តាម​លិខិត​អនុញ្ញាត​សាងសង់​ផងដែរ​។

លោក​ក៏​បាន​លើក​ឡើង​ពី អនុក្រឹត្យ​លេខ​៨៦​ស្តីពី «​លិខិត​អនុញ្ញាត​សាងសង់» ថា ទាក់ទង​ទៅនឹង​បទ​ប្បញ្ញា​ត្តិ​បច្ចេកទេស គឺ​ពាក់ព័ន្ធ​ទៅនឹង​ការ​ស្នើរ​សុំ​ការសាងសង​ដូចជា​សេវា​សំណង់ និង​ស្តង់ដារ​សំណង់​ស្រប​ទៅ​នឹង​ការ​អភិវឌ្ឍ​ប្រទេស​។ វា​មិនមែន​ជា​បញ្ហា​អ្វី​ឡើយ​សម្រាប់​ការ​អភិវឌ្ឍ សំខាន់​វា​អាស្រ័យ​ទៅ​នឹង​តំបន់​នីមួយៗ​ថា​ តើ​ជា​តំបន់​អភិរក្ស ឬ​តំបន់​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​»​។

ប៉ុន្តែ​លោក​បណ្ឌិត​បាន​ប្រាប់​ថា អនុក្រឹត្យ​នេះ​មិន​ទាន់​បាន​កែ​សម្រួល​ឲ្យ​ឆ្លើយតប​គ្រប់​ជ្រុងជ្រោយ​ទៅ​នឹង​ការ​អភិវឌ្ឍ​បច្ចុប្បន្ន​នៅ​ឡើយ​ទេ ដូច្នេះ​ទាម​ទារ​ឲ្យ​មុននឹង​ធ្វើការ​សាងសង់ ត្រូវ​ធ្វើ​ការ​ស្នើ​សុំ​ជាក់ស្តែង​ទៅ​ក្រុម​ការងារ​ជំនាញ​មើល​ឡើង​វិញ​នូវ​អ្វីដែល​មិន​ទាន់​មាន​ក្នុង​អនុក្រឹត្យ​។

លោក​បាន​បន្ថែម​ថា​ ៖ «​ដោយ​សារ​មិន​មាន​ការអនុវត្ត​សេចក្តី​ប្រកាស​ជា​ផ្លូវ​ការ យើង​ឃើញ​មាន​អគារ​ខ្ពស់ៗ​បាន​សាងសង់​នៅ​ក្បែរ​មាត់​ទន្លេ ដែល​ផ្ទុយ​ពី​ការ​កំណត់​របស់​អនុក្រឹត្យ​សាងសង់​តម្រូវ​ឲ្យ​មាន​ចម្ងាយ​៥០​ម៉ែត្រ ពី​ច្រាំង​ទន្លេ ប៉ុន្តែ​សំណង់​ខ្លះ​បាន​កើត​មុន និង​ក្រោយ ដូច្នេះ​អាជ្ញាធរ​ត្រូវ​មាន​ការ​ពិនិត្យ​ឲ្យ​មែនទែន​ពី​ជំនាញ​ដូចជា​សំណង់​កាស៊ីណូ​ណាហ្គា​វើល​ថ្មី ដែលមាន​ប្រវែង​វែង​បាំង​ទេសភាព​ខាងក្រោយ និង​ធ្វើ​ឲ្យ​ខ្យល់​មិន​អាច​ចេញចូល​តំបន់​ក្បែរ​នោះបាន​»​។

លោក​ផ្ទាល់​មាន​ការ​ព្រួយបារម្ភ​ពី​អគារ​ខ្ពស់ៗ​ដែល​នៅ​ក្បែរ​មាត់​ទន្លេ ឬ​ព្រែក ដែល​មិន​គោរព​ទៅ​តាម​ការ​កំណត់ និង​សណ្ឋាន​ដី ពីព្រោះ​វា​អាច​ប៉ះពាល់​ទៅ​នឹង​បញ្ហា​សុវត្ថិភាព​នៃ​សំណង់​(បាក់​ស្រុត​) ប៉ះពាល់​ទេសភាព​ទីក្រុង​ដែល​អាច​បាំង​នូវ​ខ្យល់​ទន្លេ និង​ការ​បាត់បង់​សោភ័ណភាព​ទីក្រុង​។

«​យើង​គួរ​ព្យាយាម​រក្សា​ទេសភាព និង​បរិយាកាស​នៅ​តំបន់​ជិត​ព្រះបរម​រាជវាំង ពីព្រោះ​វា​ជា​តំបន់​ដែល​មាន​អំណោយផល​ធម្មជាតិ​សម្រាប់​ទីក្រុង​នៃ​ប្រទេស​កម្ពុជា ដែល​ជា​កន្លែង​ទេសចរណ៍​ត្រូវការ និង​ទាមទារ​ឲ្យ​មានការ​ផ្សព្វផ្សាយ​យល់​ដឹង​ទាំង​អស់​គ្នា​ទាក់ទង​ទៅនឹង​បទ​ប្បញ្ញា​ត្តិ ដែល​មាន​ការ​ឯកភាព​គ្នា​»​។

ទន្ទឹមនឹង​ភាព​ខ្វះខាត​ផ្នែក​បច្ចេកទេស និង​គុណភាព​អគារ លោក វ៉ាត ក៏​បាន​សរសើរ​អគារ​មួយ​ចំនួន ដែល​មាន​ការ​ឌីហ្សាញ​ដោយ​រក្សា​ទុក​ចន្លោះ​ខ្យល់​ចេញ​ចូល និង​គិតពី​ទីធ្លារ​សួន​ច្បារ និង​ទីធ្លា​រហាត់​កីឡា​។

លោក សន សៀប ស្ថាបនិក និង​ជា​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Key Real Estate បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ អចលនទ្រព្យ​ថា អនុក្រឹត្យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​កំណត់​ទីតាំង​របស់​អគារ ប៉ុន្ដែ​កម្ពស់​អគារ​នេះ​មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ឡើយ​។ រហូត​មក​ដល់​ពេល​នេះ​ក្រសួង​បាន​បង្ហាញ​ប្លង់​កម្ពស់​នៅ​ម្តុំ​ព្រះបរម​រាជវាំង វិមាន​ឯករាជ្យ អាកាស​យានដ្ឋាន ដែល​ជា​កន្លែង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សាងសង់​អគារ​ខ្ពស់ៗ​។

លោក​បាន​មាន​ប្រសាសន៍​ថា​ ៖ «ការ​សាងសង់​ត្រូវតែ​ស្ថិត​នៅ​ចន្លោះ​ពី ៣០០ ទៅ៥០០​ម៉ែត្រ ពី​កន្លែង​សម្គាល់​ទាំង​នោះ»​។

លោក សេង ឡូត មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ពុំ​អាច​សុំ​ធ្វើការ​អធិប្បាយ​ពន្យល់​បាន​ទេ​នៅ​ក្នុង​ដើម​សប្តាហ៍​នេះ ប៉ុន្តែ​លោក​ធ្លាប់​បាន​ប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍​អចលនទ្រព្យ កាលពី​ខែសីហា​ឆ្នាំ​២០១៦​ថា [​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ក្រសួង​នៅ «​ពុំទាន់​មាន​ច្បាប់​» ឬ​សារាចរ​ណែនាំ​ដល់​ការ​សាងសង់​សំណង់​ថ្មីៗ ដែល​មាន​ទីតាំង​នៅ​ក្បែរៗ​ទីតាំង​សំខាន់ៗ រួម​ទាំង​រមណីយដ្ឋាន បូជនីយដ្ឋាន ទីតាំង​ឬ​សំណង់​បេតិភណ្ឌ​នៅ​ឡើយ​ទេ «​ប៉ុន្តែ​ក្រសួង​បាន​រៀបចំ​ការ​ប្រជុំ​ឯកភាព​គ្នា​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​» និង​អ្នក​ពាក់ព័ន្ធ​រួច​ហើយ​កាល​ពី​ពេល​កន្លង​មក​]៕

សំណង់​អគារ​ខ្ពស់​ដែល​ស្ថិត​នៅ​ក្បែរ​បូជនីយដ្ឋាន​សំខាន់ៗ​

​ថ្មីៗ​នេះ​ក្រុមហ៊ុន​វិនិយោគ​ឯកជន«4Season Construction» ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន បាន ប្រកាស​ពី​គម្រោង​សង់​ខុន​ដូ​កម្ពស់​៣៣​ជាន់ ថ្មី​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ នៅ​បណ្តោយ​ផ្លូវ​លេខ​២៩៤ កែង​នឹង​មហាវិថី​ព្រះ​នរោត្តម ដែល​មាន​ចម្ងាយ​ប្រហែល​២៥០​ម៉ែត្រ ពី​វិមាន​ឯករាជ្យ​។ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្នុង​សប្តាហ៍​នេះ គម្រោង​ខុន​ដូ​ដែល​បង្ហាញ​ពី​លទ្ធភាព​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២០។ តើ​អគារ​ខុន​ដូ​ដែល​មាន​កម្ពស់​៣៣​ជាន់ នេះ​អាច​សាងសង់​បាន​ទេ ខណៈ​មាន​ទីតាំង​នៅ​ក្បែរ​តំបន់​បូជនីយដ្ឋាន​វិមាន​ឯករាជ្យ​?

កាលពី​ឆ្នាំ​២០១៣ អគារ​សណ្ឋាគារ Landscape ធ្លាប់​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ប្រកាស​ឲ្យ​វាយ​ចោល​ជាន់​ខ្លះ ដោយ​សារ​តែ​មាន​ទីតាំង​ខ្ពស់​នៅ​ក្បែរ​ព្រះបរម​រាជវាំង​។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ មាន ការ​សាងសង់​អគារ​ខ្ពស់​បន្ថែម​ថ្មី​មួយ ទៀត​របស់​ក្រុមហ៊ុន​ឯកជន​នៅក្បែរ​ទីនោះ។ ករណី​នេះ មហាជន​បាន​ចោទ​ជា​សំណួរ​ថា តើ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គួរ​មាន​វិធានការ​យ៉ាង​ដូច​ម្តេច​?

បើ​តាម​ប្រសាសន៍​របស់​លោក ឡូត កាលពី​ខែ​សីហា ឆ្នាំ​២០១៦​ដដែល​បាន​ឲ្យ​ដឹង​ថា​៖ [«​ចំពោះ​ព្រះបរម​រាជវាំង ត្រូវ​បាន​កំណត់​ពី​អ័ក្ស​របស់​ព្រះបរម​រាជវាំង ក្នុង​កាំ​រង្វង់​៣០០​ម៉ែត្រ​នោះ គឺ​អនុញ្ញាត​ឲ្យ​ការ​សាងសង់​[​សំណង់​ថ្មី​]​មាន​កម្ពស់​តែ​១៤​ម៉ែត្រ​ទេ​។ ចំណែក​ក្នុង​ចន្លោះ​កាំ​រង្វង់​លើសពី ៣០០​ម៉ែត្រ ដល់​៥០០​ម៉ែត្រ អនុញ្ញាត​ឲ្យ​មាន​កម្ពស់​តែ ២៥​ម៉ែត្រ​តែ​ប៉ុណ្ណោះ​»]៕

Source From : Khmer Post

 

Latest News

តបតាមការអញ្ជើញរបស់សមាគមភ្នាក់ងារអចលនវត្ថុប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៤-៦...

LATEST EXCLUSIVE LISTING

Land For Sale
Trapang Krasang,Porsenchey
USD 420.00/SQM
Land For Sale
Phnom Penh Thmei,Sen Sok
USD 285.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 150,000.00
Flat House For Sale
Boeng Salang,Tuol Kork
USD 398,000.00
Land For Sale
Phnom Penh Thmei,Sen Sok
USD 155,000.00

CVEA MEMBERS