100 houses harkens back to Molyvann glory days

Languages

banner realestate

CVEA-Website-homepage-ad

591

vtrust

premuim housing

 
លោក សុខ ណា អ្នក​រស់នៅ​ក្នុង​តំបន់​បុរី​មួយ​រយ​ខ្នង​បង្ហាញ​ពី​ផ្ទះ​ដែល​ត្រូវ​បាន​កែប្រែ​តែ​នៅ​រក្សា​ភាព​ដើម​។ ហុង មិនា

បន្ទាប់ពី​សម័យ​ខ្មែរ​ក្រហម​រយៈពេល​ជិត​ ៤ ​ឆ្នាំ​ប្រទេស​កម្ពុជា​បាន​បាត់បង់​នូវ​ធនធាន​មនុស្ស​រួម​ទាំង​ខឿន​វប្បធម៌ និង​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​សម្បើម​នៅ​ក្នុង​ប្រទេស ​ជាពិសេស​ សំណង់​អគារ​ស្ថាបត្យកម្ម​មួយ​ចំនួន​ត្រូវ​បាន​កម្ទេច និង​មួយ​ចំនួន​ទៀត​ដែល​នៅ​សេសសល់​ប្រជាជន​អាច​ចូល​ទៅ​រស់នៅ​បាន​សា​ជាថ្មី​។

ដោយឡែក​ សម្រាប់​ក្រុម​សំណង់​បុរី​ ១០០ ​ខ្នង​ដែល​ជា​ស្នាដៃ​ដ៏ល្អ​ឯក​មួយ​របស់​កំពូល​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ ដែល​ទើប​ទទួល​មរណភាព​កាលពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​ស្នាដៃ​របស់​លោក​មិន​ឃ្លាត​ឆ្ងាយ​ពី​ជន​កម្ពុជា​នោះ​ទេ ទំនង​ជា​ដូច​ពាក្យ​ចាស់​បុរាណ​បាន​ពោល​ថា «​ទូក​ទៅ​កំពង់​នៅ​!»​។

គេហដ្ឋាន​តាម​លំនាំ​ផ្ទះ​ខ្មែរ​បុរាណ​ទាំង​នោះ​គឺជា​សំណង់​ស្ថាបត្យកម្ម​ដែល​នៅ​សេសសល់​ភាគច្រើន​បង្គួរ​នោះ​គឺ​ស្នាដៃ​រចនា​ម៉ូដ​របស់​លោក វណ្ណ ម៉ូលីវណ្ណ ​ដែល​ជា​បិតា​ស្ថាបត្យករ​ខ្មែរ​ល្បីល្បាញ​បន្សល់​ទុក​កាលពី​សម័យ​សង្គម​រាស្ត្រនិយម​ដែល​កាល​នោះ​គេ​ស្ថាបនា​សាងសង់​សម្រាប់​ឲ្យ​មន្ត្រី​រាជការ​រស់នៅ​មាន​រួម​ទាំង​សំណង់​អគារ​ប៊ុលឌីងស ដែល​ទើប​វាយ​ចោល​ក្រោយពី​មាន​ការ​វិនិយោគ​ពី​ជនជាតិ​ជប៉ុន​។ ចំពោះ​សំណង់​រោងកុន​ចាស់ៗ​មួយ​ចំនួន​ត្រូវ​បាន​ផ្លាស់ប្តូរ​រូបរាង រីឯ​បុរី​ ១០០ ​ខ្នង​ដែល​ស្ថិត​នៅ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ក៏​មាន​ការ​ផ្លាស់​ជាច្រើន​ផង​ដែរ​ហើយ​នៅ​មាន​សំណង់​ស្ថាបត្យកម្ម​ផ្សេងៗ​ទៀត​ជាច្រើន​។

ទោះបី​ជា​ចំនួន​ផ្ទះ​ជាង​ពាក់កណ្តាល​នៅ​ក្នុង​បុរី​ ១០០ ​ខ្នង ត្រូវ​បាន​ផ្លាស់ប្តូរ និង​កែច្នៃ​ក៏ដោយ ក៏​ជា​ទូទៅ​សំណង់​ផ្ទះ​ទាំង​នោះ​ត្រូវ​បាន​ម្ចាស់​ផ្ទះ​រក្សារ​នូវ​ទម្រង់​ស្នាដៃ​ស្ថាបត្យកម្ម​ល្អ​ឯក​ទាំង​នោះ​ដដែល​ដោយ​គោរព​ស្នាដៃ​រចនា​ដោយ​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ​។

លោក សុខ ណា ជា​ប្រជាជន​ដែល​រស់នៅ​ផ្ទះ​លេខ​ (៥៨) ​នៅ​ភូមិ​បុរី​ ១០០ ​ខ្នង បាន​ប្រាប់​ពី​ស្ថានភាព​របស់​ផ្ទះ​បុរី​ ១០០ ​ខ្នង​នេះ​បាន​ឲ្យ​ដឹង​ថា​សំណង់​ផ្ទះ​ភាគច្រើន​ត្រូវ​បាន​រចនា និង​ផ្លាស់ប្តូរ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ម្ចាស់​ផ្ទះ​នីមួយៗ​។ មនុស្ស​ចំណូល​ថ្មី​បាន​ចូល​មក​រស់នៅ​ទី​នេះ​ច្រើន​ជាង ៧០ ​ភាគរយ ប៉ុន្តែ​សុវត្តិភាព និង​បរិយាកាស​នៅ​រក្សា​បាន​ល្អ​ដដែល​។

លោក​ប្រាប់​ថា៖ «​ដោយ​សំណង់​បុរី​ ១០០ ​ខ្នង​នេះ​បាន​រចនា​ឡើង​ដោយ​លោកតា វណ្ណ ម៉ូលីវណ្ណ ក្នុង​ឆ្នាំ​ ១៩៦៥ ហើយ​ខ្លះ​មាន​ភាព​ទ្រុឌទ្រោម​បន្ទាប់ពី​សម័យ​សង្គ្រាម ដូច្នេះ​នៅពេល​ដែល​ប្រជាជន​មាន​លុយ ឬ​អ្នក​ចំណូល​ថ្មី​ចូល​មក​កាន់​ទី​នេះ​សំណង់​បុរី​ចាស់ៗ​នេះ​ត្រូវ​បាន​វាយចោល​សាងសង់​ជា​ផ្ទះ​សម័យ​ថ្មី​លើ​ទឹកដី​ចាស់​»​។

ស្ថិត​នៅក្នុង​ផ្ទះ​ដែល​មាន​ទំហំ​ក្រឡា​ផ្ទៃ​ប្រមាណ​ ៨០ ​ម៉ែត្រការ៉េ​ដែល​មាន​បន្ទប់​ទឹក ចង្គ្រាន​បាយ បន្ទប់​គេង​ ២ (​តូច​ ១ ធំ​ ១) និង​ជណ្តើរ​ចេញ​ចូល​ ២ ​ផ្សេង​គ្នា​ដែល​មាន​រនាប និង​ធ្នឹម​ដំបូល​ជា​ក្តារ​ឈើ ក្បឿង​ដីឥដ្ឋ​ប្រក់​ដំបូល​គឺ​នៅ​មាន​សភាព​រឹងមាំ​បង្គួរ និង​មាន​របង​ព័ទ្ធ​ជុំវិញ​យ៉ាង​មាំ​។ គម្រោង​បុរី​ ១០០ ​ខ្នង គឺ​មាន​ ២ ​ប្លុក បណ្តុំ​ផ្ទះ​ ៦០ និង​ផ្ទះ​ ៤០ ​ខ្នង​។

ទោះ​ជា​យ៉ាង​ណា​តំបន់​នេះ​មិន​ដែល​ធ្លាប់​មាន​ការ​ពិភាក្សា​វិនិយោគ​ពី​ក្រុមហ៊ុន​នានា​ទេ​លោក​បាន​បន្ត​ថា៖ «​សំណង់​ផ្ទះ​នេះ​នៅ​មាន​ភាព​ប្រសើរ ប្រសិន​មាន​ការ​ថែទាំ​ត្រឹមត្រូវ ប៉ុន្តែ​ប្រជាជន​ជាង​ពាក់កណ្តាល​បាន​ផ្លាស់ប្តូរ​រូបរាង​ផ្ទះ​ជាថ្មី ដើម្បី​ចៀសវាង​ហានិភ័យ​ដែល​អាច​កើត​មាន​ដោយ​យថាហេតុ​»​។

ក្នុង​គម្រោង​បុរី​ ១០០ ​ខ្នង ការ​ឌីហ្សាញ​ផ្ទះ​មាន​ភាព​ខុស​គ្នា​ត្រង់​ឆ្លាស់​លយ ទៅ​មុខ និង​ទៅ​ក្រោយ​ទៅ​តាម​ប្លង់​ផ្ទះ​នីមួយៗ​។

លោក​បន្ត៖ «​ផ្ទះ​ខ្ញុំ​លយ​មក​មុខ តែ​មាន​ទីធ្លា​នៅ​ខាង​ក្រោយ​សម្រាប់​ឲ្យ​ខ្យល់​ចេញ​ចូល​បាន​ប្រកប​ដោយ​បរិយាកាស​បរិសុទ្ធ ហើយ​ខ្ញុំ​កោតសរសើរ​ការ​រចនា​នេះ​គឺ​មាន​ការ​គិតគូរ​ច្រើន​ពី​ខ្យល់​ដកដង្ហើម​ក្នុង​ការ​រស់នៅ​»​។

ដោយសារ​សំណង់​ចាស់ និង​ខ្យល់​បក់​ខ្លាំង​លោក​បាន​កែច្នៃ​ធ្វើ​បន្ថែម​ផ្នែក​ខាង​ក្រោម​នៅ​ឆ្នាំ​ ១៩៩១ ដោយសារ​នៅ​ពេល​ដែល​មាន​ខ្យល់​បក់​ម្តងៗ​មាន​សភាព​មិន​រឹងមាំ​។

លោក​បាន​ឲ្យ​ដឹង​​ថា៖ «​ទោះបី​ជា​គ្រួសារ​ខ្ញុំ​បាន​ច្នៃ​បន្តិច​បន្តូច ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​នៅ​ពេល​ដែល​មាន​ការ​វាយចោល​ទាំង​ស្រុង​ដើម្បី​យក​ដី​ធ្វើ​សំណង់​ផ្ទះ​ថ្មី​»​។

ទន្ទឹម​នឹង​ម្ចាស់​ផ្ទះ​ខ្លះ​រក្សា​ទុក​សំណង់​ដើម​ដោយ​មិន​ទាន់​មាន​ការ​សាងសង់​អ្វី​នៅ​ឡើយ គំរូ​ផ្ទះ​ និង​លេខ​ផ្ទះ​មាន​ការ​កំណត់​ត្រឹមត្រូវ​ដូច​ទម្រង់​អក្សរ​ (V)​។ ភាគច្រើន​នៃ​អ្នក​រស់នៅ​ទី​នេះ​ជា​អ្នក​ធ្វើការ​ហើយ​អ្នក​រកស៊ី​មិន​អាច​រស់នៅ​ទីនេះ​ទេ​ពីព្រោះ​ស្ងាត់​ និង​មិន​មាន​មនុស្ស​ចេញ​ចូល​ច្រើន​។

លោក សុខ ណា បន្ត​ថា៖ «​សព្វ​ថ្ងៃ​នេះ​យើង​មាន​កម្មសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​នេះ​ និង​អាច​លក់​បាន​ដោយ​អ្នក​ខ្លះ​បាន​លក់​ទៅ​នៅ​កន្លែង​ផ្សេងៗ ហើយ​អ្នក​ខ្លះ​ទៀត​បាន​រុះរើ ឬ​កែច្នៃ​ថ្មី​។ ខ្ញុំ​គិត​ថា​មាន​ប្រជាជន​តិច​ណាស់​នៅ​រក្សា​រូបរាង​ទម្រង់​ចាស់​ពីព្រោះ​ផ្ទះ​មួយ​នេះ​អាច​មាន​តម្លៃ​ទៅ​ដល់​ ៤០ ​ម៉ឺន​ដុល្លារ​សព្វ​ថ្ងៃ​»​។

អស់​រយៈពេល​ ៣០ ​ឆ្នាំ​ហើយ​ដែល​លោក​ សុខ ណា រស់នៅ​ភូមិ​បុរី​​ ១០០ ​ខ្នង​នេះ​។ «​ការ​រស់នៅ​ទី​នេះ​មាន​សុវិត្ថភាព​តាំងពី​ខ្ញុំ​រស់នៅ​ជាង​ ៣០ ​ឆ្នាំ​ហើយ​អត់​ដែល​មាន​បញ្ហា​អ្វី​ឡើយ ទាំង​សន្តិសុខ​ដែល​មាន​ក្មេង​ពាល​អាវាសែ​ណា​មក​ដល់​ទី​នេះ​ទេ​»​។

លោក​រៀបរាប់​ថា៖ «​សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​ការ​សោកស្តាយ​ចំពោះ​ទឹកដៃ​របស់​គាត់ ប៉ុន្តែ​មួយ​ទៀត​គឺ​យើង​គិត​ពី​សុវិត្ថភាព​នៃ​ការ​រស់នៅ​របស់​ប្រជាជន​។ បើ​មាន​ឱកាស ខ្ញុំ​ចង់​ធ្វើ​ផ្ទះ​មួយ​ដែល​សាមញ្ញ​មិន​គិត​ពី​ម៉ាស៊ីនត្រជាក់​ដូច្នេះ ឬ​ទិញ​ផ្ទះ​នេះ​មួយ​ទៀត​ដើម្បី​រក្សា​ភាព​ដើម​របស់​សំណង់​»​។

លោក​ធ្លាប់​មាន​ការ​ណែនាំ​ដើម្បី​ចាកចេញ​ទៅ​ទិញ​នៅ​កន្លែង​ផ្សេង ប៉ុន្តែ​លោក​នៅ​មាន​គំនិត​មួយ​ដែល​មិន​អាច​ផ្លាស់ប្តូរ​ពី​នេះ​បាន​ទេ​ដោយសារ​ការ​រស់នៅ​ទីនេះ​មាន​សុវិត្ថភាព បរិស្ថាន​ល្អ​ (​មិន​មាន​ផ្សែង​) និង​អ្នក​រស់នៅ​ជិត​ខាង​មាន​ភាព​ប្រសើរ​រវាង​គ្នា​។

ដោយ​ការ​រស់នៅ​ប្រកប​ដោយ​សុខដុមរមនា​ជា​លក្ខណៈ​គ្រួសារ​ធំ​លោក​បាន​បន្ថែម​ថា៖ «​ខ្ញុំ​ស្រលាញ់​ទឹកដី​របស់​លោកតា វណ្ណ ម៉ូលីវណ្ណ ណាស់ និង​គ្រប់​ស្នាដៃ​ទាំងអស់​ហើយ​ខ្ញុំ​មិន​ដែល​ចាប់​អារម្មណ៍​សំណង់​បុរី​ថ្មីៗ​ពីព្រោះ​គ្មាន​ទីធ្លា​ និង​បរិស្ថាន​ជុំវិញ​»​។

ចំណែក​អ្នកស្រី ម៉ុម ស៊ីណាត ជា​ប្រជាជន​ដែល​រស់​ផ្ទះ​លេខ​ (២៦) ​នៅ​បុរី ​១០០ ​ខ្នង​តាំងពី​ឆ្នាំ​​ ១៩៧៩ បាន​ឲ្យ​ដឹង​ថា «​ផ្ទះ​របស់​ខ្ញុំ​នៅ​តែ​រក្សា​សភាព​ដើម ហើយ​កូនចៅ​រស់នៅ​ទីនេះ​មាន​ជាង​ ១០ ​នាក់ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​មាន​ការ​កសាង​ថ្មី​ជាច្រើន​ហើយ​ពួក​ខ្ញុំ​ក៏​ចង់​ជួសជុល​ឲ្យ​វា​ស្រួល​ជាង​នេះ​ដែរ​»​។

ដោយ​ការ​ស្រលាញ់​ និង​ចង់​អភិរក្ស​ផ្ទះ​នេះ​ទើប​អ្នកស្រី​រក្សា​ទម្រង់​ដើម​រហូត​ដល់​សព្វ​ថ្ងៃ​។ ប៉ុន្តែ​អ្នកស្រី​ប្រាប់​ថា​៖ «​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​បើ​ភ្លៀង​ខ្លាំង​មាន​ការ​លិច​នៅ​ផ្នែក​ខាង​ក្រោម​ផ្ទះ​ដោយសារ​មាន​សំណង់​ផ្ទះ​ដែល​សាងសង់​ថ្មី​ខ្ពស់​ជាង​ផ្ទះ​របស់​ខ្ញុំ​»​។

ដោយ​សំណង់​ផ្ទះ​នៅ​ជុំវិញ​បាន​សាងសង់​ជា​លំនៅឋាន​ធំៗ​ដែល​ធ្វើឲ្យ​ផ្ទះ​ដែល​រក្សា​ទម្រង់​ចាស់​មួយ​ចំនួន​ពិបាក​ក្នុង​ការ​រស់នៅ​នៅ​ពេល​ទឹក​លិច​ក្រោយ​ពេល​ភ្លៀង​ខ្លាំង​។

អ្នកស្រី​ប្រាប់​ថា៖ «​ខ្ញុំ​មិន​មាន​បំណង​លក់​ទី​នេះ ហើយ​មិន​ទៅ​រស់នៅ​ផ្ទះ​ដែល​មាន​ភាព​តូច​ចង្អៀត​ដូច​បុរី​សព្វ​ថ្ងៃ ប៉ុន្តែ​ខ្ញុំ​ចង់​ជួសជុល​វា​ដើម្បី​ការពារ​ផ្ទះ​កុំ​ឲ្យ​មាន​ភាព​ពុកផុយ និង​ធ្វើឲ្យ​វា​ថ្មី​»​។

តាម​ប្រសាសន៍​របស់​ចៅសង្កាត់​ទឹកថ្លា​លោក ហង្ស សុខុម បាន​ឲ្យ​ដឹង​ថា៖ «​ខ្ញុំ​កោតសរសើរ​សំណង់​ផ្ទះ​បុរី​ ១០០ ​ខ្នង​ដែល​បាន​សាងសង់​យ៉ាង​ប្រណីត​ និង​បាន​បន្សល់​ទុក​ដល់​ប្រជាជន​ជំនាន់​នេះ​ដើម្បី​រស់នៅ​»​។

លោក សុខុម បាន​ទទួល​ស្គាល់​ថា​សំណង់​ផ្ទះ​ខ្លះ​មាន​ភាព​ចាស់ ហើយ​មិន​មាន​ជា​បញ្ហា​អ្វី​ទេ​នៅ​ពេល​ដែល​ប្រជាជន​បាន​កែច្នៃ​បន្តិចបន្តួច ប៉ុន្តែ​វា​ជា​ការ​ល្អ​ប្រសិន​បើ​ពួកគាត់​រក្សា​បាន​នូវ​ស្ថាបត្យកម្ម​នេះ​។

លោក​បន្ថែម​ថា៖ «​ក្នុង​ន័យ​អភិវឌ្ឍ បើ​ប្រជាពលរដ្ឋ​ចង់​អភិវឌ្ឍ ឬ​ដោះដូរ​តាម​សេដ្ឋកិច្ច​គ្រួសារ​របស់​គាត់ យើង​មិន​អាច​ហាមឃាត់​គាត់​បាន​ពីព្រោះ​ផ្ទះ​នីមួយៗ​មាន​ប្លង់​កាប់​កម្មសិទ្ធិ​ដី​»​។

អតីត​និស្សិត​សកលវិទ្យាល័យ​បញ្ញាសាស្ត្រ​ផ្នែក​ស្ថាបត្យកម្ម​លោក ពុំ មាសបណ្តូល ក៏​មាន​ចំណាប់​អារម្មណ៍​លើ​ផ្ទះ​ចាស់ៗ​ទាំង​នេះ​ដែរ​។ លោក​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ​ថា​ការ​គូស​គំនូរ​ជា illustration ពី​សំណង់​ស្ថាបត្យកម្ម​ចាស់​បង្កប់​ដោយ​ភាព​រស់រវើក​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​បន្ទាប់ពី​មាន​ការ​លើក​ទឹកចិត្ត​ពី​មិត្តភក្តិ និង​អ្នក​នៅ​ជុំវិញ​។

លោក បណ្តូល បន្ត​ថា៖ «​បន្ទាប់ពី​ការ​ស្រាវជ្រាវ​ពី​សំណង់​ស្ថាបត្យកម្ម​ពី​ស្ថាបត្យករ​ចាស់ ខ្ញុំ​បាន​ចាប់​អារម្មណ៍​ស្នាដៃ​របស់​លោកតា​ វណ្ណម៉ូលីវណ្ណ ​ពីព្រោះ​សំណង់​នីមួយៗ​មាន​ការ​គិតគូរ​លើ​ការ​រស់នៅ​របស់​ប្រជាជន​ដោយ​មាន​ស្រះ​ទឹក ពន្លឺ បរិវេណ​សួនច្បារ​ដែល​អាច​នាំ​ខ្យល់​ចេញ និង​ចូល​បាន​ល្អ​»​។

លោក​បន្ត​ទៀត​ថា​ក្នុង​ចំណោម​ស្ថាបត្យកម្ម​សម័យ​ទំនើប​កាលពី​សម័យ​សង្គមរាស្ត្រនិយម ស្នាដៃ​របស់​លោក វណ្ណ ម៉ូលីវណ្ណ មាន​ការ​រចនា​ខុស​គ្នា​ទៅ​តាម​មុខងារ​របស់​អគារ​។ ឧទាហរណ៍ ៖ សំណង់​ផ្ទះ​បុរី​ ១០០ ​ខ្នង​ដែល​ផ្ទះ​នីមួយៗ​មាន​លក្ខណៈ​ឆ្លាស់​គ្នា​ធ្វើឲ្យ​មាន​លំហ​ខ្យល់​ចេញ​ចូល​ល្អ និង​រក្សា​ទីធ្លា​សួន​ខាង​មុខ ឬ​ខាងក្រោយ​ផ្ទះ​។

លោក បណ្តូល បន្ថែម​ថា៖ «​ខ្ញុំ​ធ្វើ​គំនូរ​នេះ​ឡើង​ដើម្បី​រក្សា ចងក្រង និង​រំឭក​ដល់​ស្នាដៃ​របស់​ស្ថាបត្យករ​ជនជាតិ​ខ្មែរ​ឆ្នើមៗ​សម្រាប់​ជា​ឯកសារ​ដល់​អ្នក​ស្រាវជ្រាវ​នៅ​ថ្ងៃ​អនាគត​»៕

គម្រោង​ប្លង់​ផ្ទះ​មួយ​ក្នុង​ចំណោម​ផ្ទះ​មួយ​រយ​ដែល​ស្ថិត​នៅ​លើ​ផ្ទៃដី​ជាង​ ៧ ​ហិកតា ដែល​ស្ថិត​នៅ​ចន្លោះ​ផ្លូវ​រថភ្លើង និង​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង ហើយ​ការ​រចនា​សំណង់​ក្នុង​ឆ្នាំ​ ១៩៦៥ ​នេះ​ស្ថិត​ក្រោម​ការ​រៀបចំ​ប្លង់​របស់​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ​។

បើ​យោង​តាម​គំរូ​ប្លង់​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​គម្រោង​ វណ្ណ ម៉ូលីវណ្ណ (www.vannmolyvannproject. org) សំណង់​ផ្ទះ​នេះ​មាន​កម្ពស់​មួយ​ជាន់​ដែល​ចែកចេញ​ជា​ពីរ​ផ្នែក​ធំៗ​គឺ​បរិវេណ​ចង្គ្រាន​បាយ និង​បង្គន់ និង​បរិវេណ​បន្ទប់​គេង និង​បន្ទប់​ទទួល​ភ្ញៀវ​។ សំណង់​ផ្ទះ​នេះ​ធ្វើ​ឡើង​ពី​ស៊ីម៉ង់ត៍ និង​ឈើ​ដែល​មាន​ដំបូល​រាង​ជា​មួក​របស់​ទាហាន [​ខុស​ពី​ការ​រចនា​របស់​ផ្ទះ​ខ្មែរ​បុរាណ​]​។

ជាន់​ផ្ទាល់​ដី ៖ ការ​រចនា​ជាន់​ផ្ទាល់​ផ្ទៃដី​របស់​ផ្ទះ​នីមួយៗ​មាន​ទីធ្លា​ក្រោម​ផ្ទះ​ដែល​បង្កប់​នូវ​ជណ្តើរ​ពីរ​ច្រក​ចូល​តាម​ផ្ទះបាយ និង​បន្ទប់​ស្នាក់នៅ​។

ជាន់​ទី​មួយ ៖ ផ្ទះ​ដែល​មាន​ផ្ទៃក្រឡា​ប្រមាណ​ ៨០ ​ម៉ែត្រ​ការ៉េ​នេះ​មាន​ការ​រចនា​ដូចៗ​គ្នា​ដោយ​ចែក​ដាច់​នូវ​បន្ទប់​ផ្សេងៗ​គ្នា​ដូចជា​បន្ទប់​ស្នាក់នៅ​តូច និង​ធំ បន្ទប់​ចង្ក្រាន​បាយ និង​បង្គន់​ដែល​សិ្ថត​ជាប់​នឹង​ចង្ក្រាន​បាយ ប៉ុន្តែ​ផ្នែក​នេះ​ត្រូវ​មាន​ទីធ្លា​សាងសង់​ទាប​ជាង​បន្ទប់​ស្នាក់នៅ​ដែល​ជា​គោល​គំនិត​របស់​ជនជាតិ​ខ្មែរ​ពី​បុរាណកាល​មក​។

ផ្នែក​បង្អួច និង​ទ្វារ ៖ បង្អូច និង​ទា្វរ​មាន​ទំហំ​ធំ និង​រូបរាង​ប៉ុន​គ្នា​ដែល​សាងសង់​ឡើង​ពី​ឈើ​។

ផ្នែក​ដំបូល ៖ ដំបូល​នៃ​ផ្ទះ​នីមួយៗ​មាន​រូបរាង​ដូច​គ្នា​ដែល​មាន​ដៃរណែង​ផ្គុំ​ពី​ឈើ និង​ដំបូល​ប្រក់​ក្បឿង​ដ៏ប្រណីត​មាន​រូបរាង​ជា​មួក​ទាហាន​ដែល​អាច​រក្សា​ខ្យល់​ចេញ និង​ចូល​បាន​ងាយស្រួល​។

សំណង់​ផ្ទះ​នីមួយៗ​មាន​របង​ដោយ​ខ្លួន​ដែល​បាន​បន្សល់​ទុក​នៅ​ទីធ្លា​ខាង​មុខ ឬ​ខាង​ក្រោយ​ផ្ទះ [​ក្នុង​រចនាប័ទ្ម​ឆ្លាស់​គ្នា​ពី​មួយ​ទៅ​មួយ​] ហើយ​ផ្លូវ​ចូល​ច្រក​ផ្ទះ​នីមួយៗ​ហ៊ុំព័ទ្ធ​ដូច​ខ្សែ​សីម៉ា​៕

Source From : Phnom Penh Post  

LATEST EXCLUSIVE LISTING

Land For Sale
Sangkat Pir,Mittakpheap
USD 2,300,000.00
Land For Sale
Preaek Pnov,Ponhea Leu
USD 290.00/SQM
Land For Sale
Krang Thnong,Porsenchey
USD 428,888.00
Land For Sale
Chorm Chao,Porsenchey
USD 128,888.00
Flat House For Sale
Boeng Keng Kang I,Chamkarmon
USD 698,800.00

CVEA MEMBERS