ស្តាប់​អ្នក​រស់នៅ​ខុនដូ​ទំនើប​ជំនាន់​ទី​ ១ ​នៅ​ភ្នំពេញ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ទិដ្ឋភាព​ទីក្រុង​ភ្នំពេញ​នៅ​ម្តុំ​កោះពេជ្រ​មើល​ពី​លើ​ខុនដូ​កាសា​។ មឿន ញាណ

ជាច្រើន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ការ​ជជែក​ពិភាក្សា ការ​ផ្សព្វផ្សាយ​ក៏​ដូចជា​ការ​ទិញ​លក់​ខុនដូ​យ៉ាង​ច្រើន​នៅក្នុង​រាជធានី-ភ្នំពេញ ខណៈ​មាន​ប្រជាជន​កម្ពុជា​តិចតួច​ប៉ុណ្ណោះ​បាន​ភ្លក្ស​រសជាតិ​ជីវិត​ពិត​នៅ​ក្នុង​ខុនដូ​ទំនើប​តាមរយៈ​ការ​រស់នៅ ឬ​ទៅ​សិក្សា​នៅ​បរទេស ប៉ុន្តែ​ចាប់​ពី​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៧ ​នេះ​មក​ម្ល៉េះ​គឺ​ចាប់ផ្តើម​មាន​តួលេខ​កើនឡើង​នៃ​ជនជាតិ​ខ្មែរ​មួយ​ចំនួន​បាន​ក្លាយ​ជា​ម្ចាស់​ខុនដូ ហើយ​បាន​សាកល្បង​រសជាតិ​ជីវិត​ខុនដូ​ដោយ​ផ្ទាល់​របស់​ពួកគេ​ពិតៗ​នៅ​កណ្តាល​រាជធានី​ចំណាស់​កន្លះ​សហសវត្សរ៍​នេះ​តែ​ម្តង​។

អ្នកស្រី ត. គឹម​លាន អាយុ​ ៧០ ​ឆ្នាំ និង​ស្វាមី​លោក ផូ ឪ អាយុ​ ៧៧ ​ឆ្នាំ​។ គូ​ស្វាមី​ភរិយា​វ័យ​ចំណាស់​មួយ​គូ​នេះ​កំពុង​រស់នៅ​យ៉ាង​សុខសាន្ត​តាម​ជីវភាព​ស៊ីវិល័យ​គឺ​ «​ជីវិត​ខុនដូ​» ​នៃ​អគារ​ថ្មី​សន្លាង​មួយ​នៅ​កណ្តាល​តំបន់​កោះពេជ្រ​នៃ​ដែនដី​សណ្តរ​ទន្លេ​ចតុមុខ​។ អ្នកស្រី​បាន​ថ្លែង​ទាំង​សប្បាយ​រីករាយ​ថា​៖ «​អូ​! ជីវិត​រស់នៅ​ក្នុង​ខុនដូ​កាសា​ (CASA Condo) នេះ​គឺ​មាន​ផាសុកភាព​ណាស់​។ ពួក​យើង​ពុំ​ធ្លាប់​ជួប​ទីកន្លែង​រស់នៅ​ណា​ល្អ​ប្រសើរ​បែប​ហ្នឹង​ទេ​»​។

ស្ត្រី​វ័យ​ចំណាស់​រូប​នេះ​បាន​បន្ត​ថា​នៅ​ទី​នេះ​មាន​ «​បរិយាកាស​ល្អ​ស្រស់ស្រាយ អគារ​ថ្មី​ស្អាត ទីធ្លា​សាធារណៈ​នៅ​ក្នុង​អគារ​នេះ​ក៏​ធំ​ទូលាយ​គួរសម រួម​ទាំង​ចំណត​យានយន្ត​ធំ​ទូលាយ​ដែរ​។ Casa គេ​មាន​ផ្តល់​សេវាកម្ម​ល្អៗ ការ​ណែនាំ​របស់​ពួកគេ​គឺ​ថា​បើ​យើង​ខ្វះខាត​អ្វីៗ ឬ​ត្រូវការ​ជំនួយ​អ្វីៗ​ពួកគេ​ជួយ​យើង​សព្វ​គ្រប់​ទាំងអស់​»​។

ទី​នេះ​មាន​សន្តិសុខ​សុវត្ថិភាព​ល្អ​គឺ​ចាប់​តាំងពី​ «​ពេល​ពួក​ខ្ញុំ​ងើប​ហាត់ប្រាណ​តាំងពី​ម៉ោង​ ៥ ​ព្រឹក យើង​ឃើញ​មាន​អ្នក​ចាំ​ជួយ​យើង រីឯ​ភ្នាក់ងារ​សន្តិសុខ​បាន​ដើរ​យាមកាម​នៅ​ជុំវិញ​ទីធ្លា​នេះ​ផ្តល់​ភាព​កក់ក្តៅ​តែ​ម្តង​»​។

ដោយ​ធ្លាប់​ឆ្លងកាត់​ដំណើរ​ជីវិត​មាន​ស្វាមី​ជា​មន្ត្រីរាជការ​ក្នុង​សង្គមចាស់ ​(​គឺ​មុន​សម័យ​សង្គ្រាម​ឆ្នាំ​ ១៩៧០) នៅ​ទីក្រុង​ប៉ៃលិន និង​ចាប់ផ្តើម​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​នៅ​ក្នុង​ឆ្នាំ​ ១៩៧៥ លុះ​ដល់​ចុង​ឆ្នាំ​នោះ​ដដែល​ទើប​ក្រុម​គ្រួសារ​របស់​អ្នកស្រី​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​។

បច្ចុប្បន្ន​កូនៗ​របស់​អ្នកស្រី​ទាំងអស់​មាន​ការងារ​ធ្វើ និង​មាន​ផ្ទះ​រស់នៅ​រៀង​ខ្លួន ខណៈ​អ្នកស្រី និង​ស្វាមី​ក៏​មាន​ភូមិគ្រឹះ​មួយ​ខ្នង​នៅ​សហរដ្ឋអាមេរិក​ដែរ​។

អ្នកស្រី​បន្ត​ថា៖ «​នៅ​ខុនដូ​កាសា​ដោយ​មាន​បរិយាកាស និង​គេ​ផ្តល់​សេវាកម្ម​ល្អ​ទាន់​ចិត្ត​បាន​ធ្វើឲ្យ​ពួក​ខ្ញុំ​ទាំង​ពីរ​នាក់​មាន​អារម្មណ៍​សុខដុមរមនា​ណាស់​។ អ្នក​ធ្វើការ​នៅ​ទី​នេះ​រួសរាយ​រាក់ទាក់​ពួកគេ​យក​ចិត្ត​ទុកដាក់​នឹង​យើង​ក៏​ដូចជា​ម្ចាស់​យូនីត​ផ្សេងៗ​ដែរ​»​។

មុន​ពេល​ទិញ Casa Condo អ្នកស្រី​ធ្លាប់​មាន​វិឡា​មួយ​ខ្នង​នៅ​ជិត​ពោធិចិនតុង​បន្ទាប់​មក​បាន​ទិញ​ខុនដូរ៉ូស (Rose Condo) ចំនួន​ពីរ​បីយូនីត​ដែរ​។ «​យូនីត​របស់​យើង​នៅ​ខុនដូរ៉ូស ឥឡូវ​នេះ​បាន​លក់​ចេញ​វិញ​អស់​ហើយ​ព្រោះ​ទី​នោះ​មាន​យូនីត​តូចៗ​ចង្អៀត សូម្បី​តែ​កន្លែង​ចត​រថយន្ត​ក៏​តូច​ចង្អៀត​ពិបាក​ដែរ​» នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នកស្រី គឹមលាន​។

នៅឯ​ជាន់​ទី​ ២១ ឯណោះ​វិញ​យុវជន​មួយ​រូប​ដែល​ជា​ម្ចាស់​យូនីត​ទំហំ​ ១១០ ​ម៉ែត្រការ៉េ​បាន​ឲ្យ​ដឹង​ថា​លោក​ទើប​តែ​បាន​មក​រស់នៅ​លើ​ខុនដូ​នេះ​កាលពី​ខែ​សីហា​កន្លង​មក​ថ្មីៗ​នេះ​ឯង​។

លោក វត្ថា លីយ៉ូនែល (Vutha Lionel) បាន​បើក​ទ្វារ​ឲ្យ​ចូល​មើល និង​ថតរូប​នៅ​ក្នុង​យូនីត​របស់​ខ្លួន​ដោយ​មាន​របស់របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ខ្លះ​នៅ​រាយប៉ាយ​នៅ​លើ​តុ និង​ចង្ក្រាន​បាយ​។ ចំណែក​នៅឯ​បន្ទប់​ទទួល​ភ្ញៀវ​វិញ​មាន​សាឡុង​វែង ទូតាំង រីឯ​នៅ​លើ​ជញ្ជាំង​ឃើញ​មាន​តាំង​ដោយ​ផ្ទាំង​គំនូរ​ពណ៌​រូប​មុខ​ព្រហ្ម​នៃ​ប្រាសាទ​បាយ័ន​មួយ​ផ្ទាំង តាមពិត​នៅ​ក្នុង​បរិវេណ​បន្ទប់​ទទួល​ភ្ញៀវ​ធំ​នេះ​អត់​មាន​បើកភ្លើង​ទេ ប៉ុន្តែ​មាន​ពន្លឺ​ចូល​មក​តាមរយៈ​ទ្វារ​បង្អួច​កញ្ចក់​ធំៗ​ដែល​បើក​ចំហ​វាំងនន​ទាំង​ស្រុង​នោះ​តែ​ម្តង​។

លោក លីយ៉ូនែល បាន​ឲ្យ​ដឹង​ថា៖ «​ខ្ញុំ​កើត និង​ធំ​ដឹង​ក្តី​នៅ​ក្រោម​ដំបូល​ផ្ទះ​តាម​ប្រពៃណី​ខ្មែរ​ដូច​គេ​ដូច​ឯង​។ ប៉ុន្តែ​នៅ​ពេល​ទៅ​សាលារៀន​ភាសា​បារាំង យើង​បាន​ដឹង​តិចតួច​អំពី​របៀបរបប​រស់នៅ​ខុនដូ​ខ្លះៗ​។ លុះ​ពេល​ធ្វើការ​ខ្ញុំ​សន្សំ​បាន​ប្រាក់​មួយ​ចំនួន​ធំ រួមទាំង​អ្នក​ម្តាយ​លោកឪពុក តែងតែ​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​រូបខ្ញុំ​ត្រូវ​ចេះ​រៀន​រស់នៅ​ដោយ​ខ្លួនឯង​ផង ទើប​យើង​ទាំងអស់​គ្នា​បាន​សម្រេច​ចិត្ត​ទិញ​ខុនដូ​នេះ​តែ​ម្តង​»​។

«​មាន​ការ​ខុស​ប្លែក​គ្នា​ជាច្រើន​ចំពោះ​រូប​ខ្ញុំ​ពី​មុន​យើង​រស់នៅ​ជួបជុំ​សមាជិក​គ្រួសារ​ជាច្រើន​នាក់​មាន​ភាព​អ៊ូអរ និង​ខ្ញុំ​មាន​តែ​បន្ទប់​មួយ​តូច​ល្មម​មួយ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ជួយ​ធ្វើការ​រៀបចំ​ផ្ទះ​ជាច្រើន​អន្លើ​។ ឥឡូវ​នៅ​ទី​នេះ​បន្ទប់​របស់​ខ្ញុំ​ធំ​ទូលាយ និង​ពុំ​មាន​អីវ៉ាន់​អ្វី​ច្រើន​ស្មុគស្មាញ​ទេ​»​។ នេះ​បើ​តាម​សម្តី​របស់​លោក លីយ៉ូនែល​។ «​បរិយាកាស និង​ទេសភាព​ស្អាត​ធំ​ល្វឹងល្វើយ​មើល​ពី​គ្រែ​គេង​របស់​ខ្ញុំ​ទៅ​លើ​ទីក្រុង​ភ្នំពេញ​រហូត​ដល់​ជួរ​ភ្នំ​នៅឯ​នាយ​ឆ្ងាយៗ វា​បាន​ធ្វើឲ្យ​ខ្ញុំ​រីករាយ​មែនទែន​។ វា​ក៏​បើក​ចំហ​ខួរក្បាល​របស់​យើង​ឲ្យ​មាន​វិសាលភាព​កាន់តែ​ទូលំទូលាយ​សម្រាប់​ការ​គិត​អំពី​អនាគត​របស់​យើង​បាន​កាន់តែ​វែង​ឆ្ងាយ​ជាង​មុន​ដែរ​»​។

ដោយ​ធ្វើការ​ជា​បុគ្គលិក​នៃ​សាខា​ក្រុមហ៊ុន Century21 Cambodia ជាច្រើន​ឆ្នាំ លោក លីយ៉ូនែល បាន​មើល​ឃើញ​ពី​សក្តានុពល​ផ្នែក​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​យល់​ឃើញ​របស់​អ្នកស្រី គឹមលាន ដែរ ដោយ​អ្នកស្រី​ថ្លែង​ថា៖ «​ទៅ​ថ្ងៃ​អនាគត យើង​ពុំ​អាច​យក​ប្រាក់​ចំនួន​ប៉ុណ្ណេះ​ទិញ​បាន​ខុនដូ​ល្អ​បែប​នេះ​បាន​ទៀត​ទេ ហើយ​បើ​យើង​ចង់​លក់​វិញ​ក៏​អត់​ខាត​ដែរ​គឺ​ក្រុមហ៊ុន​គេ​ហ៊ាន​ទិញ​តាម​តម្លៃ​ដើម​វិញ​»​។

លោក លីយ៉ូនែល បញ្ជាក់​ថា៖ «​នៅ​ទី​នេះ​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​ធ្វើការ​ដូច​ខ្ញុំ​ច្រើន​ណាស់​គឺ​ទាំង​ទៅ​មក​ជិត​កន្លែង​ធ្វើការ​មាន​ផ្សារ​ទំនើបៗ​រួម​ទាំង​ផ្សារ​អេអនម៉ល ភោជនីយដ្ឋាន​ល្អៗ និង​ជា​ទី​ប្រជុំជន​សំខាន់ៗ​នានា​ជាដើម​។ ហើយ​វា​នឹង​មាន​អ្វីៗ​ល្អ​ជាង​នេះ​កើតឡើង​ច្រើន​ថែម​ទៀត​នៅ​ពេល​ខាង​មុខ​នេះ​»​។

ម្ចាស់​យូនីត Condo Casa នៅ​ជាន់​ទី​ ២៧ ​មួយ​រូប​ទៀត​គឺ​អ្នកនាង រ័ត្ន វ័យ​ជាង​ ៣០ ​ឆ្នាំ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ក៏​បាន​សម្រេច​ចិត្ត​ជ្រើសរើស​ជីវភាព​រស់នៅ​ថ្មី​តាម​ខុនដូ​ផង​ដែរ ថ្វីបើ​អ្នកនាង​មាន​គេហដ្ឋាន​មួយ​នៅ​មិន​ឆ្ងាយ​ពី​កណ្តាល​ទីក្រុង​ភ្នំពេញ​នេះ​ក៏ដោយ​។

«​ជម្រើស​ដំបូង​របស់​ខ្ញុំ​គឺ​អត់​ចង់​ទៅ​នៅ​ទីតាំង​ណា​ឆ្ងាយ​ពី​កណ្តាល​ក្រុង​ទេ​។ ទី​នេះ​ងាយស្រួល​ទៅ​មក​កន្លែង​ធ្វើការ​ជិត​ផ្សារ​ទំនើបៗ ហាង​ធំៗ និង​គេ​ (​ម្ចាស់​វិនិយោគ​ខុនដូ​) ​មាន​ផ្តល់​សេវាកម្ម​ជាច្រើន​បន្ថែម​ទៀត​មាន​ទាំង​ទីកន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក កន្លែង​ក្មេង​លេង ចំណត​យានយន្ត​ធំ​ទូលាយ អនាម័យ​ល្អ និង​ជាពិសេស​គឺ​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ផ្ទះ​តែ​ម្តង​»​។ នេះ​បើ​តាម​សម្តី​របស់​អ្នកនាង រ័ត្ន​។ «​ពេល​មកពី​ធ្វើការ​នឿយហត់​គ្រាន់តែ​មក​ដល់​យូនីត​ភ្លាម​រួច​បើក​បង្អួច​មើល​ទៅ​ទេសភាព​ទីក្រុង​ក៏​មាន​កម្លាំង​បាត់​ស្ត្រេស បាត់​ធុញទ្រាន់ គឺ​យើង​មាន​តែ​ភាព​ស្រស់ស្រាយ​មក​ជំនួស​វិញ នេះ​ហើយ​គឺជា​ជីវិត​រីករាយ​របស់​យើង​រស់នៅ​ក្នុង​ខុនដូ​ទំនើប​»​។

បុគ្គលិក​ជាន់​ខ្ពស់​ (​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​) ​នៃ​គម្រោង Casa Meridian បាន​ឲ្យ​ដឹង​ថា៖ «​បើ​តាម​តួលេខ​លក់​ខុនដូ​ជូន​អតិថិជន​នៅ​ក្នុង​គម្រោង​នេះ​ទាំង​មូល​ដែល​មាន​ចំនួន​ ៥០០ ​យូនីត​គឺ​មាន​ប្រមាណ​ ៥០ ​ភាគរយ​ជា​អតិថិជន​ខ្មែរ និង​សល់​ពី​នោះ​គឺ​ជនបរទេស​»​។

អ្នកស្រី តាក់ សុភី ប្រធាន​គ្រប់គ្រង​ផ្នែក​អចលនទ្រព្យ​នៃ​គម្រោង Olympia របស់​ក្រុមហ៊ុន OCIC ដែល​បាន​ចាប់ផ្តើម​ប្រគល់​យូនីត​ខុនដូ​របស់​ខ្លួន​ជូន​ទៅ​អតិថិជន​ចាប់​តាំងពី​ដើម​ឆមាស​ទី​ ២ នេះ​ដែរ​បាន​ឲ្យ​ដឹង​ថា៖ «​អតិថិជន​របស់​យើង​ភាគច្រើន​ជា​ខ្មែរ​គឺ​មាន​ប្រមាណ​ ៦០-៧០ ​ភាគរយ​នៃ​យូនីត​ទាំងអស់​នៅ​ក្នុង​គម្រោង​នេះ​»៕

Source From : Phnom Penh Post 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS