ខេត្ត​ព្រះសីហនុ​ រះ​ឡើង​ជាមួយ​នឹង​តម្លៃ​អចលនទ្រព្យ​ កើន​លើស​ពី​ទ្វេ​ដង

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ស្លាក​ដាក់​លក់​ដី​មួយ​នៅ​ក្បែរ​គម្រោង​សំណង់​ធំ​មួយ​ដែល​កំពុង​ប្រញឹក​ដើម្បី​ឈាន​ទៅ​បញ្ចប់​ការ​សាង​សង់​របស់​ខ្លួន។ រូបថត មួង វណ្ណឌី

ការ​អភិវឌ្ឍ​ភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​កំណើន​នាំ​ការ​វិនិយោគ​របស់​ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​ខេត្ត​ជាប់​មាត់​សមុទ្រ​ដែល​ធ្លាប់​តែ​អ៊ូអរ​តែ​ពេល​ចុង​សប្តាហ៍​នេះ​ប្រែជា​គគ្រឹក​គគ្រេង និង​មាន​សន្ទុះ​អភិវឌ្ឍ​យ៉ាង​លឿន​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​។

អភិបាល​ខេត្ត​ព្រះសីហនុ​លោក យន្ត មីន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ចន្ទ​ថា ដោយ​សារ​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​វិនិយោគ​បាន​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​មាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស និង​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី និង​អចលនទ្រព្យ​ដទៃ​ទៀត​កើន​ឡើង​លើសពី​ទ្វេដង និង​កន្លែង​ខ្លះ​កើន​ឡើង​រហូត​ដល់​៤​ដង​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន​។

លោក​បន្ត​ថា ជាមួយ​នឹង​វត្តមាន​កាស៊ីណូ​កាន់​តែ​ច្រើន ខេត្ត​ព្រះសីហនុ​មាន​ជនជាតិ​ចិន​រស់នៅ និង​ភ្ញៀវ​ទេសចរ​ចិន​កើន​ឡើង​កាន់​តែ​ច្រើន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក​បន្តថា “​ខ្ញុំ​គិត​ថា​តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​នេះ​នឹង​កើន​ដល់​លក់​តម្លៃ​ថ្លៃ​នៅ​ពេល​ខាង​មុខ ប៉ុន្តែ​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អ្នក​មាន​ធនធាន ចូលមក​វិនិយោគ​សណ្ឋាគារ​នៅ​ខេត្ត​នេះ ព្រោះ​យើង​កំពុង​ខ្វះ​បន្ទប់​សម្រាប់​ភ្ញៀវ​ស្នាក់​នៅ​”​។

ខេត្ត​ព្រះសីហនុ ត្រូវ​បាន​អ្នក​ជំនាញ​សេដ្ឋកិច្ច​នានា​មើល​ឃើញ​សក្តានុពល​របស់​ខេត្ត​នេះ ដូចជា ការ​ភ្ជាប់​ផ្លូវ​រថភ្លើង​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​នេះ កំពង់ផែ​ទឹក​ជ្រៅ​មាន​ព្រលាន​យន្តហោះ​អន្តរជាតិ​ដែល​មាន​សកម្មភាព​កាន់តែ​សកម្ម និង​មាន​តំបន់​ឧស្សាហកម្ម​ធំ​ជាង​គេ​ទី​១​នៅ​កម្ពុជា​។

បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ សហគ្រាស​សរុប​ជាង​ ១១០ ​កន្លែង និង​មាន​ទុនវិនិយោគ​ ៣១០​ លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​បាន​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ១៦,០០០​ នាក់​។

លោក យន្ត មីន បាន​ថ្លែង​ថា “​ខ្ញុំ​ជឿជាក់​ថា​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ខេត្ត​ព្រះសីហនុ នឹង​នាំ​មុខ​ខេត្ត​សៀមរាប ដោយ​សារ​សក្តានុពល​ដ៏​សម្បូរ​បែប​របស់​ខេត្ត ខណៈ​ខេត្ត​សៀមរាប​ពឹង​ផ្អែក​តែ​លើ​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះ​”​។

អគ្គនាយក​ក្រុមហ៊ុន​ Khmer Foundation Appraisal​លោក​ឧកញ៉ា នួន រិទ្ធី បាន​ថ្លែង​ថា ដោយ​សារ​លំហូរ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កើន​ឡើង ការ​ធានា​បាន​នូវ​សន្តិសុខ ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច បាន​ធ្វើ​ឲ្យ​ខេត្ត ព្រះសីហនុ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ពិសេស​អចលនទ្រព្យ​ក្នុង​ខេត្ត​នេះ​កំពុង​កើន​ឡើង​ទ្វេដង ឬ​លើស​ពី​នេះ ជាក់​ស្តែង​ដី​នៅ​តំបន់​អូរត្រេះ ពី​មុន​មាន​តម្លៃ​ ៤០០​ បាន​កើន​ដល់​ ៨០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដីធ្លី​នៅ​ជាប់​មាត់​សមុទ្រ​ពីមុន​តម្លៃ​ ៨០០ ​ដុល្លារ បាន​កើន​ដល់ ១ ២០០​ ទៅ​ ១ ៥០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។

​ចំណែក​អគារ​ការិយាល័យ​ផ្ទះ​សំបែង សម្រាប់​ជួល​ក៏មាន​កំណើន​ទ្វេដង​ផង​ដែរ ដោយ​សារ​ការ​កើន​ឡើង​នៃ​តម្រូវការ​របស់​ជន​ជាតិ​ចិន​។

លោក​ឧកញ៉ា នួន រិទ្ធី​បាន​បន្ត​ថា “​ខេត្ត​ព្រះសីហនុ​ដូច​កូន​ក្រមុំ​មួយ​ដែល​មិន​ទាន់​ច្នៃ​អ៊ីចឹង និង​មិនទាន់​ទាញ​យក​អស់​សក្តានុពល​នៅ​ឡើយ​”​។

លោក​បន្ត​ថា “​ខេត្ត​នេះ​នឹង​ក្លាយ​ជា​កន្លែង​ផលិត​សម្រាប់​ចែក​ចាយ​ទៅកាន់​បណ្តា​ប្រទេស​ក្នុង​តំបន់​នាពេល​អនាគត លើ​សក្តានុពល​ជាច្រើន ដែល​មាន​ស្រាប់​នា​ពេល​បច្ចុប្បន្ន​នេះ​”​។

ទោះ​ជា​យ៉ាង​ណា​លោក ឡៅ ហេង​អ្នក​វិនិយោគ​សណ្ឋាគារ​អូរ​ឈើ​ទាល ក្នុង ក្រុង​ព្រះសីហនុ​បាន​សម្តែង​ការ​ប្រុង​ប្រយ័ត្ន​ពេល​លើក​ឡើង​ពី​ល្បឿន​នៃ​ការ​អភិវឌ្ឍ​របស់​ខេត្ត​នេះ ទោះ​ជា​មាន​ការ​ភ្ជាប់​ជើង​ហោះហើរ​កាន់​តែ​សកម្ម​ក្តី​តែ​វិស័យ​សណ្ឋាគារ នៅ​តែ​មិនសូវ​ល្អ​ប្រសើរ​ទេ​ហើយ​ចំណែក​សណ្ឋាគារ​ដែល​ចិន​ជួល​ធ្វើ​កាស៊ីណូ អាច​ឲ្យ​ភ្ញៀវ​ស្នាក់​នៅបាន ប៉ុន្តែ​ទាល់​តែ​ភ្ញៀវ​នោះ​ចូល​លេង​កាស៊ីណូ​របស់​ពួកគេ​សិន ទើប​មាន​បន្ទប់​សម្រាក​និន្នាការ​នេះ​ដូចគ្នា​នឹង​ទីក្រុង​ឡា​វេ​ហ្គាស់​សហរដ្ឋ​អាមេរិក​។

មើល​ឃើញ​វិស័យ​ទេសចរណ៍​រីក​ចម្រើន​ក្នុង​ល្បឿន​យឺតៗ​នេះ លោក ឡៅ ហេង បាន​សហការ​ជាមួយ​អ្នក​វិនិយោគ​ចិន​ប្រែ​ក្លាយ​សណ្ឋាគារ​របស់​លោក​ជា​កាស៊ីណូ​។

ទាក់ទង​នឹង​ស្ថានភាព​អចលនទ្រព្យ លោក ឡៅ ហេង បាន​ពន្យល់​ថា “​ការ​ឡើង​តម្លៃ​ដីធ្លី​នៅ​ខេត្ត​នេះ​ពិតជា​បាន​កើន​ឡើង​មែន​តែ​ដូចជា​ផ្អើលៗ​តាម​គ្នា ហាក់​ដូច​ជា​ពពុះ​សាប៊ូ​ច្រើន​ជាង ហើយ​ចរន្ត​នៃ​ការ​អភិវឌ្ឍ​បច្ចុប្បន្ន​ហាក់​ដូច​ជា​គ្មាន​អ្វី​ជា​ដុំ​កំភួន​ទេ​”​។

លោក​បន្ត​ថា “​ប្រសិនជា​មាន​ការ​វិនិយោគ​ធំៗ សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំៗ មិន​មាន​បញ្ហា​អ្វី​នោះទេ ប៉ុន្តែ​ខ្ញុំ​ខ្លាច​តែ​នយោបាយ​ចិន​ប្រែ​ប្រួល យើង​នឹង​មាន​បញ្ហា​”​។

លោក​បាន​បន្ត​ថា អ្វី​ដែល​បារម្ភ គឺ​ខ្លាច​តែ​របស់​ល្អ​ដែល​យើង​មាន តែ​យើង​គ្រប់គ្រង​មិនបាន​ទៅវិញ និង​ប្រសិន​ជា​មាន​បញ្ហា នឹង​ធ្វើ​ឲ្យ​ខេត្ត​នេះ​នឹង​មិន​មាន​អ្នក​វិនិយោគ​ល្អៗ​ចូលមក​ឡើយ តែ​ប្រសិន​ជា​អ្នក​វិនិយោគ​មាន​បំណង​ប្រែ​ក្លាយ​ខេត្ត​នេះ​ដូច​ជា ម៉ាកាវ និង​ផ្តោតលើ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរ​ភាពជា​រឿង​ល្អ​ប្រសើរ​។

ជា​អ្នក​គ្រប់គ្រង​សន្តិសុខ​ប្រចាំ​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ លោក​ឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​ឲ្យ​ដឹងថា បច្ចុប្បន្ន​សន្តិសុខ​សណ្តាប់​ធ្នាប់ ត្រូវ​បាន​ពង្រឹង​យ៉ាង​ល្អ​ប្រសើរ​ជា​បន្ត​បន្ទាប់ ដើម្បី​ធានា​នូវ​សន្តិសុខ​សម្រាប់​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ដែល​កើន​ឡើង​នៅ​ក្នុង​ខេត្ត​នេះ​។

លោក​បន្ត​ថា​ ជាមួយ​នឹង​ល្បឿន​នៃ​ការ​អភិវឌ្ឍ​នេះ ក្រុង​ព្រះសីហនុ​បច្ចុប្បន្ន​មាន​កាស៊ី​ណួ​កំពុង​ដំណើរ​ការ​ចំនួន​ ១៨ ​ទៅ​ ១៩​ កន្លែង និង​កាស៊ីណូ​ថ្មីៗ​មួយ​ចំនួន​ទៀត​ត្រៀម​នឹង​ដំណើរ​ការ​ដែល​ធ្វើ​ឲ្យ​ចំនួន​កាស៊ីណូ​ក្នុង​ខេត្ត​នេះ​នឹង​កើន​ដល់​ប្រមាណ​២៤​នៅ​ពេល​ខាង​មុខ​។

លោក​បន្ត​ថា “​បច្ចុប្បន្ន​ជនជាតិ​ចិន​ជាង ​៤ ០០០​ នាក់ កំពុង​រស់នៅ​ខេត្ត​នេះ​និង​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​ខេត្ត​នេះ​ក៏​កាន់​តែ​ច្រើន ប៉ុន្តែ​បញ្ហា​សន្តិសុខ សណ្តាប់​ធ្នាប់ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​យើង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ទាំង​ខ្មែរ និង​ជន​បរទេស​”​។

លោក​ណារិន្ទ​បាន​បន្ត​ថា ជាមួយ​នឹង​សន្ទុះ​នៃ​ការ​សាងសង់​អគារ​ខុនដូ និង​អគារ​ពាណិជ្ជកម្ម​នានា ចំនួន​កម្មករ​សំណង់​ទាំង​ជនជាតិ​ចិន និង​កម្ពុជា​ជាង​ ២ ០០០​ នាក់​កំពុង​ធ្វើ​ការ​ក្នុង​ខេត្ត​នេះ​៕

Source From : Phnom Penh Post  

CVEA MEMBERS