Baha’i House of Worship emerges in Battambang

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ទិដ្ឋភាព​ទូទៅ​នៃ​សំណង់​អគាសក្ការ​បូជា​របស់​សាសនា Baha'i នៅ​ក្នុង​ខេត្ត​បាត់ដំបង។ រូបថត សហការី

គម្រោង​សំណង់​អគារ​នៃ​ទី​សក្ការបូជា​សម្រាប់​សាសនា Baha’i បាន​លេច​ជា​រូបរាង​នៃ​សមទ្ធិ​ផល​តាម​ការ​ច្នៃប្រឌិត​យ៉ាង​ពិសេស​ជា​លើក​ដំបូង​តែ​មួយ​គត់​នៅ​ប្រទេស​កម្ពុជា ហើយ​ជាទី​សក្ការ​បូជា​ប្រចាំ​តំបន់​នេះ​នៃ​លើ​ពិភពលោក​បន្ទាប់ពី​មាន​ការ​សម្រេច​អនុញ្ញាត​ពី​សមាគម​ធម្មសភា​យុតិ្តធម៌​សកល​ដែល​ជា​ក្រុម​បឹក្សា​ភិបាល​នៃ​អង្គ​កំពូល​របស់​សាសនិក​សាសនា​នេះ និង​ការ​អនុញ្ញាត​ច្បាប់​ដោយ​រាជា​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​។

ខេត្ត​បាត់ដំបង ត្រូវ​បាន​ជ្រើស​ជាទី​តាំង​មួយ​សម្រាប់​សាងសង់​ស្ថាបត្យកម្ម​ក្នុង​រចនាប័ទ្ម​ថ្មី​ដ៏​កម្រ​មួយ​នេះ ស្របពេល​ដែល​មាន​អ្នក​គោរព​ប្រតិបត្តិ​សាសនា​នេះ​ច្រើន​ជាង​ពាក់​កណ្តាល​នៃ​អ្នក​ប្រតិបត្តិ​សាសនា ក្នុង​ចំណោម​ជាង​១២០០០​នាក់ នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​នេះ​។

យោង​តាម​លោក ហ៊ូ សុភាព អ្នក​គ្រប់​គ្រង​ទី​សក្ការ​បូជា​របស់​សាសនា Baha’i បាន​ឲ្យ​ដឹង​ថា ៖ «​យើង​មាន​សេចក្តី​សោមន្ស ដែល​បាន​សម្ពោធ​បើក​ទី​សក្ការ​បូជា Baha’i ជា​ផ្លូវ​ការ​កាលពី​ថ្ងៃទី​៥ ខែ​កញ្ញា​នេះ​។ ការ​បើក​ទូលាយ​ស្វាគមន៍​ប្រជាជន​គ្រប់​គ្នា​ទាំង​អស់​ដោយ​មិន​ប្រកាន់​ពូជសាសន៍ ឬ​សាសនា​អ្វី​ទេ​»​។

លោក​បាន​លើក​ឡើង​ថា កន្លង មក​ការ​សាង​សង់​ទី​សក្ការ​បូជា​នេះ មាន​ការ​ផ្តួច​ផ្តើម​ដោយ​សារ​តែ​ធម្មសភា​យុតិ្តធម៌​សកល ដែលជា​ក្រុម​បឹក្សា​ភិបាល​នៃ​អង្គ​កំពូល​នៃ​សាសនា​នេះ​ដែល​មាន​សមាជិក​៩​រូប កើត​ចេញ​មក​ពី​ការ​បោះឆ្នោះ​ជា​សម្ងាត់​រាល់៥​ឆ្នាំ​ម្តង ទៅ​តាម​ជំនឿ​របស់​សាសនា Baha’i។ សមាជិក​ទាំង​អស់​ពួក​គាត់​បាន​មើល​ឃើញ​ខេត្ត​បាត់ដំបង គឺជា​តំបន់​មួយ​ដែល​មាន​ស្ថាបនិក Baha’i ច្រើន​ជាង​គេ និង​ការ​យល់​ដឹង​ស៊ី​ជម្រៅ​ពី​ផ្នែក​អភិវឌ្ឍ ការ​រីក​ចម្រើន និង​ភាព​ជា​ម្ចាស់​ការ​នៃ​សាសនា Baha’i ​។

អគារ​នេះ​ស្ថិត​នៅ​ក្នុង​ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដោយ​ស្ថិត​លើ​ដី​ទំនាប​ដែល​មាន​ទំហំ៩​ហិកតា បរិវេណ​ទីតាំង​ទី​សក្ការ​បូជា​ទាំង​មូល​បាន​សាង​សង់​លើ​ផ្ទៃ​ដី១​ហិកតា​កន្លះ​ដែល​មាន​សំណង់​អគារ​សម្រាប់​សូត្រធម៌​បួងសួង ទៅ​តាម​សាសនា​នីមួយៗ អគារ​រដ្ឋបាល​សម្រាប់​បុគ្គលិក​ធ្វើ​ការ ​អគារ​ទំនាក់​ទំនង​ផ្តល់​ព័ត៌មាន អគារ​សម្រាប់​ភ្នាក់ងារ​ក្នុង​ភូមិ​ដើម្បី​ជួប​ជុំ​គ្នា និង​អគារ​ប្រជុំ​សម្រាប់​អ្នក​ដែល​ចង់​ស្វែង​យល់​ពី​ទី​សក្ការ​បូជា​នេះ​ជា​ដើម​។

លោក សុភាព បន្តថា ទីសក្ការៈ នេះ​មាន​លក្ខណៈសាមញ្ញ មិន​មាន​ជា​រូប​តំណាង​អ្វី​ឡើយ គឺ​ជា​អគារ​ចំហ​ហើយ​ការ​អង្គុយ​បួង​សួង គឺ​តម្រង់​បែរ​ទៅ​ទិស​ខាង​ជើង​ឆៀង​ខាង​លិច (Quipli) ដែល​ជា​ទិស​នៃ​ទី​ស្នាក់​ ឬ​ឋាន​របស់​ព្រះ​បាហា​អូឡា (Baha’u’llah) នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​។

ទី​សក្ការ​បូជា​របស់​សាសនា Baha’i ជា​មជ្ឈមណ្ឌល​នៃ​សាមគ្គីភាព​ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ពី​សាមគ្គីភាព​នៃ​សាសនា​ទាំង​អស់។ លោក​បាន​ប្រាប់​ថា សាសនា Baha’i មាន​គោលការណ៍​ជា​ច្រើន ប៉ុន្តែ​ក្នុង​ចំណោម​គោលការណ៍​នោះ មាន​គោល​ការ​មូលដ្ឋាន​បី​ដែល​ទី​សក្ការ​បូជា​នេះ​ចង់ បង្ហាញ​គឺ ភាព​តែ​មួយ​នៃ​មនុស្ស ជាតិ​ ភាព​តែមួយ​នៃ​សាសនា​ និង​ភាព​តែ​មួយ​នៃ​ព្រះ​។

អគារ​ទី​សក្ការ​បូជា Baha’i មិន​កំណត់​នៅ​ម៉ូដ​រចនា​ណា​មួយ​នោះ​ទេ​។

លោក សុភាព បាន​បន្ថែម ​ថា ​៖ «​យើង​មាន​ជា​គំនិត​ដល់​វិស្វករ​ដែល​យើង​បាន​អញ្ជើញ​ពួក​គាត់​ចូល​មក​ប្រកួត​ប្រជែង​ក្នុង​ការ​បង្ហាញ​ម៉ូដ​នេះ ដូច​ជា ទី​១ អគារ​ត្រូវ​រំលេច​ពី​វប្បធម៌ អរិយធម៌ និង​ការ​រស់​នៅ​ក្នុង​តំបន់​។ ទី​២ អគារ​ដែល​ងាយ​ស្រួល​ក្នុងការ​ប្រើប្រាស់​ដែល​មិន​សាមញ្ញ​ពេក ប៉ុន្តែ​ប្រកប​ដោយ​ភាព​កក់ក្តៅ​ដល់​ប្រជាជន​ដែល​រស់​នៅ​ជុំវិញ និង​ទី​៣ អគារ​ត្រូវ​មាន​ជ្រុង​៩ ទ្វារ៩ និង​បង្អូច​៩។

នៅ​ពេល​ថ្នាក់​កំពូល​នៃ​សាសនា Baha’i ទូទាំង​ពិភពលោក​អនុញ្ញាត​ឲ្យ​សហគមន៍ Baha’i ប្រចាំ​កម្ពុជា​ទទួល​សិទ្ធិ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ទី​សក្ការ​បូជា សមាគម​ប្រចាំ​តំបន់​បាន​រៀបចំ​ឯកសារ និង​ម៉ូដ​រចនា​របស់​អគារ​នេះ ដើម្បី​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល ក្នុង​ការ​សាងសង់​ជា​លក្ខណៈ​គោល​ការណ៍​ទៅ​តាម​បែប​បទ​របស់​រាជ​រដ្ឋាភិបាល ដូច​ជា​ក្រសួង​ធម្មការ និង​សាសនា ក្រសួង​រៀប​ចំ​ដែនដី នគរូប​នីកម្ម និង​សំណង់ សម្រាប់​ការងារ​បច្ចេក​ទេស​មួយ​ចំនួន​ទៀត​។

លោក សុភាព បាន​បង្ហើប​ឲ្យ​ដឹង​ថា អនាគត​ទៅ​ទី​សក្ការ​បូជា​សាសនា Baha’i នឹង​មាន​ការ​សាង​សង់​បន្ថែម​នូវ​អគារ​ដែល​បម្រើ​ ផល​ប្រយោជន៍​សង្គម​ផ្សេងៗ​ទៀត ដូច​ជា សាកល​វិទ្យាល័យ មជ្ឈមណ្ឌល​សម្រាប់​ចាស់​ជរា និង​កុមារ​កំព្រា សាលារៀន​សម្រាប់​កុមារ មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​បច្ចេកវិទ្យា និង​សង្គម «​ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​ថា គម្រោង​ទាំង​នេះ​កើត​ឡើង​ឆាប់ ឬ​យូរ​ប៉ុនណា​នោះ​ទេ​»​។ គម្រោង​សាង​សង់​ទី​សក្ការ​បូជា​របស់​សាសនា Baha’i នេះ​បាន​ចំណាយ​អស់​ថវិកា​ចំនួន​១,៥០​លាន​ដុល្លារ​អាមេរិក ដោយ​មិន​រាប់​បញ្ចូល​នៃ​តម្លៃ​ដី​ឡើយ​។

ទី​សក្ការ​បូជា របស់​សាសនា Baha’i ស្វាគមន៍​មនុស្ស​គ្រប់រូប​ទាំង​អស់​ដែល​មាន​ជំនឿ​លើ​សាសនា​នីមួយៗ​ចូល​មក​កម្សាន្ត​ដើម្បី​ជំនួយ​ផ្នែក​ស្មារតី ដែល​ធ្វើ​ឲ្យ​កាត់​បន្ថយ​ភាព​តានតឹង​ដោយ​មិន​មាន​ការ​បង់​ថ្លៃ​អ្វី​នោះ​ទេ​។ ក្នុង​គោលការណ៍ ប៉ុន្តែ «​យើង​ក៏​មាន​ជា​បម្រាម​មួយ​ចំនួន​ដើម្បី​អនុវត្ត​ទាំង​អស់​គ្នា​ដូច​ជា មិន​អាច​ថតរូប​ក្នុង​ទី​សក្ការបូជា មិន​អាច​ជជែក​គ្នា និង​បរិភោគ​ចំណី​អាហារ​ក្នុង​ទី​សក្ការ​បូជា ដែល​អាច​រំខាន​ដល់​អ្នក​បួង​សួង​ឬ​សមាធិ​ជាដើម​។

យោង​តាម​បទពិសោធ​ក្នុង​ការ​ឌីហ្សាញ​ជាច្រើន​ឆ្នាំ លោក តាំង សុចិត្តវិទូ បាន​ឲ្យ​ដឹង​ថា​ ៖ «ទី​សក្ការ​បូជា Baha’i នៅ​ខេត្ត​បាត់ដំបង គឺជា​គម្រោង​ធំ​ទី​១ ក្នុង​ឆ្នាំ​២០១៣ ដែល​ខ្ញុំ​បាន​សាកល្បង​ប្រកួត​ប្រជែង​គម្រោង​ឌីហ្សាញ​ដើម្បី​សាងសង់​ទី​សក្ការ​បូជា ដែល​ទើប​នឹង​សាងសង់​រួច​នេះ ហើយ​ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ជា​អ្នក​ឌីហ្សាញ​សម្រាប់​ស្ថាបត្យកម្ម​មួយ​នេះ​តាំងពី​ចុង​ឆ្នាំ​២០១៤​កន្លង​ទៅ​»​។

ក្រៅ​ពី​ការងារ​បង្រៀន​ផ្នែក​ស្ថាបត្យ​កម្ម លោក សុចិត្រ​វិទូ បាន​ធ្វើ​ការងារ​លើ​ជំនាញ​ស្ថាបត្យ​កម្ម​ក្នុង​ការ​ឌីហ្សាញ​លើ​សំណង់​អគារ​គ្រប់​ប្រភេទ ដូចជា ផ្ទះ​ល្វែង វីឡា ខុនដូ អគារ​ខ្ពស់ៗ និង​ការិយាល័យ​ធ្វើ​ការ​ជាច្រើន​។ លោក​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​សេដ្ឋកិច្ច​ប្រទេស​ខ្មែរ​បាន​ផ្លាស់​ប្តូរ​ពី​ឆ្នាំ​២០០៧ ប្រជាជន​ក៏​ដូច​ជា​អ្នក​វិនិយោគ​បាន​ចាប់​ផ្តើម​បង្កើត​ជា​សំណង់​អគារ​ស្តង់ដារ​ដែល​មាន​ការ​ឌីហ្សាញ​ច្រើន​នៅ​ក្នុង​ទីក្រុង ប៉ុន្តែ​សំណង់​ទី​សក្ការ​បូជា Baha’i មាន​លក្ខណៈ​វិសេស​វិសាល​ក្នុង​សំណង់​ស្ថាបត្យកម្ម​ដែល​ធ្លាប់​បាន​រចនា​កន្លង​មក​។

ដោយ​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាច្រើន និង​ក្រៅ​ស្រុក​បាន​ទាក់ទង​លោក លោក​បាន​ប្រាប់​ថា មាន​គម្រោង​ជា​ច្រើន​ដែល​មាន​ជា​ផែន​ការ​ច្បាល់​លាស់ ប៉ុន្តែ​តាម​ការ​ចុះ​ទស្សន​កិច្ច​ជាមួយ​ក្រុម​បឹក្សា​របស់​សហគមន៍ Baha’i លោក​មាន​អារម្មណ៍​ថា មាន​ទំនុក​ចិត្ត​លើ​គម្រោង​ទី​សក្ការ​បូជា​របស់​សាសនា Baha’i ជា​គម្រោង​ពិត​លើ​ផ្ទៃដី​ទំហំ​៩​ហិកតា​។

ចំណុច​ដែល​សំខាន់​នោះ លើ​ដី​ទំហំ​៩​ហិកតា ដែល​ជា​ដីស្រែ​សុទ្ធសាធ​នៅ​ជាប់​តាម​ដង​ផ្លូវ ប៉ុន្តែ​ទីតាំង​នេះ​ប្រកប​ដោយ​ភាព​ស្រស់​ស្អាត​ពី​ធម្មជាតិ​នៃ​ខេត្ត​បាត់ដំបង រួម​ទាំង​សហគមន៍ Baha’i ដែល​បាន​រស់នៅ​លាយ​ឡំ​ក្នុង​សហគមន៍​មូលដ្ឋាន​នៅ​ទីនេះ​។

លោក​បាន​បន្ត​ថា​ ៖ «​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ដែល​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​បាន​កសាង​នូវ​ស្ថាបត្យកម្ម​ជា​ច្រើន ក្នុង​សតវត្សរ៍​ខុសៗ​គ្នា​ដូច្នេះ​ខ្ញុំ​គិតថា ជា​ស្ថាបត្យករ​មួយ​រូប​គួរ​ណាស់​តែ​បញ្ចេញ ស្នាដៃ​ក្នុង​សតវត្សរ៍​ទី​២១​នេះ ដើម្បី​ បន្ត​កេរិ៍្ត​មរតក​នៅ​ក្នុង​ប្រទេស​»​។

លោក​បន្ត​ថា​ ៖ «​ពាក្យ​ថា Baha’i គឺជា​លើក​ទី​១ ដែល​ខ្ញុំ​បាន​ឮ​ហើយ​នៅ​ពេល​នោះ​ខ្ញុំ​ដូច​មិន​បាន​ជឿថា ទី​សក្ការបូជា​នេះ​នឹង​​ អាច​មាន​រូប​រាង​ដែរ​ឬទេ​? ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូលរួម​ជួប​ជុំគ្នា​នៅ​ខេត្ត​បាត់ដំបង ខ្ញុំ​មាន​អារម្មណ៍​ម្យ៉ាង​ថា ហាក់​ដូច​ជា​គម្រោង​ពិតប្រាកដ​តាម​រយៈ​ប្រជាជន​ក្នុង​សហគមន៍ និង​ការ​អនុវត្ត​តាម​ការ​បន់​ស្រន់ និង​ការ​អនុវត្ត​ការងារ​សង្គម​ដើម្បី​ការ​រួបរួម​»​។

លោក​បន្ត​ថា ទិសដៅ​នៃ​ការ​សាងសង់​ទី​សក្ការ​បូជា​នេះគឺ​ដើម្បី​​ភាព​រួបរួម​គ្នា​នៃ​សាសនា​ទាំងអស់​ដោយ​មិន​ប្រកាន់​ពូជ​សាសន៍ ក្នុង​ការ​កសាង​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​សេចក្តី​ស្រឡាញ់ និង​ភាព​សុខ​ដុមរមនា​។

បើ​និយាយ​ពី​ការងារ​ស្ថាបត្យ​កម្ម ស្ថាបត្យករ​គួរ​មាន​ការ​ទទួល​ខុស​ត្រូវ​កម្រិតណា​ដើម្បី​ជា​មរតក​ដែល​មាន​គុណភាព​បន្ត​ទៅ​មនុស្ស​ជំនាន់​ក្រោយ ក្រៅពី​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អគារ​ទី​សក្ការ​បូជា​របស់​សាសនា Baha’i។ ក្នុង​ជំនាញ​ស្ថាបត្យកម្ម ជា​ជំនាញ​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​បើ​ចង់​ច្នៃ​អគារ​មួយ​ដែល​បង្កប់​នូវ​អត្ថន័យ​ខ្លឹម​សារ​វប្បធម៌​អរិយធម៌ និង​មាន​សោភ័ណភាព​ដែល​ទាក់ទាញ​ដួង​ព្រលឹង​វា​ជា​រឿង​ពិបាក។

ជា​ពិសេស អគារ​ទី​សក្ការ​បូជា Baha’i នេះ​មិន​ធំ​ទេ តែ​តម្រូវ​ការ​នៃ​ការ​ច្នៃប្រឌិត​ដែល​ចេញ​ពី​ក្នុង​បេះដូង និង​អារម្មណ៍​មនោសញ្ចេតនា​ច្រើន​ជាង​ចេញ​ពី​ខួរ​ក្បាល​។ «​បើ​យើង​គិត​ចេញ​ពី​ខួរ​ក្បាល ភាគ​ច្រើន​យើង​ខ្វល់​ពី​តម្លៃ​នៃ​អគារ និង​សង់​យ៉ាងម៉េច​ឲ្យ​ចំណេញ ប៉ុន្តែ​បើ​ប្រើ​ការ​ច្នៃ​ប្រឌិត​ចេញ ​ពី​មនោ​សញ្ចេតនា និង​បេះដូង គឺ​ការ​គិតពី​បរិស្ថាន និង​មនុស្ស​ ដែល​រស់​នៅ​ក្នុង​បរិវេណ​នោះ​»។​ នេះ​បើ​តាម​សម្តី​របស់​លោក សុចិត្រ​​វិទូ​។

«ការ​ច្នៃ​ប្រឌិត​នៃ​ទី​សក្ការៈ​នេះ គឺ​បាន​ឆ្លើយ​ឆ្លង​ទៅ​នឹង​ការ​ផ្តោត​អារម្មណ៍​លើ​ការ​ប្រើប្រាស់​ទម្រង់​ទូទៅ​»​។ ក្នុង​អគារ Baha’i ត្រូវ​មាន​ច្រក​៩​ជា​តម្រូវការ​នៃ​ក្បួន​ខ្នាត​នៃ​សាសនា ដែល​តំណាង​ឲ្យ​គោល​សាសនា​សំខាន់ៗ​លើ​លោក​ទាំង​៩​ដែល​ប្រកប​ដោយ​ភាព​រួប​រួម​គ្នា និង​សុខដុមរមនា​។

ការ​សាងសង់​បាន​ចាប់​សាងសង់​ក្នុង​រយៈពេល​២​ឆ្នាំ​ពី​ឆ្នាំ​២០១៥ ដល់​២០១៧ នៅ​លើ​ផ្ទៃ​ដី​៩​ហិកតា​។ លើ​ដី​ទាំង​មូល​របស់​ទី​សក្ការៈ​ត្រូវ​មាន​ច្រក​៩​សួន​ច្បារ​៩ កម្ពស់​មិន​អាច​ខ្ពស់​ជាង​ទី​វត្ត​អារាម អគារ​ត្រូវ​មាន​បរិបទម​វប្បធម៌​អរិយធម៌​នៃ​ទីតាំង​ដែល​សង់ ដោយ​ភ្ជាប់​ទៅ​នឹង​លំនៅឋាន​របស់​ប្រជាជន និង​មិន​មាន​រូប​សញ្ញា​ណា​មួយ​ដែល​បញ្ជាក់​សាសនា​ណា​មួយ​ឡើយ ដូច​ជា​ការិយាល័យ​ធ្វើ​ការ កន្លែង​ប្រជុំ កន្លែង​បរិភោគ កន្លែង​ស្នាក់​នៅ​សម្រាប់​អ្នក​មក​រៀន​សូត្រ​ជាដើម​។

លោក​បាន​និយាយ​ទាំង​ទឹក​មុខ​ញញឹម​ថា​ ៖ «​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ ​ពេល​ដែល​មនុស្ស​គ្រប់​រូប​ទទួល​យក​ការ​ច្នៃ​ប្រឌិត​និង​សមិទ្ធ​​ផល​នេះ​​ដែល​មិន​មាន​អ្វី​លើស​នេះ​ទេ។ ទាំង​បរទេស និង​មនុស្ស​ក្នុង​ស្រុក និង​អ្នក​កាន់​សាសនា Baha’i បាន ​​បញ្ចេញ​នូវ​ភាព​រីករាយ​ដែល​ធ្វើ​​ឲ្យ​ខ្ញុំ​មាន​ភាព​កក់​ក្តៅ​ក្នុង​ការ​បញ្ចប់​គម្រោង​ស្ថាបត្យកម្ម​ដ៏​ធំ​នេះ​»​។

លោក សុចិត្ត​វិទូ បន្ត​ថា​ ៖ «ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ច្នៃ​ប្រឌិត​នៃ​ទី​សក្ការៈ​នេះ គឺ​មិន​អាច​ប្រៀប​ធៀប​ពី​អារម្មណ៍​ពេល​នេះ​បាន​ឡើយ ដោយ​រង់ចាំ​ការ​យល់​ឃើញ​ពី​អ្នក​ទៅ​ទស្សនា​ទី​សក្ការ​បូជា​នេះ​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត​»​។

គួរ​បញ្ជាក់​ដែរ​ថា ទី​សក្ការ​បូជា​សាសនា Baha’i ប្រចាំ​តំបន់​នេះ ជាទី​សក្ការ​បូជា​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​ក្នុង​ចំណោម​គម្រោង​ទាំង​៥​របស់​សាសនា Baha’i ដោយ​យើង​បាន​សាងសង់​រួចរាល់​ហើយ​ជា​ថ្នាក់​ប្រចាំ​ទ្វីប​ចំនួន​៨ ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក អូស្ត្រាលី ឥណ្ឌា ប៉ាណាម៉ា កេនយ៉ា និង​ប្រទេស​ដទៃ​ទៀត​៕

Source From : Phnom Penh Post  

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Prey Sar,Dangkao
USD 190.00/SQM
Land For Sale
Preaek Hour,Takmoa
USD 265,000.00
Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00

CVEA MEMBERS