អ្នក​វិនិយោគ​អចលនទ្រព្យ​ជប៉ុន ​មាន​សុទិដ្ឋិនិយម​លើ​ទីផ្សារ​កម្ពុជា

Languages

banner realestate

CVEA-Website-homepage-ad

591

vtrust

premuim housing

 
លោក TAKASHI Eguchi អគ្គនាយក​ក្រុមហ៊ុន CREED Asia (Cambodia) Co., Ltd.​។ រូបថត សហការី

ក្រុមហ៊ុន​ជប៉ុន CREED ASIA (Cambodia) Co., Ltd. ដែល​ជា​បុត្រសម្ព័ន្ធ​របស់ CREED GROUP បាន​សម្រេច​បោះទុន​វិនិយោគ​ប្រមាណ​ ៦០ ​លាន​ដុល្លារ​អាមេរិក​លើ​គម្រោង​ខុនដូ និង​លំនៅឋាន​នៅ​ទីក្រុង​ភ្នំពេញ​ជា​គម្រោង​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​វិនិយោគ​បរទេស និង​ប្រជាជន​ក្នុង​ស្រុក​។

លោក ស៊ីវ ម៉េង អ្នក​យក​ព័ត៌មាន​ផ្នែក​អចលនទ្រព្យ​នៃ​កាសែត​ភ្នំពេញ​ប៉ុស្ត៍​អចលនទ្រព្យ​បាន​ជួប​សម្ភាសន៍​ជាមួយ​លោក TAKASHI Eguchi អគ្គនាយក​ក្រុមហ៊ុន CREED Asia (Cambodia) Co., Ltd. ដើម្បី​លើក​ឡើង​ពី​ទស្សនវិស័យ និង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ដែល​ជា​បុត្រសម្ព័ន្ធ​របស់ CREED GROUP​។​

តើ​លោក​ចាប់ផ្តើម​គម្រោង​វិនិយោគ​របស់​លោក​នៅ​កម្ពុជា​យ៉ាង​ដូចម្តេច​?

ក្រុមហ៊ុន​របស់​យើង​បាន​សហការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន TRIPLE GEM នៅ​ឆ្នាំ​ ២០១២ និង​បាន​ចាប់ផ្តើម​វិនិយោគ​ខុនដូ Bodaiju Residences នៅ​ឆ្នាំ​ ២០១៣ ដែល​រហូត​មក​ទល់​ពេល​នេះ​យើង​បាន​វិនិយោគ​លើ​គម្រោង​ខុនដូ និង​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី​។

គម្រោង​ទី​ ១ ជា​គម្រោង​ខុនដូ Bodaiju ដែល​រហូត​មក​ទល់ពេល​នេះ​យើង​លក់​បាន​អស់​ជាង ៩០ ​ភាគរយ​ហើយ និង​កំពុង​សាងសង់​អគារ​ចំនួន​ ៣ ក្នុង​ចំណោម​អគារ​ចំនួន​ ៦ នៅ​ក្នុង​គម្រោង​នេះ ប៉ុន្តែ​ការ​សាងសង់​អគារ​ ៣ ​ផ្សេង​ទៀត​យើង​មិន​ទាន់​ចាប់ផ្តើម​ទេ ដោយ​កំពុង​សិក្សា​ស្ថានភាព​ទីផ្សារ​។

តើ​លោក​មើល​ឃើញ​ដូចម្តេច​ចំពោះ​គម្រោង​ខុនដូ​នៅ​កម្ពុជា​?

តម្រូវការ​ខុនដូ​សម្រាប់​ផ្គត់ផ្គង់​ប្រជាជន​ក្នុង​ស្រុក​ពិតជា​មាន​កម្រិត​មែនទែន ប៉ុន្តែ​ខុនដូ​របស់​យើង​លក់​បាន​ច្រើន​សម្រាប់​ជនបរទេស​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន ជប៉ុន កូរ៉េ ចិន​ហុងកុង តៃវ៉ាន់​ជាដើម​។ យើង​មិន​និយាយ​ពី​គម្រោង​ខុនដូ​បាន​ផ្គត់ផ្គង់​លើស​តម្រូវការ​នោះ​ទេ ព្រោះ​យើង​កំពុង​សម្លឹង​មើល​ទីផ្សារ​ដែល​ការ​ផ្គត់ផ្គង់​មាន​ភាព​លើស​តម្រូវការ​។

ប៉ុន្តែ​សម្រាប់​រយៈពេល​ ១០ ​ឆ្នាំ​ខាង​មុខ​ខ្ញុំ​គិត​ថា​ប្រជាជន​ខ្មែរ​នឹង​ផ្លាស់ប្តូរ​របៀប​នៃ​ការគិត​។ ពួកគេ​នឹង​សម្រេច​ចិត្ត​រស់នៅ​តាម​ខុនដូ​ឧទាហរណ៍ ជាក់ស្តែង​ដូចជា​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ប្រជាជន​ចង់​រស់​នៅ​លើ​លំនៅឋាន​ជាប់​ដី ប៉ុន្តែ​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ក្នុង​ទីក្រុង​តម្លៃ​ដី​មាន​តម្លៃ​យ៉ាង​ខ្ពស់​ដែល​ធ្វើ​ពួកគេ​សម្រេច​ចិត្ត​រស់នៅ​តាម​ខុនដូ​។

នៅ​ក្នុង​ទីក្រុង​ហូជីមីញ​ក៏​ដូច​គ្នា​ដែរ​ប្រជាជន​ប្រាថ្នា​រស់នៅ​ផ្ទះ​ជាប់​ដី​ដូច​គ្នា ប៉ុន្តែ​ដោយសារ​ដី​មាន​តម្លៃ​ថ្លៃ និង​ទីក្រុង​កាន់តែ​ចង្អៀត​ពួកគេ​សម្រេច​ចិត្ត​រស់នៅ​តាម​ខុនដូ​។ នាពេល​អនាគត​ប្រជាជន​វ័យ​ក្មេង​នៅ​ទី​នេះ​ពួកគេ​នឹង​រស់​នៅ​តាម​ខុនដូ​ដែល​មាន​ទីតាំង​នៅ​ក្បែរ​ ឬ​កណ្តាល​ទីក្រុង​។

ក្រៅពី​ខុនដូ​ក្រុមហ៊ុន CREED GROUP បាន​សម្រេច​ចិត្ត​វិនិយោគ​លើ​បុរី​មួយ​ចំនួន តើ​លោក​មើល​ឃើញ​ទីផ្សារ​បុរី​យ៉ាង​ដូចម្តេច​ដែរ​?

យើង​វិនិយោគ​ដោយ​ផ្តោត​លើ​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម​តាមរយៈ​ការ​វិនិយោគ​លើ​បុរី​មហាសែនសុខ​ដែល​ស្ថិត​នៅ​ទល់​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ គម្រោង​ដែល​មាន​ទំហំ​ជាង​ ១២ ​ហិកតា​នេះ និង​មាន​ផ្ទះ​ជាច្រើន​រយ​ខ្នង​បាន​លក់​ជិត​អស់​ហើយ ហើយ​ផ្ទះ​ជាង​ ២០០ បាន​បញ្ចប់ និង​ម្ចាស់​ផ្ទះ​ជាង​ ១០០ ​ល្វែង​បាន​ចាប់ផ្តើម​ចូល​ស្នាក់​នៅ​ហើយ​។

គម្រោង​នេះ​មាន​ចំនួន​ ៨ ​ដំណាក់កាល និង​គ្រោង​បញ្ចប់​ទាំង​ស្រុង​នៅ​ចុង​ឆ្នាំ​ ២០១៨​។

កាលពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​ក្រុមហ៊ុន​របស់​លោក និង​ដៃគូ​បាន​ចាប់ផ្តើម​គម្រោង​ថ្មី​មួយ​ទៀត​? តើ​គម្រោង​នេះ​មាន​លក្ខណៈ​ពិសេស​ដូចម្តេច​?

គម្រោង​នេះ​ផ្តោត​លើ​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ដោយសារ​វា​មាន​តម្លៃ​ចាប់ពី​ជាង​ ៨៧ ០០០ ​ដុល្លារ​រហូត​ដល់​ ២០ ​ម៉ឺន​ដុល្លារ​អាមេរិក​។

មូលហេតុ​យើង​វិនិយោគ​លើ​បុរី​បន្ថែម​ទៀត​ដោយសារ​ប្រជាជន​កម្ពុជា​នៅ​តែ​មាន​ការ​ពេញ​និយម​រស់នៅ​ផ្ទះ​ជាប់​ដី ហើយ​យើង​ជឿ​ថា​ប្រជាជន​កម្ពុជា​នៅ​តែ​ពេញចិត្ត​ក្នុង​ការ​រស់នៅ​តាម​បុរី​ទើប​យើង​ផ្តល់​នូវ​ផលិតផល​សម្រាប់​ប្រជាជន​កម្ពុជា​អាច​មាន​លទ្ធភាព និង​អាច​រស់នៅ​បាន​។

គម្រោង​បុរី​របស់​យើង​បាន​ផ្តោត​លើ​ភាព​បៃតង​កន្លែង​អង្គុយ​លេង ផ្លូវ​ថ្មើរជើង និង​អាង​ហែល​ទឹក​ជាដើម​។

យើង​មាន​ដៃគូ​មួយ​ទៀត​គឺ​ក្រុមហ៊ុន Hoosiers ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​បាន​ចូលរួម​វិនិយោគ​លើ​គម្រោង​ថ្មី​នេះ​ដែល​មាន​ឈ្មោះ ARATA ស្ថិត​នៅ​ក្បែរ​ផ្សារ​ទំនើប AEON ទី​ ២ ក្នុង​ខណ្ឌ​សែនសុខ​។

ប្រជាជន​កម្ពុជា​មាន​ការ​រអ៊ូរទាំ​ច្រើន​ពី​គុណភាព​សំណង់​តាម​បុរី​នានា តើ​គម្រោង​របស់​លោក​បាន​នាំ​យក​ស្តង់ដា​ជប៉ុន​មក​ប្រើប្រាស់​ឬ​យ៉ាង​ណា​?

គុណភាព​នៅ​តាម​លំនៅឋាន​របស់​យើង​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​ជាពិសេស ហើយ​ជា​លទ្ធផល​អ្នក​ទិញ​លំនៅឋាន​ក្នុង​គម្រោង​របស់​យើង​ជាច្រើន​បាន​និយាយ​ល្អ​អំពី​គម្រោង​របស់​យើង​។

ប្រសិន​ជា​យើង​ធ្វើ​មិន​ល្អ ហើយ​ឧទាហរណ៍​យើង​បង់​រំលស់​ជាមួយ​ពួកគេ ពួកគេ​អាច​ឈប់​បង់​ប្រាក់ ប៉ុន្តែ​អ្នក​ទិញ​លំនៅឋាន​នៅ​ក្នុង​បុរី​មហាសែនសុខ ពួកគេ​រីករាយ​ក្នុង​ការ​ចូល​ស្នាក់​នៅ​លំនៅឋាន​ដែល​ពួកគេ​បាន​ទិញ​។ យើង​បាន​ផ្តល់​សេវា​ជួសជុល​រយៈពេល​ ១ ​ឆ្នាំ​សម្រាប់​ប្រជាជន​ដែល​បាន​ទិញ​លំនៅឋាន​របស់​យើង​។

តើ​លោក​សម្លឹង​ទៅ​អនាគត​យ៉ាង​ដូចម្តេច និង​គ្រោង​ចាប់ផ្តើម​វិនិយោគ​បន្ថែម​អ្វី​ខ្លះ​ទៀត​?

យើង​ជឿជាក់​ចំពោះ​កម្ពុជា​នឹង​មាន​សុវត្ថិភាព និង​បន្ត​រីកចម្រើន​ដូច្នេះ​យើង​អាច​នឹង​មាន​គម្រោង​ដទៃ​ទៀត ពិសេស​វិនិយោគ​លើ​ដីធ្លី​។ ប្រទេស​នេះ​កំពុង​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​ដែល​ស្តង់ដា​រស់នៅ​របស់​ប្រជាជន​កាន់​តែ​ប្រសើរ​ឡើង​។

យើង​មាន​គម្រោង​វិនិយោគ​លំនៅឋាន​ដោយ​ផ្តោត​លើ​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម ឬ​លើ​មធ្យម​សម្រាប់​គម្រោង​លំនៅឋាន​តម្លៃ​ចាប់​ពី​​ ៤ ​ទៅ​ ៥ ​ម៉ឺន​ដុល្លារ​នាពេល​អនាគត​ឆាប់ៗ​នេះ​។

តើ​លោក​មាន​គម្រោង​វិនិយោគ​នៅ​តាម​បណ្តា​ខេត្ត​ឬ​ទេ​ពិសេស​នៅ​ខេត្ត​ព្រះសីហនុ​?

យើង​មាន​ឱកាស និង​កំពុង​សម្លឹង​រក​ការ​វិនិយោគ​នៅ​តាម​បណ្តា​ខេត្ត​ផង​ដែរ ពិសេស​នៅ​ខេត្ត​ព្រះសីហនុ វា​ជា​ទីផ្សារ​កំពុង​ក្តៅគគុក​សម្រាប់​ការ​វិនិយោគ​របស់​ចិន​។ យើង​អាច​ប្រកួត​ប្រជែង​ជាមួយ​ពួកគេ ប៉ុន្តែ​វា​មិនមែន​ជា​ទីផ្សារ​ពិតប្រាកដ តែ​អ្វី​ដែល​យើង​សម្លឹង​មើល​គឺ​សំដៅ​លើ​ទីផ្សារ​ដែល​មាន​តម្រូវការ​ពី​ប្រជាជន​ក្នុង​ស្រុក​ពិតប្រាកដ​។

តើ​រដ្ឋាភិបាល​ផ្តល់​ការ​លើក​ទឹកចិត្ត​យ៉ាង​ដូចម្តេច​ចំពោះ​គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជាមួយ​គម្រោង​របស់​លោក​?

ខ្ញុំ​មិន​មាន​អ្វី​និយាយ​ច្រើន​ទេ តែ​អ្វី​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​គឺ​រដ្ឋាភិបាល​កម្ពុជា​មាន​គោលនយោបាយ បើក​ចំហ​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​វិនិយោគ​បរទេស​ដែល​ផ្តល់​ភាព​ងាយស្រួល​យ៉ាង​ខ្លាំង​ដល់​អ្នក​វិនិយោគ និង​ជា​រឿង​ដែល​ល្អ​សម្រាប់​អ្វី​ដែល​យើង​មាន​អារម្មណ៍​កក់ក្តៅ​ក្នុង​ការ​រស់នៅ​ទី​នេះ​។

ប៉ុន្តែ​បើ​និយាយ​ពី​ហេដ្ឋា​រចនាសម្ព័ន្ធ​វិញ​រដ្ឋាភិបាល​កម្ពុជា​ហាក់​មិន​មាន​គម្រោង​វិនិយោគ​សាងសង់​ផ្លូវ​នៅ​ក្នុង​ទីក្រុង​ជាក់លាក់​ទេ​ដែល​យើង​ត្រូវ​វិនិយោគ​លើ​ផ្លូវ​ដែល​ជា​ការងារ​របស់​រដ្ឋាភិបាល​ខ្លួនឯង​លោក​ត្រូវ​ធ្វើ​តែ​យើង​សម្រេច​ចិត្ត​ធ្វើ​វា ដើម្បី​ភ្ជាប់​ទៅ​កាន់​គម្រោង​របស់​យើង ប៉ុន្តែ​យើង​រីករាយ​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ទាំង​នោះ​៕

Source From : Phnom Penh Post  

LATEST EXCLUSIVE LISTING

Land For Sale
Sangkat Pir,Mittakpheap
USD 2,300,000.00
Land For Sale
Preaek Pnov,Ponhea Leu
USD 290.00/SQM
Land For Sale
Krang Thnong,Porsenchey
USD 428,888.00
Land For Sale
Chorm Chao,Porsenchey
USD 128,888.00
Flat House For Sale
Boeng Keng Kang I,Chamkarmon
USD 698,800.00

CVEA MEMBERS