អ្នក​ធ្វើ​ការងារ​​ក្នុង​វិស័យ​សំណង់ ​ទាមទារ​ឲ្យ​រដ្ឋ​ កំណត់​ប្រាក់​ឈ្នួល​គោល​អប្បបរិមា និង​មាន​អត្ថ​ប្រយោជន៍​បន្ថែម

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
សកម្មភាព​កម្មករ​សំណង់​កំពុង​បំពេញ​ការងារ​របស់​ពួក​ខ្លួន​នៅ​ឯ​ការ​ដ្ឋាន​សាង​សង់​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ពេល​កន្លង​មក។ ផា លីណា

ថ្វី​បើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា បាន​និង​កំពុង​ឈរ​នៅលើ​សសរ​ស្តម្ភ​ទាំង​៤ គឺ​វិស័យ​ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ក៏ពិតមែន ប៉ុន្តែ​ស្ថានភាព​ជាក់​ស្តែង​របស់​អ្នកបម្រើ​ការងារ​នៅ​ក្នុង​​វិស័យ​សំណង់​បាន​ត្អូញត្អែរ​ថា «​រដ្ឋ​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់ និង​ជួយ​ពួក​គេ​ច្រើន​»​ប៉ុន្មាន​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​កម្មករ​ដូចគ្នា នៅក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ត្រូវ​បាន​រដ្ឋ​ និង​អង្គការ​ផ្សេងៗ​យក​ចិត្ត​ទុក​ដាក់​ច្រើនជាង​កម្មករ​ផ្នែក​សំណង់​ជា​ពិសេស​កម្មករ​ស្ត្រី​ដូចគ្នា​។

​ដោយ​ធ្លាប់បាន​ធ្វើជា​កម្មករ​សំណង់​នៅតាម​ការដ្ឋាន​ជាច្រើន រួម​ទាំង​បន់​កោះ​ពេជ្រ ហើយ​បច្ចុប្បន្ន​គាត់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ការ​ដ្ឋាន​សាងសង់​អគារ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ កម្មការិនី​ឈ្មោះ ចក់ យឿន វ័យ​ជិត​ ៣០ ​ឆ្នាំ មក​ពី​ឃុំ​ព្រែក​ហ្លួង ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ធ្លាប់​ទទួល​បាន​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​ ៣ ​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​អាច​អាន និង​សរសេរ​បាន​តិចតួច​ក្រោយ​មក​គាត់​បាន​រៀន​ធ្វើ​ការងារ​សំណង់​ផ្ទាល់​តាមរយៈ​ក្រុម​ជាង​វ័យ​ចំណាស់ៗ​ជាង​ខ្លួន ដោយ​ភាគ​ច្រើន​គាត់​បាន​បំពេញ​ការងារ​នៅ​ក្នុង​ផ្នែក​ចង​ដែក​នា​រយៈពេល១០​ឆ្នាំ​ចុង​ក្រោយ​នេះ។

អ្នក​ស្រី​បាន​ឲ្យ​ដឹងថា​ ៖ «​ក្នុង​នាម​ស្ត្រី​កម្មករ​សំណង់​ពួកយើង​ប្រឈម​​ការងារ​ធ្ងន់​ស្រាល នៅ​ក្រោម​កម្ដៅថ្ងៃ​ភ្លៀង​ ខ្យល់​ ដូច​តែ​គ្នា នៅ​កន្លែង​ធ្វើ​ការ​ដូច​បុរសៗ​ដែរ ប៉ុន្តែ​យើង​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​តិច​ជាង​បុរស​ជានិច្ច​»​។

«​បើ​កម្មករ​ប្រុស​បាន ​២៨០០០ ​​រៀល​ក្នុង ​១ ​ថ្ងៃ យើង​ជា​កម្មករ​ស្ត្រី​គេ​ឲ្យ​ថ្លៃ​ឈ្នួល​ត្រឹម​តែ​ ២០០០០-២២០០០​ រៀល​ប៉ុណ្ណោះ​» នេះ​បើ​តាម​សម្តី​របស់​អ្នក​ស្រី ចក់ យឿន​។ «​ពួកយើង​ធ្លាប់​សុំ​តវ៉ា​ទៅ​អ្នក​ម៉ៅការ និង​ប្រធាន​អ្នក​បើក​លុយ​ដែរ តែ​គេ​ថា​ពួក​យើង​ធ្វើការ​ពុំ​ដូច​បុរស​​ទេ​»​។

អ្នក​ស្រី​បន្ថែម​ថា ពេលខ្លះ​ស្ត្រី​ធ្វើការ​ងារ​រៀប​ឥដ្ឋ ជញ្ជូន​ឥដ្ឋ លាយ​​ស៊ីម៉ងត៍ និង​លីសែង​ដែក បាន​​ដូច​តែ​បុរស​ដែរ ហើយ​ភាគ​ច្រើន​ធ្វើ​ការ​ច្រើន​ម៉ោងជាង​បុរស​ផង ប៉ុន្តែ​ទាំង «​ប្រធាន​ក្រុមហ៊ុន​ធំ និង​អ្នក​ម៉ៅការ​គេ​អត់​ទទួល​ស្គាល់​​ទេ​»​។

តាម​រយៈ​បទពិសោធ​ជាច្រើន​ឆ្នាំ​ដោយ​ធ្វើការ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ដើម និង​អ្នក​ម៉ៅ​ការ​ បន្ត​គាត់​បាន​ឲ្យ​ដឹងថា «​បើ​យើង​ធ្វើ​ការ​ផ្ទាល់​ឲ្យ​ក្រុមហ៊ុន​ដើម​តែម្តង នៅ​ពេល​យើង​ធ្វើការ​ថ្ងៃ​ឈប់សម្រាក ​(​ថ្ងៃ​អាទិត្យ ឬ​ថ្ងៃបុណ្យ​)​ ថៅកែ​គាត់​បើក​ប្រាក់​ឈ្នួល​ឲ្យ​យើង​គុណ​នឹង​២​ដង ប៉ុន្តែ​បើ​ធ្វើការ​តាម​រយៈ​អ្នក​ម៉ៅការ គឺ​គេ​បើក​លុយ​ឲ្យ​យើង​តែមួយ​ថ្ងៃ​ដូច​ថ្ងៃ​ធម្មតា​ដែរ ហើយ​ការដ្ឋាន​ខ្លះ​ពេល​ធ្វើ​ការ​ចប់​អ្នក​ម៉ៅ​ការ​រត់​បាត់​អត់​បើក​លុយ​ឲ្យ​ក៏មានដែរ​» នេះ​បើតាម​សម្តី​របស់​អ្នក​ស្រី ចក់ យឿន​។

ចំណែក​នៅឯ​ការដ្ឋាន​សំណង់​ផ្សារ AEON 2 នា​ខណ្ឌ​សែន​សុខ អ្នក​ស្រី សួន ស្រី​យ៉ា ក៏​កំពុងមមា​ញឹក​ញាប់ដៃ​ញាប់​ជើង​ចង​ដែក ជាមួយ​គ្នីគ្នា​របស់​គាត់​ទាំង​ប្រុស​ទាំងស្រី​ដែរ ពេលខ្លះ​គាត់​ក៏​លើក​លីសែង​ដែក​សរសៃ​ ស៊ីម៉ងត៍ ឬ​ឥដ្ឋ​ដែរ គឺ​អាស្រ័យ​ទៅ​តាម​តម្រូវការ​ជាក់ស្តែង​ចំពោះ​មុខ​ដូច​កម្មករ​ប្រុសៗ​ដែរ​។ គាត់​បាន​សម្តែង​ការ​ត្អូញត្អែរ​ស្រដៀង​ទៅនឹង​អ្នកស្រី ចក់ យឿន ផងដែរ​។

«​ធ្វើ​ការ​មួយ​ថ្ងៃ​៨​ម៉ោង ដូច​គ្នា តែ​ពេល​បើក​លុយ​យើង​ទទួល​បាន៥ ​ឬ​៦​ដុល្លារ រីឯ​ខាង​ប្រុសៗ​វិញ​គេ​បាន​ចាប់​ពី​៧​ដុល្លារ​ឡើង​ទៅ​​ឯណោះ​។ តែ​យើង​ចេះតែ​ទ្រាំ​ធ្វើការ​ទៅ​ព្រោះ​យើង​ពុំមាន​ចំណេះ​ដឹង​នឹង​ទៅ​ធ្វើ​ការងារ​ផ្សេង​បាន​» នេះ​បើ​តាម​ការ​បញ្ជាក់​របស់ សួន ស្រី​យ៉ា​។ ជា​ចៃដន្យ​«​បើ​ថ្ងៃ​ណា​​យើង​ឈឺ​ ឬ​ឈប់ ក៏​ថៅកែ​គេ​អត់បើ​កលុយ​ឲ្យ ឬ​ជួយ​ចេញថ្លៃ​ព្យាបាល​អី​ទេ​។ តែបើ​យើង​ធ្វើ​ការ​បន្ថែម​ម៉ោង​នៅ​ថ្ងៃ​ឈប់​សម្រាក​ថៅកែ​គេ​គុណ​ឲ្យ១,៥០​ដង​»​។

ស្ត្រី​កម្មករ​ទាំង​ពីរ​រូប​បាន​អះ​អាង​ដូចគ្នា​ថា ពេល​បំពេញ​ការងារ​ពួកគាត់​ពុំ​ត្រូវបាន​គេ​ផ្តល់​សម្ភារ​សម្រាប់​ការពារ​ផ្នែក​សុវត្ថិភាព ដូចជា មួក ស្រោមដៃ ឬ​ស្បែក​ជើង​កវែង​នោះទេ ហើយ​ពួកកម្មករ​ស្ត្រី​ងាយ​នឹង​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​ណាស់​។ ក្នុងពេល​បំពេញ​ការងារ «​នៅ​ពេល​ណា​គេ​ដឹង​ថា យើង​មាន​ផ្ទៃពោះ គឺ​ខាង​ថៅកែ ឬ​អ្នក​ម៉ៅការ​សំណង់​គេ​បញ្ឈប់ពួក​យើង​​ពី​ការងារ​តែម្តង​» នេះ​បើតាម​ការ​អះអាង​របស់​កម្មការិនី​សំណង់ សួន ស្រី​យ៉ា និង ចក់ យឿន​។ ពួក​គាត់​បាន​ធ្វើ​ការ​សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល «​ជួយ​បង្កើត​ច្បាប់​ការពារ​កម្មករ​សំណង់ និង​មាន​ច្បាប់​អាច​ឈប់​សម្រាក ឈឺ ឬ​ពាក់ព័ន្ធ​ទៅ​នឹង​រយៈពេល​មាតុភាព និង​បញ្ឈប់​រាល់​ការ​រើស​អើង ស្ត្រី​​ភេទ​»​នៅក្នុង​ការងារ​នេះ​។

លោក យ៉ាន់ ធី អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា (BWTUC) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​អចលន​ទ្រព្យ តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ​ថា បើ​យោង​តាម​របាយ​ការណ៍​ចុង​ក្រោយ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ បាន​បង្ហាញ​ពី​បរិមាណ​កម្មករ​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​សំណង់​មាន​ប្រមាណ​ ១៩ ​ទៅ​ ២០​ ម៉ឺន​នាក់ ហើយ​បើ​គិត​ចំពោះ​កម្មករ​សំណង់​ជា​ស្ត្រី​ភេទមាន​ប្រមាណ​៣០​ភាគរយ​នៅ​ក្នុង​នោះ​។ ដោយ​ឡែក ​រហូត​មក​ដល់​ពេល​នេះ​កម្មករ​សំណង់​ជា​ «សមាជិក​របស់ BWTUC គឺ​មាន​តែ​ជាង ៦០០០​នាក់​ប៉ុណ្ណោះ​»​។ លោក​បន្តថា ប៉ុន្តែ​«សម្រាប់​ពួក​យើង​បាន​មើល​ឃើញ​ថា ការងារ​របស់​ពួក​គាត់​នៅក្នុង​វិស័យ​សំណង់ គឺមាន​សក្តានុពល​ខ្លាំង​សម្រាប់​ជួយ​ជំរុញ​ល្បឿន​សេដ្ឋកិច្ច​ជាតិ​»​។

ស្រដៀង​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​​របស់​ស្ត្រី​កម្មករ​សំណង់​ខាង​លើ​លោក យ៉ាន់ ធី បាន​មើល​ឃើញថា រដ្ឋ​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់ និង​ជួយ​គេ​ច្រើន​ទេ​។ លោក​បាន​បន្ថែម​ថា​ ៖ «​ដើម្បី​ជា​ប្រយោជន៍​រួម​​ទាំង​អស់​គ្នា​យើង​ទទូច​ឲ្យ​រដ្ឋាភិបាល​ជួយ​បង្កើត​គោលនយោបាយ​កំណត់​ប្រាក់​ឈ្នួល​គោល អប្បបរមា​ដល់​កម្មករ​បម្រើការ​ងារ​នៅ​ក្នុង​ផ្នែក​សំណង់ បង្កើត​ច្បាប់​ផ្សេងៗ​ដែល​អាច​ផ្តល់​ជា​អត្ថប្រយោជន៍​បន្ថែម​ផ្សេងៗ​ទៀត​ដល់ កម្មករ-​កម្មការិនី​សំណង់ និង​ប្រយោជន៍​ដល់​ភាគី​ពាក់ព័ន្ធ​»​។

លោក យ៉ាន់ ធី បាន​រំឭក​ថា កន្លង​មក​ធ្លាប់មាន​កម្មករ​ជាច្រើន​ដែល​ធ្វើ​ការ​នៅក្នុង​វិស័យ​សំណង់​«​ទទួល​រង​ផល​ប៉ះពាល់​ដូចជា គ្រោះថ្នាក់ បាក់​ធ្លាក់ ធ្លាក់​សម្ភារ​សំណង់​ពីលើ ឆក់​ខ្សែភ្លើង ប៉ះ​ទង្គិច មុត បង្ក​ឲ្យ​មាន​របួសស្នាម​ដល់​រាង​កាយ​ពិការ ប៉ះពាល់​ដល់​សុខភាព​ទូទៅ និង​ផ្លូវចិត្ត រីឯ​ខ្លះ​ទៀត​រហូតដល់​រងគ្រោះ​បាត់បង់​អាយុ​ជីវិត​ក៏មាន ប៉ុន្តែ​ជា​អ​កុសល​ពួកគាត់​កម្មករ​សំណង់​ទាំងអស់​ហាក់​​ពុំ​សូវ​ទទួលបាន​ការយក​ចិត្ត​ទុកដាក់​ពី​អាជ្ញាធររ​ដ្ឋ ឬ​អង្គការ​ពាក់ព័ន្ធ​នានា​នោះទេ​»​។

លោក​បន្ត​ថា វិបត្តិ​ឬ​បញ្ហា​ខណៈ​«​អ្នក​ម៉ៅការ​សាងសង់​សំណង់​អត់​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ឬ​រត់​ចោល​កម្មករ»​​ ក៏មាន​ច្រើន​ករណី​ដែរ​។

លោក ហេង សួរ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយ​មាន​កិច្ចសហ​ការ​ជាមួយ​អង្គការ ILO បាន​ធ្វើ​ការ​​សិក្សា «​ដើម្បី​ពិនិត្យ​លទ្ធភាព​នៃ​ការ​ពង្រីក​វិសាលភាព​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​[​កម្មករសំណង់ ហើយ​តាម​ការពិត​ជាក់ស្តែង​]​នា​ពេល​បច្ចុប្បន្ន​នេះ [​ប្រាក់​ឈ្នួល​របស់​ពួកគាត់​ទទួលបាន​]​លើសពី​ប្រាក់​ឈ្នួល​អប្ប​បរ​មា​នៅក្នុង​វិស័យ​​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​»​។

មន្ត្រី​អ្នក​នាំ​ពាក្យ​រូបនេះ​បាន​បន្ថែម​ថា ជាការ​ពិត​ «​អ្វី​ដែល​ជា​ប្រាក់​ឈ្នួល​អប្បរមា ដែល​បងប្អូន​កម្មករ​ធ្វើការ​នៅក្នុង​វិស័យ​សំណង់​​នេះ គឺ​បាន​លើស​ពី​កម្រិត​ប្រាក់​ឈ្នួល​អប្ប​បរមា​នៃ​វិស័យ​កាត់​ដេរ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​លក្ខខណ្ឌ​នៃ​ការធ្វើការងារ​គឺ​ផ្សេងគ្នា​»​។

លោក​បន្តថា​៖ «អ៊ីចឹង​​ហើយ​បាន​ជា​វា​អាច​ទាមទារ​ឲ្យ​មាន​ការ​សិក្សា​ជាក់លាក់​មួយ​បន្ថែមទៀត​ពី​ខាង​អង្គការ ILO [និង​ភាគី​ពាក់ព័ន្ធ​] ថា​តើ​គួរ​តែ​ប្រើប្រាស់​[​រូបមន្ត​]​ប្រាក់​ឈ្នួល​អប្ប​បរ​មា​នៅក្នុង​វិស័យ​កាត់ដេរ​នេះ ហើយ​ពង្រីក​វា​ទៅ​ឲ្យ​ដល់​វិស័យ​សំណង់​តែម្តង ឬក៏​គួរ​មាន​ប្រាក់​ឈ្នួល​អប្ប​បរ​មា​ដោយឡែក​សម្រាប់​វិស័យ​សំណង់​?»

«​ប៉ុន្តែ​ជាទូទៅ​ប្រហែល​ជា​យើង​នឹង​[​កំណត់​]​យកប្រាក់​ឈ្នួល​​ អប្ប​បរ​មា​ថ្នាក់ជាតិ​មួយ​ដែល​អាច​ប្រើប្រាស់​បាន​គ្រប់​វិស័យ​តែម្តង» នេះ​បើតាម​ប្រសាសន៍​របស់​លោក ហេង សួរ​។ ម្យ៉ាង​ទៀត «​យើង​ក៏​បាន​និងកំពុង​សហការ​ជាមួយ ក្រសួង​រៀបចំ​ដែនដី នគរូបនី​យ​កម្ម និង​សំណង់ ក៏ដូចជា​គណៈ​វិស្វករ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សំណង់​ទាំងអស់​គឺ​ត្រូវ​តែ​មាន​​ការអនុញ្ញាត​ពី​ក្រសួង​ដែនដី ហើយ​អ្នក​ឈរ​ឈ្មោះ​ឬ​ក្រុមហ៊ុន​សំណង់​ទាំងនោះ​ត្រូវតែមាន​អ្នក​បច្ចេក​ទេស​ផ្នែក​ស្ថាបត្យកម្ម​សំណង់ ដើម្បី​ធានាថា រាល់​បទដ្ឋាន​សុវត្ថិភាព​អ្វី​ផ្សេងៗ​នឹង​គោរព​ទៅ​តាម​ច្បាប់​ត្រឹមត្រូវ​»​។

លោក ហេង សួរ បាន​ពន្យល់​ថា នៅ​ប្រទេស​ណាក៏ដោយ​ការ​សិក្សា​ពី​ការកំណត់​ប្រាក់​ឈ្នួល​អប្ប​បរ​មា​ដល់​និយោជិត គឺ​«​តែង​ត្រូវបាន​ធ្វើឡើង​ដោយ​ពុំមែន​ភាគី​របស់​រដ្ឋ​ទេ​»​។ គឺ​«​ត្រូវតែ​ឆ្លងកាត់​យន្តការ​ពិភាក្សា​ត្រីភាគី​» គឺរួម​ទាំង​​និយោជក​ដែល​ធ្វើការ​នៅក្នុង​វិស័យ​​ នោះ ភាគី​ពាក់ព័ន្ធ និង​រដ្ឋ៕

ce From : Phnom Penh Post  

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 185,000.00
Flat House For Sale
Trapang Krasang,Porsenchey
USD 60,000.00

CVEA MEMBERS