What’s the difference between renting an apartment and a condominium?

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ស្លាក​ដាក់​លក់​ដី​ឡូត៍​នៅ​លើ​ផ្ទៃ​ទឹក​ជា​បឹង​មួយ​កន្លែង នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ពេល​ថ្មី​នេះ។ ស្រេង ម៉េងស្រ៊ុន

បើ​អ្នក​ចេញ​ដំណើរ​ទៅ​កាន់​ជាយ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ភាគច្រើន អ្នកនឹង​មើលឃើញ​ផ្ទាំង​ប៉ាណូ​ប្រកាស​លក់​ដីឡូត៍​ព្រោង​ព្រាត បី​ដូចជា​រដូវ​ផ្កា​រីក ប៉ុន្តែ​នៅពេល​សួរ​ត្រឡប់​ទៅ​វិញ​ថា តើ​អ្នកណា​ជា​អតិថិជន​ពិតប្រាកដ និង​ការ​វិនិយោគ​លើ​វិស័យនេះ​ប្រឈម​ហានិភ័យ​យ៉ាង​ដូច​ម្តេច​នោះ​? វា​នៅតែ​ជា​សំណួរ​មួយ​ពិបាក​រក​ចម្លើយ​ពិត​នៅ​ឡើយ​។

អគ្គនាយក​ក្រុមហ៊ុន Premium Housing លោក ម៉ាន់ ចាន់​ឌី ដែល​បាន​វិនិយោគ​ពុះ​ដីឡូត៍​លក់​ជាច្រើន​ទីតាំង​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា គម្រោង​របស់លោក​ស្ថិត​នៅ​ជាយក្រុង​ភ្នំពេញ ស្ថិត​នៅ​ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល ជា​តំបន់​ដែល​លោក​រំពឹងថា នឹងមាន​ការរីក​ចម្រើន​ខ្លាំង​នាពេល​អនាគត ហើយ​អតិថិជន​ដែល​លោក​ផ្តោត​ជា​សំខាន់ គឺ​អ្នក​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប និង​ប្រាក់​ចំណូល​មធ្យម ដែល​ពួកគេ​អាច​ទិញ​តាម​រយៈ​ការ​បង់​រំលស់ និង​អាច​សាងសង់​ផ្ទះ​បាន​សម្រាប់​អនាគត ដោយ​សារ​គម្រោង​នីមួយៗ​សុទ្ឋ​តែ​មាន​ការ​រៀបចំ​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ ទឹក ភ្លើង និង​ផ្លូវ​ធំ​ទូលាយ។

លោក​បន្តថា​ ៖ «​អតិថិជន​របស់​ខ្ញុំ​មួយ​ចំនួន​ទិញ​សម្រាប់​សាងសង់​ផ្ទះ និង​មួយ​ចំនួន​ទៀត​ទិញ​យក​ចំណេញ ព្រោះ​ពួក​គេ​គិត​ថា មាន​ផល​ចំណេញ ហើយ​បើ​រដ្ឋាភិបាល​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​កាន់​តែ​ល្អ ទីតាំង​ដីឡូត៍​របស់​ខ្ញុំ​មិន​ឆ្ងាយ​នោះ​ទេ​»​។

លោក​បន្ត​ថា​ ៖ «ពួក​គេ​អាច​ចូល​មក​ធ្វើ​ការ​នៅ​ភ្នំពេញ​នៅ​ពេល​ព្រឹក និង​ត្រឡប់​ទៅ​វិញ​នៅ​ពេល​ល្ងាច​បាន​ដែល​នេះ​ជា​គម្រោង​ជួយ​កាត់​បន្ថយ​ភាពក្រីក្រ​របស់​រដ្ឋាភិបាល បើ​សិន​ជា​ពួក​គេ​មិន​ទិញ​ចំ​ដី​ខ្យល់​»។

«​កន្លង​មក​មាន​ប្រជាជន​រងគ្រោះ​ពី​ការ​ទិញ​ដីឡូត៍​ផង​ដែរ ព្រោះ​មាន​ជន​ខិល​ខូច​បាន​ដើរ​ចង្អុល​ដី​របស់​គេ និង​លក់​ឲ្យ​ប្រជាជន​តាម​រយៈ​ការ​ប្រមូល​ប្រាក់​កក់ ហើយ​នៅ​ទីបំផុត​ពួក​គេ​រត់​ចោល​ទុក​ឲ្យ​ប្រជាជន​ជា​អ្នក​រងគ្រោះ​» នេះ​បើ​តាម​សម្តី​របស់​លោក ចាន់​ឌី​។

«​ខ្ញុំ​ធ្លាប់​ជួប​ករណី​បែប​នេះ និង​បាន​ពន្យល់​ជន​រងគ្រោះ​ពី​នីតិ​វិធី​ទិញ​ដី ដើម្បី​បញ្ចៀស​ហានិភ័យ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​រងគ្រោះ​សាជាថ្មី​»​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែង​ថា នៅ​តំបន់​ជាយ​ក្រុង​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​រក​ស៊ី​ឆក់​កណ្តៀត បោក​ប្រាស់​ប្រជា​ពលរដ្ឋ​ដែល​មិន​បាន​ដឹង​ព័ត៌មាន​ច្បាស់​លាស់​។

គម្រោង​​របស់​ពួក​គេ​មិន​ដឹង​ផ្លូវ និង​បណ្តាញ​លូ ទឹក​ស្អាត និង​បណ្តាញ​អគ្គិសនី​នៅ​ឯណា​នោះ​ទេ​ ហើយ​មាន​ពួក​អ្នក​ឳកាស​និយម​មួយ​ចំនួន​បាន​កក់​ប្រាក់​ម្ចាស់​ដី​ចំនួន​១០​ភាគរយ ឬ​ច្រើន​ជាង​​នេះ ក៏​ត្រូវ​គ្នា​ជាមួយ​ម្ចាស់​ដី ដើម្បី​ពុះ​ជា​ឡូត៍​លក់​ដោយ​គ្រាន់​តែ​លើក​ស្លាក​បង្ហាញ ប៉ុន្តែ​នៅ​ពេល​ពួក​គេ​លក់​មិន​ចេញ ពួក​គេ​ក៏​រត់​ចោល ហើយ​អ្នក​រងគ្រោះ គឺ​ម្ចាស់​ដី​ពិតប្រាកដ និង​អ្នក​ទិញ​តែ​ម្តង​។

លោក​បន្តថា​ ៖ «​ករណី​បែប​នេះ​ពិត​ជា​​កើត​មាន ព្រោះ​អ្នក​ទិញ​មួយ​ចំនួន​មើល​តែ​រូបភាព និង​មិន​យល់​ពី​ច្បាប់​អ្វី​ឡើយ ហេតុ​នេះ​អ្នក​ទិញ​ត្រូវ​តែ​ប្រាកដ​ថា ទិញ​ដីឡូត៍ គឺ​ទិញ​ពី​ម្ចាស់​ដី​ពិត​ប្រាកដ​»​។

លោក​បន្ត​ថា​ ៖ «​ប្រសិន​ជា​ប័ណ្ណ​នោះ​មិន​មែន​ជា​ប័ណ្ណ​សម្គាល់​អចលនវត្ថុរ​បស់​ម្ចាស់​ដី កុំ​ទិញ និង​កុំ​បង់​រំលស់​តាម​ក្រុមហ៊ុន សូម​បង់​តាម​រយៈ​ធនាគារ ដើម្បី​បញ្ចៀស​ហានិភ័យ​»​។

ជាមួយ​នឹង​និន្នាការ​ពុះ​ដីឡូត៍​កាន់​តែ​កាក់កប​នេះ លោក គីម ហ៊ាង ក៏​បាន​និង​កំពុង​វិនិយោគ​ពុះ​ដីឡូត៍​លក់​ផង​ដែរ ដោយ​​លោក​ថ្លែងថា លោក​បាន​និង​កំពុង​រៀប​ចំពុះ​ដីឡូត៍​លក់​ផងដែរ ប៉ុន្តែ​គម្រោង​ដីឡូត៍​របស់លោក​បាន​ផ្តោត​លើដី​ធំ ដែល​អាច​សាងសង់​វីឡា​ដោយ​ដីឡូត៍​នី​មួយៗ​មាន​​ទំហំ​២០​គុណ​នឹង​៣០​ម៉ែត្រ និង​មិន​ផ្តល់​ការបង់​រំលស់ និង​មិន​លក់​ជូន​អ្នក​ទិញ​យក​ចំណេញ​ទេ​។

​លោក​បន្តថា​ ៖ «​អតិថិជន​ទិញ​ដីឡូត៍​ភាគ​ច្រើន​ជា​អ្នកមាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម ដែល​ពួកគេ​អាច​បង់​រំលស់ និង​អាច​សន្សំ​ប្រាក់​សាងសង់​ផ្ទះ​បាន​នៅ​ក្នុង​​រយៈពេល​ ៥​ ទៅ​ ១០ ​ឆ្នាំ​ក្រោយ​»​។

អ្នក​ទិញ​ដីឡូត៍​មួយ​រូប​គ្រាន់​តែ​ប្រាប់​ឈ្មោះ ចាន់​ធឿន ដែល​បាន​ទិញ​ដី​នៅ​ក្រុមហ៊ុន​មួយ​ស្ថិត​នៅ​ក្នុង​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ដែល​មាន​ទំហំ​ ៥ ​គុណ​នឹង​ ២០ ​ម៉ែត្រ តម្លៃ​ ១១ ០០០​ ដុល្លារ បាន​លើក​ឡើង​ថា អ្នក​នាង​មិន​គិតពី​ផល​ចំណេញ​ពី​ការ​ទិញ​ដីឡូត៍​នេះ​ទេ ព្រោះ​គិត​ថា តម្លៃ​ដី​ដែល​បាន​ទិញ គឺ​អ្នក​​ពុះ​ដីឡូត៍​លក់​ចំណេញ​ប្រាក់​ច្រើន​រួច​ទៅ​ហើយ ហេតុ​នេះ​ការ​ទិញ​ដីឡូត៍​របស់​អ្នក​នាង មិន​រំពឹង​ចំណេញ​ទេ តែ​គ្រាន់​ជា​ការទិញ​ដើម្បី​ទទួលបាន​ទ្រព្យ​ទុក​ចែក​កូន ឬ​ចៅ​នា​ពេល​អនាគត​ប៉ុណ្ណោះ​។

អ្នក​នាង​បន្តថា​ ៖ «​ខ្ញុំ​បាន​បង់ប្រាក់​ដោយ​គ្មាន​ការ​ប្រាក់​រយៈពេល​ជាង​៣​ឆ្នាំ ដោយ​មួយ​ខែ​បង់​ជាង​ ២០០ ​ដុល្លារ ជាមួយ​ម្ចាស់​ក្រុមហ៊ុន ដែល​ជា​អ្នក​ស្គាល់​គ្នា»​។

អ្នក​នាង​បន្តថា​ ៖ «​ទោះជា​យ៉ាង​ណា​​វា​ក៏​មាន​ហានិភ័យ​ផង​ដែរ ព្រោះ​យើង​មិន​ទាន់​ទទួល​បាន​ប្លង់​សម្គាល់​កម្ម​សិទ្ធិ​នៅ​ឡើយ​ទេ ព្រោះ​ទាល់​តែ​បង់ប្រាក់​អស់​ទើប​គេ​ចេញ​ប្លង់​ឲ្យ​»​។

អ្នក​នាង ចាន់​ធឿន បាន​បន្ត​ទៀត​ថា ចំពោះ​ប្លង់​ដីឡូត៍​ជាន់​គ្នា​នឹង​ប្លង់​គោល​របស់​ក្រុង ដែល​នឹង​រៀបចំ​នាពេល​អនាគត​យ៉ាង​ដូច​ម្តេច អ្នក​នាង​មិន​ដឹង​នោះ​ទេ នេះ​ជា​ចំណុច​ហានិភ័យ ដែល​ទាំង​អ្នក​នាង និង​អ្នក​ដទៃ​ទៀត​ព្រួយបារម្ភ​ផង​ដែរ ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ​ម្ចាស់​ដីឡូត៍​នោះ​បាន​បញ្ជាក់​រួច​ហើយ ពី​គម្រោង​នេះ គឺ​មាន​​ហេដ្ឋា​រចនា​សម្ព័ន្ធ​សមស្រប និង​មូលដ្ឋាន​ច្បាប់​រឹងមាំ​។

អ្នក​ជំនាញ​អចលនទ្រព្យ​មួយរូប ដែល​បាន​និយាយ​ក្នុង​លក្ខ​ខ​ណ្ឌ​មិន​បញ្ចេញ​​ឈ្មោះ​បាន​ពន្យល់ថា បញ្ហា​ដីឡូត៍​ជា​រឿង​ឈឺក្បាល​សម្រាប់​រដ្ឋាភិបាល​នាពេល​អនាគត ព្រោះ​ទី​១ ម្ចាស់​ដីឡូត៍​ភាគច្រើន​មិនបាន​រៀបចំ​ហេដ្ឋា​រចនា​​សម្ព័ន្ធ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះទេ​។

ទី​២ ម្ចាស់​ដីឡូត៍​មួយចំនួន​មាន​ប្លង់រឹង តែ​មិនបាន​កាត់​ប្លង់រឹង​ជូន​អតិថិជន​នោះ​ឡើយ ដែល​ថ្ងៃក្រោយ​ដី​នោះ​នឹងមាន​បញ្ហា​នៅពេល​ម្ចាស់​ដើម​ផ្ទេរ​កម្ម​សិទ្ឋ​ដី​នោះ​ជូន​អ្នក​ណា​ម្នាក់ ឬ​ប្លង់​នោះ​ជាប់​បញ្ចាំ​នៅ​ធនាគារ​ជាដើម​។

ទី​៣ ការ​ទិញ​ដីឡូត៍​មិនសូវ​ទទួល​បាន​ផល​ចំណេញ​នោះទេ ព្រោះ​តម្លៃ​ដីឡូត៍​មាន​តម្លៃ​ខ្ពស់ និង​អ្នក​វិនិយោគ​ដំបូង​បាន​យក​ចំណេញ​ខ្ពស់​រួច​ទៅ​ហើយ និង​ទី​ ៤ សំណង់​នៅ​តំបន់​ដីឡូត៍​មិន​រៀប​រយ​នោះទេ ព្រោះ​មិន​មាន​ការ​កំណត់​សាងសង់​ជាក់​លាក់​នូវ​ប្លង់​មេ​ណា​មួយ​ពី​ម្ចាស់​ដី ដោយ​សារ​អ្នក​វិនិយោគ​ពុះ​ដីឡូត៍​លក់​រួច ពួកគេ​មិន​បាន​ទទួល​ខុសត្រូវ​លើ​ការ​សាងសង់​នោះទេ​។

លោក ង៉ែត ពិសិដ្ឋ ជំនួយការ​អគ្គនាយក​បុរី​ពិភពថ្មី បាន​ថ្លែង​ថា ចលនា​ពុះ​ដីឡូត៍​លក់​បាន​ធ្វើ​ឲ្យ​តម្លៃ​ដី​កើន​ឡើង​ខ្លាំង ប៉ុន្តែ​ ដីឡូត៍​ដែល​បាន​លក់​រួច​មិន​ងាយ​មាន​ការ​សាងសង់ ឬ​អភិវឌ្ឍន៍​ទេ ព្រោះ​ម្ចាស់​ដី​និមួយៗ​រង់ចាំ​មើល​គ្នា និង​មិន​សាងសង់​បាន​តាម​របៀប​រៀបរយ​នោះ​ទេ​។ ជាក់​ស្តែង​ដីឡូត៍​លក់​នៅ​ខាង​ត្បូង​បុរី​ពិភពថ្មី​សំរោង​អណ្តែត ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី បាន​ជាប់គាំង​រហូត​មក​ទល់​ពេល​នេះ​ដោយ​សារ​មិន​មាន​សកម្មភាព​អភិវឌ្ឍន៍​អ្វី​ឡើយ​។

អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បាន​ថ្លែង​ថា ការ​ពុះ​ដីឡូត៍ និង​ការ​អនុវត្ត​ជាក់ស្តែង​ត្រូវ​គោរព​តាម​ច្បាប់​ភូមិបាល និង​អនុ​ក្រឹត្យ​លេខ​ ៤២ ស្តីពី​នគរូបនីយកម្ម​ដែល​ជា​ច្បាប់ និង​បទបញ្ញត្តិ​ទាក់ទង​នឹង​ការ​រៀបចំ​ដីឡូត៍​សម្រាប់​លក់ និង​ការ​ពុះ​ក្បាលដី​ដែល​ម្ចាស់​ដីឡូត៍ ត្រូវធ្វើ​ការងារ​ជាមួយ​មន្ទីរ​ជំនាញ​រៀបចំ​ដែនដី​ថ្នាក់​រាជធានី ខេត្ត​ដែល​អ្នក​វិនិយោគ​ពុះ​ដីឡូត៍​លក់​ត្រូវ​កំណត់​​ទំហំ​ផ្លូវ ដី​សម្រាប់​ទុក​សាង​សង់​ផ្ទះលម្ហ​បៃតង​មាន​ទំហំ​ប៉ុន្មាន​ជាក់​លាក់។​ ​

លោក​បន្តថា​ ៖ «​សំខាន់​អ្នក​វិនិយោគ​គោរព​តាម​ច្បាប់​របស់​ក្រសួង ហើយ​ការ​ពុះ​ដីឡូត៍​ជា​កម្មសិទ្ធ​ឯកជន ក្រសួង​គ្មាន​សិទ្ធ​ហាម​ឃាត់​ពួកគេ​ទេ ហើយ​ទីតាំង​ដី​ជាន់គ្នា​នឹង​ផែនការ​រៀបចំ​ប្លង់​មេ​របស់​ក្រុង ឬ​អត់ គឺ​អន្តរក្រសួង​បាន​ប្រជុំ​កាត់​ចេញ​អស់​ហើយ​”​។ ​

លោក​បន្ត​ថា “​វា​មិនមាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះទេ វា​ជាការ​វិនិយោគ​របស់​វិស័យ​ឯកជន ជា​ការ​វិនិយោគ​របស់​វិស័យ​ឯកជន វា​ជា​ពាណិជ្ជកម្ម​របស់​ឯកជន ទីផ្សារ​ឯកជន ហើយ​បើ​ពុះ​លក់​មិន​ដាច់​ពួក​គេ​ក៏​មិន​ពុះ​លក់​ដែរ​»​។

នៅ​ពេល​លើក​ឡើង​ពី​សំណង់​មិន​រៀបរយ លោក​សេង ឡូត​បាន​ថ្លែងថា នេះ​មិន​មែន​ជា​បញ្ហា​នោះ​ទេ ព្រោះ​មុន​ពេល​​សាងសង់​អ្នក​សាងសង់​ត្រូវ​សុំ​ច្បាប់ ហើយ​សមត្ថកិច្ច​ជំនាញ​ពួកគេ នឹង​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​តាម​លក្ខណៈ​នគរូបនីយកម្ម​ត្រឹម​ត្រូវ មិន​មែន​ពួក​គេ​ចេះ​តែ​សាងសង់​នោះ​ទេ​៕

Source From : Phnom Penh Post

 

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS