ការ​ផលិត​ស៊ីម៉ងត៍​ក្នុង​ស្រុក ​មិន​ទាន់​ឆ្លើយ​តប​តម្រូវ​ការ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
គម្រោង​សំណង់​ធំៗ​ជាច្រើន​ទីតាំង​កំពុង​រីក​ចម្រើន​នៅ​ក្រុង​ភ្នំពេញ ដែល​ជា​ប្រភព​ត្រូវ​ការ​ស៊ីម៉ង់ត៍​យ៉ាង​ច្រើន។ រូបថត សហការី

ទោះជា​កម្ពុជា​មាន​រោងចក្រ​ស៊ីម៉ងត៍​មួយ​ចំនួន​ហើយ​ក្តី ប៉ុន្តែ​ការ​ផលិត​ស៊ីម៉ងត៍​នៅ​ក្នុង​ស្រុក មិន​ទាន់​អាច​បំពេញ​បាន​តាម​តម្រូវការ​លើ​ទីផ្សារ​ជាក់​ស្តែង​នៅ​ឡើយ​ទេ ដោយ​សារ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កំពុង​មាន​ការ​រីកចម្រើន​ខ្លាំង​។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​លោក​ ឧកញ៉ា លី ហួរ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​​ថា ទោះបី​ជាមាន​រោងចក្រ​ក្នុងស្រុក ​២ ឬ​ ៣ កំពុង​ដំណើរការ​ផលិត​ក្តី ប៉ុន្តែ​ ផលិតផល​ស៊ីម៉ងត៍​ទាំង​នោះ មិន​ទាន់​ឆ្លើយ​តប​បាន​តាម​តម្រូវ​ការ​ទីផ្សារ​ជាក់ស្តែង​នៅ​ឡើយ​ទេ ជាក់​ស្តែង​បុរី​របស់​លោក និង​បុរី​ជាច្រើន​ទៀត នៅ​តែ​ប្រើប្រាស់​ស៊ីម៉ងត៍​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង និង​ប្រទេស​ដទៃ​ទៀត​។

លោក​បន្ត​ថា​ ៖ «​សង្វាក់​ផលិតកម្ម​ស៊ីម៉ងត៍​ក្នុង​ស្រុក​មិន​ទាន់​ធំ​ដុំ​នោះ​ទេ ទោះ​ជា​ការ​ផលិត​កើន​ឡើង​ក្តី ប៉ុន្តែ​មិន​ទាន់​គ្រប់​តម្រូវ​ការ​នៅ​ឡើយ​»​។

លោក​បន្ត​ថា​ ៖ «ទោះ​ជា​មាន​រោង​ចក្រ​ថ្មីៗ​អាច​ផលិត​បាន​ក្តី តែ​ខ្ញុំ​គិត​ថា នៅ​តែ​មិន​គ្រប់ ព្រោះ​ទំហំ​នៃ​ តម្រូវការ​ស៊ីម៉ងត៍​កើន​ឡើង​ខ្លាំង ដោយ​សារ ​ប្រទេស​យើង​កំពុង​មាន​ការ​អភិវឌ្ឍ​​លឿន​»​។

លោក​ឧកញ៉ា លី ហួរ បាន​បន្ត​ថា លោក​​គិត​ថា តម្រូវការ​ស៊ីម៉ងត៍ នឹង​រីក​កាន់​តែ​ធំ​នា​ពេល​អនាគត ដោយ​សារ​ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នឹង​បន្ត​រយៈពេល​វែង​បន្ត​ទៅ​ទៀត​។

លោក ប្រាក់ សេរី​វឌ្ឍនា អ្នក​សម្រប​សម្រួល​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន SCG ផលិត​ស៊ីម៉ងត៍​ម៉ាក K Cement បាន​ថ្លែងថា ការ​លក់​ស៊ីម៉ងត៍​ឆ្នាំ​នេះ មាន​កំណើន​ប្រហាក់​ប្រហែល​ឆ្នាំ​មុន ប៉ុន្តែ​លោក​មិន​បញ្ជាក់​អំពី​ទំហំ​នៃ​កំណើន​នោះទេ​។

លោក​បន្ត​ថា ​ជាមួយ​នឹង​កំណើន​នៃ​ការ​លក់ ក្រុមហ៊ុន​គ្រោង​បោះទុន​ជាង​១០០​លាន​ដុល្លារ ដើម្បី​បង្កើន​ខ្សែ​ចង្វាក់​ផលិតកម្ម​មួយ​ទៀត​ដែល​មាន​សមត្ថភាព​ផលិត​បាន​ ២ ៦០០​ តោន​ក្នុង​មួយ​ថ្ងៃ លើ​ខ្សែ​ផលិតកម្ម​មាន​ស្រាប់​ដែល​អាច​ផលិត​បាន​ ៥ ០០០​ តោន​ក្នុង​មួយ​ថ្ងៃ។

លោក​បន្ត​ថា​ ៖ «​យើង​កំពុង​សិក្សា​ពី​ទីផ្សារ មុន​ពេល​សម្រេច​ចិត្ត​បង្កើន​ខ្សែ​ចង្វាក់​ផលិតកម្ម​ថ្មី​នេះ ប៉ុន្តែ​ការ​បង្កើន​ខ្សែ​ចង្វាក់​ផលិតកម្ម​ថ្មី​អាច​នឹង​ដំណើរ​ការ​នៅ​ពេល​​ឆាប់ៗ​នេះ​»​។

លោក​បន្តថា​ ៖ «​ក្រុមហ៊ុន​ក៏មាន​បំណង​ដើម្បី​នាំចេញ​ផងដែរ ប៉ុន្តែ​ដោយសារ​តម្លៃ​ដើម​ផលិត​ថ្លៃ និង​ការ​ដឹក​ជញ្ជូន​មាន​តម្លៃ​ថ្លៃ យើង​សម្រេច​ផ្អាក​គម្រោង​នេះ​វិញ​»​។

លោក ប្រាក់ សេរី​វឌ្ឍនា បាន​បន្ត​ថា រោង​ចក្រ​ស៊ីម៉ងត៍ SCG បាន​ចាប់​ផ្តើម​ផលិត​លើក​ដំបូង​នៅ​ឆ្នាំ​២០០៧ និង​បាន​ពង្រីក​ខ្សែ​ផលិតកម្ម​ទី​ ២ នៅ​ឆ្នាំ​ ២០១៥ ដែល​ធ្វើ​ឲ្យ​បរិមាណ​ផលិត​របស់​រោងចក្រ​នេះ កើន​ឡើង​ដល់ ៥ ០០០ ​តោន​ក្នុង​មួយ​ថ្ងៃ​។

ក្រុមហ៊ុន​វិនិយោគ​គម្រោង​អចលនទ្រព្យ​ដ៏​ធំ​មួយ​ក្នុង​ស្រុក បាន​និង​កំពុង​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​។

លោក ទូច សំណាង អគ្គនាយក​រង​ក្រុមហ៊ុន OCIC បាន​ថ្លែងថា គម្រោង​របស់​ក្រុមហ៊ុន​វិនិយោគ​ភាគ​ច្រើន បាន​ប្រើ​ប្រាស់​ផលិតផល​ស៊ីម៉ងត៍​ក្នុង​ស្រុក ពិសេស​ផលិតផល K Cement ប៉ុន្តែ​ក្រុមហ៊ុន​កំពុង​សិក្សា​យក​ស៊ីម៉ងត៍​របស់​រោងចក្រ​ ជីប ម៉ុង ជំនួស​វិញ​នា​ពេល​អនាគត ដោយ​សារ​ផលិតផល​របស់​រោងចក្រ​ថ្មី មាន​តម្លៃ​ទាប​ជាង​ស៊ីម៉ងត៍ K Cement។

លោក​បន្តថា​ ៖ «​ភាគ​ច្រើន​យើង​ប្រើ​ប្រាស់​ផលិតផល​ក្នុង​ស្រុក លើក​លែង​តែ​ស៊ីម៉ងត៍​ប្រភេទ​កាវ សម្រាប់​ប្រើប្រាស់​ក្នុង​អាងទឹកពី​បរទេស​ដោយ​សារ​អ្នក​ផលិត​ក្នុង​ស្រុក​មិន​ទាន់​ផលិត​ស៊ីម៉ងត៍​ប្រភេទ​នេះ​បាន»។

លោក​បន្ត​ថា​ ៖ «​យើង​មាន​តម្រូវការ​ស៊ីម៉ងត៍​ច្រើន ដែល​មាន​ទំហំ​ ២០​ ទៅ ​៣០ ​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ហើយ​ខ្ញុំ​គិត​ថា តម្រូវ​ការ​ស៊ីម៉ងត៍​នឹង​បន្ត​កើន​ឡើង ដោយ​សារ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​ភាព​រីក​ចម្រើន ស្ថិរភាព​នយោបាយ និង​មាន​អ្នក​វិនិយោគ​អន្តរជាតិ​ចូល​មក​ជា​បន្ត​បន្ទាប់​»​។

លោក​បន្ត​ថា​ ៖ «​នៅ​ពេល​តម្លៃ​អគ្គិសនី​ចុះ​ថោក ខ្ញុំ​គិត​ថា តម្លៃ​ស៊ីម៉ងត៍​នឹង​ធ្លាក់​ចុះ​បន្ថែម​ទៀត​នា​ពេល​អនាគត​»​។

លោក ឆារស៍ វ៉ាន់ ប្រធាន​ស្តីទី​សមាគម​អ្នក​សាងសង់​កម្ពុជា បាន​ថ្លែង​ស្រដៀង​គ្នា​ថា ផលិតផល​ស៊ីម៉ងត៍​ក្នុង​ស្រុក​អាច​ផ្គត់ផ្គង់​បាន​មួយ​ចំណែក​លើ​ទីផ្សារ ប៉ុន្តែ​មិន​ទាន់​គ្រប់​តម្រូវ​ការ​ទេ យើង​នៅ​តែ​ត្រូវ​ការ​ការ​នាំ​ចូល​ច្រើន​នៅ​ឡើយ​៕

Source From : Phnom Penh Post

 

CVEA MEMBERS