តម្លៃ អាយុ​កាល និង​គុណភាព​នៃ​សំណង់​អគារ​ប៊ុល​ឌិង​ស​នឹង​ត្រូវ​ចងចាំ​យ៉ាង​ដូច​ម្តេច​បន្ទាប់​ពី​ការ​វាយ​កម្ទេច​ទាំង​ស្រុង

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
កម្មករ​របស់​ក្រុមហ៊ុន Arakawa កំពុង​ដើរ​រៀបចំ​សម្ភារៈ​បច្ចេកទេស​ដើម្បី​ត្រៀម​វាយ​កម្ទេច​ចោល​អគារ​សល់​ពី​ទសវត្សរ៍​១៩៦០​នេះ។ ផា លីណា

មុន​ពេល​សាងសង់​អគារ​ថ្មី​ណា​មួយ​ទាំង​ផ្នែក​ស្ថាបត្យ​កម្ម តម្លៃ អាយុ​កាល និង​គុណ​ភាព​របស់​សំណង់ គឺជា​កត្តា​សំខាន់​ដែល​ត្រូវ​បាន​ម្ចាស់​គម្រោង​ធ្វើការ​សិក្សា​យ៉ាង​ហ្មត់ចត់​។

កាល​ណា​និយាយ​ពី​តម្លៃ​នៃ​អគារ ជា​ពិសេស​អគារ​ប៊ុល​ឌិងស គឺ​ទាក់ទង​រហូត​ដល់​តម្លៃ​ជា​ប្រវត្តិសាស្ត្រ ដែល​បាន​កសាង​ក្នុង​ទសវត្សរ៍​ទី​៦០​ នៃ​សម័យ​សង្គម​រាស្ត្រ​និយម ដែល​ជា​សម័យ​កាល​រីក​ចម្រើន​នៃ​ស្ថាបត្យកម្ម​សំណង់​អគារ​សំខាន់ៗ​ជាច្រើន​។

តាម​គោលការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សហការ​ជាមួយ​ក្រុមហ៊ុន​របស់​ជប៉ុន Arakawa ហើយ​បាន​កំណត់​កាល​បរិច្ឆេទ​រើ​ចេញ​របស់​ប្រជាជន​ពី​អគារ​ស្ថាបត្យកម្ម​ប៊ុល​ឌិង​ស បន្ទាប់​ពី​ទទួល​សំណង​រួចរាល់​កាលពី​ខែ​មិថុនា​កន្លង​ផុត​នេះ​។

សិល្បករ​សម្តែង​របាំ​បុរាណ និងសហ​សម័យ​ដែល​ធ្លាប់​បាន​រស់នៅ​អគារ​ប៊ុល​ឌិង​ស ជាន់​ទី​៤ អ្នក​ស្រី យន ដាវី បាន​ប្រាប់​ថា​ ៖ «​អគារ​ប៊ុល​ឌិង​ស ជា​កន្លែង​កំណើត​របស់​ខ្ញុំ ដែល​មាន​អនុស្សាវរីយ៍​ច្រើន និង​ជា​កន្លែង​ដែល​ខ្ញុំ​ធ្លាប់​បាន​ឆ្លង​កាត់​មក​រហូត​ដល់​សព្វ​ថ្ងៃ​។ វា​ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សុភមង្គល​»​។

ស្ត្រី​អ្នក​របាំ​រូប​នេះ បាន​ឲ្យ​ដឹង​ថា​ ៖ «នៅ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​មក​រស់នៅ​កន្លែង​ថ្មី ខ្ញុំ​មាន​អារម្មណ៍​ថា​បាត់បង់​អ្វីៗ​គ្រប់​យ៉ាង ដែល​ធ្លាប់​មាន​ពី​មុន​មក ដូចជា​ញាតិមិត្ត​ជិត​ខាង​ដែល​ធ្លាប់​មាន​ចំណង​មិត្តភាព​ចាស់ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​វិស័យ​ការងារ​»​។

ទោះ​បីជា​អគារ​ប៊ុល​ឌិង​ស​មាន​សោភ័ណ​មិន​ស្អាត ប៉ុន្តែ​សំណង់​នៅ​រឹង​មាំ​។ អ្នក​ស្រី ដាវី បាន​ប្រាប់​ថា ការ​រស់នៅ​ទីតាំង​ថ្មី​មាន​លក្ខណៈ​ខុសគ្នា​ពី​ព្រោះ កាល​រស់នៅ​អគារ​ប៊ុល​ឌិង​ស គឺ​រស់​នៅ​ក្នុង​អគារ​តែ​មួយ​អាច​មើល​មុខ​គ្នា​ឃើញ ជជែក​គ្នា​លេង​នៅ​មុខ​ផ្ទះ​ប្រកប​ដោយ​ខ្យល់​អាកាស​ល្អ ហើយ​ពេល​ខ្លះ​ឡើង​ទៅ​រាំលេង​នៅ​ខាង​លើ​តំបូល​អគារ​ជាមួយ​គ្នា​ដោយ​មិន​មាន​ការ​ព្រួយ​បារម្ភ​ពី​គុណភាព​សំណង់​ឡើយ​។

អ្នក​ស្រី ដាវី បន្ថែម​ទាំង​អារម្មណ៍​អាឡោះ​អាល័យ​ថា​ ៖ «​ទោះបីជា​ខ្ញុំ​បាន​ចាក​ចេញ​ពី​អគារ​នេះ​មែន ខ្ញុំ​មិន​អាច​បើក​ភ្នែក​ឈរ​មើល​ការ​វាយ​កម្ទេច​ចោល​អគារ​នេះ​ទេ ពីព្រោះ​ខ្ញុំ​អាច​នឹង​យំ​ខ្លាំង​ដោយ​ការ​នឹក​ពី​អនុស្សាវរីយ៍​ជិត​៣​ទសវត្សរ៍​កន្លង​មក​នេះ​»​។

អ្នក​ស្រី ដាវី តែងតែ​ជិះ​កាត់​អគារ​ប៊ុលឌិង​ស​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ទៅ​កន្លែង​ធ្វើ​ការ ប៉ុន្តែ​មិន​ចង់​ឃើញ​អគារ​នេះ​មាន​សភាព​ស្ងាត់ជ្រងំ​ដូច្នេះ​ទេ ពីព្រោះ​មិន​សប្បាយ​ចិត្ត​នឹង​ចាក​ចេញ ហើយ​មាន​តែ​ការ​ថតរូប​ទុកជា​អនុស្សាវរីយ៍ និង​រក្សារូប​ផ្ទះ​ដែល​ធ្លាប់​រស់​នៅ​ក្នុង​រូបថត​ប៉ុណ្ណោះ​ឯង​។

គាត់​បាន​ពោល កោត​សរសើរ​ពីរ​ចនាប័ទ្ម គុណភាព​រឹងមាំ និង​ទម្រង់​របស់​អគារ​ប៊ុល​ឌិង​ស ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​អគារ​មួយ​ចំនួន​ក្នុង​សម័យ​ថ្មី ហើយ​បើ​សិន​ជា​រាជរដ្ឋាភិបាល​អាច​អភិរក្ស​សំណង់​ស្ថាបត្យកម្ម​ចាស់​នេះ​បាន វា​នឹង​អាច​ទាញ​ប្រយោជន៍​រកប្រាក់​ចំណូល​សម្រាប់​ជាតិ និង​ដើម្បី​បង្ហាញ​ដល់​ក្មេង​ជំនាន់​ក្រោយ​។

ការ​អភិវឌ្ឍ​អគារ​សម័យ​ទំនើប​នា​បច្ចុប្បន្ន​នេះ តាម​ទម្រង់​ដើម​អាច​ជា​ការ​ប្រសើរ​។ អ្នកស្រី ដាវី បាន​បន្ថែម «​បើ​យើង​​បំបាត់​អគារ​ចាស់​បុរាណ​ចោល វា​ហាក់​ដូច​ជា​យើង​បំបាត់​ប្រវត្តិសាស្ត្រ​ដែល​ក្មេង​ជំនាន់​ក្រោយ​មិន​ធ្លាប់​បាន​ឃើញ​ផ្ទាល់​»​។

លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ មាន​ប្រសាសន៍​ថា អគារ​ប៊ុល​ឌិង​ស​បាន​សាងសង់​ស្របពេល​នឹង​ការ​សាង​សង់​អគារ​ផ្សេងៗ​ទៀត ដូចជា​សាកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ អគារ​នៃ​វិទ្យា​ស្ថាន​តិចណូ និង​អគារ​ជាច្រើន​ទៀត​នៅ​ក្នុង​ទសវត្សរ៍​ទី​៦០ ដែល​ស្ថិត​ក្នុង​ជំនាន់​ព្រះបាទ​នរោត្តម​សីហនុ ប៉ុន្តែ​អគារ​ប៊ុល​ឌិង​ស​នេះ មិន​មាន​ការ​ថែទាំ​ដូច​នឹង​អគារ​ដទៃ​ទៀត​នោះ​ទេ​។

លោក​បាន​ឲ្យ​ដឹងថា អគារ​ប៊ុល​ឌិងស គឺជា​អគារ​ដែល​មាន​បញ្ហា​ច្រើន​ក្នុង​សម័យ​កាល​មុនៗ ដោយ​សារ​អគារ​នេះ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ផ្នែក​ខ្លះ​ក្នុង​សម័យ​សង្គ្រោម ហើយ​ក្រោយ​មក​ទៀត គឺ​ត្រូវ​បាន​តាំងទី​លំនៅ​ដោយ​ប្រជាជន​ច្រើន​លើស​ពី​កម្រិត​នៃ​ការ​គាំទ្រ​របស់​សំណង់​អគារ ដែល​ខុស​ពី​លក្ខខណ្ឌ​បច្ចេកទេស​។

លោក​សាស្ត្រា​ចារ្យ​ប្រវត្តិ​សាស្ត្រ​រូប​នេះ​បាន​ឲ្យ​ដឹងថា​ ៖ «​រាល់​រចនា​សម្ព័ន្ធ​ដែល​ត្រូវ​ឲ្យ​ឈ្មោះ​ថា គ្រឿង​បំពាក់​សម្រាប់​អគារ​ដើម្បី​ឲ្យ​មាន​ភាព​ស្ថិត​ស្ថេរ​នោះ ក៏​មាន​ការ​ខូច​ខាត​នៅ​ក្នុង​សម័យ​កាល​នោះ​ដែរ​។ ផ្ទុយ​ទៅ​វិញ​អគារ​ស្ថាបត្យកម្ម​ដទៃ​ទៀត ដែល​បាន​សាងសង់​ក្នុង​សម័យ​ដូច​គ្នា បាន​ទុក​ចោល​ដោយ​មិនមាន​ការ​ប្រើប្រាស់ និង​មិន​ត្រូវ​បាន​បំផ្លាញ​ដូច​អគារ​អគារ​ប៊ុល​ឌិង​ស​នោះ​ទេ​»​។

ស្រប​ពេល​ដែល​អគារ​ប៊ុល​ឌិង​ស​នឹង​ត្រូវ​បាត់​រូបរាង​ពី​រាជធានី​ភ្នំពេញ ក្នុង​ពេល​ឆាប់ៗ អគារ​នេះ​នឹង​ត្រូវ​បាន​ចាត់​ទុក​ជា​អគារ​ប្រវត្តិ​សាស្ត្រ​ដូច​អគារ​មហោស្រព​សិល្បៈ អគារ​ប្រផេះ ដែល​ត្រូវ​បាន​ឆេះ​ភ្លើង​ខ្ទេចខ្ទាំ កាលពី​ទសវត្សរ៍​មុន​ដោយ​បន្សល់់​ទុក​តែ​ស្លាកស្នាម​រូបថត​តែ​ប៉ុណ្ណោះ​។

លោក​ប្រាប់ថា អគារ​ប៊ុល​ឌិង​ស​នឹង​បន្សល់​ទុក​នូវ​តែ​ស្លាកស្នាម​រូប​ថត​ក្នុង​ពេល​​បន្តិច​ទៀត​ដូចគ្នា ពីព្រោះ​អគារ​នេះ​បាន​ទ្រុឌ​ទ្រោម ហើយ​ត្រូវ​បាន​អ្នក​សិក្សា​ជនជាតិ​ជប៉ុន​បង្ហាញ​ថា វា​អាច​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ និង​សោភ័ណភាព​ទីក្រុង​បើ​ទុក​សំណង់​នេះ​នៅ​បន្ត​ទៅ​អនាគត​។

ទោះបីជា​អគារ​ប្រវត្តិ​សាស្ត្រ​នេះ​ត្រូវ​បាន​ផ្តល់​តម្លៃ​ដោយ​អាយុកាល​កកើត លោក​ក៏​បាន​បង្ហាញ​ទស្សនៈ​ដែរ​ថា​ ៖ «វាបាត់​សោភ័ណ​ទៅ​ហើយ ក្នុង​ទីក្រុង​នៅ​ពេល​ដែល​យើង​មិនបាន​ថែរក្សា​វា​ឲ្យ​បាន​ល្អ ហើយ​វា​អាច​មាន​ហានិភ័យ​ពីរ ទី១-​ទាក់ទង​នឹង​ភាព​មាំ​របស់​អគារ​ ទី២-​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​នៃ​ការ​វិវឌ្ឍ​របស់​សម័យ​កាល​ឥឡូវនេះ ដែល​យើង​គួរ​មាន​អគារ​ថ្មី​ខ្ពស់ៗ ស្អាតៗ ល្អៗ​ក្នុង​ន័យ​អភិវឌ្ឍន៍​»​។

ក្នុង​ន័យ​ប្រវិត្ថ​សាស្ត្រ ការ​ឲ្យ​តម្លៃ​ដល់​អាយុ​កាល គឺ​មាន​តម្លៃ​ណាស់​បើ​អគារ​មាន​ភាព​រឹង​មំា និង​ការ​ថែរក្សា​បាន​ល្អ​ច្បាស់​លាស់ ប៉ុន្តែ​អកុសល​សង្គ្រាម និង​វិបត្តិ​ផ្សេងៗ បានធ្វើ​ឲ្យ​មនុស្ស​មិន​បាន​យក​ចិត្ត​ទុក​ដាក់​គិត​ពី​ការ​ថែរក្សា​សំណង់​អគារ​ទាំង​នោះទេ​។

ដោយ​តម្លៃ​នៃ​ការអភិរក្ស​ថែរក្សា​ទាក់ទង​នឹង​សោភ័ណភាព​នៃ​របស់​ដែល​ត្រូវ​ធ្វើ​ការអភិរក្ស លោក​សាស្ត្រាចារ្យ​បាន​ពន្យល់​អំពី​តម្លៃ​របស់​អគារ និង​តម្លៃ​នៃ​ការ​អភិរក្ស តើ​ការ​អភិរក្ស​ផ្តល់នូវ​តម្លៃ​អ្វី​ខ្លះ​? តើ​ការ​អភិរក្ស​មាន​តម្លៃ​កម្រិត​ណា? អ្វី​ដែល​សំខាន់​នោះ គឺ​តម្លៃ​សោភ័ណភាព ដែល​ត្រូវ​ធ្វើ​ឲ្យ​ទីក្រុង​មួយ​នេះ​ទៅ​ជា​ទីក្រុង​ស្អាត និង​ល្អ​ដើម្បី​លើក​មុខ​មាត់​របស់​ប្រទេស​ជាមួយ​ប្រទេស​ដទៃ​។

លោក​បន្ត​ថា ​៖ «​យើង​ក៏​បាន​ឃើញ​ជាក់ស្តែង​ដែរ អគារ​ប៊ុល​ឌិង​ស​មាន​សភាព​ចាស់​ទ្រុឌទ្រោម ខ្វះ​សោភ័ណភាព​មាន​ដាន​ខ្មៅ ប្រេះស្រាំ ដែល​មិន​ផ្តល់​នូវ​សោភ័ណ​ដល់​ទីក្រុង​ឡើយ ដោយ​សារ​ការ​រស់នៅ​ទាំង​អស់​នោះ​មិន​បាន​បំពេញ​បាន​ទាំង​ផាសុកភាព និង​ការ​ទ្រទ្រង់​របស់​អគារ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​បច្ចេកទេស​»​។

នៅ​ប្រទេស​គេ​ដទៃ ក៏មាន​ការ​ថែរក្សា​អគារ​ស្ថាបត្យកម្ម​បុរាណ ដែល​នៅ​សេស​សល់ ហើយ​ប្រទេស​កម្ពុជា ក៏មាន​ការ​ថែរក្សា​អគារ​បុរាណ ដែល​នៅ​ល្អ​នៅ​ជុំវិញ ប៉ុន្តែ​ការ​បាត់​សោភ័ណ និង​ភាព​ទ្រុឌទ្រោម​ជា​ចំណុច​ដែល​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​សម្រាប់​សម័យកាល​បច្ចុប្បន្ន និង​អនាគត​។

លោក​សាស្ត្រា​ចារ្យ​បាន​ពោល​ទាំង​មាន​ជំនឿ​ថា ​៖ «​បន្តិច​ទៀត​នឹងមា​ន​អគារ​ខ្ពស់​របស់​ក្រុមហ៊ុន​ជប៉ុន ដែល​ជំនួស​ជាថ្មី​ដើម្បី​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង​លេចធ្លោ​ឡើង ដែល​គួរ​ឲ្យ​ស្ងប់​ស្ងែង​ណាស់​សម្រាប់​មនុស្ស​សម័យ​​បច្ចុប្បន្ន និង​មនុស្ស​ជំនាន់​ក្រោយ ហើយ​ក្មេងៗ​ជំនាន់​នោះនឹង​និយាយ​ថា ប្រទេស​មាន​ការ​រីក​ចម្រើន​ដោយ​មើល​ឃើញ​អគារ​ច្រើន​ជាង​សម័យ​មុន ប៉ុន្តែ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ពី​ភាព​រឹង​មំា​នៃ​អគារ​ថ្មី​ផងដែរ»​។

ការ​បោះបង់​នូវ​ប្រ​វត្តិ​ដែល​មាន​បញ្ហា​ដែល​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​អគារ​ចាស់ៗ វា​ខុសពី​ប្រ​វិត្ថ​នៃ​នយោបាយ វប្បធម៌​ដែល​ត្រូវ​ថែរក្សា​ប៉ុន្តែ​អគារ​អាច​បំបាត់​បាន​នៅ​ពេល​ដែល​មានការ​បង្កើត​អគារ​ថ្មី​មាន រចនាប័ទ្ម​ដែល​ប្រសើរ​ក្នុង​ន័យ​អភិវឌ្ឍន៍​។

លោក​បន្ត​ថា​ ៖ «​អ្វី​ដែល​យើង​គួរ​ស្តាយ គឺ​ស្តាយ​ប្រាសាទ ដែល​មាន​រូបភាព​ល្អ​ត្រឹមត្រូវ​ហើយ​មិនត្រូវ​ជំនួស​ដោយ​អគារ​ទេ ដូច្នេះ​យើង​គួរ​នាំគ្នា​គិតពី​ស្នាដៃ​នៃ​ការកសាង​ប្រាសាទ ដែលមាន​សភាព​ទ្រុឌទ្រោម ឲ្យ​មាន​សភាព​ដើម ដើម្បី​បង្ហាញ​ពី​រចនាប័ទ្ម​ចម្រុះ​របស់​វប្បធម៌​ខ្មែរ​សម័យ​បុរាណ​ស្រប​នឹង​សម័យ​ទំនើប​»​។

បើ​យោង​តាម​លោក សន សៀប នាយក​ក្រុមហ៊ុន ឃី រៀល​អេស្ទេត បាន​មាន ប្រសាសន៍​ថា ការ​វាយ​អគារ​ប៊ុល​ឌិងស​ ដើម្បី​ជំនួស​ដោយ​អគារ​ថ្មី ជា​ធម្មតា​សោភ័ណភាព​នៅ​តំបន់​នោះ​វា​នឹង​កើន​ឡើង​ដែរ​។ នៅ​ពេល​ដែល​អគារ​ថ្មី​ដែល​បាន​គ្រោង​ដោយ​ក្រុមហ៊ុន​របស់​ជប៉ុន Arakawa កើត​ឡើង​តម្លៃ​អចលន​ទ្រព្យ​នៅ​តំបន់​ទន្លេ​បាសាក់ និង​ទីតាំង​ជិតៗ​​នោះ​កាន់​តែមាន​សក្តានុពល ពីព្រោះ​កាលណា​តំបន់​នោះ​ស្អាត សម្បូរ​អ្នក​ចង់​ទៅ​រស់នៅ​។ ដូច្នេះ​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​កាន់តែ​ចង់​ទៅ​អភិវឌ្ឍ​តំបន់​នោះ និង​តំបន់​ក្បែរ​នោះ​បន្ថែម​។

តាម​ទីផ្សារ​អចលនទ្រព្យ តំបន់​ដែល​មាន​ការ​អភិវឌ្ឍ​ហើយ និង​មាន​តម្លៃ​ដី​ខ្ពស់​ស្ថិត​ក្នុង​ខណ្ឌ​ចំនួន​៤ គឺ​ខណ្ឌ​ដូនពេញ ខណ្ឌ​៧​មករា ខណ្ឌ​ចំការមន និង​ខណ្ឌ​ទួលគោក ដែល​ជា​តំបន់​ពាណិជ្ជកម្ម​។

តំបន់​ទន្លេ​បាសាក់ ក៏​ដូច​ជា​តំបន់​បឹង​កេងកង ដែលជា​តំបន់​អភិវឌ្ឍន៍​រួច​ហើយ តម្លៃ​ដី​មាន​ការ​កើន​ឡើង​មាន​តិច​តួច​ខណៈ​តម្លៃ​របស់​វា​មាន​ខ្ពស់​ស្រាប់​ពី​១៥០០ ទៅ​៣៥០០​ដុល្លារ​ជា​មធ្យម ទៅ​តាម​ទីតាំង​ដី ហើយ​មាន​អ្នក​អភិវឌ្ឍន៍​ច្រើន​ចាប់​ផ្តើម​សាងសង់​អគារ​ខ្ពស់​សម្រាប់​បំពេញ​តម្រូវការ​។

លោក​បង្ហាញ​ពី​មូល​ហេតុ​ថា ដោយ​សារ​កំណើន​ប្រជាជន​មាន​ច្រើន​ចូល​មក​រស់នៅ​ទីក្រុង​ភ្នំពេញ តំបន់​ដែល​មាន​ការ​អភិវឌ្ឍ​ហើយ មាន​មនុស្ស​រស់នៅ​កកកុញ ដូច្នេះ​ដី​ដែល​មាន​តម្លៃ​​ថ្លៃ​ចាប់​ផ្តើម​សាងសង់​ខុន​ដូ ឬ​ការ​ចេញ​មក​នៅ​តាម​តំបន់​ជាយក្រុង​ដូចជា​ខណ្ឌ​សែន​សុខ ដែល​មាន​គម្រោង​ធំ​នៅ​ក្បែរ​នោះ​។

លោក​បាន​ឲ្យ​ដឹងថា​ ៖ «​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ទៅ​ពីរ​ឆ្នាំ​ខាង​មុខ តម្លៃ​ដី​អាច​កើន​ឡើង​មិន​ច្រើន​ចន្លោះ​ពី៥​ទៅ​១០​ភាគរយ​ប៉ុណ្ណោះ ដោយ​សារ​ដី​នៅ​ទី​នោះ​បាន​អភិវឌ្ឍ​រួចហើយ ហើយ​តំបន់​ដែល​អាច​កើន​ឡើង​ជា​គំហុក​បាន គឺ​តំបន់​កំពុង​អភិវឌ្ឍន៍​ ឬ​ស្ថានភាព​របស់​ទីក្រុង​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ច្រើន​។

ភ្នំពេញ​ប៉ុស្តិ៍​អចល​ទ្រព្យ បាន​ទាក់ទង​អ្នក​តំណាង​របស់​ក្រុមហ៊ុន​ជប៉ុន Arakawa មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា គម្រោង​សំណង់​ថ្មី​ដែល​នឹងត្រូវ​សាងសង់​ជំនួស អគារ​ប៊ុល​ឌិង​ស នឹងធ្វើ​ការ​សម្រេច​ចិត្ត​ពី​ភាគី​ខាង​ជន​ជាតិ​ជប៉ុន ថា​តើ​នឹង​គោរព​តាម​គម្រោង​ចាស់​ដែល​នឹង​សាងសង់​អគារ​២១ ជាន់​ដដែល ឬ​យ៉ាង​ណា​។

លោក​បន្ត​ថា​ ៖ «​ការ​វាយ​កម្ទេច​អគារ​ប៊ុល​ឌិង​ស នឹង​ត្រូវ​ចំណាយ​ពេល​ពី ៣​ទៅ​៤​ខែ​យ៉ាង​យូរ មុន​ពេល​ចាប់​ផ្តើម​សំណង់​អគារ​ថ្មី​របស់​ក្រុមហ៊ុន​ជប៉ុន​»​។

គួរ​បញ្ជាក់​ដែរ​ថា គ្រួសារ​ចំនួន ៤៩៣​គ្រួសារ​ដែល​រស់នៅ​ក្នុង​អគារ​ប៊ុល​ឌិង​ស ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​ឆ្នាំ ១៩៦៣​នេះ បាន​ព្រមព្រៀង​ចេញ​ទាំង​អស់ពី​អគារ បន្ទាប់​ពី​ទទួល​សំណង​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​តម្លៃ ១៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​៕

Source From : Phnom Penh Post

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Villa For Rent
Niroth,Meanchey
USD 600.00/Month
Shop For Rent
Niroth,Meanchey
USD 700.00/Month
Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month

CVEA MEMBERS