ទំព័រដើម

Languages

hostgator coupon code 50 off
  • 1a
  • 1b
  • 2a
  • 3a
  • 4a
  • ava 1
  • ava 2
  • ava 4
  • TK 1

  • THE SEAGATE SUITE

  • TK-Royal-2017

  • THE SEAGATE SUITE

CVEA-Website-homepage-ad

591

vtrust

premuim housing

Thu, 24 September 2015 Ananth Baliga and ចេង សុខហ័ង

12

ភ្នំពេញៈ ក្រុម​ហ៊ុន Smart ID Group របស់​ប្រទេស​ថៃ​គ្រោង​នឹង​ពង្រីក​ការ​លក់​គ្រឿង​អេឡិច​ត្រូនិក​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ភាព​ដៃ​គូ​ជា​មួយ​ក្រុម​ហ៊ុន​ចែក​ចាយ​ក្នុង​ស្រុក។

លោក Thomas Hongpakdee អគ្គ​នាយក និង​ជា​នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន Smart ID Group ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​អ៊ីមែល​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា​ ក្រុមហ៊ុន​លោក​គ្រោង​នឹង​វិនិយោគ​ទឹក​ប្រាក់​ចំនួន​៥​សែន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៅ​ទីផ្សារ​កម្ពុជា​ ដើម្បី​ផ្សព្វផ្សាយ​ម៉ាក​ផលិតផល​នានា ​រួម​ទាំង​ម៉ាក់ ​Anitech ដ៏​សំខាន់​របស់​ខ្លួន​ផង​ដែរ។​

លោក​ថ្លែង​ថា​៖ «​ទោះ​បី​ជា​ប្រទេស​កម្ពុជា​មិន​មែន​ជា​ទីផ្សារ​ធំ​ក៏​ដោយ ក៏​ផែន​ការ​របស់​យើង​នឹង​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ទិសដៅ​ដ៏​ជោគ​ជ័យ​មួយ»​។

លោក​បន្ថែម​ថា​៖ «​បន្ទាប់​ពី​ទទួល​បាន​ដៃ​គូ [ចែក​ចាយ] ល្អ​ ផែន​ការ​របស់​យើង​សម្រាប់​ការ​វិនិយោគ​នេះ​ ភាគ​ច្រើន​នឹង​ផ្ដោត​លើ​ការ​ផ្សព្វ​ផ្សាយ​ម៉ាក​ផលិត​ផល»។

លោក​បន្ត​ថា​ ទឹក​ប្រាក់​វិនិយោគ​នេះ​នឹង​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​បង្កើត​ហាង​លក់​ផលិត​ផល​មួយ​ និង​ការិយាល័យ​តំណាង​នៅ​ក្រុង​ភ្នំពេញ​ និង​ចំណាយ​លើ​បុគ្គលិក ឬ​ព្រឹត្តិការណ៍ ព្រម​ទាំង​ការ​ចំណាយ​លើ​ការ​ធ្វើ​ទីផ្សារ​។ ​ការ​វិនិយោគ​នេះ​អាច​កើន​ឡើង​ ប្រសិន​បើ​ទីផ្សារ​នេះ​បង្ហាញ​ការ​ឆ្លើយ​តប​។

លោក ​ឈឹម​ សាង​ហេង​ ម្ចាស់​ហាង​ទូរស័ព្ទ​ និង​គ្រឿង​អេឡិច​ត្រូនិក​យីហោ ​ហាក់ ​សែ​ បាន​ថ្លែង​ថា ​កន្លង​មក​បើ​ទោះ​ជា​មាន​ផលិត​ផល​គ្រឿង​អេឡិច​ត្រូនិក​ម៉ាក​ថ្មី​ចូល​មក​ក្នុង​ទីផ្សារ​ក្តី ក៏​លោក​សង្កេត​ឃើញ​ថា​ អតិថិជន​មិន​ងាយ​នឹង​ងាក​ទៅ​រក​ផលិត​ផល​ថ្មី​ទាំង​នោះ​ទេ​។ លោក​ថា៖ «អតិថិជន​មិន​ទុក​ចិត្ត​ផលិត​ផល​ [ម៉ាក] ថ្មី៕ LA

Source From:Phnom Penh Post

Thu, 24 September 2015 Ananth Baliga and ចេង សុខហ័ង

ភ្នំពេញៈ ក្រុមហ៊ុន​ទូរគមនាគមន៍​នៅ​កម្ពុជា​បាន​ស្វាគមន៍​សារាចរ​របស់ រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​អង្គារ ដែល​តម្រូវ​អតិថិជន​ផ្តល់​អត្តសញ្ញាណ​ក្នុង​ការ​ជាវ​ស៊ីម​កាត។

ក្នុង​សន្និសីទ​សារ​ព័ត៌មាន ដែល​ធ្វើ​ឡើង​រួម​គ្នា​ដោយ​នគរបាល​ជាតិ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​លក់​រាយ​ត្រូវ​តែ​បំពេញ​តម្រូវ​ការ​ឯកសារ​អត្ត​សញ្ញាណ មុន​ពេល​ចេញ​ស៊ីម​កាត បើ​មិន​អ៊ីចឹង​ទេ​នឹង​ប្រឈម​ការ​ចាប់​ខ្លួន។

សារាចរ​នេះ​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិករ​ទូរគមនាគមន៍ ត្រូវ​តែ​សហការ​ជាមួយ​អតិថិជន​ឲ្យ​ចុះ​បញ្ជី​ឯកសារ​នៅ​ក្នុង​រយៈពេល​ ៣​​ ខែ បើ​មិន​អ៊ីចឹង​ទេ​ស៊ីម​កាត​របស់​ពួក​គេ​នឹង​ត្រូវ​បញ្ចប់។

លោក Thomas Hundt អគ្គនាយក​ប្រតិបត្តិករ​ទូរគមនាគមន៍ Smart Axiata បាន​ថ្លែង​ថា៖ «សារាចរ​នេះ​គឺ​មិន​មែន​ថ្មី​នោះ​ទេ។ វា​គឺជា​តម្រូវ​ការ​ក្នុង​ការ​ចុះ​បញ្ជី​អត្ត​សញ្ញាណ នៅ​ពេល​អតិថិជន​ទិញ​ស៊ីម​កាត»។

លោក​បន្ត​ថា ឈ្មួញ និង​ក្រុមហ៊ុន​ចែកចាយ​របស់​ស្មាត​ត្រូវ​បាន​តម្រូវ​ប្រមូល​ព័ត៌មាន​អត្ត​សញ្ញាណ​ពី​អតិថិជន ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា អ្នក​ចែកចាយ​របស់​ខ្លួន​ខ្លះ​មិន​ត្រូវ​បាន​អង្កេត​ឲ្យ​បាន​តឹងរ៉ឹង​ពី​គោល​នយោបាយ​នេះ​ទេ។

លោក​បន្ត​ថា៖ «យើង​នឹង​ធ្វើ​ការងារ​រួម​គ្នា​នៅ​ក្នុង​ឧស្សាហ​កម្ម​នេះ ហើយ​ជាមួយ​នឹង​ស្ថាប័ន​បទ​ប្បញ្ញត្តិ​ដើម្បី​ធានា​ថា​សារាចរ​នេះ​ត្រូវ​បាន​អនុវត្ត​តាម»។

តំណាង​មួយ​រូប​មក​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា ក្រុមហ៊ុន​ចេញ​ស៊ីម​កាត​រាប់​ពាន់​ឲ្យ​អ្នក​ចែក​ចាយ​បន្ត ដែល​បន្ទាប់​មក​ចែក​ចាយ​ស៊ីម​កាត​ទាំង​នោះ​ដល់​ឈ្មួញ​តូចៗ​ជា​ច្រើន​ទៀត។

លោក​បញ្ជាក់​ថា៖ «ជា​ធម្មតា​ក្រុមហ៊ុន​តម្រូវ​ឲ្យ​ឈ្មួញ​ត្រូវ​បញ្ជូន​ត្រឡប់​នូវ​បែប​បទ និង​ព័ត៌មាន​អត្ត​សញ្ញាណប័ណ្ណ ប៉ុន្តែ​ជួន​កាល​ឈ្មួញ​បាត់បង់​ព័ត៌មាន​នេះ»។ លោក​បន្ត​ថា៖ «វា​មាន​ការ​ពិបាក​សម្រាប់​ឈ្មួញ​ក្នុង​ការ​គ្រប់គ្រង​រាល់​ព័ត៌មាន​ទាំង​អស់​ដោយ​សារ​ពួក​គេ​បាន​ចែកចាយ​ស៊ីម​កាត​រាប់​ពាន់»។

ការ​ពង្រឹង​នូវ​ការ​អនុវត្ត​តម្រូវ​ការ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​គឺជា​វិធានការ​មួយ​ដ៏​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​វិស័យ​ទូរគមនាគមន៍​របស់​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ស្ដង់ដារ​អន្តរជាតិ។ នេះ​បើ​យោង​តាម​លោក Alan Sinfield អគ្គនាយក​ក្រុមហ៊ុន qb។

លោក​បន្ត​ថា៖ «លើស​ពី​នេះ​ទៅ​ទៀត វា​គួរ​តែ​លើក​កម្ពស់​ការ​លក់​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ និង​ការ​ចែកចាយ​ស៊ីម​កាត ដោយ​ប្រតិបតិ្តករ​ទូរស័ព្ទ​ចល័ត និង​ដៃ​គូ​ជា​អ្នក​លក់​របស់​ពួក​គេ ដែល qb តែង​តែ​បាន​ខិត​ខំ​ធ្វើ»។

អ្នក​ស្រី សូយ មួយ ជា​អ្នក​លក់​ស៊ីម​កាត​ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​អ្នក​ស្រី​បាន​និង​កំពុង​លក់​ស៊ីម​កាត​ឲ្យ​អតិថិជន​ដោយ​មិន​តម្រូវ​ឲ្យ​ពួក​គេ​ផ្ដល់​ឯកសារ​អត្តសញ្ញាណ​ណា​មួយ​របស់​ពួក​គេ​នោះ​ទេ​។

អ្នក​ស្រី​បន្ត​ថា៖ «ទោះបីជា​ពួក​គេ​មិន​មាន​អត្ត​សញ្ញាណប័ណ្ណ​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​អាច​ទិញ​ស៊ីម​កាត​ពី​ហាង​ខ្ញុំ​បាន​ដែរ វា​ជា​ជម្រើស​របស់​អតិថិជន»។

អ្នក​ស្រី​បន្ត​ថា៖ «ក្មេងៗ​ជំទង់​ភាគ​ច្រើន​ចង់​ប្រើ​ប្រាស់​ស៊ីម​កាត​ច្រើន​ក្នុង​រយៈពេល​ខ្លី ហើយ​បន្ទាប់​មក​ពួក​គេ​ចង់​ផ្លាស់​ប្តូរ​ទៅ​ប្រើ​ស៊ីម​កាត​ថ្មី​មួយ​ទៀត»៕ LA

Source From:Phnom Penh Post

Thu, 24 September 2015 Ananth Baliga

ភ្នំពេញៈ សមាគម​សហគ្រាស​វាយនភ័ណ្ឌ​របស់​សភា​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន (TEAC) ប្រចាំ​កម្ពុជា​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​សប្តាហ៍​នេះ។

មន្ដ្រី​បាន​ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា TEAC មាន​បំណង​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​របស់​ប្រទេស​ចិន​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា ដែល​កំពុង​ផ្ដល់​សេវា​ជា​ច្រើន​ដូច​ជា​ការ​ប្រឹក្សា​ផ្នែក​ច្បាប់ និង​ការ​គាំទ្រ​ទំនាក់​ទំនង​សម្រាប់​វិនិយោគិន​វិស័យ​កាត់​ដេរ និង​ស្បែក​ជើង​ដែល​មាន​ស្រាប់​ប្រកប​ដោយ​សក្ដានុពល​មក​ពី​ប្រទេស​ចិន។

លោក Enjoy Ho ប្រធាន TEAC បាន​ថ្លែង​ថា៖ «យើង​នឹង​ធ្វើ​ជា​តំណាង​ផល​ប្រយោជន៍​របស់​សហគ្រាស​វាយនភ័ណ្ឌ​របស់​ប្រទេស​ចិន​ប្រចាំ​កម្ពុជា និង​ឆ្លុះ​បញ្ចាំង​ពី​តម្រូវ​ការ​សម​ហេតុ​ផល​របស់​ពួក​គេ​ចំពោះ​រដ្ឋាភិបាល»។

យោង​តាម​លោក Ho វិនិយោគិន​ជាច្រើន​មក​ពី​ប្រទេស​ចិន ទីក្រុង​ហុងកុង និង​តៃវ៉ាន់ មាន​ចំនួន​ប្រហែល ៧០ ​ភាគរយ​នៃ​រោងចក្រ​កាត់ដេរ និង​ស្បែក​ជើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​លើក​ឡើង​ថា សមាគម​ថ្មី​នេះ​ជា​ការ​ជំរុញ​ដល់​កំណើន​នៅ​ក្នុង​ឧស្សាហ​កម្ម​នេះ ទោះ​បី​ជា​ការ​បង្កើន​ប្រាក់​ឈ្នួល ការ​ចុះ​ខ្សោយ​តម្លៃ​រូបិយប័ណ្ណ​អាស៊ី និង​ការ​កើន​ឡើង​សមត្ថភាព​ប្រកួត​ប្រជែង​ពី​ប្រទេស​ជិត​ខាង​ដូច​ជា​វៀតណាម ដែល​នៅ​ពេល​ថ្មីៗ​បាន​បញ្ចប់​ការ​ចរចា​ស្ដីពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​ក៏​ដោយ។

លោក​បន្ត​ថា៖ «សហគ្រាស​វាយនភ័ណ្ឌ​របស់​ប្រទេស​ចិន​នឹង​ត្រូវ​តែ​ប្រើ​ប្រាស់​អត្ថ​ប្រយោជន៍​ដែល​ប្រកួត​ប្រជែង​របស់​ប្រទេស​កម្ពុជា ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​កាន់​តែ​ច្រើន និង​បង្កើន​ការ​ផលិត​នៅ​ទីនេះ»។

លោក ជា វុទ្ធី អគ្គ​លេខាធិការ​រង​ក្រុម​ប្រឹក្សា​វិនិយោគ​កម្ពុជា នៅ​ក្នុង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ស្វាគមន៍​ដល់​ការ​បង្កើត​របស់ TEAC ចំ​ពេល​នៃ​ការ​កើន​ឡើង​សម្ពាធ​ប្រកួត​ប្រជែង​សម្រាប់​ការ​វិនិយោគ​បរទេស។

លោក​បាន​ថ្លែង​ថា៖ «យើង​មាន​សំណាង​ដែល​ប្រទេស​កម្ពុជា និង​ចិន មាន​ទំនាក់​ទំនង​ល្អ​ដែល​បាន​បង្កើត​ឡើង​ដោយ​របប​ចាស់ និង​របប​ថ្មី»។ លោក​វុទ្ធី បាន​ជំរុញ​ឲ្យ TEAC ត្រូវ​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​នៅ​ក្នុង​ការ​ផលិត​វត្ថុ​ធាតុ​ដើម​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​អ្វីៗ ដែល​លោក​បាន​ថ្លែង​ថា​នឹង​ជួយ​ពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​កម្ពុជា៕ LA

Source From:Phnom Penh Post

Wed, 23 September 2015 ស៊ន សារ៉ាត and ចេង សុខហ័ង

ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មក​នៅ​ត្រឹម ៧​ភាគរយ​នៅ​ឆ្នាំ​២០១៥ និង ៧,២​ភាគរយ​សម្រាប់​ឆ្នាំ​២០១៦។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់ ADB ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២២ កញ្ញា។

ក្នុង​របាយ​ការណ៍​បច្ចុប្បន្ន​ភាព​របស់​ខ្លួន​ស្តីពី​ចក្ខុ​វិស័យ​អភិវឌ្ឍន៍​អាស៊ី (ADO) ឆ្នាំ​២០១៥ ADB បាន​ព្យាករ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​កម្ពុជា ៧ភាគរយ​សម្រាប់​ឆ្នាំ​២០១៥ និង ៧,២ ភាគរយ​សម្រាប់​ឆ្នាំ​២០១៦ ដោយ​ធ្លាក់​ចុះ​ពី​ការ​ព្យាករ​កាល​ពី​ខែ​មីនា​ពី ៧,៣​ភាគរយ និង ៧,៥​ភាគរយ។

លោក Jan Hansen សេដ្ឋវិទូ​ជាន់​ខ្ពស់​ប្រចាំ​ប្រទេស​របស់ ADB ថ្លែង​ថា ការ​កើន​ឡើង​ផលិតកម្ម រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ សំណង់ និង​សេវាកម្ម​ពិសេស​ទេសចរណ៍ សេវា​ហិរញ្ញវត្ថុ និង​សេវា​អចលនទ្រព្យ បន្ត​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច។

លោក​បន្ត​ថា៖ «ប៉ុន្តែ​កំណើន​នៅ​ក្នុង​ការ​នាំ​ចេញ និង​ទេសចរណ៍ បាន​ធ្លាក់​ចុះ​បន្តិច​នៅ​ឆមាស​ទី ១ ឆ្នាំ ​២០១៥ ខណៈ​វិស័យ​កសិកម្ម​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ភ្លៀង​ធ្លាក់​កម្រិត​ទាប​រយៈពេល​យូរ»។

លោក​លើក​ឡើង​ក្នុង​របាយការណ៍​ថា តម្រូវ​ការ​ក្នុង​ស្រុក​ហាក់​កំពុង​មាន​ភាព​ប្រសើរ​ខ្លាំង ជាមួយ​នឹង​កំណើន​ឥណទាន​ក្នុង​វិស័យ​ឯកជន​កាល​ពី​ខែ​ឧសភា​ជាង ៣០​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ព្រម​ទាំង​កំណើន​នាំ​ចូល​ខ្ពស់​ផង​ដែរ។

ការ​ទម្លាក់​ការ​ព្យាករ​កំណើន​ពេល​នេះ​ដោយ​សារ​តែ​កំណើន​ទាប​នៅ​ក្នុង​វិស័យ​សំខាន់ៗ​មួយ​ចំនួន​របស់​កម្ពុជា។

ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​របស់​កម្ពុជា​នៅ​ឆមាស​ទី១​ឆ្នាំ​២០១៥ បាន​កើន​ឡើង ១១,០​ភាគរយ ដោយ​ធ្លាក់​ចុះ​ពី ១៤,៥​ ភាគរយ​នៅ​ឆមាស​ទី ១​ ឆ្នាំ​ ២០១៤។ នេះ​បើ​តាម​របាយការណ៍។

លោក​ចាន់ សុផល អ្នក​វិភាគ​សេដ្ឋកិច្ច និង​នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​បាន​ឲ្យ​ដឹង​ថា កំណើន​យឺត​ក្នុង​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទាក់ទង​នឹង​ទំនុក​ចិត្ត​របស់​អ្នក​បញ្ជា​ទិញ។ លោក​បន្ត​ថា៖«វា​អាច​បណ្តាល​មក​ពី​ការ​បញ្ជា​ទិញ​របស់​អ្នក​បញ្ជា​ទិញ ព្រោះ​ពួក​គេ​ត្រូវ​ការ​ការ​ធានា​ឲ្យ​បាន​កាន់​តែ​ខ្លាំង [លើ​ការ​ផ្គត់​ផ្គង់] ពី​រោងចក្រ​ផលិត ដូច្នេះ​យើង​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ជាង​មុន​ទាក់ទង​ទៅ នឹង​ការ​ដឹក​ជញ្ជូន»។

លោក​បន្ត​ថា ការ​កើន​ឡើង​នូវ​ការ​ធ្វើ​កូដកម្ម​បាន​បង្អាក់​ដល់​ផលិតកម្ម។

ឧស្សាហកម្ម​កាត់​ដេរ​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ពី​ការ​កើន​ឡើង​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក និង​ពី​ដៃ​គូ​ប្រកួត​ប្រជែង​ដែល​មាន​ប្រាក់​ឈ្នួល​ទាប រួម​ទាំង​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​របាយការណ៍។

ប៉ុន្តែ​លោក ចាន់ សុផល មិន​បារម្ភ​ចំពោះ​ការ​ប្រកួត​ប្រជែង​ពី​សំណាក់​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ។ លោក​ថ្លែង​ថា៖«វិស័យ​កាត់​ដេរ​របស់​មីយ៉ាន់ម៉ា​នៅ​តូច​នៅ​ឡើយ មិន​ទាន់​ច្រើន​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​តែ​គិត​ពី​បញ្ហា​នេះ​ដែរ ព្រោះ​គេ​ជា​គូ​ប្រជែង​ដែល​មាន​ការ​គំរាម​កំហែង​មួយ»។

ILO បាន​រាយការណ៍​ថា ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​នៅ​ក្នុង​រយៈពេល ៣ ខែ​ដំបូង​ឆ្នាំ ២០១៥ មាន​ចំនួន​សរុប ១,៥ ពាន់​លាន​ដុល្លារ​កើន​ឡើង ១០,៦ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

តាម​របាយ​ការណ៍ ADB កំណើន​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ​ផង​ដែរ​ពី ៥,២​ភាគរយ​មក​នៅ​ត្រឹម ៤,៦​ភាគរយ ខណៈ​កំណើន​នាំ​ចេញ​ទំនិញ​សរុប​ធ្លាក់​ចុះ​ជា​មធ្យម​ពី ១៨,៣ មក​នៅ ១៤,០​ភាគរយ។

លោក គង់ សុភារក្ស ប្រធាន នាយកដ្ឋាន​ស្ថិតិ និង​ព័ត៌មាន​ក្រសួង​ទេសចរណ៍​ថ្លែង​បាន​ថា កំណើន​ទាប​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ឆមាស​ទី១ ឆ្នាំ​២០១៥ ដោយ​សារ​តែ​កត្តា​ជា​ច្រើន​នៅ​ក្រៅ​ប្រទេស​ព្រម​ទាំង​នៅ​ក្នុង​តំបន់​អាស៊ី ដូច​ជា​ជំងឺ Mers និង​បញ្ហា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​របស់​ប្រទេស​ថៃ ការ​ផ្ទុះ​គ្រាប់​បែក​ព្រម​ទាំង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​ចិន និង​ប្រទេស​ក្នុង​តំបន់។

លោក​បន្ត​ថា៖ «ដោយ​សារ​តែ​បញ្ហា​ជាច្រើន​នៅ​ក្រៅ​ប្រទេស និង​នៅ​ក្នុង​តំបន់​អាស៊ី បាន​បណ្ដាល​ឲ្យ​ភ្ញៀវ​ទេសចរ​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ព្រម​ទាំង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំ​ដែន ហើយ​វា​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​កាន់​តែ​ទាប»។

កំណើន​សេដ្ឋកិច្ច​កម្ពុជា​គឺ​៧,២​ភាគរយ​ពី​ឆ្នាំ​២០១៤ ហើយ​ប្រាក់​ចំណូល​ក្នុង​មនុស្ស​ម្នាក់ៗ​កើន​ឡើង ​៧៦០​ ដុល្លារ​ពី​ឆ្នាំ ​២០០៨ ដល់ ​១០៤៣​ ដុល្លារ​នៅ​ឆ្នាំ​ ២០១៣ និង​កើន​ដល់ ១១៣០ ​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤ ហើយ​រំពឹង​ថា​នឹង​កើន​ដល់ ១២២៥​ ដុល្លារ​នៅ​ឆ្នាំ​ ២០១៥ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​ទាប។ នេះ​បើ​តាម​សុន្ទរ​កថា​លោក​នាយក​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ចន្ទ។

របាយ​ការណ៍​ដដែល​បង្ហាញ​ដែរ​ថា អតិផរណា​មាន​តែ ១,០​ភាគរយ​ប៉ុណ្ណោះ​កាល​ពី​ខែ​ មីនា ​ឆ្នាំ​ ២០១៥ ដោយ​សារ​ការ​ធ្លាក់​ចុះ​តម្លៃ​ដឹក​ជញ្ជូន និង​តម្លៃ​ប្រេង​ឥន្ធនៈ បន្ទាប់​ពី​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ខ្លាំង។ ការ​ព្យាករ​អតិផរណា​សម្រាប់​ឆ្នាំ​២០១៥ ត្រូវ​បាន​កែ​តម្រូវ​មក​នៅ​១,៣​ភាគរយ៕ LA

Source From:Phnom Penh Post

Wed, 23 September 2015 Ayanna Runcie

ភ្នំពេញៈ បន្ទាប់​ពី​បង្កើត​ទីតាំង​ឈរ​ជើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​មក ពេល​នេះ Burger King កំពុង​បញ្ជ្រាប​ខ្លួន​ទៅ​តាម​ខេត្ត​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​នឹង​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​សាខា​ទី១ នៅ​ខេត្ត​សៀមរាប នៅ​ខែ​ក្រោយ។

ហាង​អាហារ​ទាន់​ចិត្ត​ដ៏​ធំ​របស់​អាមេរិក​មួយ​នេះ​កំពុង​តែ​បន្ត​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ ហើយ​គ្រោង​នឹង​បើក​ដំណើរ​ការ​សាខា​៤​នៅ​ក្រៅ​ទីក្រុង​នៅ​ត្រឹម​ចុង​ឆ្នាំ​២០១៦ នៅ​ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ បាត់ដំបង និង​ប៉ោយប៉ែត។ នេះ​បើ​យោង​តាម​អ្នក​ស្រី ហ្វីន សុធានី ប្រធាន​ប្រតិបត្តិការ​ក្រុមហ៊ុន Burger King Cambodia។

Cam F&B Services ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន​ពហុ​ផលិតផល Pan-Pacific Group Inc (IPP) របស់​វៀតណាម និង​ក្រុមហ៊ុន HSC Group ជា​ដៃ​គូ​ក្នុង​ស្រុក​ដែល​ប្រតិបត្តិការ​ហាង Burger King នៅ​ក្នុង​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​គ្រប់គ្រង​ហាង​ចំនួន​៥​នៅ​ទីក្រុង​ភ្នំពេញ។ ហាង​ទី ៦ ​នឹង​បើក​ដំណើរការ​នៅ​មហាវិថី​ម៉ៅ សេទុង នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ខែ​ក្រោយ។ នេះ​បើ​យោង​តាម​អ្នក​ស្រី សុធានី។

សាខា​ថ្មី​នៅ​ខេត្ត​សៀមរាប​កំពុង​ត្រូវ​បាន​សាងសង់​នៅ​ក្នុង​តំបន់​ដែល​មាន​ភ្ញៀវ​ទេសចរ​ចរាចរ​ច្រើន រវាង​តំបន់ Pub Street និង​ផ្សារ​រាត្រី។ ហាង​នេះ​គ្រោង​នឹង​បើក​ដំណើរ​ការ​នៅ​ពាក់​កណ្ដាល​ខែ​តុលា។

អ្នក​ស្រី​សុធានី​បាន​ថ្លែង​ថា៖ «ខេត្ត​សៀមរាប​មាន​សក្ដានុពល​ច្រើន និង​មាន​ភ្ញៀវ​ទេសចរ​ច្រើន អ៊ីចឹង​ហើយ​បាន​ជា​យើង​នឹង​ទៅ​ទីនោះ​មុន​ខេត្ត​ផ្សេង​ទៀត»។

Burger King ជា​ហាង​អាហារ​ទាន់​ចិត្ត​អន្តរជាតិ​ទី​ពីរ​ដែល​នឹង​បើក​ដំណើរការ​នៅ​ខេត្ត​សៀមរាប​បន្ទាប់ពី​ហាង KFC ដែល​បាន​បើក​កាលពី​ឆ្នាំ​២០០៩។ ហាង​ប៊ឺហ្គឺ​ក្នុង​ស្រុក Lucky Burger ក៏មាន​សាខា​មួយ​នៅ​ទីនោះ​ដែរ។

លោក គួច សុខលី ប្រធាន​សមាគម​ភោជនីយដ្ឋាន​កម្ពុជា បាន​ថ្លែង​ថា សកម្មភាព​ទេសចរ​របស់​ខេត្ត​សៀមរាប​បាន​ក្លាយ​ជា​រង្វាន់​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ហាង​អាហារ​ទាន់​ចិត្ត​អន្តរជាតិ​ជាច្រើន។

លោក​សុខលី ដែល​ជា​នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន CBM Corporation ប្រតិបត្តិការ​យីហោ​ភោជនីយដ្ឋាន​ជា​ច្រើន​រួម​មាន​យីហោ BB World យីហោ Tous Les Jours និង​យីហោ Domino’s Pizza ផង​នោះ​បាន​លើក​ឡើង​ថា៖ «Burger King ជា​យីហោ​ឈាន​មុខ​គេ​មួយ​នៅ​លើ​ពិភពលោក។ វា​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ខេត្ត​សៀមរាប​ដោយ​សារ​តែ​ពួក​គេ​បាន​ជ្រើស​រើស​ទីតាំង​ដ៏​ត្រឹម​ត្រូវ។ យើង​មាន​ភ្ញៀវ​ទេសចរ ២,៥​ លាន​នាក់​ដែល​ចូល​មក​ទស្សនា​ខេត្ត​សៀមរាប​ក្នុង​មួយ​ឆ្នាំ»។

អ្នក​ស្រី​សុធានី​ថ្លែង​ថា ទីក្រុង​នៅ​តាម​ខេត្ត​របស់​កម្ពុជា​ភាគ​ច្រើន​មិន​មាន​ហាង​អាហារ​ទាន់​ចិត្ត។ អ្នក​ស្រី​ថា៖ «មិន​មាន​យីហោ​ច្រើន​ក្នុង​ខេត្ត​នេះ​ដើម្បី​ប្រកួត​ប្រជែង​ទេ។ យើង​ជ្រើសរើស​ខេត្ត​បាត់ដំបង ដោយ​សារ​ជា​ខេត្ត​ធំ​មួយ​ដែល​មាន​មនុស្ស​ច្រើន ហើយ​ប៉ោយប៉ែត​ជាប់​ប្រទេស​ថៃ ដូច្នេះ​ជន​បរទេស​ជា​ច្រើន​នឹង​ទៅ​ទីនោះ»។

ការ​ជំរុញ​តាម​ខេត្ត​របស់ Burger King នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ហាង​អាហារ​ទាន់​ចិត្ត​ផ្សេង​ទៀត​ដូចជា KFC ហាង Pizza Company និង​ហាង Lucky Burger ដែល​មាន​វត្តមាន​រួច​ហើយ​នៅ​ក្នុង​ទីក្រុង​តាម​ខេត្ត​មួយ​ចំនួន​របស់​កម្ពុជា។

លោក Benjamin Jerome អ្នក​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន Kampuchea Food Corporation តំណាង KFC កម្ពុជា ថ្លែងថា ហាង​មាន់​បំពង​របស់​អាមេរិក​មួយ​នេះ​បាន​មើល​ឃើញ​កំណើន​ខ្លាំង​ហួស​ពី​ទីក្រុង និង​កំពុង​ស្វែងរក​ក្នុង​ការ​ពង្រីក​ទីតាំង​ឈរ​ជើង​នៅ​តាម​ខេត្ត​ផង​ដែរ។ លោក​បញ្ជាក់​ថា KFC ដែល​ប្រតិបត្តិការ​ភោជនីយដ្ឋាន​ចំនួន​១១ នៅ​ភ្នំពេញ និង​ហាង​មួយ​នៅ​ខេត្ត​សៀមរាប នឹង​បើក​សាខា​ថ្មី​មួយ​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ខែ​វិច្ឆិកា។

លោក​ថ្លែង​ថា៖ «យើង​នឹង​បើក​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ដោយ​សារ​តែ​វា​មាន​សកម្មភាព​ពាណិជ្ជកម្ម​ច្រើន»៕ LA

Source From:Phnom Penh Post

LATEST EXCLUSIVE LISTING

Land For Sale
Sangkat Pir,Mittakpheap
USD 2,300,000.00
Land For Sale
Preaek Pnov,Ponhea Leu
USD 290.00/SQM
Land For Sale
Krang Thnong,Porsenchey
USD 428,888.00
Land For Sale
Chorm Chao,Porsenchey
USD 128,888.00
Flat House For Sale
Boeng Keng Kang I,Chamkarmon
USD 698,800.00

CVEA MEMBERS