លា​ហើយ​ប្រជាជន​ក្នុង​តំបន់​! ទីក្រុង​នៅ​អឺរ៉ុប​ប្រកាស​អាសន្ន

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
បាតុករ​កាន់​ផ្ទាំង​អក្សរ «​ផ្ទះ​ល្វែង​សម្រាប់​ទេសចរ​ធ្វើ​ឲ្យ​មាន​ការ​បណ្តេញ​ចេញ​គ្រួសារ​ជាច្រើន​» ស្ថិត​ក្នុង​ក្បួន​បាតុកម្ម​មួយ​ក្នុង​ទីក្រុង​បាសេ​ឡូណា​ប្រឆាំង​នឹង​អ្វី​ដែល​ពួក​គាត់​លើក​ឡើង​ថា ជា​កង្វះ​ខាត​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ទេសចរ​របស់​អាជ្ញាធរ​ទីក្រុង​នេះ ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១០ ខែ​មិថុនា​កន្លង​ទៅ​។ ដោយ LLUIS GENE/AFP

អនុស្សាវរីយ៍​កាល​ពី​អតីត​កាល​ហាក់​ត្រឡប់​មក​ស្តែងៗ​នៅ​ពេល​ដែល​លោក Manuel Mourelo ដើរ​ឆ្លង​កាត់ Gothic Quarter ដ៏​ស្រស់​ស្អាត​នៅ​ទីក្រុង​បាសេឡូណា ដែល​ធ្លាប់​តែ​មាន​ក្មេង​លេង​កម្សាន្ត​ជាមួយ​អ្នក​ជិត​ខាង និង​មាន​បារ៍​បុរាណ ប៉ុន្តែ​ឥឡូវ​នេះ «​អ្វីៗ​បាន​រសាត់​បាត់​អស់​ទៅ​ហើយ​»​។

ក្រុម​ភ្ញៀវ​ទេសចរ​ច្រើន​កុះករ​មក​កម្សាន្ត​នៅ​ទីវាល​ដែល​មាន​ខ្យល់​បក់​រំភើយៗ មាន​មគ្គុទេសក៍​មក​ជា​មួយ​ផង មាន​ជិះ​កង់ និង​ជិះ​ម៉ាស៊ីន​កង់​ពីរ (Segway) ខណៈ​ដែល​ប្រជាជន​ក្នុង​តំបន់​រស់នៅ​អគារ​ដែល​គេ​បង់​បោះចោល​ពោរពេញ​ទៅ​ដោយ​ប្រវត្តិសាស្ត្រ ដែល​ពួក​គាត់​ប្រើ​ធ្វើ​ជា​សណ្ឋាគារ និង​ជួល​ឲ្យ​ភ្ញៀវ​ទេសចរ​ស្នាក់​នៅ​។

កាលពី​ឆ្នាំ​មុន លោក Mourelo ខ្លួន​ឯង​ផ្ទាល់​បាន​ចាក​ចេញ​ពី​តំបន់​ដែល​លោក​ធ្លាប់​តែ​រស់នៅ​តាំងពី​ឆ្នាំ​១៩៦២​មក​ម្ល៉េះ ដែល​កាល​នោះ លោក​បាន​ចាក​ចេញពី Galicia នៅ​ភាគ​ឦសាន្ត​មក​កាន់​ទីក្រុង​មាត់​សមុទ្រ​ក្នុង​ប្រទេស​អេស្ប៉ាញ​នេះ​។

ផ្ទះ​ដែល​លោក​បាន​ជួល​អស់​រយៈពេល​២៥​ឆ្នាំ ត្រូវ​បាន​លក់​ទៅ​ឲ្យ​វិនិយោគិន​មួយ​រូប ហើយ​លោក​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​។ ជាមួយ​នឹង​ថ្លៃ​ឈ្នួល​៥០០​អឺរ៉ូ ឬ​ប្រមាណ​៥៦០​ដុល្លារ លោក​មិន​អាច​រក​កន្លែង​ជួល​ផ្សេង​បាន​ដែល​មាន​តម្លៃ​បែប​នេះ​នោះ​ទេ​។

បុរស​វ័យ​៧៦​ឆ្នាំ ជាមួយ​វ៉ែនតា​ក្រាស់ និង​ពុក​មាត់​ស្រមូម រូប​នេះ​បាន​ថ្លែង​ថា ៖ «​គេ​សុទ្ធ​តែ​ទារ​ថ្លៃ​ឈ្នួល​១០០០ ឬ ១២០០ ទៅ ១៥០០​អឺរ៉ូ​ឯណោះ​»​។

«​នេះ​គឺជា​ភូមិ​របស់​ខ្ញុំ​។ ជីវិត​ខ្ញុំ​ទាំង​ស្រុង​គឺ​នៅ​ទីនេះ ទាំង​មិត្តភក្តិ ទាំង​ហាង​របស់​ខ្ញុំ ខ្ញុំ​រៀបការ​នៅ​ទីនេះ ហើយ​កូនៗ​របស់​ខ្ញុំ​ក៏​កើត​នៅ​ទីនេះ​ផង​ដែរ ហើយ​ខ្ញុំ​ធ្លាប់​តែ​គិត​ថា ខ្ញុំ​នឹង​ស្លាប់​ទៅ​វិញ​នៅ​ទីនេះ​»​។

«​ខ្ញុំ​មាន​អារម្មណ៍​មិន​ដូច​នៅ​ផ្ទះ​ទេ​» លោក​បាន​ថ្លែង​ជាមួយ​នឹង​ទឹក​ភ្នែក​រលីង​រលោង​។

បើ​យោង​តាម​សាលា​ក្រុង​ចំនួន​ប្រជាជន​កំណត់​ក្នុង​សង្កាត់ Gothic ដែល​ភ្ញៀវ​ទេសចរ​ស្រឡាញ់​ចូល​ចិត្ត​យ៉ាង​ខ្លាំង​នោះ បាន ធ្លាក់​ពី​២៧៤៧០​នាក់ កាលពី​ឆ្នាំ​២០០៦ មក​នៅ​ត្រឹម​តែ​១៥៦២៤​នាក់​ប៉ុណ្ណោះ គិត​ត្រឹម​ចុង​ឆ្នាំ​២០១៥​នេះ​។

បច្ចុប្បន្ន ប្រជាជន​៦៣​ភាគរយ គឺជា​អ្នក​ស្នាក់​នៅ​បណ្តោះ​អាសន្ន ដែល​រួម​មាន​ទាំង​ភ្ញៀវ​ទេសចរ និង​ប្រជាជន​ដែល​មាន​សិទ្ធិ​រស់នៅ​ទីនោះ​រយៈ​ពេល​ខ្លី​។

ទន្ទឹម​នឹង​នោះ​ដែរ បើ​យោង​តាម​គេហទំព័រ​អចលនទ្រព្យ Idealista តម្លៃ​ជួល​នៅ Ciutat Vella ដែល​ស្ថិត​ក្នុង​សង្កាត់ Gothic Quarter បាន​កើន​ពី ១៤,៤០ ទៅ​១៩​អឺរ៉ូ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ក្នុង​រយៈពេល​ត្រឹម​តែ​២​ឆ្នាំ​ប៉ុណ្ណោះ​។

វត្តមាន​របស់ Airbnb និង​បន្ទប់​សម្រាប់​ជួល​ផ្សេងៗ​ទៀត គឺ​បាន​ត្រឹម​តែ​បង្ក​ឲ្យ​មាន​បញ្ហា​ខ្លាំង​ជាង​មុន នេះ​បើ​យោង​តាម​សម្តី​ប្រជាជន​ក្នុង​តំបន់​នោះ​។

«​យើង​មិន​និយាយ​ពី​ការ​អភិវឌ្ឍ​ឡើង​វិញ ឬ​ការ​ជំនួស​ប្រជាជន​ដើម​នៅ​ទីនោះ​ជាមួយ​នឹង​អ្នក​មាន​នោះ​ឡើយ​» នេះ​បើ​យោង​តាម​សម្តី​លោក Gala Pin ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​នៅ Ciutat Vella​។

«​យើង​និយាយ​អំពី​កន្លែង​ប្រវត្តិសាស្ត្រ ដែល​តម្រូវ​មិន​ឲ្យ​មាន​នរណា​រស់នៅ​ទីនោះ​ឡើយ​»​។

បញ្ហា​នេះ​ក៏​បាន​ប៉ះពាល់​ដល់​ទីក្រុង​ដទៃ​ទៀត​ផង​ដែរ​។

នៅ​ទីក្រុង​ប៉ារីស ប្រជាជន​កំពុង​មាន​ក្តី​បារម្ភ​នៅ​សង្កាត់​ទី​៤​ដែល​ជា​តំបន់​មាន​ព្រះវិហារ Notre-Dame Cathedral នោះ បាន​រៀបចំ​ឡើង​នូវ​សិក្ខា​សាលា​ស្តី​អំពី «​ការ​ចាក​ចេញ​ដែល​មើល​មិន​ឃើញ (Invisible desertification» នៃ​តំបន់​កណ្តាល​ក្រុង​កាលពី​ខែ​មីនា​កន្លង​ទៅ​។

សាលាក្រុង​ប៉ារីស ប្រទេស​បារាំង បាន​រាយការណ៍​កាលពី​ដើម​ឆ្នាំ​នេះ​ថា ខ្លួន​បាន​បាត់បង់​ផ្ទះ​ចំនួន ២​ម៉ឺន​យូនីត ក្នុង​រយៈពេល​៥​ឆ្នាំ ហើយ​មូលហេតុ​ក៏​ដោយ​សារ​តែ​ការ​ជួល​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

កត្តា​នេះ​បាន​ជំរុញ​ឲ្យ «​ឡើង ថ្លៃ​ឈ្នួល​» ហើយ «​ធ្លាក់​ចុះ​ចំនួន​ប្រជាជន​រស់​នៅ​»​វិញ​។ នេះ​បើ​យោង​តាម​លោក Ian Brossat ប្រាប់​មក​កាន់ AFP ដែល​លោក​មាន​តួនាទី​កាន់​តែ​ផ្នែក​លំនៅឋាន​ប្រចាំ​សាលា​ក្រុង​ប៉ារីស​។

ក្នុង​ទីក្រុង Amsterdam ទន្ទឹម​នឹង​នេះ​ដែរ ធនាគារ ING បាន​រក​ឃើញ​ថា ម្ចាស់​ផ្ទះ​អាច​ជួល​ផ្ទះ​បាន​ចាប់ពី​៣៥០​អឺរ៉ូ បន្ថែម​ពីលើ​ទៀត​ក្នុង​១​ខែ​ក្នុង​រដូវ​កាល​មាន​តម្រូវ​ការ​ជួល​ខ្លាំង ដែល​ធ្វើ​ឲ្យ​តម្លៃ​ឈ្នួល​កើន​ឡើង​។ នេះ​បើ​យោង​តាម Sene Janssen ដែល​ជា​អ្នក​រៀបចំ​ការ​សិក្សា​នេះ​ឡើង​ប្រាក់​មក AFP​។

នៅ​ទីក្រុង​ប៊ែរឡាំង គេ​អនុញ្ញាត​ឲ្យ​ប្រជាជន​ជួល​បន្ទប់​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​ផ្ទះ​របស់​ខ្លួន​កាលពី​ឆ្នាំ​មុន ហើយ​អាច​ជួល​ផ្ទះ​ទាំង​ល្វែង ឬ​ទាំង​មូល​ជា​ផ្ទះ​ជាប់​ដី ប្រសិន​បើ​គ្រាន់​តែ​ជួល​តាម​រដូវ​កាល​។

លោក Ada Colau ចៅ​ហ្វាយ​ក្រុង​បាសេឡូណា ដែល​ធ្លាប់​ជា​សកម្មជន​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ប្រជាជន​នោះ បាន​រឹតបន្តឹង​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅទៀត​។

កាលពី​ឆ្នាំ​កន្លង​ទៅ សាលា​ក្រុង​បាន​ផាក​ពិន័យ​ជា​ទឹក​ប្រាក់ ៦​សែន​អឺរ៉ូ សម្រាប់​ផ្ទះ​ទាំង​ឡាយ​ណា​ដែល​ប្រើ​សេវា​ស្នាក់​អាស្រ័យ Airbnb និង HomeAway ធ្វើជា​ទីផ្សារ ហើយ​ដែល​ពុំមាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​ដើម្បី​ផ្តល់​សេវា​ស្នាក់​អាស្រ័យ​ដល់​ភ្ញៀវ​ទេសចរ​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ក្រុមហ៊ុន Airbnb ប្រចាំ​ប្រទេស​អេស្ប៉ាញ បាន​ឲ្យ​ដឹង​ថា បញ្ហា​ផ្ទះ​នេះ​គឺ​ធ្លាប់​កើត​មាន​តាំង​ពី​មុន​មក​ផង​ដែរ​។

ជាក់​ស្តែង នៅ Ciutat Vella «​មាន​កន្លែង​ទំនេរ​ច្រើន​ជាង​មុន ៣​ដង (​ដែល​មិន​បាន​ជួល​) បើ​ធៀប​នឹង​កន្លែង​ស្នាក់​អាស្រ័យ​ផ្សព្វផ្សាយ​លើ Airbnb»​។ នេះ​បើ​យោង​តាម​សម្តី​អ្នក​នាំ​ពាក្យ Andreu Castellano​។

ទិន្នន័យ​តួលេខ​ស្តីពី​តម្លៃ​កន្លែង​ស្នាក់​នៅ​សម្រាប់​ជួល​តាម​រដូវ​កាល​មាន​តិច​ជាង​មុន ហើយ​ខុស​ពីមុន​ឆ្ងាយ ប៉ុន្តែ​គ្រប់​អ្នក​ជំនាញ​ទាំង​អស់​ដែល​ត្រូវ​បាន​សួរ​ដោយ AFP បាន​ថ្លែង​ថា កត្តា​ទាំង​នេះ​វា​អាច​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត​នៅ​តំបន់​ដែល​មាន​ភ្លៀង​ធ្លាក់​។

ទីក្រុង​បាសេឡូណា បាន​ជួប​ប្រទះ​នឹង​បញ្ហា​ឡើង​ថ្លៃ ខណៈ​ដែល​វិនិយោគិន​សម្លឹង​ឃើញ​នូវ​ផល​ចំណេញ​ពី​ទីក្រុង​នេះ ដែល​មាន​ភ្ញៀវ​ទេសចរ​៣០​លាន​នាក់ មក​ទស្សនា​ជា​រៀង​រាល់​ឆ្នាំ​។

Sergi Leiva មកពី​ក្រុមហ៊ុន​អចលនទ្រព្យ MK Premium បាន​ថ្លែងថា អតិថិជន​ចំនួន​ពាក់​កណ្តាល​របស់​ខ្លួន​សុទ្ធ​តែ​ជា​ជន​បរទេស ដែល​ស្វែងរក​ផ្ទះ​ទី​២ របស់​ខ្លួន ឬ​កន្លែង​ដែល​ល្អ​សម្រាប់​វិនិយោគ​។

ដោយ​ឡែក​សម្រាប់​អ្នក​ដែល​មិន​ព្រម​ឡើង​ថ្លៃ ជីវិត​របស់​ពួក​គេ​ជួប​នឹង​ការ​លំបាក​ជាមួយ​នឹង​មនុស្ស​នៅ​ច្រើន​កកកុញ ពោរពេញ​ទៅ​ដោយ​សំឡេង​រំខាន ហើយ​គ្មាន​ហាង​លក់​ទំនិញ​ល្អ​គ្រប់គ្រាន់​នោះ​ទេ​។

«​បើ​តម្លៃ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ចាកចេញ​ទេ​នោះ ដូច្នេះ​ការរង​សម្ពាធ​ប្រចាំ​ថ្ងៃ​នឹង​ធ្វើ​ឲ្យ​អ្នក​ចេញ​»​។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក Marti Cuso ក្នុង​វ័យ​២៧​ឆ្នាំ ដែល​លោក​ជា​អ្នក​ធ្វើ​សកម្មភាព​ក្នុង​តំបន់​ទីក្រុង​បាសេឡូណា​៕

Daniel Bosque and Michaela Cancela-Kieffer

Source From: Phnom Penh Post

 

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS