ប្រជាជន​ ហុងកុង ​ខឹង​សម្បា​នឹង​គម្រោង​សង់​ សារមន្ទីរ​ចិន

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ក្រុម​អ្នក​តវ៉ា​នៅ​ក្រុង​ហុងកុង លើ​បដា​ប្រឆាំង​នឹង​ការ​សាង​សង់​សារ​មន្ទីរ​ចិន នៅ​ក្នុង​ទីក្រុង​នេះ។ រូបថត សហការី

គម្រោង​ពង្រីក​មុខ​មាត់​វប្បធម៌​របស់​ទីក្រុង​ហុងកុង ដោយ​សាងសង់​សាខា​ថ្មី​មួយ​ទៀត​របស់​សារមន្ទីរ​ចិន ដ៏​ល្បី​ឈ្មោះ​របស់​ចិន​នោះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ទីក្រុង​ហុងកុង ខឹង​សម្បា​និង​ប្រឆាំង​ទៅ នឹង​គម្រោង​នេះ​ដែល​មតិ​មួយ​ចំនួន​​ថា នេះ​ជា​ការ​ឈ្លាន​ពាន​ពង្វក់​មួយ​ពី​សំណាក់​ក្រុង​ប៉េកាំង​។

ការ​ប្រឆាំង​តវ៉ា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ទីក្រុង​ឯករាជ្យ​មួយ​នេះ​មាន​ក្តី​បារម្ភ​ថា អាជ្ញាធរ​ប្រទេស​ចិន​កំពុង​តែ​ធ្វើ​ការ​រឹត​បន្តឹង និង​ដាក់​សម្ពាធ​មក​លើ​ខ្លួន​។

ជាមួយ​នឹង​បណ្តា​សម្ភារ​ធ្វើ​ពី​សេរ៉ាមិក រូបភាព អក្សរ​គូរ​ដោយ​ដៃ រូប​គំនូរ​ថ្ម​យក្ស សម្ភារ​ប្រាប់​ពេល​វេលា និង​របស់​របរ​មាន​តម្លៃ​ផ្សេងៗ​រក្សា​ទុក​សល់​ពី​សម័យ​រាជវង្ស​ចិន​បុរាណ​ជាច្រើន​នោះ សារមន្ទីរ​រាជ​វាំង​ក្រុង​ប៉េកាំង គឺជា​សារមន្ទីរ​ដ៏​ល្បី​ឈ្មោះ និង​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ច្រើន​បំផុត​លើ​ពិភព​លោក​ច្រើន​ជាង ១៤​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​។

អ្នក​រៀបចំ​គម្រោង​នេះ​បាន​ថ្លែង​ថា សាខា​នៅ​ទីក្រុង​ហុងកុង​ដែល​តាំង​បង្ហាញ​វត្ថុ​សម័យ​បុរាណ និង​ទទួល​បាន​កម្ចី​រយៈ​ពេល​​វែង​មួយ​ពី​ទីក្រុង​ប៉េកាំង​នេះ​អាច​ជា​ចំណុច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ធំ​មួយ​សម្រាប់​ទីក្រុង​នេះ​។​

​ប៉ុន្តែ​អ្នក​ប្រឆាំង​បាន​តវ៉ា​ថា អាជ្ញាធរ​គួរ​តែ​បាន​ប្រឹក្សា​ជាមួយ​សាធារណជន​ជា​មុន​សិន មុន​នឹង​ចាប់​ផ្តើម​សាងសង់​គម្រោង ព្រោះ​ពួក​គេ​គិត​ថា គម្រោង​នេះ​គឺ​ធ្វើ​ឡើង​ ដើម្បី​យក​ចិត្ត​ទីក្រុង​ប៉េកាំង​តែ​ប៉ុណ្ណោះ​។

ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ គឺ​មាន​ទាំង​ការ​គប់​រថពាស​ដែក​ក្រដាស​ដាក់​មន្ត្រី​ប៉ូលិស​ផង​ដែរ ដែល​រំឭក​ដោយ​ការ​បង្ក្រាប​ក្រុម​បាតុករ​នៅ​តំបន់​ទាន​អាន់ម៉េន ​(Tiananmen) នៅ​ប្រទេស​ចិន​ដោយ​ប្រើ​រថពាស​ដែក​។​

សារមន្ទីរ​រាជវាំង​មាន​ទីតាំង​ស្ថិត​ក្នុង​ក្រុង​ហាម​ឃាត់​មួយ​របស់​ក្រុង​ប៉េកាំង ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស ដែល​រថពាស​ដែក​បាន​បើ​កបំ​បុក​ចូល​ហ្វូង​បាតុករ​ប្រជាធិបតេយ្យ​កាល​ពី​​ឆ្នាំ​១៩៨៩​។

«​នេះ​ពុំ​មែន​ជា​ការ​ពង្វក់​សតិ​អារម្មណ៍​សាមញ្ញៗ​នោះ​ទេ តែ​វា​ជា​ការ​បញ្ចុះ​បញ្ចូល​ប្តូរ​ផ្នត់​គំនិត​យ៉ាង​ឈាម​ត្រជាក់​មួយ តាម​រយៈ​ការ​បង្ហូរ​ចូល​នូវ​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ចិន ដែល​មាន​ចំណុច​វិជ្ជមាន​មួយ​ចំនួន​»។ នេះ​បើ​យោង​តាម​លោក Avery Ng ដែល​ជា​ប្រធាន​​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ នៅ​ទីក្រុង​ប៉េកាំង​។

លោក Ng បាន​ថ្លែង​ថា សារមន្ទីរ​នេះ​មិន​បាន​បង្ហាញ​នូវ​អត្តសញ្ញាណ​របស់​ទីក្រុង​ហុងកុង «រួម​ទាំង​ប្រវត្តិសាស្ត្រ និង​ភាព​ខ្មៅ​ងងឹត​របស់​ប្រវត្តិសាស្ត្រ​ចិន​នោះ​ទេ​»។

មនុស្ស​មួយ​ចំនួន​ទៀត​បាន​ថ្លែង​ថា សាធារណជន​អាច​នឹង​ពេញ​ចិត្ត និង​មិន​ខឹង​សម្បា​ខ្លាំង​ចំពោះ​គម្រោង​នេះ​ទេ ប្រសិន​បើ​អាជ្ញាធរ​បាន​ជួប​ពិភាក្សា​ជាមួយ​ពួក​គេ​ដោយ​តម្លាភាព​។

«​តាម​ពិត​ទៅ​មនុស្ស​ស្រឡាញ់​សារមន្ទីរ និង​សិល្បៈ​ទៅ​វិញ​ទេ ប្រសិន​បើ​អ្នក​ធ្វើ​វា​ដោយ​ត្រឹម​ត្រូវ​»។ នេះ​បើ​យោង​តាម​សម្តី​របស់​អតីត​អ្នក​ច្បាប់ គឺ​លោក Lee Cheukyan ដែលជា​អ្នក​រៀបចំ​ពិធី​ជាំង​ណាន​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទីក្រុង​ហុងកុង​។

​លោក​បាន​ហៅ​ការ​មិន​ប្រឹក្សា​ជា​សាធារណៈ​នេះ​ថា ប្រសិន​បើ​គម្រោង​នៅ​តែ​សាងសង់​ដូច្នេះ​វា​ជា «​អំពើ​ផ្តាច់​ការ​»​មួយ​។

«​ការ​ធ្វើ​ឲ្យ​វប្បធម៌​អន់​ថយ»

សារ​មន្ទីរ​រាជវាំង​ហុងកុង នឹង​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​តំបន់​វប្បធម៌ West Kowloon ដែល​ជា​គម្រោង​ពង្រីក​វិសាលភាព​សិល្បៈ ដែល​កំពុង​តែ​ត្រូវ​បាន​ផ្អាក និង​រង​ការ​ចោទ​ប្រកាន់​ពី​ការ​រំខាន​ដល់​វិស័យ​នយោបាយ​។

​ដោយ​គ្រោង​នឹង​បើក​ដំណើរ​ការ​ក្នុង​ឆ្នាំ​២០២២​នោះ គម្រោង​នេះ​នឹង​ទទួល​បាន​មូលនិធិ​ជំនួយ ៣,៥០​ពាន់​លាន​ដុល្លារ​ហុងកុង (៤៥០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​) ពី Jockey Club នៅ​ទីក្រុង​ហុងកុង ដែល​ជា​កន្លែង​មួយ​រៀប​ចំ​កីឡា​ប្រណាំង​សេះ ឆ្នោត​ឡូតូ និង​ហាង​ភ្នាល់​ជាច្រើន​ផង​ដែរ​។​

​អ្នក​ដឹក​នាំ​របស់​ហុងកុង អ្នកស្រី Carrie Lam គឺជា​ប្រធាន​ថ្នាក់​ដឹក​នាំ​អាជ្ញាធរ​វប្បធម៌ ហើយ​អ្នក​ប្រឆាំង​បាន​ចោទ​ប្រកាន់​អ្នក​ស្រី​ថា ការ​សាងសង់​សារមន្ទីរ​នេះ​គឺ​ដើម្បី​យក​ចិត្ត​ទីក្រុង​ប៉េកាំង​។

អ្នក​ស្រី Lam ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ចៅ​ហ្វាយក្រុង នៅ​ក្នុង​ខែ​មីនា​ខាង​មុខ ដោយ​សង្ឃឹម​ថា បាន​ជាប់​ឆ្នោត​តិច​ណាស់ ប្រសិន​បើ​គ្មាន​ការ​ឯកភាព​ពី​ចិន​។

ទោះ​ជា​យ៉ាង​នេះ​ក្តី​អ្នក​ស្រី​បាន​និយាយ​ការពារ​ខ្លួន​ពី​គម្រោង​នេះ​ដដែល​។

អ្នក​ស្រី​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា «ខ្ញុំដឹង​ថា​សង្គម​សព្វ​ថ្ងៃ​គឺ​ពោរពេញ​ដោយ ការ​ខ្វះ​ទំនុក​ចិត្ត ប៉ុន្តែ​សម្រាប់​ករណី​នេះ​គឺ​ពុំ​ពាក់ព័ន្ធ​ជា​មួយ​នឹង​រឿង​ផ្ទាល់​ខ្លួន ឬ​ចំណាប់​អារម្មណ៍​ឯកជន​នោះ​ទេ​»​។

«​យើង​មិន​គួរ​យក​រឿង​វប្បធម៌​នេះ​មក​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ​»​។

ការ​ប្រឹក្សា​ជា​សាធារណៈ​រយៈ​ពេល ៦​សប្តាហ៍​លើ​ការ​រចនា​ប្លង់​ប្រតិបត្តិការ​គម្រោង និង​ការរៀបចំ​សម្រាប់​សារ​មន្ទីរ​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ក្រោយពេល​ការរិះគន់​មានការ​កើនឡើង​ខ្លាំង ប៉ុន្តែ​ពុំបាន​បង្ហាញថា គម្រោង​នេះ​នឹង​ចាប់​ផ្តើម​សាងសង់ ឬក៏​យ៉ាងណា​នោះ​ទេ​។ ថ្នាក់​គ្រប់គ្រង​បាន​អនុម័ត​គម្រោង​សារមន្ទីរ​នេះ​រួចហើយ​កាលពី​ខែវិច្ឆិកា​កន្លង​ទៅ​នេះ​។

ប្រជាជន​ហុងកុង​ដែល​បាន​ធ្វើ​បទសម្ភាស​ជាមួយ AFP បាន​ថ្លែង​ថា ពួក​គេ​មិន​គាំទ្រ​គម្រោង​នេះ​ទេ​។

«​កាល​ណា​គេ​ធ្វើ​គម្រោង​បែប​នេះ​មាន​ន័យ​ថា គេ​ចង់​រួមបញ្ចូល​យើង​ជាមួយ​គ្នា​»។ នេះ​បើ​យោង​តាម​លោក Kong Lung ដែលជា​ភ្នាក់ងារ​អចលនទ្រព្យ អាយុ ២៧​ឆ្នាំ ដោយ​លោក​បាន​បន្ថែម​ទៀត​ថា លោក​មាន​អារម្មណ៍​ថា វា​គឺជា​គំរូ​មួយ​នៃ «​ការពង្រីក​វិសាលភាព​ទឹកដី​» មកលើ​បូរណភាព​ទីក្រុង​ហុងកុង ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ទីក្រុង​ហុងកុង ត្រូវបាន​ប្រគល់​ឲ្យ​ប្រទេស​ចិន​វិញ​ដោយ​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៩៧​។​

​លោក​ថ្លែង​បន្ត​ ៖ «​ជា​រៀង​រាល់​ថ្ងៃ​ចាប់​តាំង​ពី​ចក្រភព​អង់​គ្លេស ប្រគល់​ទីក្រុង​ហុងកុង ទៅ​ឲ្យ​ចិន​វិញ​ហើយ​នោះ អ្នក​អាច​មើល​ឃើញ​ថា ប្រជាជន​ចិន​បាន​នឹង​កំពុង​តែ​មក​ក្នុង​ទីក្រុង​ហុងកុង​ហើយ​នេះ​ក៏​ជា​បញ្ហា​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ហុងកុង រួច​ទៅ​ហើយ​»​។

មនុស្ស​មួយ​ចំនួន​គិត​ថា គម្រោង​​សារមន្ទីរ​នេះ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។​

«​ខ្ញុំ​មិន​យល់​ថា ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​មក​សាងសង់​សារមន្ទីរ​នៅ​ទីនេះ​។ ខ្ញុំ​មើល​មិន​ឃើញ​ថា សារមន្ទីរ​នេះ​មាន​ទំនាក់​ទំនង​អ្វី​ជាមួយ​ទីក្រុង​ហុងកុង​នោះ​ទេ​»។​នេះ​បើ​យោង​តាម​អ្នក​រក​ស៊ី​បោះ​ពុម្ព​ម្នាក់​ឈ្មោះ Danny Chung អាយុ​២៨​ឆ្នាំ​។​

​លោក​ថ្លែង​បន្ថែម​ថា​ ៖ «​ខ្ញុំ​គិត​ថា អ្នក​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ​គឺ​សុទ្ធ​តែ​ព្យាយាម​យក​ចិត្ត​ទីក្រុង​ប៉េកាំង​តែ​ប៉ុណ្ណោះ​»៕

Source From: PHNOM PENH POST

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Villa For Rent
Niroth,Meanchey
USD 600.00/Month
Shop For Rent
Niroth,Meanchey
USD 700.00/Month
Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month

CVEA MEMBERS