«​ឪពុក​ធម៌​នៃ​អចលនទ្រព្យ​»​ របស់​​ចិន ​ណែនាំ​គោល​ការណ៍​ កម្ចី​បញ្ច្រាស​ (​និក្ខេប​) ​​ឱ្យ​ប្រជាជន​ចាស់ៗ​ដែល​មិន​មាន​ជំនឿ​ទុក​ចិត្ត

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ក្រុម​និវត្តជន​អង្គុយ​លេង Mahjong នៅ​បរិវេណ​ខាង​ក្រៅ​នៃ​លំនៅឋាន​មួយ​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី​១១ ​ខែ​វិច្ឆិកា​កន្លង​មក​ថ្មីៗ​នេះ​។ ខណៈ​ពេល​ចំនួន​ប្រជាជន​ចាស់​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​កំពុង​បង្ក​ការ​ព្រួយ​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​ប្រាក់​សោធន​និវត្តន៍​ ​តួអង្គ​ដ៏​សំខាន់​នៅ​ក្នុង​អាជីវកម្ម​អចលនទ្រព្យ​បាន​លើក​ឡើង​នូវ​ដំណោះស្រាយ​ដ៏​ចម្រូង​ចម្រាស​មួយ​។ GillesSabrie/ កាសែត New York Times

លោក​ត្រូវ​បាន​គេ​ស្គាល់​នៅ​ក្នុង​ប្រទេស​ចិន​ថា ជា «​ឪពុក​ធម៌​នៃ​អចលនទ្រព្យ​» ដែល​លោក​បាន​ជួយ​ជ្រោមជ្រែង​ផ្តល់​ជា​មូល​ដ្ឋាន​គ្រឹះ​ដល់​ម្ចាស់​ផ្ទះ​ឯកជន​ជាច្រើន​នៅ​ក្នុង​ប្រទេស​ចិន ការ​ផ្លាស់​ប្តូរ​នេះ​គឺជា​ជំហាន​មួយ​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់លាន​នាក់​ក្លាយ​ជា​អ្នក​មាន ហើយក៏​បាន​ផ្តល់​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ប្រជាជន​ថ្នាក់​កណ្តាល​ដែល​កំពុង​រីក​លូតលាស់​យ៉ាង​រស់​រវើក​នៅ​ប្រទេស​ចិន​។​

ឥឡូវ​នេះ​លោក Meng Xiaosu ចង់​ឲ្យ​ប្រជាជន​ចិន ជា​ពិសេស​មនុស្ស​ចាស់ៗ​ឲ្យ​ចំណាយ​លុយ​របស់​ពួក​គាត់​។ លោក Meng បាន​បញ្ចេញ​មតិ​ថា ប្រជាជន​ចាស់​ជរា​ត្រូវ​បញ្ចាំ​ផ្ទះ​របស់​ពួក​គាត់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាសាស្ត្រ​ធ្លាក់​ចុះ​របស់​ប្រទេស​ចិន ដែល​នឹង​កើត​មាន​ឡើង​នៅ​ពេល​ខាង​មុខ​នេះ​។

ដោយ​សារ​តែ​គោល​នយោបាយ​កូន​មួយ​របស់​រដ្ឋាភិបាល​ចិន ដែល​ជា​គោល​នយោបាយ​ត្រូវ​បាន​លះបង់​ចោល​ហើយ រួម​ជាមួយ​នឹង​និន្នាការ​សង្គម​ផ្សេងៗ​ទៀត​។ ប្រទេស​នេះ​មាន​ចំនួន​ប្រជាជន​កាន់​តែ​ចាស់​ឡើងៗ​យ៉ាង​ឆាប់​រហ័ស ហើយ​ថ្ងៃ​ណា​មួយ​ប្រជាជន​ទាំង​អស់​នេះ​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​លំបាក​ក្នុង​ការ​ចិញ្ចឹម​ដោយ​មាន​ចំនួន​ច្រើន​ពេក​ហើយ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​។​

​ដំណោះស្រាយ​ដែល​បាន​ស្នើ​ឡើង​ដោយ លោក Meng គឺ​ការ​នាំ​យក​នូវ​គោលការណ៍​កម្ចី​បញ្ច្រាស​ចូល​មក​ក្នុង​ប្រទេស​ចិន។ ដែល​គេ​ហៅ​ថា ផែនការ​ផ្ទះ​សម្រាប់​ប្រាក់​សោធននិវត្តន៍​នៅ​ប្រទេស​ចិន ជា​គោល​ការណ៍​អ៊ីប៉ូតែក​បញ្ច្រាស ដែល​អាច​ឲ្យ​ម្ចាស់​ផ្ទះ​ទាញ​យក​ប្រាក់​កម្រៃ​ពី​ផ្ទះ​របស់​ពួក​គេ​ដោយ​ធ្វើ​កម្ចី​ប្រាក់​ទៅ​លើ​តម្លៃ​ផ្ទះ​ពិត​ប្រាកដ​។

ទឡ្ហីករណ៍​របស់​លោក​ប្រឈម​នឹង​ការ​ប្រឆាំង​ដ៏​ខ្លាំងក្លា​ពី​ផ្នែក​អាជីវកម្ម និង វប្បធម៌​ការ​បញ្ចាំ​ផ្ទះ​គឺជា​គោលការណ៍​ពិបាក​ក្នុង​ការ​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​មួយ​មាន​ប្រពៃណី​​ក្នុង​ការ​ឱ្យ​ឪពុក​ម្តាយ​ផ្តល់​ផ្ទះ​ទៅ​ឱ្យ​កូន​របស់​ពួក​គេ​ហើយ​មាន​តែ​ប្រជា​ជន​មួយ​ចំនួន​តិច​ទេ ដែល​បាន​ចុះ​ឈ្មោះ​រហូត​មក​ដល់​ពេល​នេះ។ ប៉ុន្តែ​លោក​បាន​អះអាង​ថា ប្រទេស​ចិន​អាច​មាន​ជម្រើស​តិច​តួច​បំផុត។

លោក Meng ដែល​ទទួល​បាន​ការ​បំផុស​គំនិត​ទៅ​លើ​ទីផ្សារ​អចលនទ្រព្យ​របស់​ចិន ពី​ការ​បំពេញ​បេសកកម្ម​សិក្សា​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា​ ៖ «មនុស្ស​ចាស់​នៅ​ប្រទេស​ចិន​មិន​មាន​ប្រាក់​ច្រើន​នោះ​ទេ ប៉ុន្តែ​ពួក​គេ​មាន​ផ្ទះ​ដែល​មាន​តម្លៃ​»​។

ប្រទេស​ចិន​កំពុង​រិះគិត​អំពី​សំណួរ​លំបាកៗ​ស្រប​ពេល​ដែល​ពួក​គេ​សម្លឹង​មើល​ទៅ​អនាគត​ដែល​ពោរ​ពេញ​ដោយ​ប្រជារាស្ត្រ​ចាស់ៗ​។ ឥឡូវ​នេះ​ប្រជាជន​ដែល​មាន​វ័យ​ចំណាស់​មាន​ចំនួន ២១៥​លាន​នាក់ នៅ​ប្រទេស​ចិន​គឺ​មាន​ចំនួន​១៥​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​។ នៅ​ត្រឹម​ឆ្នាំ​២០៥០ ចំនួន​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ឡើង​ដល់​៣៥០​លាន​នាក់​ជិត​មួយ​ភាគ​បួន​នៃ​ចំនួន​ប្រជាជន​សរុប​។​

ការ​ព្យាករ​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​ប្រវេប្រវា​ក្នុង​ការ​ស្វែងរក​ប្រព័ន្ធ​សោធន​និវត្តន៍​មួយ​ដែល​ប្រកប​ដោយ​និរន្តរភាព​ជាង​មុន​សម្រាប់​ប្រជាជន​របស់​ខ្លួន​។

នៅ​ក្នុង​ឆ្នាំ​១៩៩០ រដ្ឋាភិបាល​បាន​រុះរើ​ប្រព័ន្ធ​សុខុមាលភាព «​ពី​អង្រឹង​ទៅ​ផ្នូរ​» ដែល​ខ្ចី​ប្រាក់​ពី​កម្មករ​​ដែលមាន​អាយុ​តិច​ដើម្បី​បង់​​ឲ្យ​កម្មករ​ដែល​មាន​វ័យ​ចំណាស់ៗ​។ មូលនិធិ​សោធន​របស់​ប្រទេស​នេះ​នឹង​មាន​បំណុល ១១៦​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០៥០​នេះ​បើ​យោង​តាម​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​សង្គម​របស់​ចិន ដែល​ជា​ស្ថាប័ន​វិនិច្ឆ័យ​កំពូល​របស់​រដ្ឋាភិបាល​។​

អំពី​លោក Meng

ពី​អតីត​ការិយាធិបតេយ្យ​ដែល​ក្លាយ​ទៅ​ជា​អ្នក​ជំនួញ ដែល​ឥឡូវ​នេះ​គ្រប់គ្រង​ក្រុមហ៊ុន​មូលនិធិ​ទុន​ឯកជន​មួយ​របស់​ចិន លោក​បាន​អះអាង​ថា វា​មិន​មាន​ប្រយោជន៍​អ្វី​សោះឡើយ​នៅពេល​ដែល​អ្នក​ចូលនិវត្តន៍​រស់នៅ​លើ​ការ​រីក​លូតលាស់​ដ៏​យឺតយ៉ាវ​នៃ​សោធន​និវត្តន៍​ខណៈ​ដែល​តម្លៃ​ផ្ទះ​បាន​ស្ទុះ​ឡើង​ក្នុង​រយៈពេល​ពីរ​ទសវត្ស​នេះ​។​

​លោក​បាន​ថ្លែង​ថា​ ៖ «​ក្រោម​កាលៈទេសៈ​នេះ ការ​ចូលរួម​នៅ​ក្នុង​ផែនការ​ផ្ទះ​សម្រាប់​ប្រាក់​សោធន​និវត្តន៍​អាច​ចាត់​ទុក​បាន​ថា ជា​ជម្រើស​មួយ​យ៉ាង​សំខាន់​សម្រាប់​មនុស្ស​វ័យ​ចំណាស់​របស់​ប្រទេស​ចិន ដើម្បី​ជួយ​កែលម្អ​លក្ខខណ្ឌ​រស់នៅ​របស់​ពួក​គាត់ ដើម្បី​ឲ្យ​ពួក​គាត់​រស់នៅ​កាន់​តែ​ប្រសើរ​ឡើង​នៅក្នុង​រយៈពេល​ចុង​ក្រោយ​របស់​ពួកគាត់​»​។

លោក Meng បាន​បន្ថែម​ ថា ៖ «​ប្រសិន​បើ​មនុស្ស​ចាស់​នៅ​ប្រទេស​ចិន​មានការ​ធានារ៉ាប់រង​ច្រើន ឬ​អត្រា​សន្សំ​ប្រាក់​ខ្ពស់​ដូច​នៅក្នុង​ប្រទេស​ជប៉ុន ពួកគេ​មិនចាំបាច់​ចូលរួម​ក្នុង​ផែនការ​ផ្ទះ​សម្រាប់​ប្រាក់​សោធន​និវត្តន៍​នោះទេ​។ ប៉ុន្តែ​ពួកគេ​មិន​មាន​ទាំងពីរ​»​។​

​កម្ចី​បញ្ច្រាស់់​បានធ្វើ​ឲ្យ​មាន​ភាព​សង្ស័យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផងដែរ​។ ប៉ុន្តែ​នៅក្នុង​ប្រទេស​ចិន គោល​ការណ៍​នេះ​ប្រឆាំង​នឹង​ឥរិយាបថ​បែប​ប្រពៃណី​អំពី​គ្រួសារ​។

លោក​ស្រី Yu Yue ដែលជា​ស្ត្រី​មេម៉ាយ និង​អតីត​កម្មការិនី​រោងចក្រ​អាយុ ៦១​ឆ្នាំ នៅ​ទីក្រុង​ប៉េកាំង កំពុង​ពិចារណា​ផែនការ​នេះ​។ លោក​ស្រី​រស់​នៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​យ៉ាង​លំបាក​ដោយ​អាស្រ័យ​លើ​ប្រាក់​កម្រៃ​៤៣៤​ដុល្លារ​ក្នុង​មួយ​ខែ ពី​ប្រាក់​សោធន​និវត្តន៍ ហើយ​កូន​ប្រុស​របស់​គាត់​បាន​ផ្ដល់​ឱ្យ​លោក​ស្រី​នូវ​​ចំនួន​ទឹក​ប្រាក់​ដូច​គ្នា​ជា​ប្រចាំ​ខែ​។

លោក​ស្រី Yu បាន​និយាយ​ថា ​៖ «​ខ្ញុំ​ចង់​ផ្តល់​អាផាតមិន​របស់​ខ្ញុំ​ឱ្យ​ដល់​កូន​របស់​ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​ពិតជា​អស់​សង្ឃឹម​។ ខ្ញុំ​ត្រូវ​ការ​សំណាញ់​សុវត្ថិភាព​បែប​ណា​មួយ»​។

ក្រុមហ៊ុន​ធានា​រ៉ាប់រង​បាន​និយាយ​ថា ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធភាព​នៃ​ការ​គាំង​អចលនទ្រព្យ​ព្រម​ទាំង ការ​កើន​ឡើង​នៃ​អាយុ​កាល​ដែល​វែង​នៅ​ក្នុង​បណ្តា​ជនជាតិ​ចិន​។

លោក Hu Jiye សាស្ត្រាចារ្យ​ដែល​បាន​សិក្សា​ពី​ហិរញ្ញវត្ថុ​ប្រាក់​សោធន​និវត្តន៍​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​នយោបាយ និង​ច្បាប់​របស់​ប្រទេស​ចិន បាន​និយាយ​ថា​ប្រទេស​ចិន​មាន​កង្វះ​ខាត​ក្រប​ខ័ណ្ឌ​ច្បាប់​ជា​មូលដ្ឋាន​ដើម្បី​គ្រប់គ្រង​កម្មវិធី​នេះ​។​

​លោក​បាន​ថ្លែង​ថា​ ៖ «Meng Xiaosu ជា​អ្នក​ស្នើ​ផែនការ​ផ្ទះ​ដើម្បី​ប្រាក់​សោធន​និវត្តន៍ ដូច​នេះ​លោក​មាន​ឆន្ទៈ​ក្នុង​ការ​ដើរ​ទៅ​មុខ​ជាមួយ​នឹង​វា​ទោះ​បី​ជា​វា​ជា​ផែន​ការ​ខាតបង់​ថវិកា​ក៏​ដោយ​»​។ «ប៉ុន្តែ​បរិស្ថាន​វប្បធម៌​មិន​គាំទ្រ​ផែន​ការ​នេះ​ទេ​។ បរិស្ថាន​ផ្លូវ​ច្បាប់​ក៏​មិន​គាំទ្រ​ដែរ​»​។

លោក Meng បាន​ច្រាន​ចោល​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ច្បាប់​។ ទាក់ទង​នឹង​ការ​ព្រួយ​បារម្ភ​របស់​វិស័យ​ធានា​រ៉ាប់រង​អំពី​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​លំនៅដ្ឋាន​។

លោក​បាន​និយាយ​ថា​ ៖ «​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា​៖ ឈប់​សួរ​សំណួរ​អគតិ​នេះ​មក​ខ្ញុំ​ទៀត​ទៅ​។ វា​នឹង​មិន​កើត​ឡើង​នោះ​ទេ​។ វា​មិន​ដែល​ធ្លាក់​ចុះ​សូម្បី​ម្តង​គត់​ក្នុង​មួយ​ឆ្នាំ។ តើ​ស្ថានភាព​ដែល​ស្អាត​មួយ​អាច​នឹង​​គ្មាន​ស្ថិរភាព​ដោយ​របៀប​ណា​ទៅ​»?

​លោក Meng ជួយ​បង្កើត​កម្មវិធី​ដែល​ត្រូវ​បាន​ផ្តល់​ជូន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ស៊ាងហៃ និង​ទីក្រុង​ចិន​ពីរ​ផ្សេង​ទៀត​។ នៅ​ចុង​ខែ​តុលា​នេះ​មាន​តែ​មនុស្ស​ចំនួន ៨៩​នាក់​ទេ ដែល​បាន​ចូល​រួម នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ធានា​រ៉ាប់រង Happy Life Insurance បង្កើត​ឡើង​ដោយ លោក Meng ដោយ​សារ​លោក​ចង់​ផ្តល់​នូវ​គោលនយោបាយ​នេះ​ហើយ បច្ចុប្បន្ន​​មាន​តែ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ​ទៀត​ទេ ដែល​ផ្តល់​នូវ​គោល​នយោបាយ​នេះ​។

ប៉ុន្តែ​រដ្ឋាភិបាល​ចិន​បាន​ឱ្យ​ដឹង​កាលពី​ខែ​កក្កដា​ថា ខ្លួន​នឹង​ពង្រីក​​ផែនការ​សាក​ល្បង​ដំបូង​បំផុត​នេះ​ទៅ​រាប់​សិប​ទីក្រុង​នានា ដែល​លោក Meng បាន​ប៉ាន់​ប្រមាណ​ថា ៦០​ទីក្រុង រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់ ហើយ​ក្រុមហ៊ុន People’s Insurance Co. (គ្រុប​) នៃ​ប្រទេស​ចិន ដែលជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំ​មួយ​បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​ចាប់​ផ្តើម​ផ្តល់​ជូន​ផែនការ​នេះ​នៅ​ខែ​តុលា​។

​នៅ​ក្នុង​ការិយាល័យ​របស់​លោក Meng មាន​រូបថត​ដាក់​ស៊ុម​ជាច្រើន​របស់​លោក​ដែល​បង្ហាញ​អំពី​រូបលោក​ជាមួយ​នឹង​អ្នក​នយោបាយ​ជាន់​ខ្ពស់​នៃ​ប្រទេស​ចិន​ផ្សេង​ទៀត ក៏​ដូច​ជា​លោក Bill Clinton ដែល​លោក​បាន​ហៅ​ថា​ជា​«​មិត្ត​ជិតស្និទ្ធ​»​។ «​ជា​ដំបូង​ខ្ញុំ​បាន​គិត​ថា នឹង​ផ្ញើ​សំបុត្រ​ចូលរួម​សោកស្តាយ​ទៅ​លោក​ស្រី Hillary ប៉ុន្តែ​មិនបាន​ផ្ញើ​»​។ លោក​បន្តថា​៖ «​នៅ​ទីបញ្ចប់​ខ្ញុំ​គិតថា បើ​សិន​ជា​មហា​សេដ្ឋី​អចលនទ្រព្យ ជា​ប្រធានាធិបតី​នោះ ​យើង​នឹង​មាន​ឥទ្ធិពល​ធំ​ជាង។ តើ​មហា​សេដ្ឋី​អចលនទ្រព្យ​អាមេរិក ដែល​បាន​ក្លាយជា​ប្រធានាធិបតី​មាន​ឆន្ទៈ​ក្នុង​ការ​និយាយ​ជាមួយ​ឪពុកធម៌​នៃ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​នោះទេ​?»

​នៅ​ឆ្នាំ​១៩៩៥ លោក Meng បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ក្នុង​នាម​ជា​អ្នកប្រាជ្ញ​មក​ទស្សនា​ដើម្បី​សិក្សា​សេដ្ឋកិច្ច និង​អចលនទ្រព្យ​សម្រាប់​រយៈពេល​ប្រាំ​មួយខែ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts (Massachusetts Institute of Technology) នៃ​សាកល​វិទ្យាល័យ​កាលី​ហ្វ័រញ៉ា (the University of California) ប៊ើឃើលី​(Berkeley) និង​សាកល​វិទ្យាល័យ​រដ្ឋ Indiana​។ បទ​ពិសោធ​នេះ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​លោក Meng និង ប្រជាជន​វណ្ណៈ​កណ្តាល​របស់​ប្រទេស​ចិន​។ វា​បាន​នាំ​ឲ្យ​គាត់​ជឿជាក់ថា ប្រជាជន​ចិន​ក៏​អាច​មាន​ក្តី​សុបិន្ត​អំពី​អាមេរិក​របស់​ពួក​គេ​ដែរ គឺ​ «​ផ្ទះ​មួយ​រថយន្ត​មួយ»​ ដូច​ដែល​គាត់​បាន​ហៅ​វា។

នៅ​ពេល​ដែល​លោក​មក​ដល់​ផ្ទះ​វិញ លោក​បាន​បញ្ចុះ​បញ្ចូល​ធនាគារ​ដែល​មាន​ការ​សង្ស័យ​ថា ប្រជាជន​ចិន​នឹង​បង់​ប្រាក់​កម្ចី​ទិញ​ផ្ទះ​របស់​ពួក​គេ​ត្រឡប់​មក​វិញ​។ ទាំង​នេះ​បាន​ជួយ​ណែនាំ​ទីផ្សារ​លំនៅដ្ឋាន​មួយ​ដែល​នៅ​ក្នុងនោះ​តម្លៃ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ទីផ្សារ​មិនមែន​រដ្ឋាភិបាល​ទេ នាំ​ឱ្យ​មាន​ការ​ផ្តោត​សំខាន់​លើ​តម្លៃ ហើយ​នេះ​បានធ្វើ​ឲ្យ​គ្រួសារ​ចិន​រាប់​លាន​នាក់​ក្លាយជា​អ្នក​មាន​។

លោក​បាន​ថ្លែង​ថា​ ៖ «​ផលិតផល​ទាំង​អស់​នេះ គឺ​ខ្ញុំ​បាន​ណែនាំ​មកពី​ក្រៅ​ប្រទេស​ពិសេស​ពី​សហរដ្ឋ​អាមេរិក​»​៕

Sui Lee Wee/ The New York Times

Source From: PHNOM PENH POST

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 205,000.00
Villa For Sale
Chroy Changva,Russey Keo
USD 225,800.00
Villa For Sale
Chroy Changva,Russey Keo
USD 355,000.00
Land For Rent
Preaek Aeng,Kean Svay
USD 1,200.00
Land For Sale
Niroth,Meanchey
USD 350,000.00

CVEA MEMBERS