Yoma គ្រោង​បញ្ចប់​គម្រោង Landmark ត្រឹម​ឆ្នាំ ២០២០

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
​​បុរស​ម្នាក់​កំពុង​ដើរកាត់​ការដ្ឋាន​គម្រោង Landmark នៅក្នុង​ក្រុង​យ៉ាំង​ហ្គោ​ន​។ រូបថត​៖ Thiri Lu / The Myanmar Times

​ទីក្រុងយ៉ាំង​ហ្គោ​នក្រុមហ៊ុន Yoma Strategic បាន​ថ្លែងថា ខ្លួន​គ្រោង​នឹង​សាងសង់​ឲ្យ​ចប់​ជា​ស្ថាពរ​នូវ​គម្រោង Landmark Development ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​របស់ខ្លួន​នៅត្រឹម​ឆ្នាំ​២០២០ ហើយ​គម្រោង​នេះ​នឹងត្រូវ​ចំណាយ​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​រហូតដល់​ទៅ ១៥៦​លាន​ដុល្លារ​រដ្ឋ​អាមេរិក​។

​ក្រុមហ៊ុន​មួយ​នេះ​បានបង្ហាញ​គម្រោង Landmark ក្នុង​ខែធ្នូ ឆ្នាំ​២០១២ ដែល​នឹងមាន​លំនៅឋាន បន្ទប់​អគារ និង​អា​ផាត​ម៉ិ​ន សម្រាប់​ជួល​ស្ថិតនៅលើ​ផ្ទៃដី​ទំហំ ១០​អានៅក្នុង​ទីក្រុងយ៉ាំង​ហ្គោ​ន​។

គម្រោង​នេះ​នឹង​សាងសង់ឡើង​នៅក្បែរ​អគារ​ការិយាល័យ​ស្ថានីយ​រថភ្លើង ដែល ជា​អគារ​បេ​តិក​ភ​ណ្ឌ​មួយ​របស់​ភូមា ដែល​គម្រោង​នេះ​នឹង​សង់​នូវ​សណ្ឋាគារ​លំដាប់​ទំនើប​មួយ​។

បើទោះជា​មានការ​ផ្លាស់ប្តូ​រ​ក្រសួង និង​ផ្នែក​រដ្ឋបាល ក៏ដោយ​ប៉ុន្តែ​ក្រុមហ៊ុន Yoma Strategic បាន​ចំណាយ​ទឹក ប្រាក់​ច្រើនជាង ៣​ដង ប្រៀបធៀប​នឹង​ពេល​មុនៗ ដើម្បី​ការពារ​ការបន្ត​កិច្ច​សន្យាជួល​ចំនួន​២ ដែលមាន​រយៈពេល ៥០​ឆ្នាំ​ពី​ក្រសួង​ដឹកជញ្ជូន និង​ទូរគមនាគមន៍​។

ក្រុមហ៊ុន​បាន​ថ្លែងថា ឥឡូវ​នេះ​ខ្លួន​បាន​ទទួល​នូវ​ការបន្ត​កិច្ចសន្យា​ជួល​នេះ​ហើយ ហើយ​ក្រុមហ៊ុន​កំពុងតែ​រូតរះ​បញ្ចប់​ការសាងសង់​ឲ្យ​រួចរាល់​នៅត្រឹម​ឆ្នាំ​២០២០​។​

ក្រុមហ៊ុន​បាន​បន្តទៀតថា កិច្ចសន្យា​បន្ត​​ការជួល​ទី​ ១ គឺ​សម្រាប់​សណ្ឋាគារ The Peninsula Yangon ហើយ​មួយ​ទៀត​សម្រាប់​ការអភិវឌ្ឍ​ចម្រុះ​។​

តំបន់​អភិវឌ្ឍ​ចម្រុះ​នេះ​នឹង​ត្រូវការ​ការ​ចំណាយ​ប្រហែល៦៦០​លាន​ដុល្លារ ដែល​មាន​ជំនួយ​មួយផ្នែក​ចំនួន១៣៥​លាន​​ដុល្លារ​ពី​ធនាគារ និង​ភាគហ៊ុន​សមភាព​ប្រហែល​ពី ៣៤៩​ដល់​៤០០​លាន​ដុល្លារពី​ដៃគូ​ផ្សេងៗ​ទៀត។ នេះ​បើ​យោង​តាម​ការប្រកាស​រប​ស់ Yoma Strategic។

ក្រុមហ៊ុន​បានប្រកាស​នៅក្នុង​ខែមិថុនា​ថា ខ្លួន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​​ជាមួយ​ម្ចាស់​ភាគហ៊ុន​សម្រាប់​គម្រោង​នេះ​រួចហើយ​។

ភាគី​ចុះហត្ថលេខា​រួមមាន First Myanmar Investment (FMI) ដែល​គ្រប់គ្រង​ដោយ​ប្រធាន​ក្រុមហ៊ុន Yoma Strategic លោក Serge Pun, International Finance Corporation (IFC) និង​ក្រុមហ៊ុន Mitsubishi មកពី​ជប៉ុន និង​ក្រុមហ៊ុន​អចលនទ្រព្យ Mitsubishi ដែល​បាន​ចាប់​ដៃគូ​រកស៊ី​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។

ក្រុមហ៊ុន Yoma Strategic បាន​ថ្លែងបន្តថា ខ្លួន​នឹងមាន​ភាគហ៊ុន​ចំនួន ៤៨​ភាគរយ នៅក្នុង​តំបន់​អភិវឌ្ឍ​ចម្រុះ ហើយ​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​របស់​ខ្លួន​ចន្លោះ​ពី៩២ ​ទៅ​១១៧​លាន​ដុល្លារ លើ​តំបន់​នេះ​នៅ​ចន្លោះ​ឆ្នាំ​២០១៦​ដល់​២០១៧ និង​២០២១​ដល់​២០២២​។

ក្រុមហ៊ុន Mitsubishi ទាំងអស់​នឹង​មាន​ភាគ​ហ៊ុន​ចំនួន ៣០​ភាគរយ នៅលើ​តំបន់​អភិវឌ្ឍ​ចម្រុះ​នេះ រីឯ FMI នឹងមាន​ចំនួន១២​ភាគរយ IFC នឹងមាន​ចំនួន ៥​ភាគរយ ហើយ Asian Development Bank មាន​ចំនួន៥​ភាគរយ​។

Winfried Wicklein ជា​ប្រធាន​ធនាគារ ABD ប្រចាំ​​ប្រទេស​ភូមា បាន​ថ្លែងថា ការ​ចូល​ភាគហ៊ុន​របស់​ធនាគារ​លើ​គម្រោង Landmark គឺមាន​ចំនួន​ទឹក​ប្រាក់​ស្មើនឹង ២០​លាន​ដុល្លារ​ស្ថិតក្រោម​ដំណើរការ​វិស័យ​ឯកជន​របស់ខ្លួន​។

សណ្ឋាគារ​ហុងកុង និង​សៀង​ហៃ (Hongkong and Shanghai Hotels) នឹងមាន​ភាគហ៊ុន​ចំនួន ៧0​ភាគរយ លើ​សណ្ឋាគារ​ទំនើប​ហើយ Yoma Strategic នឹងមាន​ភាគហ៊ុន​ចំនួន ២៤​ភាគរយ ហើយ FMI នឹងមាន​ចំនួន៦​ភាគរយ ខណៈ​ក្រុមហ៊ុន Yoma Strategic បង្ហើប​ថា ខ្លួន​នឹង​ចំណាយ​ទឹកប្រាក់​ចំនួន ៣៨​លាន​ដុល្លារ​នៃ​ប្រាក់​មូលនិធិ​សម្រាប់​គម្រោង​នេះ​។​

ក្រុមហ៊ុន Yoma បាន​ថ្លែងបន្តថា ក្រុមហ៊ុន​បាន​គណនា​ចំនួន​ទឹកប្រាក់​សរុប ដែល​បានដាក់​វិនិយោគ​ចូល​ជាមួយ​គម្រោង Landmark Development ហើយ​ខ្លួន​បាន​ចំណាយ​អស់​ប្រមាណ ២៤​លាន​ដុល្លារ​រួចមកហើយ​លើ​ការ​ប្រឹក្សា​យោបល់ ការ​រចនា​ឌី​ហ្សា​ញ និង​ការ​ចាប់ផ្តើម​គម្រោង​នេះ​។ ដៃគូ​របស់ខ្លួន​នឹងត្រូវ​ចូលរួមចំណែក​ស្មើៗ​គ្នា​ពី​ភាគ​​ហ៊ុនិក​របស់ខ្លួន​នៅលើ​គម្រោង​នេះ​។

ការ​គណនា​នេះ​ក៏បាន​បង្ហាញថា Yoma Strategic មាន​ភាគហ៊ុន​ចំនួន ៨០​ភាគរយ លើ​សិទ្ធិ​អភិវឌ្ឍ​តំបន់​នេះ​ដែលមាន​ទំហំ១០​អា តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន គឺ​សណ្ឋាគារ​អន្តរជាតិ Meeyahta Limited (Meeyahta International Hotel Limited)​។ ជា​លទ្ធផល Yoma Strategic នឹង​ផ្តល់​នូវ​សិទ្ធិ​ក្នុងការ​អភិវឌ្ឍ​តំបន់​នេះ​ឲ្យ​មាន​សមភាព​។​

ក្រុមហ៊ុន​បន្តទៀតថា ដោយសារ​ទទួល​បាន​សិទ្ធិ​បន្ត​ជួល​ដី​ហើយ​នោះ ជំហាន​បន្ទាប់​របស់ Yoma Strategics គឺ​ការស្នើ​ឲ្យ​គណៈកម្មការ​វិនិយោគ​ភូមា (Myanmar Investment Commission) ឯកភាព​លើ​ការចាប់​ដៃគូ​ជំនួញ​របស់ខ្លួន​។​

ក្រុមហ៊ុន​រំពឹងថា នឹង​ទទួលបាន​ការ​ឯកភាព ហើយនឹង​ចាប់ផ្តើម​ការងារ​ធំៗ​លើ​តំបន់​អភិវឌ្ឍ​ចម្រុះ​នៃ​គម្រោង​នេះ​នៅ​ចុងឆ្នាំ​នេះ​៕

Source From: Khmer Post

CVEA MEMBERS