ការអភិវឌ្ឍ និងការពង្រីកខ្សែរថភ្លើងក្នុងទីក្រុងបាងកក បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សារអចលនទ្រព្យអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។
ផ្នែកជាច្រើននៅក្នុងទីក្រុងបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សជាមួយនឹងការមកដល់នៃលំនៅឋានខ្ពស់ៗ និងតំបន់ពាណិជ្ជកម្មថ្មីៗ ដែលមានទីតាំងនៅក្បែរតំបន់មានចរាចរណ៍ឆ្លងកាត់មមាញឹក។
តម្លៃដីដ៏ខ្ពស់ ដែលស្ថិតតាមបណ្តោយផ្លូវដែកក្នុងទីក្រុងបានជំរុញឲ្យអ្នកវិនិយោគផ្តោតការយកចិត្តទុកដាក់ចំពោះការសាងសង់ខុនដូខ្ពស់ៗ ដែលអាចធ្វើឲ្យពួកគេទទួលបានប្រាក់ចំណេញច្រើនពីការវិនិយោគ។
បច្ចុប្បន្ននេះការរស់នៅតាមអគារខុនដូ កំពុងក្លាយជាការពេញនិយមពីសំណាក់ក្រុមយុវជនក្មេងៗដោយពួកគេហ៊ានចំណាយថវិកាដើម្បីទិញលំនៅឋានផ្ទាល់ខ្លួន ដែលគេគិតថាមានផាសុកភាព និងមានភាពងាយស្រួលសម្រាប់ការធ្វើដំណើរ។
ផែនការ និងសកម្មភាពដែលកំពុងអនុវត្តដើម្បីបន្ថែមផ្លូវរថភ្លើង បានធ្វើឲ្យមុខមាត់តំបន់កាន់តែមានភាពស្រស់បំព្រង និង ភាពទាក់ទាញ។
ការពង្រីកផ្លូវរត់បន្ថែមសម្រាប់រថភ្លើងលើអាកាស(BTS) ត្រូវគេរំពឹងថានឹងអាចចាប់ផ្តើមនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ផ្លូវដែករបស់រដ្ឋ ក៏កំពុងត្រូវបានគេអភិវឌ្ឍឆ្ពោះទៅភាគខាងជើងនៃទីក្រុងផងដែរ ខណៈខ្សែរថភ្លើង MRT ត្រូវគេរំពឹងថានឹងបើកដំណើរការនៅឆ្នាំ២០២៣ ដោយឆ្ពោះទៅភាគខាងកើត។
ផ្លូវដែក MRT គឺជាការអភិវឌ្ឍដ៏សំខាន់បំផុតចាប់តាំងពីការសាងសង់បានដំណើរការមួយរយៈ មុនពេលត្រូវបានពន្យារពេល។
ខណៈដែលការស្ថាបនាបន្ថែមត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ អ្នកអភិវឌ្ឍន៍ជាច្រើនកំពុងតែស្វែងរកទិញដីនៅតាមបណ្តោយផ្លូវធំៗ ដែលនៅជិតផ្លូវថ្មីបំផុតគឺផ្លូវ Pracha Rat Sai2 ផ្លូវ Charan Sanitwong និងផ្លូវ Phetkasem។
កាលពីមុនការផ្តោតសំខាន់សម្រាប់អ្នកអភិវឌ្ឍន៍ខុនដូ គឺនៅតាមផ្លូវ Pracha Rat Sai 2 ប៉ុន្តែបច្ចុប្បន្នពួកគេកំពុងតែឆ្ពោះទៅតាមផ្លូវ Charan Sanitwong និង Phetkasem ដែលអចលនទ្រព្យនៅមានតម្លៃសមរម្យ និងអនុញ្ញាតឲ្យពួកគេសាងសង់ខុនដូលក់ក្នុងតម្លៃក្រោម ៣ ១៤១ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ចាប់តាំងពីខុនដូដំបូងត្រូវបានដាក់ឲ្យដំណើរការនៅតាមបណ្តោយផ្លូវ MRT នៅក្នុងឆ្នាំ២០១៣ បច្ចុប្បន្នបន្ទប់ស្នាក់នៅក្នុងតំបន់កើនដល់ ៣០ ៤១៨ យូនីត។ មានបន្ទប់ស្នាក់នៅប្រមាណជាង ៦ ០០០ យូនីត ត្រូវបានដាក់ឲ្យដំណើរការជារៀងរាល់ឆ្នាំ និងកើនឡើងដល់ជាង៨ ២០០យូនីត កាលពីឆ្នាំ២០១៧។
តម្លៃលក់ជាមធ្យមសម្រាប់ខុនដូនៅតាមផ្លូវ MRT គឺប្រហែល២ ៤៤៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែក៏មានកន្លែងខ្លះមានតម្លៃក្នុងរង្វង់ ៣ ១៥៤ ដុល្លារដែរ។ ជាមួយគ្នានេះក៏មានអ្នកអភិវឌ្ឍន៍មួយចំនួនគ្រោងដាក់លក់ក្នុងតម្លៃ៣ ៧៨៣ដុល្លារក្នុង១ម៉ែត្រការ៉េផងដែរ។
មានគម្រោងជាច្រើនគ្រោងនឹងចាប់ផ្តើមនៅតំបន់នេះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ តែយ៉ាងណាអ្វីៗក៏អាស្រ័យលើវឌ្ឍនភាពនៃការស្ថាបនាផងដែរ។ ការកើនឡើងនៃតម្លៃដី នឹងធ្វើឱ្យតម្លៃអគារស្នាក់នៅរឹតតែកើនឡើង ពិសេសតំបន់ដែលមានចរាចរណ៍ឆ្លងកាត់ច្រើន។
តម្លៃដីធ្លីក្នុងតំបន់តាមបណ្ដោយផ្លូវ MRT បានកើនឡើងប្រហែល២០ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែវានៅតែទាបជាងតំបន់នៅតាមបណ្តោយផ្លូវថ្មីផ្សេងៗទៀត។
តម្លៃដីជាមធ្យមនៅតាមបណ្តោយផ្លូវ Pracha Rat Sai 2 និងផ្លូវ Phetkasem បច្ចុប្បន្នមានចន្លោះពី១ ៣៤០ដុល្លារទៅ៣ ១៥៤ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕