ស្ពាន គឺជា​គន្លឹះ​ចម្បង ​ក្នុង​ការ​លើក​កម្ពស់​វិស័យ​អចលនទ្រព្យ​ នៅ​អរិយក្សត្រ

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
សំណង់​ខុនដូ​ដែល​មាន​ការ​រីក​ដុះដាល​ក្នុង​រាជធានី​ភ្នំពេញ​។ ហុង មិនា

បើ​ទោះបី​ជា​ពេលវេលា​នៃ​ការចាប់ផ្តើម​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ និង​ទន្លេបាសាក់ ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​តំបន់​អរិយក្សត្រ ហាក់​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​ក៏ដោយ ក៏​សកម្មភាព​នៃ​ការ​សាងសង់ និង​ចលនា​នៃ​ការ​ទិញ​-លក់​អចលនទ្រព្យ​នៅ​ទីនោះ​នៅ​តែ​មាន​ភាព​រស់​ររើក​ដដែល​។

លោក ឌឹត ចណ្ណា អគ្គនាយក​ក្រុមហ៊ុន Lucky Realty បាន​និយាយ​ថា ចលនា​នៃ​ការ​ទិញ-​លក់ អចលនទ្រព្យ​នៅ​តំបន់​អរិយក្សត្រ គឺ​មាន​សកម្មភាព​ល្អ​ប្រសើរ ដោយ​នៅ​ពេល​នេះ​គេ​សង្កេត​ឃើញ​មាន​គម្រោង​សាងសង់​បុរី ខុនដូ និង​ដីឡូត៍​ពុះ​លក់​ជាច្រើន​នៅ​ទី​នោះ​។ ហេតុផល​សំខាន់ៗ​ដែល​ធ្វើឱ្យ​សកម្មភាព​ទិញ លក់ អចលនទ្រព្យ​នៅ​ទីនោះ​មាន​ដំណើរការ​ល្អ គឺ​ទី​ ១ ​នៅ​ជិត​ចំណុច​កណ្តាល​រាជធានី​ភ្នំពេញ​ (​ខណ្ឌ​គ្នា​ដោយ​ទន្លេ​) ទី​ ២ ភាព​ទាក់ទាញ​នៃ​ទីតាំង​ភូមិសាស្ត្រ​ដែល​នៅ​ជិត​ទន្លេ និង​ទី​ ៣ ផែនការ​នៃ​ការ​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ចំនួន​ ២ ​កន្លែង​។

លោក​បាន​អះអាង​ថា៖ «​មូលហេតុ​ចម្បង​ដែល​ធ្វើឲ្យ​តម្លៃ និង​សកម្មភាព​ទិញ-លក់ អចលនទ្រព្យ នៅ​តំបន់​អរិយក្សត្រ​មាន​ភាព​ល្អ​ប្រសើរ គឺ​ការ​រំពឹង​ខ្លាំង​ទៅ​លើ​ការ​សាងសង់​ស្ពាន​ឆ្ពោះ​ទៅ​កាន់​ទី​នោះ​តែ​ម្តង​»​។

បើ​តាម​លោក ចណ្ណា បច្ចុប្បន្ន​ដី​នៅ​តាម​បណ្តោយ​ផ្លូវធំ​អាច​មាន​តម្លៃ​ចន្លោះ​ពី​ ៤០០ ​ទៅ ៤៥០ ​ដុល្លារ ក្នុង ​១ ​ម៉ែត្រការ៉េ ខណៈដី​លំនៅឋាន​តាម​ផ្លូវ​តូចៗ​ក្នុង​ភូមិ​មាន​តម្លៃ​ចន្លោះ​ពី​ ២០០ ទៅ​ ៣០០ ​ដុល្លារ និង​ដី​កសិកម្ម (​ដីស្រែ ប្រាំង​) អាច​មាន​តម្លៃ​ចាប់ពី​ជាង​ ២ ​ដុល្លារ​ឡើង​ទៅ​។ តម្លៃ​នេះ​បើ​ធៀប​នឹង​ដើមឆ្នាំ​ ២០១៧ គឺ​កើនឡើង​ក្នុង​រង្វង់​ ១០ ​ទៅ​ ១៥ ​ភាគរយ​។

ទោះ​ជា​យ៉ាងណា​លោក ចណ្ណា បាន​ប្រាប់​ថា៖ «​ប្រសិន​បើ​អ្នក​ដែល​មាន​បំណង​ចង់​ធ្វើការ​វិនិយោគ​ទៅលើ​អចលនទ្រព្យ​នៅ​តំបន់​អរិយក្សត្រ ហើយ​មាន​ទុន​បង្វិល​សម្រាប់​រយៈពេល​ត្រឹម​ ៣-៥ ​ឆ្នាំ​គេ​គួរ​តែ​ពិចារណា​ឱ្យ​បាន​ច្បាស់ ជាពិសេស​ការ​ជ្រើសរើស​ទីតាំង ព្រោះ​ថា​ការ​ទទួល​បាន​ប្រាក់​ត្រឡប់​មក​វិញ​អាច​នឹង​មាន​រយៈពេល​យូរ​»​។ លោក​បាន​បន្ត​ថា៖ «​មាន​អ្នក​ទិញ​អចលនទ្រព្យ​នៅ​ទីនោះ​ជាច្រើន​បាន​រំពឹង​ថា ខ្លួន​នឹង​អាច​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​បន្ទាប់ពី​មាន​ស្ពាន​ត​ភ្ជាប់​ទៅ​ទី​នោះ តែ​ជាក់ស្តែង​សញ្ញាណ​ដែល​បញ្ជាក់​ថា ការ​សាងសង់​ស្ពាន​នឹង​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់ៗ​នេះ​ហាក់​មិន​ទាន់​មាន​ពន្លឺ​នោះ​ទេ​»​។

ទាក់ទង​នឹង​ការទិញ​អចលនទ្រព្យ អគ្គនាយក​ក្រុមហ៊ុន Lucky Realty បាន​លើក​ឡើង​ថា ជា​ការ​ល្អ​បំផុត​មុន​នឹង​ចង់​ទិញ​អចលនទ្រព្យ​នៅ​តំបន់​ណា​មួយ គេ​គួរតែ​ចំណាយ​ពេលខ្លះ​ដើម្បី​ជួប​ប្រឹក្សា​ជាមួយ​អ្នកជំនាញ ឬ​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​យថាហេតុ​ចៃដន្យ​ណា​មួយ​ដែល​អាច​កើតឡើង​។

លោក ច្រឹក សុខនីម អគ្គនាយក​ក្រុមហ៊ុន Century21 Cambodia បាន​និយាយ​កាលពី​ចុង​សប្តាហ៍​មុន​ថា បច្ចុប្បន្ន​លោក​ក៏​កំពុង​ស្វែងរក​ដី​នៅ​អរិយក្សត្រ​ឲ្យ​ភ្ញៀវ​ដែរ​ដោយ​ភ្ញៀវ​របស់​លោក​ភាគច្រើន​គេ​ទិញ​សម្រាប់​វិនិយោគ​នាពេល​អនាគត​។ ដោយសារ​ដី​នៅ​អរិយក្សត្រ​ភាគច្រើន​ជា​ដី​លិច​ទឹក​នៅ​រដូវវស្សា ដូច្នេះ​កន្លែង​ដែល​នៅ​ឆ្ងាយ​ពី​ផ្លូវ និង​មិន​ទាន់​ចាក់ដី​បំពេញ គេ​អាច​រក​បាន​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ផង​ដែរ​នា​ពេល​នេះ​។

លោក​បាន​ប្រាប់​ថា៖ «​សម្រាប់​រយៈពេល​វែង​ទៅ​មុខ ការវិនិយោគ​នៅ​តំបន់​នោះ​ល្អ​ប៉ុន្តែ​នាពេល​នេះ​មិន​ទាន់​សូវ​ល្អ​ទេ​ដោយសារ​មិន​ទាន់​មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​គ្រប់គ្រាន់​»​។

 

Content image - Phnom Penh Post
ទីស្នាក់ការ​សាលាឃុំ​អរិយក្សត្រ​ដែល​ស្ថិត​ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។ រូបថត ហ៊ឹន ពិសី

 

អរិយក្សត្រ ជា​ផ្នែក​មួយ​របស់​ខេត្ត​កណ្តាល ដែល​ខណ្ឌ​ចែក​ពី​រាជធានី-ភ្នំពេញ​ដោយ​ទន្លេ​តែ​ប៉ុណ្ណោះ​។ តំបន់​នោះ​ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​គ្រោង​នឹង​ដាក់​បញ្ចូល​ជា​ផ្នែក​មួយ​នៃ​រាជធានី​ភ្នំពេញ​នាពេល​ឆាប់ៗ​នេះ​ផងដែរ​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ពេល​កន្លង​មក​ធ្លាប់​បាន​ប្រកាស​ពី​ផែនការ​នៃ​ការ​សាងសង់​ស្ពាន​ចំនួន​ ២ ​កន្លែង​ដើម្បី​តភ្ជាប់​តំបន់​អរិយក្សត្រ​មក​កាន់​រាជធានី​ភ្នំពេញ ដែល​ចំណុច​ទី​ ១ ចេញ​ពី​កំពង់​ចម្លង​ជ្រោយចង្វារ​ទៅ​ស្វាយជ្រំ និង​ទី​ ២ ចេញ​ពី​កំពង់​ចម្លង​ក្តីតាកុយ (​ផ្លូវ​ជាតិ​លេខ​ ១) នៃ​ខណ្ឌ​ច្បារអំពៅ​ឆ្ពោះ​ទៅ​កាន់​ឃុំ​អរិយក្សត្រ​។

លោក នូ វឌ្ឍនៈ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​និយាយ​ថា ផែនការ​សាងសង់​ស្ពាន​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​អរិយក្សត្រ​ដែល​ជា​កម្ចីសម្បទាន​ពី​ប្រទេស​ចិន​នោះ ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​។ នៅពេល​មាន​ស្ពាន​ទាំង​ ២ ​នេះ ការ​ធ្វើ​ដំណើរ ពិសេស​ការ​ដឹកជញ្ជូន​ទំនិញ​នឹង​កាន់​តែ​មាន​ភាព​ងាយស្រួល​ព្រោះ​មិន​ចាំបាច់​ត្រូវ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ឡើយ​។

លោក​មាន​ប្រសាសន៍​ថា៖ «​រហូត​មក​ដល់​ពេលនេះ​គឺ​មិន​ទាន់​មាន​ការ​កំណត់ពេល​វេលា​ច្បាស់លាស់​ដើម្បី​សាងសង់​ស្ពាន​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​តំបន់​អរិយក្សត្រ​ឡើយ​»​។

បច្ចុប្បន្ន​នៅ​តំបន់​អរិយក្សត្រ​មាន​គម្រោង​លំនៅឋាន​ជាច្រើន​ដូចជា បុរី​ចតុមុខ​ស៊ីធី បុរី Evergreen City និង​បុរី​សែនសុខ​ជាដើម​។

បុគ្គលិក​ជាន់​ខ្ពស់​ផ្នែក​លក់​នៃ​គម្រោង​បុរី​ចតុមុខ​ស៊ីធី ដែល​វិនិយោគ​លើ​ការ​សាងសង់​ផ្ទះល្វែង វីឡា ខុនដូ និង​ដីឡូត៍​នៅ​តំបន់​អរិយក្សត្រ បាន​និយាយ​ថា ការ​លក់​នា​ដើម​ឆ្នាំ​ ២០១៨ នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​លោក​គម្រោង​សាងសង់​លំនៅឋាន​ថ្មីៗ​ជា​បន្តបន្ទាប់​។ លោក​បាន​បន្ត​ថា ការ​លក់​បន្ទប់​ស្នាក់នៅ​ក្នុង​ខុនដូ ដែល​មាន​ជិត​ ៥០០ ​យូនីត​រហូត​មក​ដល់​ពេល​នេះ​សម្រេច​បាន​ភាគច្រើន​ផងដែរ​។

បុគ្គលិក​ខាង​លើ​បាន​និយាយ​ថា៖ «​សម្រាប់​ខ្ញុំ​តម្លៃ​ដី និង​អចលនទ្រព្យ​នៅ​តំបន់​អរិយក្សត្រ​នឹង​កាន់​តែមាន​ភាព​ល្អប្រសើរ​ឡើង​បន្ថែម​ទៀត​ព្រោះ​ជា​កន្លែង​ដ៏ល្អ​សម្រាប់​ការ​រស់នៅ និង​ស្ថិត​នៅ​ជិត​ចំណុចកណ្តាល​រាជធានី​ភ្នំពេញ​»​។

បើ​តាម​បុគ្គលិក​ក្រុមហ៊ុន​ខាង​លើ​បាន​អះអាង​ថា ការ​សាងសង់​ស្ពាន​ចំនួន​ ២ ​កន្លែង​ដែល​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​អរិយក្សត្រ នឹង​សាងសង់​ឡើង​មិន​ឱ្យ​លើស​ពី​ឆ្នាំ​ ២០២០ ឡើយ​៕

Source From : Phnom Penh Post

 

Latest News

LATEST EXCLUSIVE LISTING

Land For Sale
Trapang Krasang,Porsenchey
USD 420.00/SQM
Land For Sale
Phnom Penh Thmei,Sen Sok
USD 285.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 150,000.00
Flat House For Sale
Boeng Salang,Tuol Kork
USD 398,000.00
Land For Sale
Phnom Penh Thmei,Sen Sok
USD 155,000.00

CVEA MEMBERS