Olympia City កំពុង​ឆ្ពោះ​ទៅ​មុខ​យ៉ាង​ស្ងៀមស្ងាត់

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
អគារ​ខុនដូ​នៅ​ផ្នែក​ខាង​មុខ​នៃ​គម្រោង Olympia City ដែល​បាន​បើក​ឲ្យ​អតិថិជន​ចូល​ស្នាក់នៅ ។ ស្រេង ម៉េងស្រ៊ុន

ផែនការ​នៃ​ការ​សាងសង់​អគារ​ខ្ពស់​ជាង​គេ​របស់​គម្រោង Olympia City ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​នា​ពេល​នេះ​អាច​នឹង​មាន​ការ​ផ្លាស់ប្តូរ​ខ្លះ ខណៈ​ការ​សាងសង់​គ្រឹះ​បាត​ខាង​ក្រោម​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

ប្រធាន​គ្រប់គ្រង​គម្រោង Olympia City នៃ​ក្រុមហ៊ុន OCIC លោក ម៉េង ចំរើន បាន​ប្រាប់ ប៉ុស្តិ៍ អចលនទ្រព្យ តាម​ទូរស័ព្ទ​កាលពី​សប្តាហ៍​កន្លង​មក​ថា រហូត​មក​ទល់​ពេល​នេះ​ការ​សាងសង់​គម្រោង Olympia City ទាំង​មូល​បាន​បញ្ចប់​ប្រមាណ​ ៧០ ​ភាគរយ​ហើយ​ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ត្រៀម​បញ្ចប់​ការ​សាងសង់​គ្រឹះ​ខាង​ក្រោម​នៃ​អគារ​កម្ពស់​ ៦៥ ​ជាន់ (​អគារ​ខ្ពស់​ជាងគេ​) ​នៃ​គម្រោង​នេះ​។

លោក​បន្ត​ថា​ ដោយសារ​បញ្ហា​ទីផ្សារ​នៅ​ពេល​នេះ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​កំពុង​ពិចារណា​ក្នុង​ការ​កាត់​បន្ថយ​កម្ពស់​អគារ​ពី​ ៦៥ ​ជាន់​មក​នៅ​ត្រឹម​ ៤៥ ​ជាន់​វិញ ប៉ុន្តែ​សម្រាប់​ការ​សាងសង់​គ្រឹះ​ខាង​ក្រោម​សម្រាប់​អគារ​នេះ​គឺ​ធ្វើ​សម្រាប់​ ៦៥ ​ជាន់​ដដែល​។

លោក​បាន​និយាយ​ថា៖ «​អ្នក​កាន់​ផ្នែក​ទីផ្សារ​របស់​គម្រោង Olympia City បាន​លើក​ឡើង​ថា​ក្រុមហ៊ុន​មិន​គួរ​ចំណាយ​ប្រាក់​ដ៏ច្រើន​ដើម្បី​សាងសង់​អគារ​មេ​ក្នុង​គម្រោង​ដែល​មាន​កម្ពស់​រហូត​ដល់​ ៦៥ ​ជាន់​នោះ​ទេ​»​។ លោក​បន្ត​ថា ៖ «​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​នៅ​ឡើយ​ទាក់ទង​នឹង​កម្ពស់​អគារ​នេះ​ថា តើ​គួរ​សង់​កម្ពស់​ ៦៥ ​ជាន់ ឬ​ ៤៥ ​​ជាន់​»​។

គម្រោង Olympia City ស្ថិត​នៅ​ចំណុច​ប្រសព្វ​នៃ​ផ្លូវ​ជាច្រើន​ដូចជា ផ្លូវ​ឧកញ៉ា​ទេពផន និង​មហាវិថី​ហ្សាលដឺហ្គោល ជាដើម​។ គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​ ៧ ​មករា រាជធានី​ភ្នំពេញ​។

លោក ម៉េង ចំរើន បាន​ប្រាប់​ទៀត​ថា​កាលពី​ចុង​ឆ្នាំ​មុន​ក្រុមហ៊ុន​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​លំនៅឋាន​ក្នុង​អគារ​ខុនដូ និង Shop House ដែល​ស្ថិត​នៅ​អគារ​ខាង​មុខ​ចំនួន ​៤ ​នៃ​គម្រោង​នេះ​ (C1, C2, C3 និង C4) ចូល​ស្នាក់​នៅ​ហើយ​។

ក្នុង​គម្រោង Olympia City មាន​អគារ​សរុប​ចំនួន​ ១៣ (​អគារ​ខុនដូ អគារ​កម្ពស់​ ៦៥ ​ជាន់​រួម​ជាមួយ​ផ្សារ​ទំនើប​)​។ ផ្សារ​ទំនើប​ដែល​ដាក់​ឈ្មោះ Olympia Plaza គ្រោង​នឹង​បើក​ដំណើរការ​នៅ​ចុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៨ នេះ​ដោយ​មាន​ទំហំ​ជាង​ ១៦០០០ ​ម៉ែត្រការ៉េ​សម្រាប់​ដំណាក់កាល​ទី​ ១ ដែល​មាន​កម្ពស់​ ៦ ​ជាន់​។

ប្រធាន​គម្រោង​ដែល​មាន​ជំនាញ​វិស្វកម្ម​រូប​នេះ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​លក្ខណៈ​ពិសេស​នៃ​គម្រោង​នេះ​ដែរ​ថា​ជាមួយ​នឹង​ការ​ផ្តល់​បែប​ផែន​ជីវិត​រស់នៅ​ប្រកប​ដោយ​ផាសុកភាព ក្រុម​ស្ថាបត្យករ​ខ្មែរ និង​បរទេស​ក៏​បាន​ជ្រើសរើស​ជាន់​ទី​ ៥ ​នៃ​អគារ​ទាំងអស់​ក្នុង​គម្រោង​ទាំង​មូល​ដើម្បី​ធ្វើ​ជា​កន្លែង​តភ្ជាប់​គ្នា​ពី​អគារ​មួយ​ទៅ​អគារ​មួយ និង​ភ្ជាប់​ទៅ​ផ្សារ​ទំនើប​ដោយ​នៅ​ជាន់​ទី​ ៥ នេះ​ក៏​មាន​ក្លិប​កីឡា សួនច្បារ​លើ​អាកាស​អាង​ហែល​ទឹក សាលារៀន​អន្តរជាតិ ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ត​នានា​ជាច្រើន​។ គម្រោង​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​មាន​កម្រិត​ការពារ​គ្រោះ​រញ្ជួយ​ដី​ ៥ ​រិកទ័រ​ផង​ដែរ​។

កញ្ញា តាក់ សុភី ប្រធាន​ផ្នែក​គ្រប់គ្រង​អចលនទ្រព្យ​នៃ​គម្រោង Olympia City បាន​ឲ្យ​ដឹង​ថា​រហូត​មក​ទល់​ពេល​នេះ​មាន​ម្ចាស់​លំនៅឋាន​ជាង​​ ២០ ​ភាគរយ​ហើយ​ដែល​បាន​ចូល​មក​ស្នាក់នៅ និង​ប្រកប​អាជីវកម្ម​ក្នុង​គម្រោង​នេះ​។

កញ្ញា​និយាយ​ថា៖ «​អតិថិជន​ចូល​ស្នាក់​នៅ​ក្នុង​គម្រោង​នេះ​មាន​ចម្រុះ​ទាំង​ជនជាតិ​ខ្មែរ និង​ជនបរទេស​។ ខ្ញុំ​គិត​ថា​នៅ​ពេល​ផ្សារ​ទំនើប​សាងសង់​រួច​នឹង​មាន​ម្ចាស់​លំនៅឋាន​ជាច្រើន​ចូល​មក​ស្នាក់នៅ​»​។ កញ្ញា​បន្ត​ថា៖ «​លំនៅឋាន​សរុប​នៃ​គម្រោង Olympia City ទាំង​មូល​ខ្ញុំ​មិន​ដឹង​ច្បាស់​នោះ​ទេ ប៉ុន្តែ​បើ​គិត​តែ​លំនៅឋាន​ចំនួន​ ៤ ​អគារ​ដែល​បាន​អនុញ្ញាត​ឲ្យ​អតិថិជន​ចូល​ស្នាក់​នៅ​មាន​ចំនួន​ ១ ៥៨៨ ​យូនីត​។

Olympia City បាន​ចាប់​ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ឆ្នាំ​ ២០១២ លើ​ផ្ទៃដី​ជាង​​ 6 ​ហិកតា​ដែល​ជា​ដី​ជួល​ពី​រដ្ឋ​មាន​រយៈពេល​ ៩៩ ​ឆ្នាំ​។ គម្រោង​នេះ​គ្រោង​នឹង​ចំណាយ​ប្រាក់​វិនិយោគ​ប្រមាណ​ជាង​ ៥០០ ​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​សាងសង់​អគារ​ដោយ​មិន​ទាន់​គិត​បញ្ចូល​តម្លៃ​ដី​នោះ​ទេ​។ នេះ​បើ​តាម​លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​គម្រោង​ដ៏ធំ​មួយ​នេះ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក គីម ហ៊ាង បាន​និយាយ​ថា​បើ​ប្រៀបធៀប​គម្រោង​នេះ​ជាមួយ​គម្រោង​មួយ​ចំនួន​នៅ​ប្រទេស​ម៉ាឡេស៊ី ឬ​សិង្ហបុរី​នោះ​គឺ​គម្រោង​នេះ​មិន​អាច​ប្រៀបធៀប​ជាមួយ​គេ​បាន​ឡើយ ប៉ុន្តែ​ប្រសិន​បើ​គិត​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា Olympia City គេ​អាច​និយាយ​ថា​ជា​គម្រោង​គំរូ​មួយ​ដែល​ផ្ទះ​នៅ​ក្នុង​គម្រោង​នេះ​លក់​ក្នុង​តម្លៃ​សមរម្យ​នៅ​ពេល​ចាប់ផ្តើម​សាងសង់​ភ្លាមៗ ប៉ុន្តែ​តម្លៃ​បច្ចុប្បន្ន​បាន​ឡើង​ ១ ​គុណ​នឹង​ ២ ​រួច​ទៅ​ហើយ​ដោយសារ​គម្រោង​នេះ​ស្ថិត​នៅ​តំបន់​ពាណិជ្ជកម្ម​កណ្តាល​រាជធានី​ភ្នំពេញ​។

លោក​បាន​អះអាង​ថា៖ «​គម្រោង​នេះ​ស្ថិត​នៅ​ទីតាំង​ដ៏ល្អ ប៉ុន្តែ​ភាព​ជោគជ័យ​របស់​គម្រោង​មួយ​គឺ​មិនមែន​អាស្រ័យ​តែ​ទៅ​លើ​ការ​សាងសង់​រួចរាល់​នោះ​ទេ​ដោយ​ភាព​ជោគជ័យ​របស់​គម្រោង​មួយ​គឺ​ពេល​សាងសង់​ចប់​មាន​អ្នក​ចូល​ទៅ​ស្នាក់នៅ​ចាប់​ពី​ ៥០ ​ភាគរយ​ឡើង​ទៅ​»​។

នៅ​ពេល​សួរ​ថា តើ​ជា​ទស្សនៈ​របស់​លោក​ក្រុមហ៊ុន OCIC គួរ​រក្សា​កម្ពស់​អគារ​មេ​នៃ​គម្រោង​នេះ​ឲ្យ​នៅ​ ៦៥ ​ជាន់​ដដែល​ដែរ​ឬ​ទេ​? តើ​វា​សមស្រប​សម្រាប់​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​ឬ​អត់​? លោក គីម ហ៊ាង បាន​បញ្ជាក់​ថា៖ «៤៥ ឬ​ ៦៥ ​ជាន់​មិន​សំខាន់​ទេ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ទីតាំង​សាងសង់​សមស្រប ឬ​អត់​? សម្រាប់​ខ្ញុំ​គិត​ថា បើ​ក្រុមហ៊ុន​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​សាងសង់​រហូត​ដល់​ចប់​ដោយ​មិន​ចាំបាច់​ពឹង​ផ្អែក​លុយ​ពី​អ្នក​ទិញ​គម្រោង​នេះ​គួរ​សាងសង់​ឲ្យ​ដល់​កម្ពស់​ ៦៥ ​ជាន់​»​។

លោក​បាន​បន្ត​​ថា៖ «​សម្រាប់​ខ្ញុំ​គិត​ថា​ស្ថានភាព​នាពេល​នេះ​វា​មិន​ត្រូវ​ទេ តែ​សម្រាប់​រយៈពេល​​ ៥ ​ឆ្នាំ​ខាង​មុខ​អគារ​កម្ពស់​ ៦៥ ​ជាន់​នេះ​នឹង​មិន​មាន​បញ្ហា​នោះ​ឡើយ​សម្រាប់​ទីផ្សារ​»​។

គម្រោង​អគារ​មេកម្ពស់​ ៦៥ ​ជាន់​នេះ​គ្រោង​នឹង​ប្រើប្រាស់​សម្រាប់​ជា​ការិយាល័យ​ជួល​សណ្ឋាគារ​កម្រិត​ផ្កាយ​ ៥ អា​ផាត​មិន ភោជនីយដ្ឋាន និង​កន្លែង​សម្រាប់​គយគន់​ទិដ្ឋភាព​នៃ​រាជធានី​ភ្នំពេញ​ទាំង​មូល​៕

Source From : Property Area

 

Latest News

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS