ឧកញ៉ា លី យ៉ុងផាត់ ចាប់ផ្តើម​បោះ​ជំហាន​ចូល​ទីផ្សារ​បុរី

Languages

banner realestate

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ផ្សារ makro ជា​ស្នូល​នៃ​គម្រោង​បុរី​របស់​ឧកញ៉ា លី យ៉ុងផាត់​។ ស្រេង ម៉េងស្រ៊ុន

ស្រប​ពេល​ទីផ្សារ​លំនៅឋាន​នៅ​តែ​មាន​សក្តានុពល​អ្នក​ឧកញ៉ា លី យ៉ុងផាត់ អគ្គនាយក​ក្រុមហ៊ុន លីយ៉ុងផាត់ គ្រុប​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ចាប់ផ្តើម​ចូល​មក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​តាមរយៈ​ការ​បោះទុន​ដើម្បី​វិនិយោគ​សាងសង់​បុរី​មួយ​មាន​ឈ្មោះ​ថា The Premier Land​។

លោក​ឧកញ៉ា សេង ញ៉ក់ នាយក​គ្រប់គ្រង​គម្រោង The Premier Land ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន លីយ៉ុងផាត់ គ្រុប បាន​និយាយ​ថា​សក្តានុពល​របស់​តំបន់​គឺជា​មូលហេតុ​សំខាន់​ដែល​ជំរុញ​ឲ្យ​គម្រោង The Premier Land លេច​រូបរាង​ឡើង​។

ក្រុមហ៊ុន​សម្រេច​សាងសង់​គម្រោង​នេះ​ឡើង​ព្រោះ​បច្ចុប្បន្ន​ខណ្ឌ​សែនសុខ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​តំបន់​ដែល​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ​ដែល​នេះ​ជា​កត្តា​ចម្បង​ក្នុង​ការ​ទាក់ទាញ​ឲ្យ​មនុស្ស​ចូល​មក​រស់នៅ និង​ប្រកប​អាជីវកម្ម​កាន់តែ​ច្រើន​។

លើស​ពី​នេះ​ទៀត​បច្ចុប្បន្ន​ទី​នេះ​ក៏​ជា​តំបន់​ប្រមូលផ្តុំ​ទៅ​ដោយ​ធនាគារ សាលារៀន​អន្ដរជាតិ និង​ផ្សារ​អន្តរជាតិ​ធំៗ​ចំនួន​ ២ ​ផង​ដែរ​។

លោក​បន្ត​ថា៖ “​ទីតាំង​លំនៅឋាន​បែប​ទំនើប និង​ប្រណីត​ទាំង​នេះ​នឹង​មាន​ភាព​ងាយស្រួល​សម្រាប់​រស់នៅ ឬ​អាច​និយាយ​ថា​មាន​ភាព​ប្រសើរ​ជាង​លំនៅឋាន​នៅ​កណ្តាល​ក្រុង​ទៀត​ផង​ព្រោះ​គ្រាន់តែ​ដើរ​ឆ្លង​ផ្លូវ​នឹង​ទៅ​ដល់​ផ្សារ​ទំនើប​ធំៗ​ចំនួន​ ២ គឺ Makro និង Aeon2 ព្រមទាំង​នៅ​ជិត​នឹង​សាលារៀន​អន្តរជាតិ​ផង​ដែរ​”​។

លោក​បន្ត​ថា៖ “​គម្រោង​នេះ​ក៏​ស្ថិត​នៅ​ជិត​នឹង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍ សែនសុខ ដែល​ជា​កន្លែង​ថ្មី​មាន​បរិវេណ​ធំ​ទូលាយ​អាច​ទទួល​ភ្ញៀវ​បាន​រហូត​ដល់​ ៥ ០០០ ​នាក់​រួម​ទាំង​មាន​ចំណត​រថយន្ត​ធំ​ទូលាយ​លើ​ទំហំ​ដី​ ៥០ ០០០ ម៉ែត្រការ៉េ​”​។

ជាមួយ​នឹង​ល្បឿន​នៃ​ការ​អភិវឌ្ឍ​នៅក្នុង​ខណ្ឌ​សែនសុខ​ដ៏​លឿន​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​នេះ​លោក​ឧកញ៉ា លី ហួរ អគ្គនាយក​បុរីវិមាន​ភ្នំពេញ​ក៏​បាន​និង​កំពុង​ពង្រីក​គម្រោង​លំនៅឋាន​ថ្មី​លើ​ផ្ទៃដី​ទំហំ​ជាង​ ១៦ ​ហិកតា​នៅ​តំបន់​ក្បែរ​នោះ​ផង​ដែរ ដោយ​ដាក់​ឈ្មោះ​ថា “​ភូមិ​រុងរឿង​”​។

លោក ច្រឹក សុខនីម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong ដែល​មាន​ឯកទេស​ខាង​ទិញ​លក់​លំនៅឋាន​នៅ​តាម​បុរី​នានា​បាន​ថ្លែង​ថា​ទីផ្សារ​លំនៅឋាន​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ ពិសេស​លំនៅឋាន​ដែល​ផ្តោត​លើ​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​ដល់​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ប៉ុន្តែ​លំនៅឋាន​សម្រាប់​ក្រុម​អេលីត​ដែល​មាន​តម្លៃ​ចាប់ពី​ជាង​ ១ ​លាន​ដុល្លារ​ឡើង​ទៅ​រាង​ពិបាក​ក្នុង​ការ​លក់​បន្តិច​។ ផ្ទុយ​ទៅ​វិញ​លំនៅឋាន​ដែល​មាន​តម្លៃ​ត្រឹម​ចន្លោះ​ពី​ ១៥ ​ទៅ​ ៣០ ​ម៉ឺន​ដុល្លារ​នៅ​តែ​លក់​បាន​ច្រើន​។

លោក​បន្ត​ថា៖ “​កំណើន​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​កំណើន​សេដ្ឋកិច្ច និង​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ឥណទាន​របស់​ធនាគារ​មាន​ភាព​ងាយស្រួល​ព្រម​ទាំង​អត្រា​ការប្រាក់​សម្រាប់​កម្ចី​ទិញ​ផ្ទះ​កាន់​តែ​មាន​ភាព​ប្រកួត​ប្រជែង​បាន​ធ្វើឲ្យ​ទីផ្សារ​បុរី​នៅ​តែ​មាន​ប្រជាប្រិយភាព​ដដែល​”​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកស្រី អាន សុធីតា បាន​និយាយ​ថា​ដោយសារ​ទីផ្សារ​បុរី​នៅ​តែ​មាន​ភាព​ពេញនិយម​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​ហេតុនេះ​ទើប​បច្ចុប្បន្ន​ទាំង​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​អ្នក​វិនិយោគ​មកពី​បរទេស ដូចជា ជប៉ុន និង​សិង្ហបុរី ជាដើម​គឺ​សុទ្ធ​តែ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​វិនិយោគ​សាងសង់​បុរី​លក់​។

អ្នកនាង​បន្ត​ថា៖ “​ការ​សាងសង់​បុរី​លក់​សំខាន់​ស្ថិត​នៅ​លើ​ទីតាំង​និង តម្លៃ​ហើយ​វា​នៅ​តែ​មាន​ប្រជាប្រិយភាព​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​”៕

Source From : Property Area

 

CVEA MEMBERS