មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង ផ្លាស់ប្តូរ​កម្ពស់ និង​បង្កើន​ទំហំ​ទុនវិនិយោគ

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

ទីតាំង​ដែល​គ្រោង​នឹង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក Thia Boon Rong Tower​។ រូបថត ហ៊ឹន ពិសី
 

នៅ​ទីបំផុត​គម្រោង​អភិវឌ្ឍន៍​អគារ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក Thai Boon Rong Twin Towers កម្ពស់​ ១៣៣ ​ជាន់​ដែល​ស្ថិត​នៅ​លើ​ផ្ទៃដី​ទំហំ​ជាង​ ៥ ​ហិកតា​ទល់​មុខ​សណ្ឋាគារ Naga World បាន​ផ្លាស់ប្តូរ​កម្ពស់ និង​បង្កើន​ទំហំ​ទុនវិនិយោគ​របស់ខ្លួន ខណៈ​ក្រុមហ៊ុន​កំពុង​ផ្តល់​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​ចាប់ផ្តើម​សាងសង់​ជញ្ជាំង​បេតុង​ទប់​ដី​ ដើម្បី​រៀបចំ​ការដ្ឋាន​ធ្វើ​គ្រឹះ​ជាន់​ក្រោម​ដី និង​បង្ការ​កុំ​ឲ្យ​មាន​ការ​បាក់​ច្រាំង​នៅពេល​ចាប់ផ្តើម​សាងសង់​។

លោក​សាស្ត្រាចារ្យ ទូស សាភឿន ជា​ប្រធាន​ក្រុម​ស្ថាបត្យករ និង​សំណង់​ប្រចាំ​ក្រុមហ៊ុន Thai Boon Rong Group ដែល​ជា​អ្នកបង្កើត​គំរូ​ប្លង់​នៃ​​អគារ Thai Boon Rong Twin Towers និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការរង​នៃ​​គណៈស្ថាបត្យករ​កម្ពុជា និង​ជា​សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​វេស្ទើន​ផង​ដែរ​នោះ​បាន​ប្រាប់​ប៉ុស្តិ៍​អចលនទ្រព្យ​ឲ្យ​ដឹង​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ​ថា បច្ចុប្បន្ន​ក្រុម​វិស្វករ និង​ស្ថាបត្យករ​ខ្មែរ អាមេរិក​ និង​ចិន កំពុង​ព្យាយាម​បញ្ចប់​ការ​គូស​ប្លង់​លម្អិត​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​មួយ​នេះ​ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​។

លោក​បាន​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ​ក្រុម​អ្នកជំនាញ និង​ក្រុមហ៊ុន​បាន​សម្រេច​បន្ថែម​កម្ពស់​អគារ​នេះ​រហូត​ដល់​កម្ពស់​ ៥៦១,៧ ​ម៉ែត្រ​ដែល​ពី​មុន​មាន​ត្រឹម​តែ​ ៥២៥ ​ម៉ែត្រ និង​បង្កើន​ទុនវិនិយោគ​ពី​មុន​ត្រឹមតែ​ ២១០០ ​លាន​ដុល្លា​រហូត​ដល់​ជាង​ ៣០០០ ​លាន​ដុល្លារ​អាមេរិក​ព្រម​ទាំង​មាន​ទុនបម្រុង​ជាង​ ៣០០០ ​លាន​ដុល្លារ​ផ្សេង​ទៀត​ដើម្បី​ធ្វើឲ្យ​គម្រោង​នេះ​មាន​សេវាកម្ម​ដំណើរការ​ទៅ​មុខ​ប្រកប​ដោយ​ភាព​រស់រវើក​នៅ​ពេល​សាងសង់​រួច​។

លោក​បាន​អះអាង​ថា៖ «​ផែនការ​ក្នុង​ការ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​នេះ​មិន​មាន​ការប្រែប្រួល និង​រអាក់រអួល​នោះ​ទេ​។

គម្រោង​ Thai BoonRong Group នឹង​ក្លាយ​ជា​មោទនភាព​ និង​ជា​កិត្យានុភាព​សម្រាប់​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ និង​មុខមាត់​ប្រទេស​ជាតិ​ដែល​ជា​ប្រទេស​ធ្លាប់​មាន​អរិយធម៌​ខ្ពង់ខ្ពស់​»​។

លោក​បន្ត​ថា៖ «​មិនមែន​ប្រទេស​ទាំងអស់​សុទ្ធ​តែ​មាន​សមត្ថភាព​សាងសង់​អគារ​ធំ​បែប​នេះ​បាន​ទេ ជួនកាល​ពួកគេ​មាន​លុយ​តែ​មិន​ប្រាកដថា​អាច​សាងសង់​បាន​នោះ​ឡើយ​»​។

លោក ទូស សាភឿន បាន​បន្ត​ថា​នា​ពេល​នេះ​យើង​កំពុង​រៀបចំ​ប្លង់​បច្ចេកទេស ព្រោះ​ការងារ​នេះ​មិន​អាច​ធ្វើ​ក្នុង​រយៈពេល​ខ្លី​បាន​ទេ ត្រូវការ​យក​ចិត្ត​ទុកដាក់​ជា​ទីបំផុត​។

ក្រុម​ការងារ​បច្ចេកទេស​កំពុង​ប្រឹងប្រែង​ធ្វើ​ការងារ​នេះ ហើយ​ពេល​ថ្មីៗ​ក្រុមហ៊ុន​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​សាងសង់​ជញ្ជាំង​ដោយ​ចាក់​បេតុង​ទប់​ដី​កម្រាស់​ ១ ​ម៉ែត្រ​ក្នុង​ជម្រៅ​ជាង​ ៣០ ​ម៉ែត្រ​ដើម្បី​កុំ​ឲ្យ​បាក់​ដី និង​ងាយ​សាងសង់​ចំណត​រថយន្ត​នៅ​ខាង​ក្រោម​ដី​ផង​ដែរ​។ បច្ចុប្បន្ន​គម្រោង​នេះ​បាន​បញ្ចប់​ការធ្វើ​តេស្ត​ដី​រួចហើយ​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​មួយ​នេះ​មាន​ក្រឡា​ផ្ទៃ​សរុប​ ១,៤៧៤,៣៨៩ ​ម៉ែត្រការ៉េ​រួមបញ្ចូល​នូវ​សណ្ឋាគារ​កម្រិត​ផ្កាយ​ ៥ ចំនួន​ ៥៥៧ ​បន្ទប់ អាផាត​មិន​ប្រណីត ចំនួន​ ៤៤៨ ​បន្ទប់​សម្រាប់​អគារ​ខ្ពស់​ទាំង​ ២ ខុនដូ​ចំនួន ​១,៧៣៧ ​យូនីត​សម្រាប់​អគារ​ ៤ ​ជុំវិញ​ការិយាល័យ​លំដាប់​អន្តរជាតិ ផ្សារ​ទំនើប​ចម្រុះ ភោជនីយដ្ឋាន​លំដាប់​ពិភពលោក​ជាច្រើន​កន្លែង កន្លែង​ទេសចរណ៍​គយគន់​ទេសភាព​រាជធានី​ភ្នំពេញ និង​សេវាកម្ម​កម្សាន្ត​លំដាប់​ពិភពលោក​ជាច្រើន​ទៀត​។

គម្រោង​នេះ​មាន​ចំណត​រថយន្ត​ចំនួន​ ៣៨០០ ​គ្រឿង​ និង​ម៉ូតូ​ចំនួន​ ៣០០០ ​គ្រឿង​នៅ​ក្រោម​ដី​ចំនួន​ ៣ ​ជាន់​សម្រាប់​អ្នក​ចូល​មក​ប្រើប្រាស់​អគារ​នេះ​រួម​ទាំង​អ្នក​ចេញ​ចូល​នៅក្នុង​ផ្សារ​ទំនើប​នៃ​គម្រោង​នេះ​។

លោក ទូស សាភឿន បាន​បន្ត​ថា​នៅពេល​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នេះ​សាងសង់​ចប់​វា​មិន​ត្រឹម​តែ​ជា​មោទនភាព​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ទាក់ទាញ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ធំៗ​ឲ្យ​ចូល​មក​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត ព្រោះ​បច្ចុប្បន្ន​នេះ​កម្ពុជា​មិន​ទាន់​មាន​ការិយាល័យ​លំដាប់​ពិភពលោក​ដែល​អាច​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​មក​បើក​ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ​បាន​ច្រើន​នៅ​ឡើយ​ទេ​។

ទាក់ទង​នឹង​គម្រោង​របស់​ក្រុមហ៊ុន Royal Group ដែល​គ្រោង​នឹង​សាងសង់​អគារ​កម្ពស់​ ៦០០ ​ម៉ែត្រ​នៅ​លើ​បរិវេណ​នៃ​សណ្ឋាគារ​កាំបូឌីយ៉ាណា​នៅ​ជាប់​គម្រោង​នេះ​លោក​សាស្ត្រាចារ្យ ទូស សាភឿន បាន​បន្ត​ថា​ព័ត៌មាន​ដែល​ថា​អ្នក​ឧកញ៉ា គិត ម៉េង សាងសង់​អគារ​កម្ពស់​ ៦០០ ​ម៉ែត្រ​នៅ​ជិត​នេះ​គឺ​អាច​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ ព្រោះ​អ្នក​ឧកញ៉ា​មិនអាច​យក​លុយ​រាប់ពាន់​លាន​ដុល្លារ​មក​សាងសង់​អគារ​នៅ​ទីតាំង​ជាប់​គ្នា​នេះ​បាន​ទេ និង​មាន​ហេតុផល​ជាច្រើន​ទៀត​ដែល​មិន​អាច​សាងសង់​ទៅរួច​។

ទោះ​ជា​យ៉ាង​ណា​លោក​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ពេលវេលា​សាងសង់​ជាក់លាក់​នៅពេល​ណា​នោះ​ទេ គ្រាន់តែ​ប្រាប់​ថា​ក្រុមហ៊ុន​នឹង​ជ្រើសរើស​យក​ពេលវេលា​សមស្រប​មួយ ខណៈ​ការ​សាងសង់​ជញ្ជាំង​ទប់​ដី​នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Royal Group ​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ​ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​លោក សេង ឡូត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន RoyalGroup ពិតជា​បាន​ដាក់​ពាក្យ​ស្នើសុំ​សាងសង់​អគារ​កម្ពស់ ​៦០០ ​ម៉ែត្រ​នៅ​ទីតាំង​សណ្ឋាគារ​កាំបូឌីយ៉ាណា មែន​។

លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ថា ប្រសិន​ជា​ការសាងសង់​អគារ​នេះ​ទទួល​បាន​ជោគជ័យ​វា​ជា​រឿង​អស្ចារ្យ​មួយ​សម្រាប់​កម្ពុជា ព្រោះ​វា​បង្ហាញ​ពី​ទំនុក​ចិត្ត​សម្រាប់​អ្នកវិនិយោគ​ក្នុង​វិស័យនេះ និង​ជាការ​បង្ហាញ​ពី​កិត្យានុភាព និង​មោទនភាព​សម្រាប់​កម្ពុជា​។

លោក​បន្ត​ថា៖ «​ខ្ញុំ​មិន​ដែល​គិត​ថា​ទីក្រុង​ភ្នំពេញ​មាន​អគារ​ខ្ពស់​ និង​រីកចម្រើន លឿន​បែប​នេះ​ទេ​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ចំពោះ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​នៅ​ទី​នេះ​»​។

អ្នកនាង អាន សុធីតា នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​និយាយ​ថា​សម្រាប់​ទីតាំង​របស់​គម្រោង​នេះ​គឺ​ពិតជា​ល្អ​ណាស់​ព្រោះ​វា​នៅ​ជិត​មាត់ទន្លេ និង​ជា​បណ្តុំ​នៃ​អគារ​ពាណិជ្ជកម្ម​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ភាព​ជោគជ័យ​របស់​គម្រោង​មួយ​វា​មិនមែន​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​ទីតាំង​នោះ​ទេ ដោយ​វា​ក៏​ត្រូវ​អាស្រ័យ​ទៅ​លើ​ការ​ឌីហ្សាញ ទំហំ​អគារ​ និង​តម្លៃ​ដាក់​លក់​ផង​ដែរ​។

អ្នកនាង​បន្ត​ថា Thai Boon Rong Twin Towers ជា​គម្រោង​ដ៏ធំ​ដូច្នេះ​ភាព​ជោគជ័យ​ទាក់ទង​នឹង​ការ​លក់​អាច​នឹង​ត្រូវ​ប្រើប្រាស់​ពេលវេលា​យូរ​ជា​បន្ត​ទៀត​។

ទោះបី​ជា​យ៉ាង​ណា​នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​បញ្ជាក់​ថា៖ «​ប្រសិន​បើ​ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​ទុន​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​គម្រោង​នោះ​ខ្ញុំ​គិត​ថា​វា​នឹង​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ តែ​ការ​លក់​គម្រោង​ធំ​បែប​នេះ​អាច​នឹង​ចំណាយ​ពេល​យូរ​បន្តិច​»​។

ទាក់ទង​នឹង​កម្ពស់​អគារ​សាងសង់​នៅ​តំបន់​នេះ​លោក សេង ឡូត បាន​បដិសេធ​មិន​អត្ថាធិប្បាយ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា ក្រសួង​បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សាងសង់​គម្រោង​នេះ​រួច​ហើយ​។

លោក ច្រឹក សុខនីម អគ្គនាយក​ក្រុមហ៊ុន Century 21 Mekong បាន​និយាយ​ថា ការ​ដែល​គម្រោង​ដ៏ធំ​មួយ​បាន​ប្រកាស​ពី​ផែនការ​អភិវឌ្ឍន៍​របស់​ខ្លួន ព្រម​ទាំង​មាន​ការិយាល័យ​លក់​បើក​ដំណើការ​ជា​ផ្លូវការ​តែ​មិន​ទាន់​បាន​ចាប់ផ្តើម​លក់​បែប នេះ​អាច​និយាយ​ថា​ជា​រឿង​ចម្លែក​មួយ​។

សូម​បញ្ជាក់​ថា​ អគារ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក Thai Boon Rong TwinTowers រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ត្រូវ​បាន​បើក​លក់​ជា​ផ្លូវការ​នៅ​ឡើយ​៕

Source From : Property Area

Latest News

LATEST EXCLUSIVE LISTING

Land For Rent
Dangkao,Dangkao
USD 2,300.00/Month
Land For Sale
Tuk Laak 1,Tuol Kork
USD 1,500.00/SQM
Flat House For Sale
Phsar Thmey I,Daun Penh
USD 718,000.00
Flat House For Sale
Ta Kdol,Takmoa
USD 95,000.00
Land For Sale
Dangkao,Dangkao
USD 520.00/Month

CVEA MEMBERS