រដ្ឋាភិបាលប្រទេសចិនបានព្យាយាមធ្វើគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាឲ្យតម្លៃអចលនទ្រព្យនៅក្នុងប្រទេសរបស់ខ្លួនមានលំនឹង ដោយសារតែតម្លៃផ្ទះមានការប្រែប្រួលខ្លាំងស្ទើតែដូចតម្លៃ bitcoin ទៅហើយ។
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានកំណត់បរិមាណនៃការផ្តល់ឥណទានកម្ចីទិញផ្ទះ ហើយក៏បានព្យាយាមរាំងស្កាត់ការទិញផ្ទះពីសំណាក់អតិថិជនដែលមានផ្ទះផ្ទាល់ខ្លួនរួចហើយផងដែរ។ ប្រទេសចិនក៏បានវិនិយោគប្រាក់រាប់ពាន់លានដុល្លារផងដែរទៅលើការអភិវឌ្ឍលំនៅឋានដើម្បីឲ្យប្រជាជនខ្លួនអាចមានលទ្ធភាពទិញបាន។
បច្ចុប្បន្នរដ្ឋាភិបាលចិន ក៏បាននិងកំពុងធ្វើសេចក្តីព្រាងច្បាប់មួយដែលមើលទៅស្រដៀងគ្នាសម្រាប់ម្ចាស់ផ្ទះនៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ដែលអាចនឹងផ្លាស់ប្តូរសេដ្ឋកិច្ចប្រទេសមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោកនោះ គឺពន្ធលើអចលនទ្រព្យ។
ការរស់នៅកន្លែងមួយដែលគ្មានការបង់ពន្ធអចលនទ្រព្យបើស្តាប់ទៅជារឿងល្អ ប៉ុន្តែអ្នកជំនាញ និងអ្នកបង្កើតច្បាប់ កាន់តែច្រើននៅប្រទេសចិនបាននិយាយថា ការមិនយកពន្ធនេះបានធ្វើឲ្យសេដ្ឋកិច្ចប្រទេសចិនគ្មានលំនឹង និងធ្វើឱ្យមានផលប៉ះពាល់យ៉ាងច្រើន។
មានវិនិយោគិនជាច្រើននៅប្រទេសចិន បានទិញផ្ទះជាច្រើន (អាផាតមិន) ដោយសង្ឃឹមថានឹងបានផលចំណេញពេលឡើងថ្លៃ។ នៅទីក្រុងធំៗក្នុងប្រទេសនេះ តម្លៃអចលនទ្រព្យជាមធ្យមបានស្ទុះឡើងយ៉ាងហោចណាស់ទ្វេដងក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ។
យ៉ាងណាមិញ អាផាតមិនក្នុងទីក្រុងជាច្រើនផ្សេងទៀតគឺមិនសូវមានមនុស្សរស់នៅទេ ដែលអាចនិយាយថា អ្នកទិញគ្មានបំណងទៅរស់នៅទី ឬទុកសម្រាប់ជួល ឬដោយសារតែម្ចាស់គម្រោងធ្វើផ្ទះដែលមិនស្របគ្នាជាមួយនឹងតម្រូវការរបស់អ្នកទិញ។
កាលពីខែតុលា ឆ្នាំ២០១៧ ប្រធានាធិបតីប្រទេសចិនលោក Xi Jinping បានថ្លែងទៅកាន់ប្រជាជនរបស់ខ្លួនថា ៖ «ផ្ទះគឺសង់ឡើងដើម្បីឲ្យមនុស្សស្នាក់នៅ មិនមែនសម្រាប់វិនិយោគនោះទេ»។
កម្តៅនៃកំណើនការទិញនេះបានបង្ហាញជាក់ស្តែងនាពេលព្រឹកព្រលឹមមួយនៅអគារអាផាតមិនដែលស្ថិតនៅភាគខាងកើតនៃទីក្រុងណានជីង។ អ្នកដែលចង់ទិញបានបោះតង់តាំងពីយប់ ឬដេកក្រោមភួយតម្រង់ជួរគ្នាចាំទិញ។ មានរថយន្តជាច្រើនបានទៅដល់ទីនោះ។ បើយោងតាមអ្នកនៅក្នុងព្រឹត្តិការណ៍នោះផ្ទាល់ព្រមទាំងរូបភាពដែលបានចែកចាយយ៉ាងច្រើនកុះករលើបណ្តាញសង្គមផងនោះ គឺមានការស្ទះចរាចរណ៍ចម្ងាយជាង១.៦គីឡូម៉ែត្រក្បែរការិយាល័យលក់។
លោក Han Changlong ជាវិនិយោគិនផ្នែកអចលនទ្រព្យមួយរូបនៅក្នុងទីក្រុងណានជីង ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះបាននិយាយថា ៖ «ពេលនោះមានវិនិយោគិនជាច្រើន»។
ច្បាប់ពន្ធនេះមិនទាន់ដឹងច្បាស់ថានឹងទៅជាយ៉ាងណានោះទេ ហើយអ្នកបង្កើតច្បាប់ក៏មិនទាន់កំណត់ថាត្រូវមានអ្នក ពាក់ព័ន្ធណាខ្លះដែលត្រូវចូលរួមប្រជុំនៅខែមីនា ខាងមុខនោះដែរ។ ប៉ុន្តែអ្នកជំនាញបានលើកឡើងថា ច្បាប់នេះកំពុងបោះជំហានទៅមុខជាបណ្តើរៗហើយ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ ប្រទេសចិន លោក Xiao Jie បានសរសេរនៅក្នុងកាសែតផ្លូវការរបស់គណបក្សកុម្មុយនីស្ត People’s Daily កាលពីចុងខែធ្នូថា ថ្នាក់ ដឹកនាំបានជួបគ្នាក្នុងពិធីជប់លៀងមួយកាលពី២ខែកន្លងទៅបានបង្ហាញនូវចំណាប់អារម្មណ៍អំពីការអនុវត្តច្បាប់ពន្ធនេះ។ ពាក្យស្លោករបស់លោក Xiao Jie គឺ ៖ «ការបង្កើតច្បាប់ជាអាទិភាព ការអនុវត្តត្រូវធ្វើឲ្យបានពេញលេញ និងត្រូវបោះជំហានទៅមុខម្តង១ជំហានៗ»។
ច្បាប់ពន្ធអចលនទ្រព្យនេះ នឹងជួយពង្រឹងសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសចិនឲ្យកាន់តែល្អប្រសើរថែមទៀត។
យ៉ាងណាមិញ វិស័យលំនៅឋានក៏ជាប្រភពនៃការឡើង និងធ្លាក់ចុះដ៏ធំៗបំផុតនៃសេដ្ឋកិច្ចនៅក្នុងប្រទេសផងដែរ។ វិនិយោគិនក្នុងស្រុក ដែលភាគច្រើនជាអ្នកមិនទុកចិត្តលើទីផ្សារមូលបត្ររបស់ខ្លួនហើយត្រូវគេហាមឃាត់មិនឲ្យវិនិយោគ ទៅក្រៅប្រទេសច្រើននោះជាធម្មតាបានយកលុយរបស់ខ្លួនទៅវិនិយោគលើលំនៅឋាន។ កម្រៃជើងសារសម្រាប់ការរត់ឯកសារ គឺភាគច្រើនតែ១ភាគរយប៉ុណ្ណោះ ខណៈនៅអាមេរិកមានអត្រាដល់ទៅ៦ភាគរយ។
ការផ្តល់ប្រាក់ឥណទានកម្ចីទិញផ្ទះកាលពីរយៈពេល២ឆ្នាំចុងក្រោយទៅនេះបានធ្វើឲ្យវិស័យហិរញ្ញវត្ថុបាត់បង់លំនឹង និងមានភាគស្មុគស្មាញទៀតផង។
តម្លៃលំនៅឋាននៅក្រុងប៉េកាំង និងស៊ាងហៃ បានកើនឡើងយ៉ាងខ្ពស់បំផុតដែលគ្រួសារ និងវិនិយោគិនភាគច្រើននៅ ពេលនេះមិនមានលទ្ធភាពទិញឡើយ។
កត្តាផ្សេងទៀតដែលធ្វើឲ្យការទិញផ្ទុះឡើង គឺដោយសារតែការប្រើសេវារបស់រដ្ឋាភិបាលក្នុងតំបន់ ក៏ដូចជាកត្តាវប្បធម៌ដែលជំរុញទឹកចិត្តឲ្យទិញផ្ទះសម្រាប់រស់នៅផ្ទាល់ខ្លួន។
លោក Ma Xiaoguang វិស្វករមេកានិក អាយុ៣១ឆ្នាំ និងភរិយារបស់លោកបានទិញអាផាតមិនមួយកន្លែងតម្លៃ ២២៧ ០០០ ដុល្លារអាមេរិក នៅជាយក្រុង ស៊ាងហៃ ដើម្បីអាចឲ្យកូនស្រីរបស់គាត់ចូលរៀនសាលារដ្ឋនៅក្បែរនោះ ប៉ុន្តែពួកគាត់មិនបានទៅរស់នៅទីនោះទេ ផ្ទុយមកវិញគាត់ជួលផ្ទះក្បែរនោះដែលមានទីផ្សារថ្លៃជាង ហើយពួកគាត់បានជួលអាផាតមិនរបស់ខ្លួនឱ្យគេ ដោយទទួលបានតម្លៃត្រឹមតែ១៨០ដុល្លារក្នុង១ខែ។
លោក Ma និយាយថា ៖ «ខ្ញុំដឹងថា តម្លៃជួលបានទាប ប៉ុន្តែខ្ញុំចង់មានផ្ទះផ្ទាល់ ខ្លួន ដូច្នេះហើយអាផាតមិនធ្វើឲ្យខ្ញុំ និងគ្រួសារមានអារម្មណ៍ថា មានសុវត្ថិភាព»។
មិនទាន់មានប្រភពណាបញ្ជាក់ថា ច្បាប់ពន្ធលើអចលនទ្រព្យនោះនឹងត្រូវអនុវត្តចំពោះគ្រប់ផ្ទះ ឬគ្រាន់តែយកពន្ធលើផ្ទះទី២ របស់ប្រជាជននោះទេ។ តំបន់ភាគច្រើនរបស់ប្រទេសចិនត្រូវចាប់ផ្តើមពីគ្មានអ្វីទាំងអស់ ដោយសារតែប្រទេសនេះមិនបានរក្សាទុកឯកសារអចលនទ្រព្យ ជាច្រើនទសវត្សរ៍ដូចនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀតឡើយ។
ឧបសគ្គរយៈពេលវែងមួយ គឺការរកឲ្យឃើញថា នរណាជាម្ចាស់ផ្ទះ។ រយៈពេលច្រើនឆ្នាំមកហើយដែលមន្ត្រីពុករលួយក្នុងជួរដ្ឋាភិបាលបានទិញផ្ទះ ហើយបដិសេធមិនព្រមបង្កើតសំណុំឯកសាររក្សាទុកអំពីអចលនទ្រព្យទាំងនោះ។
យ៉ាងណាមិញដោយសារតែយុទ្ធនាការប្រឆាំងអំពើពុករលួយទូទាំងប្រទេសក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi Jinping ផងនោះ ក្រសួងដែនដី និងធនធានបានប្រកាសកាលពីខែកញ្ញា ឆ្នាំមុនថា ក្រសួងទើបតែបានបញ្ចប់ការប្រមូលទិន្នន័យម្ចាស់កម្មសិទ្ធិអចលនទ្រព្យទូទាំងផ្ទៃប្រទេសរួចរាល់។
អ្នកកាន់ផ្នែកអចលទ្រព្យ បាននិយាយថា ទិន្នន័យនេះគឺរួមមានទាំងម្ចាស់អចលនទ្រព្យដែលទិញតាមរយៈក្រុមហ៊ុន និងដៃគូវិនិយោគ យ៉ាងណាមិញអ្នកមានទ្រព្យស្តុកស្តម្ភនៅប្រទេសចិនត្រូវបានគេដឹងថាបានបិទបាំងឈ្មោះរបស់ខ្លួនដើម្បីពង្រីកភាគហ៊ុនរបស់ខ្លួនថែមទៀត។
ការមិនយកពន្ធអចលនទ្រព្យនៅក្នុងប្រទេសចិនបានកើតឡើងក្រោយពីពេលមានចលនាកុម្មុយនីស្តឆ្នាំ១៩៤៩។ កម្មសិទ្ធិដីធ្លីត្រូវបានហាមឃាត់ជាបន្តបន្ទាប់ ហើយចុងក្រោយត្រូវបានដកហូតទាំងស្រុងតែម្តង។ នៅពេលដែលថ្នាក់ដឹកនាំអនុញ្ញាតផ្តល់កម្មសិទ្ធិដល់ប្រជាជនជាថ្មី ក្រោយពេលលោកប្រធាន ម៉ៅ សេទុង ស្លាប់ទៅវាបានបង្កើតនូវប្រព័ន្ធមួយដែលរដ្ឋាភិបាលលក់ដីទៅឲ្យវិនិយោគិន និងអ្នកទិញផ្សេងទៀតដោយការបង់រំលស់។
ការអនុវត្តច្បាប់ពន្ធនេះអាចជារឿងមួយលំបាកសម្រាប់រដ្ឋាភិបាលដោយសារតែត្រូវកែច្បាប់ជាថ្មីជាច្រើន។ វាអាចធ្វើឲ្យកន្លែងមួយចំនួនបាត់បង់អតិថិជនដោយសារតែទីនោះនឹងមានអាផាតមិនថ្មីៗរាប់រយរាប់ពាន់ទៀតមកក្នុងទីផ្សារ។
លោក Li Xunlei ប្រធានក្រុមសេដ្ឋវិទូនៃ Zhongtai Securities in Jinan បានលើកឡើងថា ៖ «តើនឹងមានអ្វីកើតឡើងនៅពេលតម្លៃអចលនទ្រព្យមានលំនឹងល្អ? យើងមានវិនិយោគិនជាច្រើន ហើយពួកគេអាចនឹងយល់ថា វាមិនមែនជារឿងចាំបាច់សម្រាប់ការទិញអចលនទ្រព្យដែលមិនឡើងថ្លៃ ឬផ្តល់ផលចំណេញច្រើន»៕
Keith Bradsher