តម្លៃ​ផ្ទះ​នៅ​ចិន ​ឡើង​ចុះ​ ដូច​លេង​ល្បែង​នៅ​កាស៊ីណូ​ តើ​ពន្ធ​អចលនទ្រព្យ​អាច​ធ្វើ​ឲ្យ​តម្លៃ​ផ្ទះ​មាន​លំនឹង​ឬ​ទេ?

banner contact

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
ទិដ្ឋ​ភាព​ផ្នែក​មួយ​នៃ​ទីក្រុង​ណានជីង ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន។ រូបថត AFP

រដ្ឋាភិបាល​ប្រទេស​ចិន​បាន​ព្យាយាម​ធ្វើ​គ្រប់​មធ្យោបាយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​មាន​លំនឹង ដោយ​សារ​តែ​តម្លៃ​ផ្ទះ​មាន​ការ​ប្រែប្រួល​ខ្លាំង​ស្ទើ​តែ​ដូច​តម្លៃ bitcoin ទៅ​ហើយ​។

នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ចិន​បាន​កំណត់​បរិមាណ​នៃ​ការ​ផ្តល់​ឥណទាន​កម្ចី​ទិញ​ផ្ទះ ហើយ​ក៏បាន​ព្យាយាម​រាំង​ស្កាត់​ការទិញ​ផ្ទះ​ពី​សំណាក់​អតិថិជន​ដែល​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​រួច​ហើយ​ផង​ដែរ​។ ប្រទេស​ចិន​ក៏បាន​វិនិយោគ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ផងដែរ​ទៅ​លើ​ការអភិវឌ្ឍ​លំនៅឋាន​ដើម្បី​ឲ្យ​ប្រជាជន​ខ្លួន​អាច​មាន​លទ្ធភាព​ទិញ​បាន​។

បច្ចុប្បន្ន​រដ្ឋាភិបាល​ចិន ក៏​បាន​និង​កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​មើល​ទៅ​ស្រដៀង​គ្នា​សម្រាប់​ម្ចាស់​ផ្ទះ​នៅ​សហ​រដ្ឋ​អាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត ដែល​អាច​នឹង​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទី​២​លើ​ពិភព​លោក​​នោះ គឺ​ពន្ធ​លើ​អចលនទ្រព្យ​។

ការ​រស់នៅ​កន្លែង​មួយ​ដែល​គ្មាន​ការ​បង់ពន្ធ​អចលនទ្រព្យ​បើ​ស្តាប់​ទៅ​ជា​រឿង​ល្អ ប៉ុន្តែ​អ្នក​ជំនាញ និង​អ្នក​បង្កើត​ច្បាប់ កាន់​តែ​ច្រើន​នៅ​ប្រទេស​ចិន​បាន​និយាយ​ថា ការ​មិន​យកពន្ធ​នេះ​បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ចិន​គ្មាន​លំនឹង និង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ច្រើន​។

មាន​វិនិយោគិន​ជាច្រើន​នៅ​ប្រទេស​ចិន បាន​ទិញ​ផ្ទះ​ជាច្រើន (​អាផាតមិន​) ដោយ​សង្ឃឹម​ថា​នឹង​បាន​ផល​ចំណេញ​ពេល​ឡើង​ថ្លៃ​។ នៅ​ទីក្រុង​ធំៗ​ក្នុង​ប្រទេស​នេះ តម្លៃ​អចលនទ្រព្យ​ជា​មធ្យម​បាន​ស្ទុះ​ឡើង​យ៉ាង​ហោច​ណាស់​ទ្វេដង​ក្នុង​រយៈ​ពេល​៨​ឆ្នាំ​ចុង​ក្រោយ​នេះ​។

យ៉ាង​ណា​មិញ អាផាតមិន​ក្នុង​ទីក្រុង​ជាច្រើន​ផ្សេង​ទៀត​គឺ​មិន​សូវ​មាន​មនុស្ស​រស់នៅ​ទេ ដែល​អាច​និយាយ​ថា អ្នក​ទិញ​គ្មាន​បំណង​ទៅ​រស់នៅ​ទី ឬ​ទុក​សម្រាប់​ជួល ឬ​ដោយ​សារ​តែ​ម្ចាស់​គម្រោង​ធ្វើ​ផ្ទះ​ដែល​មិន​ស្របគ្នា​ជា​មួយ​នឹង​តម្រូវការ​របស់​អ្នក​ទិញ​។

កាលពី​ខែ​តុលា ឆ្នាំ​២០១៧ ប្រធានាធិបតី​ប្រទេស​ចិន​លោក Xi Jinping បាន​ថ្លែង​ទៅ​កាន់​ប្រជាជន​របស់​ខ្លួន​ថា ៖ «​ផ្ទះ​គឺ​សង់​ឡើង​ដើម្បី​ឲ្យ​មនុស្ស​ស្នាក់​នៅ មិនមែន​សម្រាប់​វិនិយោគ​នោះ​ទេ​»​។

កម្តៅ​នៃ​កំណើន​ការ​ទិញ​នេះ​បាន​បង្ហាញ​ជាក់​ស្តែង​នាពេល​ព្រឹក​ព្រលឹម​មួយ​នៅ​អគារ​អាផាត​មិន​ដែល​ស្ថិត​នៅ​ភាគ​​ខាង​កើត​នៃ​ទីក្រុង​ណាន​ជី​ង​។ អ្នក​ដែល​​ចង់​ទិញបាន​បោះតង់​តាំងពី​យប់ ឬ​ដេក​ក្រោម​ភួយ​តម្រង់​ជួរ​គ្នា​ចាំ​ទិញ​។ មាន​រថយន្ត​ជាច្រើន​បាន​ទៅ​ដល់ទី​នោះ​។ បើ​យោង​តាម​អ្នក​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ផ្ទាល់​ព្រម​ទាំង​រូបភាព​ដែល​បាន​ចែក​ចាយ​យ៉ាង​ច្រើន​កុះករ​លើ​បណ្តាញ​សង្គម​ផង​នោះ គឺមាន​ការ​ស្ទះ​ចរាចរណ៍​ចម្ងាយ​ជាង​១.៦​គីឡូម៉ែត្រ​ក្បែរ​ការិយាល័យ​លក់​។

លោក Han Changlong ជា​វិនិយោគិន​ផ្នែក​អចលនទ្រព្យ​មួយរូប​នៅ​ក្នុង​ទីក្រុង​ណាន​ជីង ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ​បាន​និយាយ​ថា ៖ «​ពេល​នោះ​មាន​វិនិយោគិន​ជាច្រើន​»​។

ច្បាប់​ពន្ធ​នេះ​មិន​ទាន់​ដឹង​ច្បាស់​ថា​នឹង​​ទៅជា​យ៉ាង​ណា​នោះទេ ហើយ​អ្នក​បង្កើត​ច្បាប់​ក៏​មិន​ទាន់​កំណត់​ថា​ត្រូវ​មាន​អ្នក ពាក់​ព័ន្ធ​ណា​ខ្លះ​ដែល​ត្រូវ​ចូលរួម​ប្រជុំ​នៅ​ខែ​មីនា ខាងមុខនោះ​ដែរ​។ ប៉ុន្តែ​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​ ច្បាប់​នេះ​កំពុង​បោះជំហាន​ទៅ​មុខ​ជា​បណ្តើរៗ​ហើយ​។

រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ ប្រទេស​ចិន លោក Xiao Jie បាន​សរសេរ​នៅ​ក្នុង​កាសែត​ផ្លូវការ​របស់​គណបក្ស​កុម្មុយ​នីស្ត People’s Daily កាលពី​ចុងខែ​ធ្នូ​ថា ថ្នាក់ ដឹក​នាំ​បាន​ជួប​គ្នា​ក្នុង​ពិធី​ជប់​លៀង​មួយ​កាលពី​២ខែ​កន្លង​ទៅ​បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​អំពី​ការ​អនុវត្ត​ច្បាប់​ពន្ធ​នេះ​។ ពាក្យ​ស្លោក​របស់​លោក Xiao Jie គឺ ៖ «​ការ​បង្កើត​ច្បាប់​ជា​អាទិភាព ការ​អនុវត្ត​ត្រូវ​ធ្វើ​ឲ្យ​បាន​ពេញ​លេញ និង​ត្រូវ​បោះ​ជំហាន​ទៅ​មុខ​ម្តង​១​ជំហានៗ​»​។

ច្បាប់​ពន្ធ​អចលនទ្រព្យ​នេះ នឹង​ជួយ​ពង្រឹង​សក្តានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​។

យ៉ាង​ណា​មិញ វិស័យ​លំនៅឋាន​ក៏​ជា​ប្រភព​នៃ​ការ​ឡើង និង​ធ្លាក់​ចុះ​ដ៏​ធំៗ​បំផុត​នៃ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ផង​ដែរ​។ វិនិយោគិន​ក្នុងស្រុក ដែល​ភាគ​ច្រើន​ជា​អ្នក​មិន​ទុក​ចិត្ត​លើ​ទីផ្សារ​មូល​បត្រ​របស់​ខ្លួន​ហើយ​ត្រូវ​គេ​ហាម​ឃាត់​មិន​ឲ្យ​វិនិយោគ ​ទៅ​ក្រៅ​ប្រទេស​ច្រើន​នោះជា​ធម្មតា​បាន​យក​លុយ​របស់​ខ្លួន​ទៅ​វិនិយោគ​លើ​លំនៅឋាន​។ កម្រៃ​ជើង​សារ​សម្រាប់​ការ​រត់​ឯកសារ គឺ​ភាគ​ច្រើនតែ​១​ភាគរយ​ប៉ុណ្ណោះ ខណៈ​នៅ​អាមេរិក​មាន​អត្រា​ដល់​ទៅ​៦​ភាគរយ​។

ការ​ផ្តល់​ប្រាក់​ឥណទាន​កម្ចី​ទិញ​ផ្ទះ​កាលពី​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​ទៅ​នេះ​បានធ្វើ​ឲ្យ​វិស័យ​ហិរញ្ញវត្ថុ​បាត់បង់​លំនឹង និង​មាន​ភាគ​ស្មុគ​ស្មាញ​ទៀត​ផង។

តម្លៃ​លំនៅឋាន​នៅ​ក្រុង​ប៉េកាំង និង​ស៊ាង​ហៃ បាន​កើន​ឡើង​យ៉ាង​ខ្ពស់​បំផុត​ដែល​គ្រួសារ និង​វិនិយោគិន​ភាគ​ច្រើន​នៅ ពេល​នេះ​មិន​មាន​លទ្ធភាព​ទិញ​ឡើយ​។

កត្តា​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​ការ​ទិញ​ផ្ទុះឡើង គឺ​ដោយ​សារ​តែ​ការ​ប្រើ​សេវា​របស់​រដ្ឋាភិបាល​ក្នុង​តំបន់ ក៏​ដូច​ជា​កត្តា​វប្បធម៌​ដែល​ជំរុញ​ទឹកចិត្ត​ឲ្យ​ទិញ​ផ្ទះ​សម្រាប់​រស់នៅ​ផ្ទាល់ខ្លួន​។

លោក Ma Xiaoguang វិស្វករ​មេកានិក អាយុ​៣១​ឆ្នាំ និង​ភរិយា​របស់​លោក​បាន​ទិញ​អាផាត​មិន​មួយ​កន្លែង​តម្លៃ​ ២២៧ ០០០​ ដុល្លារ​អាមេរិក នៅ​ជាយក្រុង ​ស៊ាង​ហៃ ដើម្បី​អាច​ឲ្យ​កូន​ស្រី​របស់​គាត់​ចូលរៀន​សាលា​រដ្ឋ​នៅ​ក្បែរ​នោះ ប៉ុន្តែ​ពួក​គាត់​មិន​បាន​ទៅ​រស់​នៅ​ទីនោះ​ទេ ផ្ទុយ​មកវិញ​គាត់​ជួល​ផ្ទះ​ក្បែរ​នោះ​ដែលមាន​ទីផ្សារ​ថ្លៃ​ជាង ហើយ​ពួកគាត់​បាន​ជួល​អា​ផាត​មិន​របស់​ខ្លួន​ឱ្យគេ ដោយ​ទទួល​បាន​តម្លៃ​ត្រឹម​តែ​១៨០​ដុល្លារ​ក្នុង​១​ខែ​។

លោក Ma ​និយាយ​ថា ៖ «​ខ្ញុំ​ដឹង​ថា​ តម្លៃ​ជួល​បាន​ទាប ប៉ុន្តែ​ខ្ញុំ​ចង់​មាន​ផ្ទះ​ផ្ទាល់​ ខ្លួន ដូច្នេះ​ហើយ​អាផាតមិន​ធ្វើ​ឲ្យ​ខ្ញុំ និង​គ្រួសារ​មាន​អារម្មណ៍​ថា មាន​សុវត្ថិ​ភាព​»។

មិន​ទាន់​មាន​ប្រភព​ណា​បញ្ជាក់​ថា ច្បាប់​ពន្ធ​លើ​អចលនទ្រព្យ​នោះ​នឹង​ត្រូវ​អនុវត្ត​ចំពោះ​គ្រប់​ផ្ទះ ឬ​គ្រាន់​តែ​យក​ពន្ធ​លើផ្ទះ​ទី​២ របស់​ប្រជាជន​នោះទេ​។ តំបន់​ភាគ​ច្រើន​របស់​ប្រទេស​ចិន​ត្រូវ​ចាប់​ផ្តើម​ពី​គ្មានអ្វី​ទាំងអស់ ដោយ​សារ​តែ​ប្រទេស​នេះ​មិន​បាន​រក្សាទុក​ឯកសារ​អចលនទ្រព្យ​ ជាច្រើន​ទសវត្សរ៍​ដូច​នៅ​សហ​រដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​ផ្សេង​ទៀតឡើយ​។

ឧបសគ្គ​រយៈពេល​វែង​មួយ គឺ​ការរក​ឲ្យ​ឃើញថា ​នរណា​ជា​ម្ចាស់ផ្ទះ​។ រយៈ​ពេល​​ច្រើន​ឆ្នាំ​មកហើយ​ដែល​មន្ត្រី​ពុករលួយ​ក្នុង​ជួ​រដ្ឋាភិបាល​បាន​ទិញ​ផ្ទះ ហើយ​​បដិសេធ​មិន​ព្រម​បង្កើត​សំណុំ​ឯកសារ​រក្សា​ទុក​អំពី​អចលនទ្រព្យ​ទាំង​នោះ​។

យ៉ាង​ណា​មិញ​ដោយ​សារ​តែ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ទូទាំង​ប្រទេស​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប្រធានាធិបតី Xi Jinping ផង​នោះ ក្រសួង​ដែនដី និង​ធនធាន​បាន​ប្រកាស​កាលពី​ខែ​កញ្ញា ឆ្នាំ​មុន​ថា ក្រសួង​ទើបតែ​បាន​បញ្ចប់​ការ​ប្រមូល​ទិន្នន័យ​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ទូទាំង​ផ្ទៃ​ប្រទេស​រួចរាល់​។

អ្នក​កាន់​ផ្នែក​អចល​ទ្រព្យ បាន​និយាយ​ថា ទិន្នន័យ​នេះ​គឺ​រួម​មាន​ទាំង​ម្ចាស់​អចលនទ្រព្យ​ដែល​ទិញ​តាម​រយៈ​ក្រុមហ៊ុន និង​ដៃគូ​វិនិយោគ យ៉ាង​ណា​មិញ​អ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ​នៅ​ប្រទេស​ចិន​ត្រូវ​បាន​គេ​ដឹងថា​បាន​បិទបាំង​ឈ្មោះ​របស់ខ្លួន​ដើម្បី​ពង្រីក​ភាគហ៊ុន​របស់​ខ្លួន​ថែមទៀត​។

ការ​មិន​យកពន្ធ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ចិន​បាន​កើតឡើង​ក្រោយ​ពី​ពេល​មាន​ចលនា​កុម្មុយ​នីស្ត​ឆ្នាំ​១៩៤៩​។ កម្មសិទ្ធិ​ដីធ្លី​ត្រូវ​បាន​ហាម​ឃាត់​ជា​បន្ត​បន្ទាប់ ហើយ​ចុង​ក្រោយ​ត្រូវ​បាន​ដក​ហូត​ទាំង​ស្រុង​តែម្តង​។ នៅ​ពេល​ដែល​ថ្នាក់​ដឹក​នាំ​អនុញ្ញាត​ផ្តល់​កម្មសិទ្ធិ​ដល់​ប្រជាជន​ជាថ្មី ក្រោយ​ពេល​លោក​ប្រធាន ម៉ៅ សេទុង ស្លាប់​ទៅ​វា​បាន​បង្កើត​នូវ​ប្រព័ន្ធ​មួយ​ដែល​រដ្ឋាភិបាល​លក់​ដី​ទៅ​ឲ្យ​វិនិ​យោគិន និង​អ្នកទិញ​ផ្សេងទៀត​ដោយ​ការ​បង់​រំលស់​។

ការ​អនុវត្ត​ច្បាប់​ពន្ធ​នេះ​អាច​ជា​រឿង​មួយ​​លំបាក​សម្រាប់​រដ្ឋាភិបាល​ដោយ​សារ​តែ​ត្រូវ​កែ​ច្បាប់​ជាថ្មី​ជាច្រើន​។ វា​អាច​ធ្វើ​ឲ្យ​កន្លែង​មួយ​ចំនួន​បាត់បង់​អតិថិជន​ដោយ​សារ​តែ​ទីនោះ​នឹង​មាន​អាផាត​មិន​ថ្មីៗ​រាប់រយ​រាប់ពាន់​ទៀត​មក​ក្នុង​ទីផ្សារ​។

លោក Li Xunlei ប្រធាន​ក្រុម​សេដ្ឋវិទូ​នៃ Zhongtai Securities in Jinan បាន​លើក​ឡើង​ថា ៖ «​តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅពេល​តម្លៃ​អចលនទ្រព្យ​មាន​លំនឹង​ល្អ​? យើង​មាន​វិនិយោគិន​ជាច្រើន ហើយ​ពួក​គេ​អាច​នឹង​យល់ថា​ វា​មិន​មែន​ជា​​រឿង​ចាំបាច់​សម្រាប់​ការទិញ​អចលនទ្រព្យ​ដែល​មិន​ឡើងថ្លៃ ឬ​ផ្តល់​ផល​ចំណេញ​ច្រើន​»៕

Keith Bradsher

Source From : Phnom Penh Post

 

Latest News

LATEST EXCLUSIVE LISTING

Villa For Sale
Niroth,Meanchey
USD 1,100,000.00
Flat House For Sale
Prek Pra,Meanchey
USD 68,000.00
Flat House For Sale
Dangkao,Dangkao
USD 73,000.00
Flat House For Sale
Boeng Keng Kang III,Chamkarmon
USD 295,000.00
Apartment For Sale
Chrang Chamres 1,Russey Keo
USD 168,000.00

CVEA MEMBERS