សិង្ហបុរី បានបន្តធ្លាក់ចុះក្នុងតារាងចំណាត់ថ្នាក់នៃតំបន់ដែលមានតម្លៃជួលកន្លែងស្នាក់នៅខ្ពស់បំផុតក្នុងតំបន់អាស៊ី ដោយស្ថិតនៅលេខរៀងទី៨ ខណៈកាលពីឆ្នាំ២០១៧ នៅលេខរៀងទី៧។ នេះបើតាមការស្រាវជ្រាវរបស់ ECA International។
លោក Lee Quane នាយកប្រចាំតំបន់អាស៊ីរបស់ ECA International បានចាត់ទុកការធ្លាក់ចុះនៃចំណាត់ថ្នាក់នេះ គឺជាការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច និងកំណើនដ៏ច្រើននៃការផ្គត់ផ្គង់ផងដែរ។
លោកកត់សម្គាល់ថា ការផ្គត់ផ្គង់លើសតម្រូវការនេះ ក៏បានកាត់បន្ថយអត្រានៃការជួលនៅក្នុងប្រទេសសិង្ហបុរី ចំនួន ៣ ឆ្នាំរួចមកហើយដែរ។
ការសិក្សាខាងលើក៏បានឱ្យដឹងដែរថា ទីក្រុងហុងកុង នៅតែអាចរក្សាបាននូវចំណាត់ថ្នាក់ជាកន្លែងដែលអចលនទ្រព្យសម្រាប់ជួលមានតម្លៃជួលខ្ពស់ជាងគេបានជាបន្តទៀត ដោយអាផាតមិនដែលមាន ៣ បន្ទប់គេង មានតម្លៃជាមធ្យម ១០ ៤៦១ ដុល្លារអាមេរិក ក្នុង១ខែ។
ទីក្រុងតូក្យូ (ជប៉ុន) ជាប់ចំណាត់ថ្នាក់ទី ២ តាមពីក្រោយដោយទីក្រុងស៊ាងហៃ (ចិន) ទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) ក្រុងបុមបៃ (ឥណ្ឌា) ទីក្រុងប៉េកាំង (ចិន) និងទីក្រុងយូកូហាម៉ា (ជប៉ុន) ខណៈទីក្រុងអូសាកា (ជប៉ុន) លេខ ៩ និងទីក្រុងម៉ានីល (ហ្វីលីពីន) លេខ ១០។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៦ កន្លងមក ប្រទេសសិង្ហបុរីបានស្ថិតនៅចំណាត់លេខ ៤ ក្នុងតារាង៕