CVEA Structure 2015 - 2016

banner contact

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

 
 

ភ្នំពេញ៖ ក្រុមហ៊ុន Century21 Cambodia បានមើលឃើញសក្តានុពលអចលនទ្រព្យនៅតាមបណ្តាខេត្តជាច្រើន ដែលមិនទាន់មានក្រុមហ៊ុនអចលនទ្រព្យជំនាញទៅដល់នៅឡើយ ដែលធ្វើឲ្យក្រុមហ៊ុននេះស្វែងរកដៃគូសហការ ដើម្បីពង្រីកការអភិវឌ្ឍន៍​នៅតាមបណ្តាខេត្តទាំងនោះ។

អ្នកនាង Grace Rachny Fong នាយិការក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា យើងមានគោលដៅពង្រីកការិយាល័យ​ទៅកាន់ខេត្តចំនួន២៣បន្ថែមទៀត ខណៈបច្ចុប្បន្នយើងមានការិយាល័យនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ បណ្តាខេត្តទាំង២៣នោះ មានសក្តានុពលនិងមានការអភិវឌ្ឍអចលនទ្រព្យមានសន្ទុះល្អប្រសើរ ទាំងលំនៅដ្ឋាន រមណីយដ្ឋាននានា និងមជ្ឈម ណ្ឌលពាណិជ្ជកម្ម ហើយសកម្មភាពនៃការទិញលក់កំពុងកើនឡើង។

អ្នកនាងបន្តថា “បច្ចុប្បន្នបណ្តាខេត្តទាំងនោះ មិនទាន់មានក្រុមហ៊ុនមានជំនាញវិជ្ជាជីវៈ និងក្រុមហ៊ុនស្របច្បាប់ដើម្បីធ្វើការទិញលក់ ឬផ្តល់សេវាកម្មក្នុងវិស័យនេះនៅឡើយ ហេតុនេះទើបយើងស្វែងរកដៃគូសហការ ដើម្បីធ្វើឲ្យសកម្មភាពនៃការទិញលក់ទាំងនោះមានលក្ខណៈវិជ្ជាជីវៈនិងគ្មានហានិភ័យ”។អ្នកនាងបន្តថា “បច្ចុប្បន្នយើងត្រូវការអ្នកមានឆន្ទៈស្រលាញ់ មានការប្តេជ្ញាចិត្តខ្ពស់ និងស្មោះត្រង់ដើម្បីធ្វើការងារជាមួយ​យើង ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកទិញ និងអ្នកលក់នានា”។

អ្នកនាង Grace Rachny Fong បានបន្តថា យើងចង់ឲ្យអ្នកមានឆន្ទៈធ្វើការងារនេះបញ្ចេញសមត្ថភាពបាន ហើយធ្វើការងារជាមួយយើងប្រកបដោយភាគស្មោះត្រង់ និងជោគជ័យទាំងអស់គ្នា។ ជាមួយនេះអ្នកមានបំណងចង់ធ្វើការងារនេះ នឹងទទួលបានការបណ្តុះបណ្តាលពីក្រុមហ៊ុនមេ Century21 Cambodia មានការរៀបចំការិយាល័យជូននៅតាមខេត្តដែលខ្លួនត្រូវបំពេញការងារផងដែរ។

អ្នកមានបំណងចង់សហការធ្វើកិច្ចការនេះ អាចទំនាក់ទំនងលេខទូរស័ព្ទអ្នកនាង Grace Rachny Fong តាមរយៈ០១២ ៦២០ ៧២៩៕

Source From : Property Area

 

 

ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់ និងអចលនទ្រព្យកើនឡើងក្នុងមួយទសវត្សរ៍ចុងក្រោយនេះ។

ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន Phnom List អ្នកនាងសៅបូរីណា ដែល​ជា​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​ជ្រើសរើស​បុគ្គលិក​​នៅ​កម្ពុជា ​បាន​ឲ្យ​ដឹងកាលពីពេលថ្មីៗនេះ​ថា ​ការងារ​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​កំពុង​មាន​សម្ទុះ​យ៉ាង​ខ្លាំង ដោយក្រុមហ៊ុន Phnom List បាន​សង្កេត​ឃើញ​ថា ​មាន​តម្រូវការ​កើនឡើង​យ៉ាង​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​ការប្រកាស​ជ្រើសរើស​បុគ្គលិក ​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណេត

អ្នក​នាងបានបន្ត​ថា «​យើងជឿ​ជាក់ថា​ក្រុមហ៊ុនHR Agencyផ្សេងៗ​ទៀត​ ក៏​មាន​ការកើនឡើង​ខ្លាំង ​ពី​តម្រូវការ​ធនធាន​មនុស្ស​ដែល​បម្រើ​ ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ និង​សំណង់​ដែរ​»​

តើប្រាក់​ខែ​គោល​ក្នុង​មុខ​តំណែងសំខាន់ៗមានសភាពដូចម្តេច? អ្នកនាងសៅបូរីណាបានឲ្យដឹងថា សម្រាប់អ្នកមានបទពិសោធន៍ចាប់ពី​៣ទៅ​ ៥​ឆ្នាំ​អាច​ទទួល​បាន​ចន្លោះ​ពី ១៥០០ ​ដុល្លារ​ទៅ​ ៣០០០ ​ដុល្លារ​ក្នុង១​ខែ​សម្រាប់​ជនបរទេស និង​សម្រាប់​ជនជាតិ​ខែ្មរ​អាច​ទទួល​បាន​ប្រហែល​២០០០​ដុល្លារ​ក្នុង​១​ខែ​។ ចំណែក​បុគ្គលិក​ផ្នែក Quantity Surveyor (QS) ាច​ទទួល​បាន​ប្រាក់ខែ​ប្រមាណ​ពី​២៥០ ទៅ​៧០០ ​ដុល្លារ​ដោយ​អាស្រ័យ​លើ​ជំនាញ និង​បទពិសោធ​។

តំណាងក្រុមហ៊ុន Top Recruitment ដែលជា​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​អន្តរជាតិ​មួយនៅកម្ពុជាបានបញ្ជាក់ឲ្យដឹងផងដែរថា កំណើន​ការងារ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ពិតជា​មាន​ការ​កើនឡើង​ខ្ពស់​បើ​ធៀប​ ទៅ​នឹង​វិស័យ​ផ្សេងៗ​ទៀត​។

ជាមួយនឹងកំនើនការងារក្នុងវិស័យនេះ នៅតាមសាកលវិទ្យាល័យនានាក៏មាននិស្សិតជ្រើសរើសសិក្សាផ្នែកស្ថាបត្យកម្ម វិស្វកម្ម កាន់តែច្រើនផងដែរ ដូចជានៅសាកល​វិទ្យាល័យន័រតុន សាកលវិទ្យាល័យបញ្ញាសាស្រ្ត និងសាកលវិទ្យាល័យវេស្ទើន សុទ្ឋតែមានចំនួននិស្សិតចុះឈ្មោះសិក្សាកើនឡើងផងដែរ៕

Source From : Property Area

 

 

ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស គេស្គាល់តាមរយៈវិស័យទេសចរណ៍ភាគច្រើន ប៉ុន្តែសក្តានុពលលើការវិនិយោគក្នុងវិស័យអចលនទ្រព្យ គេមិនសូវនឹកនាដល់នោះទេ។

ប៉ុន្តែតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋកាន់តែងាយស្រួល បានធ្វើឲ្យដីធ្លីនិងគំរោងអភិវឌ្ឍន៍មួយចំនួនបានកើតមានផងដែរ ពិសេសក្នុងខេត្តរតនគិរី។

លោកអ៊ិន ភីរុណប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរីបានថ្លែងឲ្យដឹងតាមទូរ​ស័ព្ទកាលពីពេលថ្មីៗនេះថា តំលៃអចលនទ្រព្យនៅមណ្ឌលគិរី បានចាប់ផ្តើមឡើងថ្លៃ ដោយ​សារដីមណ្ឌលគិរីអាចដាំម្រេចបាន ដែលធ្វើឲ្យប្រជាកសិករ និងឈ្មួញនានាបានសម្រុកទៅទិញដីដើម្បីដាំម្រេច ព្រោះដីនៅតំបន់នោះមានជីវជាតិល្អ។ លោកបន្តថា តំលៃផ្ទៃដីដាំម្រេចបច្ចុប្បន្នមានតំលៃចន្លោះពី៥០០០ ដល់១០០០០ដុល្លារក្នុងមួយហិកតា ឬថ្លៃជាងនេះអាស្រ័យលើទីតាំង និងភូមិសាស្រ្តរបស់ដីនិមួយៗ។

លោកបន្តថា “ខ្ញុំគិតថារយៈពេល៥ទៅ១០ឆ្នាំទៀត នឹងមានមនុស្សទៅរស់នៅ​ខេត្តកាន់តែច្រើន ហើយការសាងសង់បុរីនឹងចាប់ផ្តើមកើតមានឡើង ដើម្បីឆ្លើយតប​នឹងតម្រូវការរបស់ប្រជាពលរដ្ឋ”។លោកបន្តថា “ដីនៅជាប់ផ្លូវធំៗក្នុងក្រុងមួយម៉ែ​ត្រការ៉េ និងបណ្តោយ១៥ម៉ែត្រមានតំលៃប្រមាណ១០,០០០ដុល្លារអាមេរិក”។

ប្រធានមន្ទីរទេសចរណ៍ខេត្តបណ្ឌិតគិរីលោកគង់ វិមានបានថ្លែងថា រហូតមក​ទល់ពេលនេះ ខេត្តមណ្ឌលគិរីមិនទាន់មានសំណង់ផ្ទះល្វែង ឬបុរីនៅឡើយទេ ប៉ុន្តែ​មានសណ្ឋាគារ និងផ្ទះសំណាក់ចំនួនជាង១០០០បន្ទប់ សម្រាប់ទទួលភ្ញៀវទេសចរ ណ៍ជាតិ អន្តរជាតិ។ លោកបន្តថា ខេត្តមណ្ឌលគិរីមានប្រជាជនរស់នៅជាង៨ម៉ឺន​នាក់ និងនៅក្រុងសែនមនោរម្យ ដែលជាទីក្រុងរបស់ខេត្តនេះមានមនុស្សរស់នៅជាង២ម៉ឺននាក់។

លោកបន្តថា “ទាក់ទងតំលៃដីធ្លីវិញ ប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំមើលមិនឃើញមានការឡើងថ្លៃនោះទេ។ ហាងឆេងជាក់ស្តែងស្ថិតនៅលើមាត់មនុស្សប៉ុណ្ណោះ”។

អភិបាលខេត្តមណ្ឌលគិរីលោកស្វាយ សំអ៊ាងបានថ្លែងថា ការមិនមានគំរោង​វិនិយោគបុរី ឬសំណង់ផ្ទះល្វែងនៅក្នុងខេត្តនេះ ដោយសារមិនមានការចូលមកវិនិយោគពីក្រុមហ៊ុនឯកជន ប៉ុន្តែប្រសិនជាមានក្រុមហ៊ុនឯកជន ចូលមកវិនិយោគអា  ​ជ្ញា​ធរខេត្តនឹង​សហការគ្នាថាធ្វើក្នុងរូបភាពបែបណា ព្រោះខេត្តកំពុងសាងសង់ផ្សារថ្មីមួយក្នុងខេត្ត ហើយក្នុងគំរោងនេះ ក៏មានការសាងសង់ផ្ទះល្វែងលក់ផងដែរ ប៉ុន្តែក្នុងរូបភាពតូច​ប៉ុណ្ណោះ។

លោកបន្តថា “មួយរយៈពេលចុងក្រោយនេះ តំលៃដីធ្លីមិនសូវមានហាងឆេង​នោះទេ បន្ទាប់ពីបានកញ្រ្ជោលឡើងកាលពីប៉ុន្មានឆ្នាំមុន”។

ទោះជាយ៉ាងណាខេត្តរតនៈគិរីឯណោះវិញ ទំនងជាមានពន្លឺជាងខេត្តមណ្ឌល​គិរី ដោយសារតំលៃដីធ្លី និងមានការសាងសង់សំណង់ផ្ទះល្វែង និងពុះដីឡូត៍លក់របស់ក្រុមហ៊ុនឯកជនចំនួនពីរ។

លោកង៉ែត ពិទូប្រធានមន្ទីរទេសចរណ៍ខេត្តរតនៈគិរីបានថ្លែងថា បច្ចុប្បន្នមាន​ក្រុមហ៊ុនតាយ សេងកំពុងសាងសង់ចំណតរថយន្ត និងផ្ទះ​ល្វែង ព្រមទាំងពុះដីឡូត៍លក់នៅក្នុងខេត្ត ហើយក្រុមហ៊ុនលឹម ប៊ុណ្ណាក៏បានសាងសង់ផ្ទះល្វែងលក់ផងដែរ។លោកបន្តថា ផ្ទះល្វែងក្នុងទីក្រុងនេះ បានដាក់លក់ក្នុងតំលៃចន្លោះពី៥ទៅ៦ម៉ឺនដុល្លារក្នុងមួយល្វែង ហើយមានប្រជាពលរដ្ឋទិញដូរជាហូរហែរផងដែរ។

ខេត្តរតនៈគិរីមានប្រជាពលរដ្ឋរស់នៅជាង១៨ម៉ឺន​នាក់ និងក្រុងបានលុងមានប្រជាពលរដ្ឋរស់នៅប្រមាណ៣០,០០០នាក់ និងមានសណ្ឋាគារសរុបចំនួន១៤ ផ្ទះសំណាក់ចំនួន៣៣ និងមានបន្ទប់សរុបប្រមាណ​១០០០​បន្ទប់។

លោកង៉ែត ពិទូបានបន្តថា “តំលៃអចលនទ្រព្យក្នុងខេត្តមិនហក់ឡើងនោះទេ ក្នុងប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ប៉ុន្តែដីរដ្ឋកំណត់ដើម្បីបង់ពន្ឋមានតំលៃ២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េសំរាប់ដីជុំវិញផ្សារ ប៉ុន្តែទិញដូរតំលៃជាក់ស្តែងមានខ្ពស់ជាងនេះ”។

លោកប៉ែន សុខគានាយកផ្នែកវាយតំលៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានថ្លែងថា វិស័យអចលនទ្រព្យនៅតាមបណ្តាខេត្ត ស្ថិតនៅភូមិភាគឦសាន្តមិនមានអ្វីគួរឲ្យកត់សំគាល់នោះទេ ដោយសារមិនមានការសាងសង់បុរី ឬផ្ទះល្វែងលក់នោះទេ ប៉ុន្តែខេត្តមណ្ឌលគិរីមានការពុះដីឡូត៍លក់ តែមិនទទួលបានជោគជ័យឡើយ។លោកបន្តថា ទោះបីជាមានចំនួនទេសចរណ៍ទៅដល់កាន់តែច្រើនក្តី តែចំនួនភ្ញៀវនៅ​មានកម្រិត ដែលធ្វើឲ្យមូលដ្ឋានក្នុងខេត្តនេះ មានការរីកចំរើនលឿននោះឡើយ។

លោកបន្តថា ដីក្នុងខេត្តមណ្ឌលគិរីមានតំលៃចន្លោះពី២៥០ ទៅ៣០០ដុល្លារ សម្រាប់តំបន់ពាណិជ្ជកម្មនៅជិតផ្សារ និងដីតំបន់លំនៅដ្ឋានមានតំលៃចន្លោះពី​៥០ ទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លោកបន្តថា បើងាកមកកាន់​ខេត្តរតនៈគិរីវិញ ជាខេត្តមានសក្តានុពលល្អជាងខេត្តមណ្ឌលគិរី ដោយសារខេត្តមាន​សំណង់សណ្ឋា​គារខ្ពស់ៗច្រើន មានភ្ញៀវចេញចូលច្រើន ដោយសារខេត្តនេះមា​នព្រំដែនដែលមានសកម្មភាពច្រើនជាមួយប្រទេសវៀតណាម និងប្រទេសឡាវ។

ដីធ្លីក្នុងក្រុងបានលុង ខេត្តរតនគិរី​តំលៃដីមានចន្លោះពី២៥០ ទៅ៣០០ដុល្លារនិងតំបន់ផ្សារឬតំបន់ពាណិជ្ជកម្ម ក្នុងខេត្តមានតំលៃចន្លោះពី៥០០ ទៅ៨០០ដុល្លារនិងតំបន់លំនៅដ្ឋានក្នុងក្រុងមានតំលៃចន្លោះពី៤០ ទៅ១០០ដុល្លារក្នុង​មួយម៉ែត្រការ៉េ។

លោកប៉ែន សុខគាបានបន្តថា បើមើលមកកាន់ខេត្តស្ទឹងត្រែង និងខេត្តក្រចេះវិញ គ្រាន់តែជាតំបន់ឆ្លងកាត់ប៉ុណ្ណោះ វាមិនមានសកម្មភាពអភិវឌ្ឍន៍អ្វីគួរឲ្យកត់សំ គាលនោះទេ ប៉ុន្តែតំលៃដីធ្លីនៅតំបន់ផ្សារ និងតំបន់ពាណិជ្ជកម្មក្នុងខេត្តទាំងពីរក៏មាន​តំលៃចន្លោះពី៨០០ ទៅ១០០០ដុល្លារផងដែរ៕

Source From : Property Area

 

 

ភ្នំពេញ ៖ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានចំណាយពេលវេលាមានតំលៃរបស់លោក ដើម្បីលើកឡើងពីនិន្នាការទីផ្សារនិងចរន្តនៃការអភិវឌ្ឍលំនៅដ្ឋាន​នៅកម្ពុជា។ លោកបានអនុញ្ញាត្តផ្តល់​បទសម្ភាសន៍​ជាមួយអគ្គនាយកនិងស្ថាបនិកគេហទំព័រPropertyarea.asiaលោកលាងគង់ យិន ដើម្បីលើកឡើងនូវទស្សវិស័យ និងការវិវត្តន៍នៃសេដ្ឋកិច្ចសង្គមកម្ពុជា។

តើលោកឧកញ៉ាមើលឃើញដូចម្តេចពីស្ថានភាពនៃទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន?

ស្ថានភាពនៃការអភិវឌ្ឍវិស័យនេះ នៅតែមានភាពល្អប្រសើរ ប៉ុន្តែការលក់លំនៅដ្ឋានលំដាប់ប្រណីតៗនិងមានតម្លៃថ្លៃ ហាក់មានភាពយឺតយ៉ាវបន្តិច ប៉ុន្តែទី​ផ្សារសម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម និងក្រោមមធ្យមបានរីកធំ និងមានតម្រូវការច្រើន។ជាក់ស្តែងកាលពីពេលថ្មីៗនេះ ខ្ញុំបានបើកគំរោងផ្ទះសម្រាប់ អ្នកមានប្រាក់ចំណូលមធ្យម និងចំណូលក្រោមមធ្យមជាង២០០ផ្ទះ ស្ថិតនៅលើដីទំហំ៣ហិកតា បានលក់អស់ក្នុងរយៈពេលត្រឹម១ខែប៉ុណ្ណោះ។

ទោះជាយ៉ាងណាផ្ទះ សម្រាប់ប្រជាជនមានប្រាក់ចំណូល​មធ្យម និងក្រោមមធ្យមពិបាកចំណេញ ដោយសារដីមានតំលៃថ្លៃ និងបន្តឡើង​ថ្លៃរហូត។

ប្រសិនជាប្រមើលមើលពីទីផ្សារអចលនទ្រព្យ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ តើលោកឧកញ៉ាគិតថាវិស័យនេះនឹងប្រឈមបញ្ហាឬទេ?

ខ្ញុំគិតថាវាមិនមានបញ្ហានោះទេ ប្រសិនជាស្ថានភាពនយោបាយ និងសេដ្ឋកិច្ចមានកំនើនដូចបណ្តាឆ្នាំកន្លងមកនិងបច្ចុប្បន្ននេះ ព្រោះតម្រូវការលំនៅដ្ឋាន​នៅតែមានចំនួនច្រើន ដោយសារប្រទេសយើងកំពុងអភិវឌ្ឍន៍ ប្រជាជនចូលមក​រស់នៅទីក្រុងកាន់តែច្រើន ពិសេសប្រទេសយើងមិនមានគ្រោះមហន្តរាយដូចជា ខ្យល់ព្យុះ ទឹកជំនន់ រញ្ជួយផែនដីឬបន្ទុះភ្នំភ្លើងនោះទេ។

ប្រសិនជាសេដ្ឋកិច្ចរបស់យើងនៅតែសម្រេចបានកំនើន៧ភាគរយ ខ្ញុំគិតថា វិស័យនេះនឹងនៅតែល្អប្រសើរថែមទៀត ព្រោះកំណើនប្រាក់ចំណូលរបស់ប្រ​ជាពលរដ្ឋ និងចរន្តសេដ្ឋកិច្ចដើរស្របគ្នា។ សព្វថ្ងៃនេះក្នុងមួយឆ្នាំប្រទេសយើង​ត្រូវការលំនៅដ្ឋានប្រមាណ២ម៉ឺនខ្នងក្នុងមួយឆ្នាំ ប៉ុន្តែការផ្គត់ផ្គង់របស់យើង ពិ​សេសលំនៅដ្ឋានសម្រាប់អ្នកមានជីវភាពមធ្យម និងក្រោមមធ្យមមិនទាន់គ្រប់នៅឡើយទេ ដែលទាមទារឲ្យមានការវិនិយោគច្រើនថែមទៀត។

រន្តនៃការអភិវឌ្ឍទីក្រុងភ្នំពេញកំពុងមានសភាពផុលផុស ប៉ុន្តែលោកឧកញ៉ាគិតថា ទិសខាងណានៃរាជធានីភ្នំពេញនឹងមានការអភិ​វឌ្ឍខ្លាំងនាពេលអនាគត?

បើពិនិត្យតាមក្បួនខ្នាតបុរាណ និងការវិវត្តន៍នៃនគរូបនីយកម្មតាមលក្ខណៈវិទ្យាសាស្រ្ត យើងត្រូវស្រម័យថា តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋជាអ្វី គឺ​ទឹក ដូច្នេះតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ លេខ៥លេខ៦ និងផ្លូវជាតិលេខ៧ សុទ្ឋតែជាតំបន់មានសក្តានុពលមិនចេះរីងស្ងួត ទោះបីទៅដល់ទីណាក៏ដោយ។

អ្វីសំខាន់គឺទឹក តំបន់គ្មានទឹក ទោះជាយើងចង់កែច្នៃបែបណាក៏ពិបាកដែរ ហើយយើងទាំងអស់គ្នាក៏បានដឹងថា ពីមុនមកយើងស្ថិតក្រោមអាណានិគមបារាំង គឺការកសាងទីក្រុងសុទ្ឋតែជាប់មាត់ស្ទឹង បឹង ព្រែក ទន្លេ សមុទ្រ ដូចជាពោធិសាត់ បាត់ដំបង ក្រចេះ កំពង់ចាម សុទ្ឋតែយកទីក្រុងនៅជាប់មានទន្លេ ស្ទឹង។

ការបោះឆ្នោតឆ្នាំ២០១៨ តើលោកឧកញ៉ាមើលឃើញដូចម្តេចពីស្ថានភាព អចលនទ្រព្យនៅកម្ពុជា?

ខ្ញុំគិតថា អ្នករកស៊ី អ្នកវិនិយោគ និងប្រជាពលរដ្ឋទូទៅ មិនគួរបារម្ភពីបញ្ហា​នេះពេកទេ ដោយសារអ្វីជាតម្រូវការចាំបាច់ ដែលជាមុខរបរប្រចាំថ្ងៃដូចជា​ កសិ​កម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម គឺជាកត្តាចម្បង ដែលយើងគួរផ្តោត និងគិតតែធ្វើទៅ ព្រោះរយៈពេល៥ឆ្នាំម្តងតែងតែមានការបោះឆ្នោត ហើយប្រជាជនក៏កាន់តែ​យល់ដឹងច្រើន មិនគួរបារម្ភពីបញ្ហានេះទេ គួរតែគិតអំពីមុខរបររបស់ខ្លួនធ្វើយ៉ាង​ណាឲ្យមានភាពរីកចម្រើន។

រាល់អាណត្តិនៅពេលមានការបោះឆ្នោត វិស័យអចលនទ្រព្យតែងតែធ្លាក់ចុះ តើការបោះឆ្នោតឆ្នាំនេះអាចប៉ះពាល់ដល់អារម្មណ៍និងទំនុកចិត្តអ្នកវិនិយោគឬទេ?

ប្រសិនជាយើងចេះតែស្តាប់គេនិយាយ យើងដឹង វាមិនដូចអ្វីដែលយើងនៅ​ទីនេះផ្ទាល់នោះទេ គឺយើងនៅទីនេះឃើញជាក់ស្តែង គឺមិនមានបញ្ហាអ្វីផង ដូច្នេះ កុំគិតពីចំណុចនេះខ្លាំងពេក។ បើយើងស្តាប់គេនិយាយ ហើយមើលព៌តមានខ្លះ​បំប៉ោងបន្ថែម កាន់តែធំធេងណាស់ ប៉ុន្តែសម្រាប់យើងជាអ្នកនៅទីនេះ វិនិយោគ​ផ្ទាល់ គឺមិនមានបញ្ហាទេ ហើយបើមានបញ្ហាខ្ញុំនឹងមិនបញ្ចេញគំរោងរបស់ខ្ញុំបន្ត​បន្ទាប់ទេ ហើយនៅពេលខាងមុខឆាប់ៗនេះ ខ្ញុំនឹងបញ្ចេញគំរោងវិនិយោគថ្មីបន្ថែ​មទៀត។

ខ្ញុំមិនគិតថាវាជាបញ្ហាធំទេ ព្រោះបន្ទាប់ពីការបផះឆ្នោតហើយ អ្វីៗនឹងល្អរៀបរយឡើងវិញមិនខាន។ ហេតុនេះយើងមានមុខរបរអ្វី យើងត្រូវគិតអ្វីចំពោះមុខថា តើយើងអាចធ្វើអ្វីបាន មិនមែនដូចលឺផ្គរក្តុងក្តាំងៗ ហើយចាក់ទឹកចោលអស់ ប៉ុន្តែមិនមានភ្លៀងផង។

ខ្ញុំគិតថាគ្មានបញ្ហាអ្វីនោះទេ បើគ្មានបញ្ហាខ្ញុំមិនវិនិយោគបន្តនោះទេ ព្រោះ គំរោងអចលនទ្រព្យធំៗចាយលុយច្រើនណាស់ គ្រាន់តែដីមួយហិកតាខ្ទង់លាន​ដុល្លារ ហើយគំរោងរបស់យើងមានរហូតដល់២០ហិកតាជាងក៏មាន នេះមិនទាន់រាប់បញ្ចូលសម្ភារៈសំណង់នៅឡើយផង។

ជាមួយនឹងល្បឿននៃការអភិវឌ្ឍរបស់វិស័យឯកជន តើរដ្ឋាភិបាលបានឆ្លើយតបយ៉ាងដូចម្តេចទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ឋនានា?

បញ្ហាហាក់នៅដដែល ព្រោះនិយាយឲ្យចំល្បឿននៃការអភិវឌ្ឍនៅស្រុកយើងលឿនមែនទែន ដែលការអភិវឌ្ឍន៍នៅតំបន់ខ្លះ មិនទាន់មានការអភិវឌ្ឍន៍ប្រព័ន្ឋលូ បណ្តាញទឹកស្អាត និងតំបន់ខ្លះមិនទាន់មានបង្គោលភ្លើងទេ អញ្ចឹងបាន​ជាសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន កាលពីដើមសប្តាហ៍មុនបានធ្វើសិក្ខាសាលា​ជាមួយស្ថាប័នពាក់ព័ន្ឋរបស់រដ្ឋាភិបាល ដូចជា ក្រសួងសេដ្ឋកិច្ចកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ឋដា និងរដ្ឋាករទឹកស្វយ័ត្នក្រុងភ្នំពេញ ដើម្បីឲ្យមានការយល់គ្នា​ថាអ្វីជាតម្រូវការចាំបាច់ និងការឆ្លើយតបមកវិញ។

ជាការឆ្លើយតបរដ្ឋាករទឹកស្វយ័ត្នក្រុងភ្នំពេញ បានបង្ហាញផែនការមេរហូត​ដល់ឆ្នាំ២០៣០ ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ ដោយតំបន់ខ្លះនៅប្រគល់ឲ្យឯកជនវិនិ​យោគនៅឡើយ ហើយនៅពេលឯកជនវិនិយោគតំលៃទឹកមានតំលៃខ្ពស់ ហើយ​កំនើននេះ ដោយសារតម្រូវការប្រើប្រាស់មានច្រើន ធៀបនឹងការផ្គត់ផ្គង់នៅមាន​កម្រិត។

ពីមុននិយាយពីជាយក្រុងមិនអីទេ ប៉ុន្តែឥឡូវនៅតំបន់ជាយក្រុងក៏កកស្ទះ​ដែរ ដែលយើងទទួលស្គាល់ទាំងអស់គ្នាថា ការអភិវឌ្ឍមានល្បឿនលឿន ហើយ​បើមើលម៉ោងចូលធ្វើការ និងម៉ោងចេញពីធ្វើការកកស្ទះចរាចរណ៍ស្ទើរគ្រប់កន្លែ​ង។ នេះជាចំណុចដែលយើងត្រូវទទួលស្គាល់ទាំងអស់គ្នា។ ហេតុនេះយើងកុំបារ​ម្ភពេកពីបញ្ហាផ្សេងៗទាក់ទងនឹងនយោបាយ៕

Source From : Property Area

 

 

ភ្នំពេញ៖ ការទិញលក់អចលនទ្រព្យ ដើម្បីទទួលបានជោគជ័យ និងអាចលក់ដាច់បានឆាប់រហ័ស មិនមែនជារឿងងាយស្រួលនោះឡើយ ប្រសិនជាអ្នកគ្មានចំណេះដឹងនិងជំនាញច្បាស់លាស់។

តើអ្នកត្រូវដឹងពីអ្វីខ្លះ ដើម្បីលក់ដីឆាប់ដាច់ និងចាប់បានអ្នកទិញឬអ្នកលក់មានប្រសិទ្ឋិភាព និងទទួលបានជោគជ័យ? លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យAMATAK Property Serviceបានថ្លែងឲ្យដឹងថា មុនលក់ដី ឬរកដីសម្រាប់អតិថិជន យើងត្រូវសិក្សាលើចំណុចសំខាន់ៗមួយចំនួន ដូចជា ទី១ត្រូវសិក្សាពីចំណង់ចំណូល​ចិត្តរបស់ភ្ញៀវ ថាតើភ្ញៀវត្រូវការដីបែបណា? ទី២ ត្រូវសិក្សាពីមូលធនរបស់ភ្ញៀវថាមានទឹកប្រាក់ប៉ុន្មានពិតប្រាកដ ទី៣ តើភ្ញៀវត្រូវការដីប្រភេទណា ជាដីសាងសង់លំនៅដ្ឋាន ដីសម្រាប់សាងសង់ខុនដូ ឬមជ្ឈមណ្ឌលពាណិជ្ជកម្ម? ទី៤ ត្រូវរកភាពជាអ្នកតំណាងឬធ្វើជាតំណាងអ្នកទិញឬលក់ផ្តាច់មុខជូនអតិថិជន ឬអ្នកទិញ។

លោកស្រីបន្តថា “បើសិនជាយើងអាចធ្វើជាតំណាងផ្តាច់មុខ របស់ម្ចាស់ដីបានជារឿងល្អ ដើម្បីងាយស្រួលរកអតិថិជន និងដឹងថាដីនោះដាក់លក់ក្នុងតម្លៃទាបជាងទីផ្សារ តម្លៃទីផ្សារជាក់ស្តែង ឬតម្លៃខ្ពស់ជាងទីផ្សារ”។

លោកស្រីតាំង ហួរបានបន្ថែមថា តាមធម្មតាអ្នកទិញតែងតែចង់បានអចលនទ្រព្យ ឬទំនិញមានតម្លៃទាបជាងទីផ្សារ ប៉ុន្តែភ្ញៀវខ្លះមិនសូវខ្វល់រឿងតម្លៃទេ សំខាន់យើងអាច​រកអចលនទ្រព្យដែលគេចង់បាន”។លោកស្រីបន្តថា ទោះជាយ៉ាងណាយើងក៏ត្រូវមានជំនាញក្នុងការនិយាយអន្ទងចិត្តម្ចាស់អចលនទ្រព្យ ឬអ្នកទិញផងដែរ ប៉ុន្តែការនិយាយច្រើនពេក ញឹកញាប់ពេក ក៏ធ្វើឲ្យអតិថិជនរបស់យើងធុញទ្រាន់ ធ្វើឲ្យការទិញលក់របស់​យើងបរាជ័យផងដែរ”។

លោកស្រីបន្តថា ពេលខ្លះយើងធ្វើជាអ្នកលក់ ឬភ្នាក់ងារអចលនវត្ថុ ត្រូវមានចិត្តធ្ងន់ និងអត់ធ្មត់ដូចព្រះអញ្ចឹង ហើយធ្វើសំខាន់ដើម្បីធ្វើការងារឲ្យបានជោគជ័យ យើងក៏ត្រូវមានការរៀបចំឯកសារលិខិតស្នាមជាច្រើន ដើម្បីចងចិត្តម្ចាស់ដីឬម្ចាស់អចលនទ្រព្យ​នានាជាមុន ដើម្បីកុំឲ្យពួកគេផ្លាស់ប្តូរចិត្តត្រលប់ជាមិនលក់វិញ ឬមិនព្រមបង់កម្រៃកុំមីស្យុង ដែលបានព្រមព្រៀងគ្នាមុនពេលទិញលក់ជាក់ស្តែង។

លោកស្រីតាំង ហួរបានបន្តថា ម្ចាស់អចលនទ្រព្យមួយចំនួនតូចងាយប្រែក្រឡាស់ណាស់ ក្នុងការផ្តល់កម្រៃជើងសារដល់យើង នៅពេល​លក់អចលនទ្រព្យរបស់ពួកគាត់បានរួចរាល់ ឬមិនបានតាមតម្លៃ ដែលពួកគេទាមទារពីដំបូងទី៕

Source From : Property Area

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Land For Sale
Prey Sar,Dangkao
USD 190.00/SQM
Land For Sale
Preaek Hour,Takmoa
USD 265,000.00
Land For Sale
Ou Saray,Tram Kak
USD 18.00/SQM
Land For Sale
Chorm Chao,Porsenchey
USD 470,000.00
Condominuim For Sale
Tonle Bassak,Chamkarmon
USD 158,000.00

CVEA MEMBERS