អគារ​ប្រៃសណីយ៍​ចាស់ៗ ​ផ្តល់​នូវ​បរិយាកាស​ពិសេស​ប្លែកៗ

Languages

banner contact

 Axis Residences

KHMER CAPITAL MICROFINANCE INSTITUTION PLC

vtrust

SurinPhumi – Eco-Green Community

រូបថត​អតីត​អគារ​ប៉ុស្តិ៍​ប្រៃសណីយ៍​ធំ​មួយ​នៅ​តំបន់​ប្រជុំជន​នៃ​ទីក្រុង​ស៊ីកាហ្គោ​កាលពី​ថ្ងៃ​ទី​ ២៦ ខែ​មករា ឆ្នាំ​ ២០១៨​។ ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​កំពុង​តែ​ព្យាយាម​ស្តារ​អគារ​ Art Deco ដ៏ធំ​មួយ​នេះ​ដែល​ត្រូវ​បាន​គេ​ទុក​ចោល​តាំងពី​ឆ្នាំ​ ១៩៩៧ ដែល​ជា​គម្រោង​ស្តារ​មួយ​ក្នុង​ចំណោម​គម្រោង​ស្តារ​ជាច្រើន​ទៀត​ក្នុង​ប្រទេស​នេះ​ទាំង​មូល​។ ដោយ ​Whitten Sabbatini/The New York Times
 

Postal Service បាន​ផ្លាស់​ចេញពី​អគារ​ប្រៃសណីយ៍​ធំ​របស់​ខ្លួន​នៅ​ទីប្រជុំជន​នៃ​ទីក្រុង​ឈីកាហ្គោ​ក្នុង​ឆ្នាំ​ ១៩៩៧ ​ប៉ុន្តែ​ការ​ផ្តួចផ្តើម​ក្នុង​ការ​ស្តារ​អគារ​ Art Deco ដ៏​ធំ​មហិមា​នោះ​មិន​ត្រូវ​បាន​គេ​អើពើ​ទេ​។ ​

អគារ​ដ៏ធំ​នេះ​ត្រូវ​បាន​គេ​ទុកចោល​ខុសគ្នា​ដាច់​ស្រឡះ​ពី​ពេល​ដែល​អ្នក​ធ្វើការ​នៅ​ទីនោះ​ធ្លាប់​តែ​ធ្វើការ​រៀប​សំបុត្រ​ដែល​មាន​រហូត​ដល់​ចំនួន​ ៣៥ ​លាន​ច្បាប់​ក្នុង​មួយ​ថ្ងៃៗ​ហើយ​អ្នក​ស្នាក់នៅ​ទីនោះ​ធ្លាប់​តែ​ផ្ញើ​ឯកសារ​ក្នុង​កន្លែង​មួយ​ដ៏ប្រណីត​ធំ​ទូលាយ​មាន​ខ្យល់អាកាស​ស្រស់ស្រាយ​ជាមួយ​ឥដ្ឋថ្ម ផ្ទាំង​ដេគ័រ​ដ៏ស្រស់ស្អាត​។

បច្ចុប្បន្ន​ក្រុមហ៊ុន​អចលនទ្រព្យ​ 601W កំពុង​តែ​ព្យាយាម​កែលម្អ​អគារ​នេះ​ឡើងវិញ​។ ​ជាមួយ​នឹង​ប្រាក់កម្ចី​សម្រាប់​សាងសង់​ដែល​មាន​ចំនួន​​ ៥០០ ​លាន​ដុល្លារ​ក្នុង​ដៃ​ហើយ​ក្នុង​នោះ​ក្រុមហ៊ុន​ 601W កំពុង​តែ​ផ្លាស់ប្តូរ​អគារ​ដែល​ធ្លាប់​តែមាន​សៀវភៅ​បញ្ជី និង​តែម​មួយ​នេះ​ឲ្យ​ទៅ​ជា​អគារ​ការិយាល័យ​មួយ​ដែល​មាន​ទំហំ​ ២.៨ ​លាន​ហ្វុតការ៉េ​ដោយ​ដាក់​ឈ្មោះ​យ៉ាង​សាមញ្ញ​ថា​ The Post Office​។

នេះ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​កែលម្អ​អគារ​ប្រៃសណីយ៍​ធំៗ​ក្នុង​សហរដ្ឋអាមេរិក រួមទាំង​ទីក្រុង​ញូវយ៉ក​ និង​ទីក្រុង Houston ផង​ដែរ​។ ជាមួយ​នឹង​តំបន់​នៅ​ចំ​កណ្តាល​ទីប្រជុំជន និង​ឃ្លាំង​ធំៗ​ដែល​អាច​យក​ទៅ​កែលម្អ​ជាថ្មី​នោះ​អគារ​ប្រៃសណីយ៍​ចាស់ៗ​កំពុង​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​យក​ទៅ​កែលម្អ​សាជាថ្មី​។

លោក Matt Garrison នាយក​គ្រប់គ្រង​ក្រុមហ៊ុន R2 Companies ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​ទីក្រុង​ស៊ីកាហ្គោ​ដែល​បាន​ទិញ​អគារ​ប្រៃសណីយ៍​ទំហំ​ ១.១ ​លាន​ហ្វុតការ៉េ​នៅ​តំបន់​ប្រជុំជន​នៃ​ Milwaukee ពី​វិនិយោគិន​មួយ​រូប​ក្នុង​ឆ្នាំ​ ២០១៥ បាន​និយាយ​ថា​៖ «​ជាការ​ពិត​គឺ​អ្វីៗ​មិន​អាច​ចម្លង​ឲ្យ​ដូច​គ្នា​បាន​នោះទេ ពិសេស​គឺ​អគារ​ដែល​ស្ថិត​នៅ​ទីតាំង​ល្អៗ​បំផុត​។ ​អគារ​ទាំងនេះ​មិន​មាន​ច្រើន​ទេ​។ ​នេះ​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​អគារ​ទាំង​នេះ​ពិសេស និង​ខុស​ប្លែក​ពី​គេ​មាន​ន័យ​ថា អ្នក​មិន​អាច​ចម្លង​ធ្វើ​ថ្មី​ឲ្យ​ដូច​គ្នា​បាន​នោះ​ទេ​»​។

ក្រុមហ៊ុន​ R2 គ្រោង​នឹង​កែលម្អ​អគារ​នៅ​ Milwaukee នេះ​ជា​ឡើង​វិញ​ដោយ​ជំហាន​ដំបូង​ធ្វើ​ជា​អគារ​ការិយាល័យ​បើ​ទោះ​ជា Postal Service នៅ​តែ​ប្រើ​វា​នៅ​ឡើយ​ក្តី​។

នៅក្នុង​ទីក្រុង​ស៊ីកាហ្គោ​ក្រុមហ៊ុន​ 601W បាន​ទិញ​អគារ​ប្រៃសណីយ៍​ចាស់​មួយ​កាលពី​ខែ​ឧសភា ឆ្នាំ​ ២០១៦ ​ពី​វិនិយោគិន​ជនជាតិ​អង់គ្លេស​មួយ​រូប​។ ​ចាប់​តាំង​ពី​ពេល​នោះ​មក​កម្មករ​បាន​ផ្លាស់ប្តូរ​បង្អួច បោសសម្អាត​សំរាម និង​កម្ទេចកម្ទី​ និង​រៀបចំ​ដំឡើង​ប្រព័ន្ធ​អគារ​ថ្មីៗ​ផ្នែក​ខាង​ក្នុង​ផង​ដែរ​។

គម្រោង​កែលម្អ​នេះ​នឹង​ប្តូរ​អគារ​ប្រៃសណីយ៍​នេះ​ទៅ​ជា​អគារ​ការិយាល័យ​ប្លែកៗ​ដែល​មាន​កម្ពស់​ពិតាន​ដល់​ទៅ​ ១៩ ​ហ្វុត​នេះ​បើ​តាម​សម្តី​របស់​លោក​ Brian Whiting ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ Telos Group ជា​ក្រុមហ៊ុន​រត់ការ​ឯកសារ​នៅ​ទីក្រុង​ស៊ីកាហ្គោ​ដែល​ស្វែងរក​អ្នក​ជួល​ការិយាល័យ​នៃ​អគារ​នេះ​។ ​ទំហំ​ ១ ​ជាន់​នៃ​អគារ​នេះ​មាន​ទំហំ​ដល់​ទៅ​ ២៨៥០០០ ​ហ្វីតការ៉េ​។

លោក Whiting ថ្លែង​ថា៖ «​វា​ជា​រឿង​ដ៏សាមញ្ញ​មួយ​។ ​យើង​កំពុង​សង់​នូវ​អគារ​មួយ​ដែល​ទាក់ទាញ​បុគ្គលិក​វ័យក្មេងៗ​ដែលមាន​ការបើក​ទូលាយ​សហការ​គ្នា​ល្អ និង​ចូលចិត្ត​ធ្វើការ​រួម​គ្នា​»​។

ក្រុមហ៊ុន​អភិវឌ្ឍន៍​ចំនួន​ ២ ​គឺ Related Companies និង​ Vornado Realty Trust កំពុង​តែ​ធ្វើការ​លើ​គម្រោង​ស្រដៀង​គ្នា​មួយ​ផង​ដែរ​សម្រាប់​អគារ​ James A. Farley ក្នុង​ទីក្រុង​ញូវយ៉ក​ដែល​អគារ​នេះ​បាន​សាងសង់​ចប់​រួចរាល់​ក្នុង​ឆ្នាំ​ ១៩១៣ ​ដែល​មាន​ការ​រចនា​ផ្នែក​ខាងមុខ​ជាមួយ​នឹង​សសរ​ម៉ូដ​ Corinthian នៅ​ផ្នែក​ម្ខាង​។ ​ឆ្លង​ពី​ស្ថានីយ​ Pennsylvania អគារ​នេះ​នឹង​ផ្លាស់ប្តូរ​ទៅ​ជា​សាល​សម្រាប់​រថភ្លើង​ដោយ​នឹង​ដាក់​ឈ្មោះ​ថា​ Sen. Daniel P. Monynihan​។

Amtrak និង ​Long Island Rail Road នឹង​ប្រើ​ផ្លូវ​រថភ្លើង​ដែល​ក្រុមហ៊ុន​ម៉ៅការ​សំណង់​របស់​ប្រទេស​ស្វ៊ីស​ឈ្មោះ​ Skanska ​កំពុង​តែ​សាងសង់​នៅ​តំបន់​នោះ​។ Vornado និង ​Related នឹង​ផ្តោត​លើ​ទំហំ​ដី​ប្រហែល​ ៥៨៨០០០ ​ហ្វីតការ៉េ​នៃ​អគារ​នេះ​ចាប់ពី​ជាន់​ទី​ ២ ​ដល់​ជាន់​ទី ​៥ ​និង​ទាក់ទាញ​អ្នក​ជួល​ថ្មីៗ​ឲ្យ​ជួល​ជាន់​ទី​ ១ និង​កន្លែង​រង់ចាំ​នានា​ផង​ដែរ​។ អគារ Postal Service នឹង​ជួល​ការិយាល័យ​នៅ​ជាន់​ទី​ ៣​។

ទស្សនវិស័យ​ក្នុង​ការ​ផ្លាស់ប្តូរ​ជាន់​ខាង​លើ​ដែល​ធា្លប់​ជា​កន្លែង​គ្រប់គ្រង​សំបុត្រ​សារ​ប្រៃសណីយ៍​ទៅជា​ការិយាល័យ​បាន​ធ្វើឲ្យ​អគារ Farley លេចធ្លោ​នេះ បើ​យោង​តាម​លោក Andrew Rosen ដែលជា​នាយករង​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន​Related​។ ​

លោក​បាន​ថ្លែងថា អគារ​ប្រភេទ​នេះ​មិន​ងាយ​មាន​ទេ​នៅ​ទីក្រុង ញូវយ៉ក​ ប៉ុន្តែ​មាន​តម្រូវការ​ខ្ពស់​ពី​សំណាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្រុមហ៊ុន​ប្រព័ន្ធ ផ្សព្វផ្សាយ និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​។

លោក​ Rosen ថ្លែង​ថា៖ «​វា​មាន​ទំហំ​ប៉ុន​ប្លុក​ ២ ​ជាប់ៗ​គ្នា​នៃ​ទីក្រុង​នេះ​តែ​ម្តង​។ ​ជាន់​នីមួយៗ​អាច​មាន​ទំហំ​ដល់​ទៅ​ ២ ​សែន​ហ្វីតការ៉េ និង​មាន​លម្ហ​ធំ​ព្រម​ទាំង​មាន​ពន្លឺ​ចូល​បាន​ល្អ​ព្រម​ទាំង​មាន​បណ្តាញ មធ្យោបាយ​ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​ល្អ​ផងដែរ​។ ​អ្នក​នឹង​ទទួល​បទពិសោធ​ដ៏អស្ចារ្យ និង​ប្លែកៗ​»​។

Lovett Commercial ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​នៅ Houston គ្រោង​នឹង​ផ្លាស់ប្តូរ​អតីត​អគារ​ប្រៃសណីយ៍​ Barbara Jordan ក្បែរ​តំបន់​ប្រជុំជន​នៃ​ទីក្រុង​នេះ​ទៅ​ជា​តំបន់​បណ្តុំ​ពាណិជ្ជកម្ម​។ Lovett បាន​ទិញ​អគារ​មួយ​ដែល​បាន​សង់​ក្នុង​ឆ្នាំ​ ១៩៦២ ​ដោយ​មាន​ម៉ូដ Brutalist ពី Postal Service កាលពី​ឆ្នាំ​ ២០១៥​។

លោក​ Kirby Liu នាយក​ផ្នែក​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ Lovett បាន​និយាយ​ថា៖ «​អគារ​នេះ​មាន​លក្ខណៈ​ជា​សំណង់​ប្រវត្តិសាស្ត្រ​ក្នុង​សម័យកាល​រុងរឿង​របស់ Houston​។ នេះ​គឺជា​បេតិកភណ្ឌ​មួយ​ដែល​យើង​ចង់​អភិវឌ្ឍ​។ ​វា​ជា​កន្លែង​ដែល​បាន​បង្ហាញ​នូវ​អតីតកាល​ដែល​យើង​ចង់​យក​ទៅ​ប្រើ​ក្នុងពេល​អនាគត​»​។

ក្នុង​អតីត​ឃ្លាំង​ ២ ​ជាន់​មួយ​លើ​អគារ​នេះ​បច្ចុប្បន្ន​ត្រូវ​បាន​ក្រុមហ៊ុន Lovett ចង់​ច្នៃ​ឲ្យ​ក្លាយ​ជា​កន្លែង​ដែល​មាន​ហាង​លក់ទំនិញ​កន្លែង​សម្រាប់​វិចិត្រករ​ និង​ភោជនីយដ្ឋាន​នៅ​ជាន់​ផ្ទាល់​ដី​ហើយ​មាន​ការិយាល័យ​សម្រាប់​ជួល​ឲ្យ​ក្រុមហ៊ុន​នានា​នៅ​ជាន់​ទី​ ២ ចំណែក​ ៥ ​ជាន់​ទៀត​គឺ​ទុក​សម្រាប់​ធ្វើ​ជា​សណ្ឋាគារ​។

លោក​ Liu ថ្លែង​ថា​៖ «​អគារ​នេះ​មាន​ចំណុច​ជាច្រើន​ដែល​មាន​ភាព​ពិសេស​ប្លែក​។ ​វា​ជា​រឿង​មួយ​ដែល​គេ​ស្គាល់​ច្រើន​ ប៉ុន្តែ​ប្រជាជន​នៅ​ Houston ជាច្រើន​ក៏​មិន​បាន​ដឹង​អំពី​វា​ដែរ​ពីព្រោះ​ពួកគេ​មិន​បាន​ដឹង​អំពី​ប្រវត្តិ​របស់​ផ្នែក​ជាច្រើន​នៃ​អគារ​នេះ​»​។

ឧទាហរណ៍​មួយ​នោះ​គឺ​៖ ​កន្លែង​ពួន​ និង​ការពារ​ពី​វិទ្យុសកម្ម​ជាច្រើន​កន្លែង​ក្នុង​អគារ​នេះ​ជាដើម​។

ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​មាន​គម្រោង​កែលម្អ​អគារ​ប្រៃសណីយ៍​សម្រាប់​ប្រើប្រាស់​ជាថ្មី​ជាច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​។ ​គម្រោង​ដែល​កែលម្អ​រួច​ហើយ​រួមមាន​អគារ​ដ៏ធំ​មហិមា​មួយ​ដែល​បាន​សង់​រួចរាល់​កាលពី​ឆ្នាំ​ ១៨៨៤ ​ក្នុង​តំបន់​ប្រជុំជន​ St. Louis និង​អគារ​ប្រៃសណីយ៍​ចាស់​នៅ​ Washington ដែល​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​លោក​ប្រធានាធិបតី​ Donald Trump បាន​ជួល​ក្នុង​ឆ្នាំ​ ២០១៣ ពី​ការិយាល័យ​រដ្ឋបាល​ General Services Administration និង​បាន​ផ្លាស់ប្តូរ​អគារ​នេះ​ទៅ​ជា​សណ្ឋាគារ​។

Postal Service មាន​អចលនទ្រព្យ​ដល់​ទៅ​ ៨៤៤៨ ​កន្លែង​បើ​គិត​ត្រឹម​ខែ​កញ្ញា​នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៧ ​ដែល​ចំនួន​នេះ​គឺ​ធ្លាក់ចុះ​ចំនួន​ ២ ​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១១​។ ប៉ុស្តិ៍​ប្រៃសណីយ៍​បាន​ជួល​អគារ​របស់ខ្លួន​ជាច្រើន​ដែលមាន​ចំនួន​ដល់​ទៅ​ ២៣១៨៤ ​កន្លែង​នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​។

ក្នុង​រយៈពេល​ ៧ ​ឆ្នាំ​ចុងក្រោយ​មក​នេះ​ភ្នាក់ងារ​នេះ​បាន​លក់​អចលនទ្រព្យ​ជា​មធ្យម​ ៣២ ​កន្លែង​ជា​រៀងរាល់​ឆ្នាំ​នេះ​បើ​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​។ ការលក់​អាច​នឹង​ជួប​បញ្ហា​ចម្រូងចម្រាស​។ ​ក្នុងករណី​មួយ​ចំនួន​សហគមន៍​បាន​ព្យាយាម​ប្រឆាំង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អគារ​ទាំង​នេះ​នៅ​តែ​ជា​អគារ​សាធារណៈ​ និង​បើក​បម្រើ​ជូន​អតិថិជន​។ ភ្នាក់ងារ​នេះ​ក៏​បាន​រង​ការ​រិះគន់​ដែល​បាន​លក់​អគារ​ប្រវត្តិសាស្ត្រ​ផង​ដែរ​។ Postal Service ក៏​ចូលរួម និង​លក់​អចលនទ្រព្យ​ដើម្បី​បើកឱកាស​មុខ​ជំនួញ និង​ហិរញ្ញវត្ថុ​ផង​ដែរ​ ខណៈ​ដែល​ការផ្ញើ​សំបុត្រ​តាម​ប្រៃសណីយ៍​បាន​ធ្លាក់​ចុះ​។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ Kimberly Frum នៃ​ក្រុមហ៊ុន​នេះ​បាន​សរសេរ​ក្នុង​អ៊ីមែល​។

អ្នកស្រី Frum បាន​សរសេរ​ថា៖ «​នៅ​តំបន់​មួយ​ចំនួន​យើង​មាន​អគារ​ច្រើន​លើសលប់​។ ​បើ​ក្រឡេក​មក​មើល​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​យើង​វិញ​ការ​លក់​អគារ​ទាំង​នេះ​ក្នុង​កាលៈទេសៈ​បែប​នេះ​ជា​ការ​សម្រេចចិត្ត​មួយ​ល្អ​ដែរ​»​។

អ្នកស្រី​បាន​បន្ថែម​ថា​មុន​ពេល​លក់​អគារ​នីមួយៗ​ភ្នាក់ងារ​តែងតែ​ស្នើសុំ​ និង​គិត​ដល់​យោបល់​របស់​សហគមន៍​។ ​វា​ក៏​ស្រប​ទៅ​តាម​បញ្ញតិ្ត និង​ច្បាប់​អភិរក្ស​មុន​ពេល​ខ្លួន​អាច​លក់​អចលនទ្រព្យ​ប្រវត្តិសាស្ត្រ​បាន​ផង​ដែរ​៕

Micah Maidenberg/The New York Times

Source From : Property Area

 

Latest News

ដោយដែន ចែងចាំង ​ភ្នំពេញ: តម្រូវការការងារក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើងខ្ពស់ស្របពេលការរីកចម្រើនលើវិស័យសំណង់...
ដោយ គង់ សូរិយា ​ភ្នំពេញ: ខេត្តភូមិភាគឥសាន្តប្រទេស...
ដោយវុត្ថា យោងតាមការទិន្ន័យផ្លូវការរបស់មន្ត្រីរដ្ឋាភិបាលចិន បានបង្ហាញនៅថ្ងៃអង្គារិ៍នេះ ថា...

LATEST EXCLUSIVE LISTING

Villa For Rent
Niroth,Meanchey
USD 600.00/Month
Shop For Rent
Niroth,Meanchey
USD 700.00/Month
Land For Sale
Chroy Changva,Russey Keo
USD 1,090,000.00
Land For Sale
Prek Leap,Russey Keo
USD 850,000.00
Land For Rent
Prek Leap,Russey Keo
USD 1,600.00/Month

CVEA MEMBERS